វៀតណាម បិទ​ឃុំ​មួយ​ក្បែរ​ហាណូយ​២០ថ្ងៃ ក្រោយ​ផ្ទុះ​មេរោគ Covid-19

អ្នកយាមត្រួតពិនិត្យការចេញចូលរបស់ពលរដ្ឋនៅក្នុងឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc ក្រោយពីមានករណីផ្ទុះមេរោគរលាកសួតកូរ៉ូណាថ្មី កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ (VnExpress/Dinh Nguyen)

អាជ្ញាធរវៀតណាមសម្រេចបិទឃុំ Son Loi ក្បែរក្រុងហាណូយរយៈពេ​ល២០ថ្ងៃ បន្ទា​​ប់​ពីខ្លួនរកឃើ​ញផ្ទុះករណីឆ្លងមេរោគកូរ៉ូណាថ្មី Covid-19 កាលពីថ្ងៃម្សិលមិញ។

បើតាមអាជ្ញាធរខេត្ត ឃុំនេះមានពលរដ្ឋរស់នៅជាង១ម៉ឺននាក់ ស្ថិតនៅខេត្ត Vinh Phuc ចម្ងាយ៤០គីឡូម៉ែត្រ ពីរដ្ឋធានីហា​ណូយ ប្រទេសវៀតណាម។

គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩មក​ នេះគឺជាលើកទីមួយហើយដែលមានការបិទតំបន់ក្នុងទ្រង់ទ្រាយធំឋិតនៅក្រៅទឹកដី​ប្រ​ទេ​​សចិន ដើម្បីទប់ស្កាត់ការរាលដាលមេរោគឆ្លង។ អាជ្ញាធរតំបន់ប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចបានដាក់ប៉ារាស់បិទផ្លូវចេញចូលភូមិចំនួន៦ ក្នុង​ឃុំ Son Loi ហាមមិនឱ្យពលរដ្ឋចាកចេញ ក្រោយកម្មករ៦នាក់ ក្នុងចំណោម៨នាក់ ដែលធ្លាប់ទៅក្រុងវូហានកាលពីខែវិច្ឆិកា មានផ្ទុកមេរោគ Covid-19។

ក្រសួងសុខាភិបាលវៀតណាមថ្លែងប្រាប់សារព័ត៌មាន Vietnam Express នៅថ្ងៃម្សិលមិញ​ ថាកម្មករ​ទាំង៨នាក់នោះ ត្រូវបា​ន​ថៅកែបញ្ជូនពួកគេទៅក្រុងវូហានកាលពីខែវិច្ឆិកា ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលមួយ មុនពេលពួកគេត្រឡប់មកស្រុកវិញនៅ​ថ្ងៃទី១៧ ខែមករា។  

តាមប្រភពដដែល សាច់ញាតិរបស់កម្មករឈ្មោះ Nguyen Thi Du ៥នាក់ រួមមានឪពុក ម្តាយ ប្អូនស្រី ជីដូនមួយ និងក្មួយអា​យុ៣ខែម្នាក់ រួមទាំងអ្នកជិតខាងម្នាក់ទៀតរបស់នាង ត្រូវបានរកឃើញជាបន្តបន្ទាប់ថា បានឆ្លងមេរោគ​។ ករណីនេះ ត្រូវគេជឿថា ឆ្លងមកពី Thi Du។

ដោយឡែក តាមមន្រ្តីសុខាភិបាល ពលរដ្ឋក្នុងឃុំ៣៧៣នាក់ ដែលធ្លាប់ប៉ះផ្ទាល់ជាមួយអ្នកជំងឺ ត្រូវបានដាក់ឱ្យឋិតនៅដាច់ដោ​យ​ឡែក ក្នុងនោះ១០៤នាក់រកឃើញលទ្ធផលអវិជ្ជមាន ឯ២៥៨នាក់នៅសល់កំពុងឋិតក្រោមការដាននៅមន្ទីរពេទ្យបង្អែក។

ប្រភពដដែលបញ្ជាក់ថា មន្ទីរពេទ្យខេត្តក៏បានត្រៀមគ្រែចំនួន៥០០រយ នៅក្បែរមូលដ្ឋានឃុំ២ ទីតាំងសម្រាប់បម្រុងទុក ប្រសិន​បើមានករណីផ្ទុះការរាតត្បាតធ្ងន់ធ្ងរ។

បើតាមតួលេខចុងក្រោយ វៀតណាមរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន១៦ករណី ក្នុងនោះ ១១ករណី រកឃើញនៅខេត្ត Vinh Phuc ហើយ៥ករណីទៀតត្រូវបានរកឃើញនៅក្រុងហូជីមីញ ៣ករណី នៅខេត្ត Khanh Hoa ១ករណី និងនៅក្រុង Thanh Hoa ១ករណី។

ចាប់ពីអង្គការសុខភាពពិភពលោកប្រកាសដាក់ពិភពលោកក្នុងភាពអាសន្ននៃការគំរាមកំ​ហែ​ងមេរោគឆ្លងថ្មីនៅចុងខែមករាមក រដ្ឋាភិបាលក្រុងហាណូយបានផ្អាកជើងហោះហើរមកពីខេត្តហ៊ើប៉ី ហើយបិទព្រំដែ​ន​ជាមួយប្រទេសចិន ដើម្បីបង្ការការរីករាល។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ អ្នកស្លាប់ដោយមេរោគ Covid-19​ បានកើនដល់១ ៤៩១នាក់ និង៦៤ ៤១៣នាក់ ត្រូវបានរកឃើញឆ្លង និងបានជាសះស្បើយ ៧០៦៣នាក់។ នេះបើយោងតាមតួលេខដែលសកលវិទ្យាល័យ Jonh Hopkins ប្រមូលបាននៅរសៀលម៉ោង២ និង៤៨នាទីថ្ងៃនេះ៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ