វៀតណាម​​ផ្តើម​​បន្ធូរ​​ដង្ហើម​​សេដ្ឋកិច្ច ខណៈ​​រដ្ឋ​​អាស៊ាន​​ដទៃ​​បន្ត​​រឹត​​បន្តឹង​​ប្រឆាំង​​កូ​វីដ​១៩​​

ពលរដ្ឋមួយចំនួនធ្វើដំណើរតាមផ្លូវមួយមុខផ្ទាំងប៉ាណូព្រមានពីជំងឺកូវីដ១៩ ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ នៅក្រុងហូជីមីញ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។ (Reuters)

វៀតណាម បាន​ចាប់ផ្តើម​បន្ធូរ​វិធានការ​រឹ​តបន្ដឹង​ការ​ធ្វើដំណើរ និង​គម្លាត​សុវត្ថិភាព ដើម្បី​បើក​ខ្យល់​ដង្ហើម​សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរ​ៗ ខណៈ​ប្រទេស​ក្នុង​តំបន់​ដទៃ​ដូចជា ​សិង្ហបុរី ឥណ្ឌូ​នេ​ស៊ី និង​ថៃ កំពុង​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩។

វៀតណាម បាន​ប្រកាស​បិទ​ប្រទេស​នៅដើម​ខែមេសា បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ ចេញពី​មន្ទីរពេទ្យ Back Mai ក្នុង​ក្រុង​ហាណូយ និង​ភោជ​នីយ​ដ្ឋាន​មួយ​នៅ​ក្រុង​ហូជីមិញ ហើយ​ក្រុង​មនុស្ស​រាប់​ម៉ឺន​នាក់​រយៈពេល ១៤ថ្ងៃ និង​បង្កើន​ការ​តេ​ស្តរ​កករ​ណី​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ។

តាម​ប្រភពសារព័ត៌មាន​ក្នុង​ស្រុក​បានឱ្យ​ដឹង​ថា នៅ​ចុង​សប្តាហ៍​មុន​នេះ អាជ្ញាធរ​បាន​ចាប់ផ្តើម​បើក​ឱ្យ​មាន​សកម្មភាព​ទេសចរណ៍​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ក្លឹប​ហាត់ប្រាណ​នៃ​តំបន់​មួយចំនួន បន្ទាប់ពី​ករណី​ឆ្លង​សរុប​ទើរ​ត្រឹម ២៧០ករណី (ជាសះស្បើយ ២២៥ករណី​) នៅ​រយៈពេល ៤ថ្ងៃ​ចុងក្រោយ។

បើ​តាម​សេចក្តី​រាយការណ៍​ពី VNExpress អាជ្ញាធរ​ក៏​គ្រោង​បើក​ឱ្យ​សិស្ស​ថ្នាក់​មេ​តយ្យ មធ្យម និង​វិទ្យាល័យ នៅ​ទូទាំង​ប្រទេស​ចូលរៀន​ឡើងវិញ​ ចាប់ពី​ថ្ងៃទី៤ ខែឧសភា និង​កំពុង​ពិចារណា​បើក​ដំណើរការ​ជើងហោះហើរ​ក្នុង​ស្រុក​ផង​ដែរ បន្ទាប់ពី​តម្រូវការ​កំពុង​កើនឡើង។

ផ្ទុយពី​វៀតណាម សិង្ហបុរី​កំពុង​បង្កើន​វិធានការ​ទប់ស្កាត់​រលក​ចម្លង​ក្នុង​ចង្កោម​ទ្រង់ទ្រាយ​ធំ​លើ​ពលករ​បរទេស​ប្រមាណ ៣សែន​នាក់ ហើយ​កំពុង​ពន្លឿន​កា​រសាងសង់​ទីកន្លែង​បន្ថែម​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ១៩ និង​អ្នក​ជាប់សង្ស័យ​ឆ្លង​នៅ​តាម​ទីកន្លែង និង​មជ្ឈ​មណ្ឌល​ផ្សេង​ៗ ខណៈ​តួលេខ​ឆ្លង​កើន​ដល់​ជាង ១ម៉ឺន ៤ពាន់​នាក់ គិត​ត្រឹម​ថ្ងៃទី២៨ ខែមេសា។

ឥណ្ឌូ​នេ​ស៊ី ហ្វីលីពីន និង​ម៉ាឡេស៊ី គឺជា​រដ្ឋ​អាស៊ាន​ដែល​រង​ការវាយប្រហារ​ពី​មេរោគ​កូ​វីដ១៩ ធ្ងន់ធ្ងរ​បំផុត​ក្នុង​តំបន់ បន្ទាប់ពី​សិង្ហបុរី ជាមួយ​ករណី​ឆ្លង​កើន​ដល់ ៩៥១១ករណី (ស្លាប់ ៧៦៥ករណី​) ៧៩៥៨ករណី (ស្លាប់ ៥១១ករណី​) និង ៥៨៥១ករណី (ស្លាប់ ៩៩ករណី​)។ 

អាជ្ញា​ធរ​ឥណ្ឌូ​នេ​ស៊ី កាល​ពី​ថ្ងៃ​ព្រ​ហស្ប​តិ៍មុន​នេះ បាន​ប្រកាស​បិទ​ចរាចរណ៍​តាមផ្លូវអាកាស និង​ផ្លូវទឹកនៅ​ទូទាំង​ប្រទេស រហូតដល់​ដំណាច់ខែ​ឧសភា ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​រាតត្បាត​កើត​ចេញពី​ការ​ប្រមូល​ផ្តុំគ្នា​របស់​ពលរដ្ឋ​អំឡុង​រដូវ​ស្រាយ​បួស​ក្នុង​សាសនា​ឥស្លាម​ក្នុង​ខែ​នេះ។

ទន្ទឹមគ្នា​ដែរ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី បាន​ប្រកាស​លើកពេល​ដក​បម្រាម​ប្រតិបត្តិ​ការ​អាជីវ​កម្ម​ផ្សេង​ៗ និង​លើ​ការ​ធ្វើដំណើរ​ជា​លើក​ទី៣ ដោយ​ត្រូវ​បន្ត​រហូតដល់​ថ្ងៃទី១២ ខែឧសភា ឬរហូតដល់​ការ​ឆ្លង​រាលដាល​របស់​មេរោគ​អាច​គ្រប់គ្រង​បាន​ទាំងស្រុង។

ឯប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte វិញ បាន​បញ្ជា​ឱ្យ​បន្ត​បិទ​កោះ Luzon រួម​ទាំង​ក្រុង​ម៉ានីល រហូតដល់​ពាក់កណ្តាល​ខែក្រោយ ហើយ​ជនបរទេស​ណា​ដែល​ល្មើស​នឹង​បទបញ្ជា​ដាក់​នៅ​ដាច់ដោយឡែក នឹង​ប្រឈម​ការ​ជាប់ទោស និង​បណ្តេញ​ចេញពី​ប្រទេស។

នៅ​ថ្ងៃម្សិលមិញ​នេះ​ដែរ អាជ្ញាធរ​ថៃ​សម្រេច​បន្ត​ផ្អាក​ជើងហោះហើរ​ពីក្រៅ​ប្រទេស​ដល់​ដំណាច់ខែ​ឧសភា ខណៈ​អាជ្ញាធរ​ប្រឆាំង​ជំងឺ​កូ​វីដ១៩ ស្នើ​ឱ្យ​រដ្ឋា​ភិ​បា​លព​ន្យារ​ចំណាត់ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដល់​ដំណាច់ខែ​ឧសភា បើ​ទោះជា​ករណី​ឆ្លង​ថ្មី​ធ្លាក់ចុះ​ទាប​បំផុត​ក្រោម ១០ករណី​នៅ​ថ្ងៃម្សិលមិញ ហើយ​ករណី​ជា​កើន​ដល់ ២៦៥២ករណី ក្នុងចំណោម​ករណី​ឆ្លង ២៩៣៨ករណី។

មីយ៉ាន់ម៉ា​ បាន​បិទ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ ដោយ​ទុក​តែមួយ​ច្រក​ដើម្បី​ងាយ​គ្រប់គ្រង​ចរន្ត​វិលត្រឡប់​របស់​ពលករ​ចំណាក់​ស្រុក​ខ្លួន​ពី​ប្រទេស​នេះ ដែល​អាច​នឹង​មាន ២ម៉ឺន​នាក់​នៅ​ដំណាច់ខែ​ឧសភា ក្រោយ​ពួក​គេ​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​កូ​វីដ១៩។ 

តាម​កាសែត​ក្នុង​ស្រុក The Irrawaddy អាជ្ញាធរ​ប្រទេស​នេះ កំពុង​រៀបចំ​កន្លែង​ស្នាក់នៅ​ជាប់​ច្រកព្រំដែន​ជាមួយ​ថៃ​ក្នុង​រដ្ឋ Myawaddy សម្រាប់​ដាក់​ពលករ​ទាំងនោះ​ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក ១៤ថ្ងៃ​សិន មុន​ឱ្យ​ពួក​គេ​ចូល​ស្រុកកំណើត​វិញ។ 

នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃអង្គារ​នេះ មាន​ឆ្លង​ចំនួន ១១៩ករណី ក្នុងចំណោម ១២២ករណី​ បាន​ជាសះស្បើយ ខណៈ​អាជ្ញា​ធរ​រកមិ​នឃើ​ញក​រណី​ឆ្លង​ថ្មី​ចាប់តាំងពី​ថ្ងៃទី១២ ខែមេសា​មក។

យ៉ាងណា អាជ្ញាធរ​នៅតែ​ប្រកាស​ព្រមាន​ពី​ហានិភ័យ​នៃ​រលក​ឆ្លង​ថ្មី​ក្នុង​ប្រទេស ហើយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​វិធានការ​បង្ការ និង​ប្រុងប្រយ័ត្ន​តទៅទៀត។ 

ឡាវ ​បាន​បង្កើន​វិធានការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​ឆ្លង​ចូលក្នុង​ប្រទេស ខណៈ​រដ្ឋាភិបាល​មើលឃើញ​ពី​ភាព​ស្មុគស្មាញ និង​ការ​មិនទាន់​ថមថយ​នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូ​វី​ដក្នុង​តំបន់ និង​នៅ​ជុំវិញ​ពិភពលោក បើ​ទោះជា​ខ្លួន​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី ១៥ថ្ងៃ​ជាប់គ្នា​ក្តី។

តាម​ប្រភព​ពី​កាសែត Vietnam Plus អាជ្ញាធរ​ឡាវ​នៅតែ​បន្ត​ស្ទង់​កម្តៅ តេ​ស្តរ​កករ​ណី​ឆ្លង និង​ដាក់​នៅ​ដាច់ដោយឡែក ១៤ថ្ងៃ លើ​អ្នកដំណើរ​ដែល​ឆ្លង​ចូល​ប្រទេស រាប់ទាំង​ពលរដ្ឋ​ខ្លួន ហើយ​អ្នក​ដែល​រក​ឃើញ​មាន​ផ្ទុក​ជំងឺ ​នឹង​បញ្ជូន​ទៅ​ព្យាបាល​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ