សិង្ហបុរី​ក្លាយ​ជា​ប្រទេស​ឆ្លង​កូវីដ​១៩​ច្រើន​ជាង​គេ​នៅ​អាស៊ី បន្ទាប់​ពី​ចិន និង​ឥណ្ឌា​

បុរសម្នាក់ដែលជាពលករចំណាកស្រុកមកធ្វើការនៅសិង្ហបុរី កំពុងតែមើលទូរសព្ទនៅអន្តេវាសិកដ្ឋានមួយ នៅប្រទេសសិង្ហបុរី ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០។ (REUTERS/ Edgar Su)

សិង្ហបុរី ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ច្រើនជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី បន្ទាប់ពី​ចិន និង​ឥណ្ឌា ក្រោយ​កើន​ករណី​ថ្មី​ ៩៧១ករណី​នៅ​ថ្ងៃម្សិលមិញ ដែល​ភាគច្រើន​កើត​លើ​ពលករ​បរទេស​ប្រាក់ខែ​ទាប​រស់នៅ​ផ្តុំគ្នា។ នេះ​បើ​តាម​ប្រភព​ពី​ក្រសួងសុខាភិបាល​សិង្ហបុរី និង​តួលេខ​បច្ចុប្បន្នភាព​ពី​អង្គការសុខភាព​ពិភពលោក។

តាម​ប្រភព​ដដែល គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​ ទី២៧ ខែមេសា ករណី​ឆ្លង​ក្នុង​ប្រទេស​ដែល​មាន​ពលរដ្ឋ ៥លាន ៧សែន​នាក់​នេះ បាន​កើន​ដល់​ជាង ១ម៉ឺន ៣ពាន់​ករណី ​(១៣៦២៤​) ឈរ​លេខរៀង​ទី៣ នៃ​ករណី​ឆ្លង​នៅ​អាស៊ី និង​ទី១ នៅ​អាស៊ាន នាំមុខ​ជប៉ុន​ដែល​មាន ១៣៤៤១ករណី និង​ប៉ាគីស្ថាន ១៣២២៨ករណី។

តួលេខ​នេះ បាន​ហក់​ឡើង​ក្នុង​ពេល២សប្តាហ៍​ចុងក្រោយ ដោយ​កើន​ជាង ៨ពាន់​ករណី ក្នុង​នោះ​ជាង ៩០ភាគរយ​ជា​ពលករ​អន្តោប្រវេសន៍​រស់នៅ​តាម​អន្តេវាសិក​ដ្ឋាន ហើយ​ពួក​គេ​ភាគច្រើន​មក​ពី​ប្រទេស​អាស៊ី​ខាងត្បូង​ដូចជា​ ឥណ្ឌា និង​ស្រីលង្កា ធ្វើការ​ក្នុង​វិស័យ​សំណង់។ 

ចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង​លើ​ពលករ​បរទេស​មក អាជ្ញាធរ​សិង្ហបុរី​កំពុង​ប្រញាប់​ប្រញាល់​រៀបចំ និង​សាងសង់​កន្លែង​សម្រាប់​ដាក់​នៅ​ដោយឡែក ដោយ​ជ្រើស​យក​អាគារ មជ្ឈមណ្ឌល ឬទីកន្លែង​ទំ​នេរ​ផ្សេង​ៗ រាប់ទាំង​កំពង់ផែ​ដឹកជញ្ជូន​ទំនិញ​ជាដើម សម្រាប់​អ្នកជំងឺ​កូ​វីដ១៩។ 

កាលពី​ចុង​សប្តាហ៍​មុន សាល​ពេទ្យ​ចំនួន៦ ត្រូវ​បាន​តម្លើង​រួច និង​កំពុង​ដំឡើង​ថែមទៀត នៅ​កំពង់ផែ Tanjong Pagar Terminal ដើម្បី​ត្រៀម​ដាក់​អ្នកជំងឺ​កូ​វីដ​ ចំនួន ១ម៉ឺន ៥ពាន់​នាក់ ខណៈ​អ្នកជំងឺ​ដំបូង​ត្រូវ​បាន​បញ្ជូន​មក​មជ្ឈ​មណ្ឌល​តាំង​ពិ​ព័រ​ណ៍ Changi ដែល​ត្រៀម​សម្រាប់​មនុស្ស ៤ពាន់​នាក់។

តាម​ប្រភព​ពី​កាសែត Bangkok Post ចុះផ្សាយ​នៅ​ថ្ងៃនេះ ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រើ​ពេល ៦ថ្ងៃ រៀបចំ​ដំឡើង​តង់ គ្រែ បរិក្ខារ​ពេទ្យ និង​សម្ភារ​អនាម័យ​ចាំបាច់​មួយចំនួន​នៅ​មជ្ឈមណ្ឌល Changi Exhibition Center សម្រាប់​ដាក់​អ្នកជំងឺ​កូ​វី​ដដែល​គ្មាន​រោគសញ្ញា និង​លេច​អាការ​ជំងឺ​តិចតួច។

សិង្ហបុរី កំពុង​ប្រឈមមុខនឹង​រលក​ទី៣ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ក្នុងចំណោម​ពលករ​បរទេស​ប្រមាណ ៣សែន​នាក់ ស្នាក់នៅ​តាម​អន្តេវាសិក​ដ្ឋាន ៤៣កន្លែង រី​ឯរលក​ទី២ ឆ្លង​ពី​និ​សិ្សត និង​ពលរដ្ឋ​ត្រឡប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប ហើយ​រលក​ទី១ ជា​ករណី​នាំចូល។

លោកនាយក​រដ្ឋមន្រ្តី លី ស៊ាន​ឡុង បាន​បង្ហាញ​អំពី​ក្តី​បារម្ភ​ចំពោះ​ករណី​ឆ្លង​ក្នុងចំណោម​ពលករ​បរទេស​ទាំងនោះ ហើយ​លោក​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ពុះពារ​អនុវត្ត​វិធានការ​ផ្តាច់​ខ្សែចម្លង​ជំងឺ​របស់​រដ្ឋាភិបាល ដោយ​ត្រូវ​រក្សាខ្លួន​នៅផ្ទះ និង​គម្លាត​សុវត្ថិភាព​ ជាដើម។

លោក លី សរសេរ​លើ Facebook ផ្ទាល់ខ្លួន​នៅ​សប្ដាហ៍មុនថា៖ «នេះ​គឺជា​ពេល​ព្រួយបារម្ភ និង​មិន​ប្រាកដប្រជា​មួយ​សម្រាប់​ពួក​យើង​ជាច្រើន ជាមួយ​ករណី​ឆ្លង​ជា​ចង្កោម​ធំ​នៅក្នុង​អន្តេវាសិក​ដ្ឋាន។ ក្រុមការងារ​របស់​យើង​បាន និង​កំពុង​ខំប្រឹង​ធ្វើការ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ នៅ​ទីនោះ ហើយនិង​មើលថែ​ពលករ​បរទេស​របស់​យើង​ឱ្យ​បាន​ល្អ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ