ហ្វីលីពីន​បន្ថែម​កញ្ចប់​មូល​និធិ​១​ពាន់​លាន​ដុល្លារ​ជួយ​កម្មករ​ជាង​៣​លាន​នាក់​

បុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យ ពាក់របាំងមុខដែលមានឈ្មោះរបស់ពួកគេនៅពីលើដើម្បីងាយស្រួលក្នុងការចំណាំ នៅក្រុង San Juan ស្ថិតក្នុងតំបន់ Metro Manila ប្រទេសហ្វីលីពីន ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ (EPA)

ហ្វីលីពីនបញ្ចេញប្រាក់មូលនិធិចំនួន ៥១ពាន់លានប៉េសូ ស្មើនឹងប្រមាណ ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួ​យ​កម្មករ ៣លាន ៤សែននាក់ បម្រើការក្នុងវិស័យអាជីវកម្មខ្នាតតូច ដែលរងផលប៉ះពាល់ពីការបិទតំបន់ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩។

តាមប្រភពពីកាសែត Bloomberg ចុះផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា នេះជាដំណោះស្រាយសេដ្ឋកិច្ចមួយជំហានទៀ​តរ​ប​ស់រដ្ឋាភិបាលក្រុងម៉ានីល សម្រាប់ដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះបំផុត អំឡុងពេលខ្លួនអនុវត្តវិធានការបិទការធ្វើដំណើរចេ​ញចូ​ល​កោះ Luzon ដើម្បីទប់ស្កាត់ការរីករាលដាលរបស់មេរោគ។

កោះ Luzon មានទីតាំងឋិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន ដែលមានប្រជាជនរស់នៅប្រមាណ ៥៨លាននាក់ ឬស្មើនឹងពាក់កណ្តាលនៃចំនួនពលរដ្ឋហ្វីលីពីនសរុប ហើយកោះនេះ ផ្តល់ប្រភពចំណូលសេដ្ឋកិច្ចរបស់ប្រទេស ៧០ភាគរយ។

អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Karl Kendrick Chua ត្រូវបានប្រភពដដែលស្រង់សម្តីរបស់លោកថ្លែង​អំឡុងសន្និសីទកាសែតជាមួយប្រធានាធិបតីហ្វីលីពីន នៅថ្ងៃម្សិលមិញថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់កម្មករ ២លាន ៦សែននាក់ ដែលថៅកែពួកគេបានបង់ពន្ធ និងប្រាក់មូលនិធិសោធនិវត្តន៍ជូនរដ្ឋ។

តាមប្រភពដដែល រដ្ឋាភិបាលហ្វីលីពីនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កញ្ចប់មូលនិធិប្រាក់ឈ្នួលថ្មីនេះ នឹងបែងចែកទៅដល់កម្មករដែលរកឃើញថារងគ្រោះពិតប្រាកដ ដោយក្នុងម្នាក់នឹងទទួលបាន ៨ពាន់ប៉េសូ ឬ ១៨០ដុល្លារ សម្រាប់រយៈពេល ២ខែ។

កាលពីចុងខែមីនា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរតេ បានបញ្ចេញថវិកា ២០០ពាន់លានប៉េសូ ស្មើជិត ៤ពាន់លានដុ​ល្លារ ជួយដល់ក្រុមគ្រួ​សារក្រីក្រដែលងាយរងគ្រោះបំផុត នៅលើកោះ Luzon ដែលលោកបានបញ្ជាឱ្យបិទការធ្វើដំណើរចេញចូលចាប់ពីពាក់កណ្តាលខែរហូតដល់ដំណាច់ខែ។

យ៉ាងនេះក្តី លោក ឌូទែរតេ លើកឡើងនៅថ្ងៃម្សិលមិញថា លោកនឹងបន្តវិធានការបិទកោះ Luzon ដែលជា មជ្ឈ​មណ្ឌល​សេដ្ឋកិច្ចសំខាន់បំផុតរបស់ប្រទេស រហូតដល់ខែឧសភា ប្រសិនគ្មានវិធីព្យាបាលជាក់លាក់ណាមួយដើ​ម្បីប្រ​ឆាំងនឹងវីរុសកូរ៉ូណាថ្មីដែលត្រូវបានរកឃើញទេនោះ។

មន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុ លោក Chua បន្ថែមថា ក្នុងចំណោមអាជីវកម្មខ្នាតតូច ១.៦លានកន្លែង អាជ្ញាធរហ្វីលីពីន​បា​នបង្ខំឱ្យម្ចាស់អាជីវកម្មជាង ៤សែនកន្លែង (៤៣៦ ០០០) បិទទ្វារ ខណៈ ១លានកន្លែងដំណើរការដោយប្រើប្រាស់កម្លាំងពលកម្មតិចបំផុត។

លោក Chua បញ្ជាក់ថា មកទល់ពេលនេះ មានតែអាជីវកម្មជាង ២សែនកន្លែង (១១៧ ០០០) ប៉ុណ្ណោះ ដែលអាជ្ញាធរអ​នុ​​​ញ្ញា​តឱ្យដំណើរការ ដើម្បីលក់ទំនិញ និងផ្តល់សេវាចាំបាច់ផ្សេងៗ។ លោកថា រដ្ឋាភិបាលកំពុងសិក្សាលើសំណើចេញកាតឥណទា​នដល់អាជីវករទាំងអស់នោះ ដើម្បីឱ្យពួកគេងាយស្រួលដកលុយពីធនាគារ។

កាលពីថ្ងៃពុធសប្តាហ៍មុន រដ្ឋលេខាធិការហិរញ្ញវត្ថុហ្វីលីពីន លោក Carlos Dominguez បានប្រាប់ទូរទស្សន៍ CNBC ក្នុងកម្មវិធីមួយថា រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ២៣ពាន់លានដុល្លារ សម្រាប់គាំទ្រក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ១៩ និងជួយទប់ការប៉ះទង្គិចសេដ្ឋកិច្ច​ដោយជំងឺនេះ។

លោក Dominguez បញ្ជាក់ថា កញ្ចប់ថវិកាដែលស្មើនឹង ៥ទៅ៦ភាគរយនៃផលិតផលក្នុងស្រុកសរុបនេះ គឺរដ្ឋាភិបាលគ្រោងសម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិដែលកំពុងដាំក្បាលចុះ រហូតដល់ដំណាច់ខែឧសភា ហើយនឹងបង្កើនថែមទៀត បើស្ថានការតម្រូវ។

គិតត្រឹមថ្ងៃចន្ទម្សិលមិញ ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសហ្វីលីពីន បានកើនដល់ជិត ៥ពាន់ករណី (៤៩៣២) ដែលតួលេ​​ខនេះ គឺខ្ពស់បំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះ មានករណីស្លាប់បានកើនដល់ជាង ៣រយករណី (៣១៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ