មីយ៉ាន់ម៉ារកឃើញករណីឆ្លងមេរោគកូវីដ១៩ជាលើកដំបូង

បុគ្គលិក២នាក់ កំពុងសំអាតរថយន្តក្រុងមួយ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ នៅក្នុងទីក្រុង Yangon កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (NurPhoto/ Getty/Kyodo)

មីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ លើកដំបូងបង្អស់ចំនួន២ករណីនៅល្ងាចថ្ងៃច័ន្ទម្សិលមិញ ចាប់តាំងពីមេរោគនេះ​ផ្តើមផ្ទុះឡើង១ករណីនៅក្រុងវ៉ូហាន ប្រទេសចិន កាលពីចុងឆ្នាំ២០១៩ រហូតដល់បានសម្លាប់មនុស្សអស់ជាង១ម៉ឺន៦ពាន់នាក់ ក្នុងចំណោមអ្នកជំងឺជាង៣៨ម៉ឺននាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ករ​ណីដំបូងទាំង២ គឺរកឃើញលើបុរសមីយ៉ាន់ម៉ាវ័យ ៣៦ឆ្នាំម្នាក់ធ្លាប់ទៅសហរដ្ឋអាមេរិកអំឡុង១៤ថ្ងៃចុងក្រោ​យ និងបុរសក្នុងស្រុកវ័យ ២៦ឆ្នាំម្នាក់បានត្រឡប់ពីអង់​គ្លេសចូលទីក្រុងYangon នៅ​​ថ្ងៃទី២២ ខែមីនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទ ក្រសួងសុខាភិបាលលើកឡើងថា អាជ្ញាធរសុខាភិបាលនឹងតាមស្វែងរកអ្នកដែលបាន​​​​​ប្រាស័្រយផ្ទាល់នឹងបុរសនោះទាំងអស់ ដើម្បីតេស្តរកមេរោគលើខ្លួនរបស់ពួកគេ និងដាក់ពួកគេឱ្យនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ។

មីយ៉ាន់ម៉ា គឺជាប្រទេសដែលបានរក្សាតួលេខករណីឆ្លងមេរោគកូវីដ១៩សូន្យករណីយូរជាងគេបំផុតក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើននៅក្នុងពិភពលោក បើទោះជាប្រទេសនេះមានព្រំដែនគោករួមគ្នាជាមួយប្រទេសចិនដែលជាប្រភពនៃមេរោគរាតត្បាត ប្រវែង២​១០០គីឡូម៉ែត្រយ៉ាងណាក្តី​។

នៅប៉ុន្មានថ្ងៃមុនផ្ទុះករណីឆ្លងដំបូង រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្កើនវិធានការបង្ការ និងទប់ស្កាត់ការរីករា​ល​ដាលនៃមេរោគ ដោ​​យប្រកាសបិទទីកន្លែងសាធារណៈមួយចំនួន រាប់ចាប់ពីសាលារៀន និងរោងកុន រហូតដល់ហាងខារ៉ាអូខេ និងម៉ាស្សា រួមទាំ​ង​លុបចោលគម្រោងប្រារព្ធកម្មវិធីកម្សាន្តតាមដងផ្លូវផ្សេងៗនៅអំឡុងបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រទេសក្នុងខែមេសា​ខា​ងមុ​ខ​។

យ៉ាងណា វិធានការនេះមិនទាន់ផ្តល់សេចក្តីទុកចិត្តដល់សាធារណជនក្នុងស្រុក និងជនបរទេសនៅឡើយ ខណៈប្រទេសនេះត្រូវបានគេស្គាល់ថា ជាប្រទេសក្រីក្របំផុតមួយ និងមានប្រព័ន្ធសុខាភិបាលខ្សោយ។

ក្រោយសេចក្តីប្រកាសពីការរកឃើញដំបូងតែប៉ុន្មានម៉ោង ផ្សារទំនើបបើកដំណើរការ២៤ម៉ោងមួយកន្លែងនៅក្រុងយ៉ាំងហ្គោន ​ត្រូវបានរាយការណ៍ថា មនុស្សម្នាបានសម្រុកទៅទិញអីវ៉ាន់ស្តុកទុក ក្រោមការភ័យខ្លាចនៃការផ្ទុះឡើងរបស់មេរោគរាតត្បាតក្នុ​ងប្រទេសមិនអាចគ្រប់គ្រងបាន។

ស្របពេលជាមួយគ្នានោះ ពលករចំណាកស្រុកមីយ៉ាន់ម៉ារាប់ពាន់នាក់ បានសម្រុកវិលត្រឡប់ពីប្រទេសថៃ ចូលក្នុងប្រទេសវិញតាមច្រកព្រំដែនគោក បន្ទាប់ពីរដ្ឋាភិបាលក្រុងបាងកកប្រកាសបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ។

ស្ថិតក្នុងស្ថានការនេះ ស្ថានទូតនៃប្រទេសផ្សេងៗបានចេញសេចក្តីព្រមានពលរដ្ឋរបស់ពួកគេដែលកំពុងរស់នៅ និងស្នាក់នៅក្នុងប្រទេសនេះ អំពីលទ្ធភាពនៃការជាប់ខ្លួនក្នុងប្រទេសមិនអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារការផ្ទុះករណីឆ្លងរាលដាលអាចនឹងកើ​តឡើងដូច​ជាប្រទេសមួយចំនួន។

អ្នកវិភាគស្ថានការណ៍នៅទីក្រុងយ៉ាំងហ្គោន លោក Richard Horsey មើលឃើញថា ការព្រមាននេះគឺដោយសារតែមីយ៉ាន់ម៉ាជាប្រទេ​ស​ក្រីក្រ និងមានប្រព័ន្ធសុខាភិបាលសាធារណៈខ្សោយបំផុតក្នុងពិភពលោក ហើយគ្មានទាំងប្រព័ន្ធសន្តិសុខសង្គម ដែលកត្តានេះ ងាយនឹងធ្វើឱ្យពលរដ្ឋរងគ្រោះបំផុតពីវិបត្តិសុខភាព និងសេដ្ឋកិច្ច៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ