វៀតណាម​នាំ​ចូល​ឧបករណ៍​តេស្ត​រហ័ស​២​សែន ដើម្បី​តេស្ត​រក​ករណី​ឆ្លង​កូវីដ​១៩​ក្នុង​ទ្រង់​ទ្រាយ​ធំ​

សំណាក Swab ត្រូវបានគេយកទៅធ្វើតេស្តរក Covid-19 នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (VnExpress / Giang Huy)

វៀតណាមបានទិញឧបករណ៍តេស្តរហ័សចំនួន ២សែនឈុតពីប្រទេសកូរ៉េខាងត្បូង សម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្តរកករណីឆ្ល​ង​មេរោគកូវីដ១៩ លើអ្នកសង្ស័យក្នុងទ្រង់ទ្រាយធំ ដើម្បីបង្កើនប្រសិទ្ធភាពការពារពលរដ្ឋពីជំងឺរលាកផ្លូវដង្ហើមនេះដែលកំពុងបង្កភាពភ័យខ្លាចដល់ពិភពលោក។​

អនុរដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានលើកឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃចន្ទថា វៀតណាមមិនខ្វះសម្ភារកោសលវិច័យជំងឺកូវីដ១៩នោះទេ រាប់ទាំងសម្ភារតេស្តតាមវិធីសាស្រ្ត RT-PCR ដែលប្រើប្រ​តិកម្មនុយក្លេអ៊ែរស្វែងរក​វត្តមានមេរោគក្នុងវត្ថុសំណាក និងឧបករណ៍តេស្តរហ័ស។

តាមសម្រង់សម្តីមន្រ្តីសុខាភិបាលដដែល ដែលត្រូវបានសារព័ត៌មានវៀតណាម VN Express យកចុះផ្សាយនៅថ្ងៃអង្គារនេះ ឱ្យដឹងថា ឧបករណ៍តេស្តរហ័ស ២សែន ដែលកំពុងដឹកមកជាបណ្តើរៗនោះ នឹងប្រើសម្រាប់តេស្តអ្នកជាប់សង្ស័យចំនួន ៣៧ ០០០នាក់ ដែលកំពុងស្នាក់នៅមណ្ឌលដាច់ដោយឡែកផ្សេងៗ និងអ្នកដែលកំពុងបង្ខាំងខ្លួនក្នុងផ្ទះរាប់ម៉ឺ​ននាក់ផ្សេងទៀត។

ប្រភពដដែលឱ្យដឹងបន្ថែមថា ពលរដ្ឋតាមតំបន់ផ្សេងៗអាចទទួលបានការតេស្តតាម RT​-PCR ដែលកំពុងត្រូវបានប្រើជាទូ​ទៅ​នៅតាមប្រទេសជាច្រើន និងអាចផ្តល់លទ្ធផលច្បាស់លាស់ក្នុងរយៈពេលពី ៦ដ​ល់ ៨ម៉ោង ឬពួកគេអា​ច​រង់ចាំឧបករណ៍តេស្ត​រហ័សពីបរទេសក៏បាន។  

យ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា ឧបករណ៍តេស្តរហ័សអាចបង្ហាញលទ្ធផលត្រឹមត្រូវក្រោយអ្នកជំងឺឆ្លងមេរោគ៧ថ្ងៃ បើ​ត្រឹមរយៈពេល៣ថ្ងៃ ឧបករណ៍នោះអាចវាស់ដឹងវត្តមានមេរោគ និងបរិមាណជាក់លាក់របស់មេរោគលើវត្ថុសំណាកក្នុងកម្រិ​តមួយទាប។

កាលពីថ្ងៃម្សិលមិញ អភិបាលក្រុងហាណូយ លោក Nguyen Duc Chung បានបញ្ជាឱ្យនាយកដ្ឋានសុខាភិបាលក្រុង រៀ​បចំក្រុមការងារ និងដំឡើងស្ថានីយ៍តេស្តរហ័ស១០កន្លែងនៅជុំវិញមន្ទីរពេទ្យ Bach Mai ដើម្បីបើកទទួលការតេស្តរកករណីឆ្លងក្នុងទ្រង់​ទ្រាយធំ ខណៈមន្ទីរពេទ្យរដ្ឋមួយនេះគឺជាទីកន្លែងចម្លងមេរោធំបំផុតក្នុងប្រទេស ដោយគេបានរកឃើញករណីឆ្លងនៅមន្ទីរពេទ្យនេះចំនួន ២៥ករណី។

អភិបាលក្រុងរូបនោះក៏បានស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងមេរោគឆ្លងរបស់ទីក្រុង ប្រើឧបករណ៍តេស្តចំនួន ៥០០០ពាន់ដែលទើបបានពីក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមីនា ធ្វើការតេស្តរកករណីឆ្លងបន្ទាន់ ដោយលោកថា ឧបករណ៍តេស្តនាំចូលនោះអាចផ្តល់លទ្ធផលក្នុងរយៈពេលត្រឹម ១០នាទីតាមការធ្វើសំណាកលើឈាមមនុស្ស ។

វៀតណាម បានចាប់អនុវត្តវិធានការដាក់មនុស្សឱ្យនៅដាច់ដោយឡែកក្នុងទ្រង់ទ្រាយធំចាប់ពីពាក់កណ្តាលខែមីនា លើពល​រដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស បន្ទាប់ពីករណីឆ្លងថ្មីកម្រើកឡើងវិញក្រោយស្ងប់ស្ងាត់បាន ២ទៅ ៣សប្តាហ៍ ហើយភាគច្រើ​នជាករណីនាំចូល។

ចាប់ពីពេលនោះមក ពលរដ្ឋដែលវិលចូលប្រ​ទេ​សទាំងអស់ ត្រូវបញ្ជូនឱ្យស្នាក់នៅដោយឡែក ១៤ថ្ងៃតាមទីតាំងរៀបចំទុក និងតាមបន្ទាយទាហានក្បែរព្រំដែន ក្រោមការផ្គត់ផ្គង់របបអាហារ ហើយពលរដ្ឋប្រមាណ ៤ម៉ឺននាក់ផ្សេងទៀត ដែលធ្លាប់ទៅមន្ទីរពេទ្យ Back Mai ក្នុងក្រុងហាណូយ ពីថ្ងៃទី១​២ ខែមីនា ត្រូវបានអំពាវនាវឱ្យបង្ខាំងខ្លួនឯងក្នុងផ្ទះ ១៤ថ្ងៃ ឬមកតេស្តរកមេរោគនៅមន្ទីរពេទ្យ។

គិតមកទល់ថ្ងៃអង្គារនេះ បើតាមតួលេខពី WorldOMeters ករណីឆ្លងមេរោគកូវីដ១៩ក្នុងប្រទេសវៀតណាមបានកើនដល់ ២០៤ករណីហើយ បន្ទាប់ពីកើន ១០ករណីនៅថ្ងៃម្សិលមិញ ក្នុងនោះមាន ៥៥ករណីបានជាសះស្បើយ និង ៣ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈនៅទូទាំងពិភពលោកករណីឆ្លងសុរបបានកើនដល់ជិត ៨សែនករណី ក្នុងនោះស្លាប់កើនដល់ជាង ៣ម៉ឺន ៧ពាន់ករណី និងជាសះស្បើយមានជាង ១៦ម៉ឺនករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ