ម៉ាឡេស៊ី​​ជាប់​​ចំណាត់​ថ្នាក់​​ល្អ​​ជាង​គេ​​ខាង​​សេរី​ភាព​​សារ​ព័ត៌មាន​​នៅ​​អាស៊ាន​​

បុរសម្នាក់មើលការផ្សាយផ្ទាល់របស់នាយករដ្ឋមន្រ្តី Tan Sri Muhyiddin Yassin នៅ Shah Alam នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០។ (Miera Zulyana)

តាម​របាយការណ៍​ថ្មី​របស់​អង្គការ​អន្តរជាតិ​មួយ​បានឱ្យ​ដឹង​ថា ម៉ាឡេស៊ី​បាន​បន្ត​នាំមុខ​គេ​ក្នុងចំណោម​ប្រទេស​អាស៊ាន​លើ​សេរីភាព​សារព័ត៌មាន បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នកកាសែត​ឯករាជ្យ​ក្នុង​ប្រទេស​ អាច​បំពេញ​កិច្ចការ​ឡើងវិញ​ដោយ​គ្មាន​ការភ័យខ្លាច។ 

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ផ្តល់​ពិន្ទុ​សេរីភាព​សារព័ត៌មាន​ដល់​ម៉ាឡេស៊ី ២២ពិន្ទុ សម្រាប់​ឆ្នាំ២០២០នេះ ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ាន​មួយ​នេះ កើន​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពី​លេខរៀង​ទី ១២៣ ដល់ ១០១ ក្នុងចំណោម​ប្រទេស ១៨០ ដែល​អង្គការ​បាន​វាយតម្លៃ។

តាម​របាយការណ៍​អង្គការ​អន្តរជាតិ​ខាងលើ ដែលចេញផ្សាយ​នៅ​ថ្ងៃម្សិលមិញ បានឱ្យ​ដឹង​ថា ម៉ាឡេស៊ី​បាន​ពិន្ទុ​ខ្ពស់​ដូច្នេះ គឺ​ដោយសារ​របប​ដឹកនាំ​របស់​លោក Najib Razak ត្រូវ​បាន​បញ្ចប់​តាមរយៈ​ការបោះឆ្នោត​ ខែមិថុនា ​ឆ្នាំ២០១៩។

របាយការណ៍​ដដែល​បន្ថែម​ថា រដ្ឋាភិបាល​ថ្មី​បាន​គោរព​សន្យា​លុបចោល​បទប្បញ្ញត្តិ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ថ្មី អនុម័ត​ដោយ​រដ្ឋាភិបាល​មុន ហើយ​បាន​លុបឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ឯករាជ្យ​ចេញពី​បញ្ជីខ្មៅ ដែល​ឱ្យ​ពួក​គេ​អាច​ផលិត​ព័ត៌មាន​បាន​ដោយសេរី និង​គ្មាន​ការភ័យខ្លាច​ការរំលោភ​បំពាន។

របាយការណ៍​នោះ​រៀបរាប់​ថា៖ «បរិយាកាស​ទូទៅ​សម្រាប់​អ្នកកាសែត គឺ​មាន​ភាព​ធូរស្រាល​ខ្លាំង​ជាង​មុន ផ្តល់​ភាព​ឯករាជ្យ​កាន់តែ​ល្អ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ប្រព័ន្ធ​បោះពុម្ព​ផ្សាយ [កាសែត និង​ទស្សន​វដ្តី​] មាន​តុល្យភាព​បាន​កាន់តែ​ខ្ពស់ និង​ពេញលេញ រាប់ទាំង​ការ​ផ្តល់​ការ​គាំទ្រ​លើ​សម្ព័ន្ធ​បក្ស​កាន់អំណាច​ថ្មី និង​លើ​សម្ព័ន្ធ​បក្ស​កាន់អំណាច​ចាស់ ដែល​បច្ចុប្បន្ន​ជា​បក្ស​ប្រឆាំង»។

ដោយ​ឡែ​ក ឥណ្ឌូ​នេ​ស៊ី នៅ​រក្សា​នៅ​លំដាប់​ទី២ក្នុង​តំបន់​ដដែល​ជាមួយ​លេខរៀង​ទី ១១៩ កើន​បាន ៥ពិន្ទុ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​អាច​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា គោល​ការ​ណ៍លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ត្រូវ​បាន​គោរព ជាពិសេស​អំឡុង​បោះឆ្នោត។

តាម​របាយការណ៍​ប្រចាំឆ្នាំ​ដដែល​លើកឡើង​ថា ការ​ប្តេជ្ញា​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី Jokowi ក្នុង​អាណត្តិ​ទី២របស់​លោក ក៏​ជា​មូលហេតុ​នាំ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​ល្អ​ពី​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ដែរ។

ទន្ទឹមគ្នា​នេះ វៀតណាម​នៅ​មានការ​រឹតត្បិត​សេរីភាព​របស់​អ្នកកាសែត​អាក្រក់​ជាងគេ​ក្នុង​តំបន់​ដដែល បើ​ទោះជា​កើន​បាន ១ពិន្ទុ​មកវិញ ដោយ​ឈរ​នៅ​លេខរៀង​ទី ១៧៥ តាម​ពីក្រោយ​ដោយ​ឡាវ ឈរ​លេខរៀង​ទី ១៧១ ដោយ​ថយ ១ពិន្ទុ​ ធៀប​នឹង​ឆ្នាំ២០១៩។

តាម​ការវិភាគ​ក្នុង​របាយការណ៍ វៀតណាម​នៅតែ​បំបិទ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ឱ្យ​មានតែ​ស្ថាប័ន​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល ឯឡាវ​ធ្លាក់ចុះ​មួយ​ពិន្ទុ​ដោយសារ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​លើ​ក្រុម​សរសេរ​ប្លុក​ព័ត៌មាន​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណិ​តថ្មី​ៗ។

ដោយឡែក យោង​តាម​របាយការណ៍​ដដែល ហ្វីលីពីន​កើន​បាន ២ពិន្ទុ ឡើង​លេខរៀង​ទី ១៣២ ដោយសារ​ការ​បើក​ឱ្យ​មាន​យុទ្ធនាការ​តទល់​គ្នា​លើ​អន​ឡាញ ចំណែក មីយ៉ាន់ម៉ា​ ថយ ១ពិន្ទុ ចុះ​មក​លេខរៀង​ទី ១៣៩ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​បន្ត​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយខ្លាំង។

ថៃ​ថយ ៤ពិន្ទុ ចុះ​មក​លេខរៀង​ទី ១៤០ ចំណែក ឯកម្ពុជា​ថយ ១ពិន្ទុ ចុះ​មក​លេខរៀង​ទី ១៤៤ ដោយសារ​រដ្ឋាភិបាល​ប្រទេស​ទាំង ២ បង្កើន​ប្រព័ន្ធ​ចាត់វិធានការ​បំបិទ​សំឡេង​ប្រឆាំង ឯសិង្ហបុរី​ថយ ៧ពិន្ទុ ចុះ​មក​លេខរៀង​ទី ១៥៨ ដោយសារ​ការបង្កើត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ហើយ​ប៊្រុយ​ណេ នៅ​រក្សា​លេខ​លំដាប់​ទី ១៥២ ដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ