វៀតណាម ផ្តល់​គំរូ​ល្អ​បំផុត​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​

ប៉ូលីសវៀតណាមឈរយាមនៅប៉ុស្តិ៍ត្រួតពិនិត្យមួយដែលបានបង្កើតឡើងនៅឃុំ Son Loi ក្នុងខេត្ត Vinh Phuc ចំពេលមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃ Covid-19។ (វេបសាយបរទេស)

វៀតណាមត្រូវបានមជ្ឈដ្ឋានអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក កោតសរសើរពីចំណាត់ការរបស់រដ្ឋាភិបាលនៃប្រ​ទេ​សនេះ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតរបស់មេរោគកូវីដ១៩ ដែលគួរតែបណ្តាប្រ​ទេ​សក្រីក្រ ឬកំពុងអភិវឌ្ឍន៍យកគំរូតាម។

ប្រទេសអាស៊ានមួយនេះ ថ្វីត្បិតតែមានព្រំដែនគោកជាប់នឹងប្រទេសចិនដែលជាប្រភពចាប់ផ្តើមនៃការផ្ទុះការរាតត្បាត ប្រវែង១១០០គីឡូម៉ែត្រ និងមានប្រជាជនជិត ១០០លាននាក់ក្តី ប៉ុន្តែ ករណីឆ្លងក្នុងប្រទេសគិតត្រឹមថ្ងៃច័ន្ទ គឺមានត្រឹមជាង ១៩០ករណីប៉ុណ្ណោះ។

តួលេខនេះ ខុសគ្នាឆ្ងាយស្រឡះពីបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក ដែ​លឃ្លាតឆ្ងាយពីចិនរាប់ពាន់គីឡូម៉ែត្រ ហើយជាប្រទេសជឿ​នលឿន តែកំពុងរងការឆ្លងរាតត្បាតពីមេរោគនេះយ៉ាងខ្លាំងក្លាទៅវិញ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រកាសក្នុងកិច្ចប្រជុំគណបក្សកម្មុយនីស្តវៀតណាម កាលពីថ្ងៃទី៣០ ខែមករា ពីហានិភ័យនៃការឆ្លងរាលដាលរបស់មេរោគពីប្រទេសចិនមកក្នុងប្រទេសខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ហើយប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមប្រយុទ្ធប្រឆាំង។

ចាប់តាំងពីពេលនោះមក អាជ្ញាធរវៀតណាមបានផ្តោតលើវិធានការដាក់នៅដាច់ដោយឡែក ហើយតាមដានអ្នកពាក់ព័ន្ធទាំងអស់ ដោ​យចាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោល ជាជាងការតេស្តរកករណីឆ្លងលើមហាជនក្នុងទ្រង់ទ្រាយធំដូចប្រទេសកូរ៉េខាងត្បូង និងចិន ខណៈធនធានហិ​រញ្ញវត្ថុ និងវេជ្ជសាស្រ្តរបស់ប្រទេសនៅមានកម្រិត។

មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រតិបត្តិការអាសន្នវៀតណាម លោក Tran Dac Phu លើកឡើងថា វៀតណាមមិនអាចធ្វើតាមកូរ៉េខាងត្បូ​ង ឬចិនបានទេ ប៉ុន្តែ វៀតណាមអាចតាមស្វែងរកអ្នកដែលបានប៉ះផ្ទាល់ជាមួយអ្នកជំងឺ និងអ្នកទើ​បត្រឡប់ពីតំបន់ផ្ទុះការច​ម្លងឱ្យអស់ ហើយធ្វើតេស្តរកករណីវិជ្ជមានលើពួកគេ ដោយលោកថា នេះជាកិច្ចការសំខាន់ចាំបាច់ត្រូ​វធ្វើចំពោះមុខ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ អាជ្ញាធរវៀតណាមបានប្រកាសបិទឃុំមួយឈ្មោះ Son Loi មានមនុស្សរស់នៅប្រមាណ ១ម៉ឺននា​ក់ រយៈពេល ២០ថ្ងៃ បន្ទា​​ប់ពីរកឃើញករណីឆ្លង ៦ករណី លើកម្មករ ៨នាក់ដែលទើបត្រឡប់ពីក្រុងវូហាន ហើយស្វែងរកអ្នកប៉ះផ្ទាល់ និងប្រយោ​លជិត ៤០០នាក់ដើម្បីធ្វើតេស្ត និងត្រៀមគ្រែពេទ្យ ៥០០ សម្រាប់ដាក់ពួកគេ។

កាលពីពេលថ្មីៗនេះ វៀតណាមបានប្រកាសលុបចោលជើងហោះហើរមកពីក្រៅប្រទេសទាំងអស់ និងបិទព្រំដែនជាមួយប្រទេសជិតខាង ហើយតម្រូវឱ្យពលរដ្ឋខ្លួនដែលត្រឡប់ចូលប្រទេសត្រូវនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ តាមព្រំដែន ក្រោមការផ្គត់ផ្គង់ការស្នាក់នៅ និងអាហារ។

នៅថ្ងៃម្សិលមិញ នាយករដ្ឋមន្រ្តីវៀតណាម​ បានប្រកាសឱ្យត្រូវតាមស្វែងរកមនុស្ស ៤ម៉ឺននាក់ដែលបានទៅមន្ទីរពេទ្យ Bach Mai ក្នុងក្រុងហា​ណូយ ចាប់ពីថ្ងៃ១២ ខែមីនា ឱ្យដាក់ខ្លួនឯងដាច់ដោយឡែក និងមកតេស្តរកមេរោគ ហើយពង្រឹងសមត្ថភាព និងវិធីធ្វើរោគវិនិច្ឆ័យ ព្រមទាំងបង្កើនការកា​រ​ពារលើបុគ្គលិកពេទ្យ និងគ្រូពេទ្យគ្រប់កម្រិត។ បទបញ្ជានេះ ធ្វើឡើងក្រោយផ្ទុះករណីឆ្លងថ្មី ១៦ករណីលើអ្នកដែលបានទៅមន្ទីរពេទ្យនោះ ក្នុងនោះមានគ្រូពេទ្យមើលថែអ្នកជំងឺ ២នាក់ និងបុគ្គ​លិកយកអាហារ ៥នាក់។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ធ្លាប់បានលើកសរសើររដ្ឋាភិបាលវៀតណាមកាលពីដើមមីនាថា បានចាត់វិធានការទប់ស្កាត់ការរីករាលដាលរបស់មេរោគក្នុងប្រទេសរបស់ខ្លួនបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិ​សេ​ស លើឆន្ទៈនយោបាយថ្នាក់ដឹកនាំ ការចូលរួមពីមន្រ្តីមូលដ្ឋាន និងប្រជាជនតាមតំបន់។

ប្រធានអង្គការដដែលបានជំរុញឱ្យប្រទេសនានាប្រញាប់ចាត់វិធានការបង្កើនការតេស្តរកករណីឆ្លងថ្មីៗ និងអ្នកជាប់សង្ស័យឱ្យអស់ ហើយ​ឱ្យពួកគេនៅដោយឡែក បន្ថែមពីលើវិធានការបិទប្រទេស ឬតំបន់ផ្ទុះជំងឺ ដែលលោកថា បានត្រឹមតែពន្យឺតការចម្លង មិនអាចបញ្ឈប់មេរោ​គរាតត្បាតបានទាំងស្រុងឡើយ។

គិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងមេរោគកូវីដ១៩ នៅលើពិភពលោកបានកើនដល់ជាង ៦សែនករណីហើយ ហើយក្នុងនោះ តួលេខស្លាប់បានកើនដល់ជាង ៣ម៉ឺន ៤ពាន់នាក់ ហើយប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិកកំពុងរងការរាតត្បាតខ្លាំងជាងគេ ដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងនោះ ត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលរបស់មេរោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ