ម្ចាស់​សិប្ប​កម្ម​​បិតស្រា​ម្នាក់​​ត្រូវ​បាន​តុលាការ​​​​ឃុំ​ខ្លួន​ ក្រោយ​​ពលរដ្ឋ​១០​នាក់​​ស្លាប់​ដោយ​សារ​ពុល​ស្រា​​​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

តុលាការ​សាលាដំបូងខេត្តកំពត បានសម្រេច​ឃុំខ្លួន​​ម្ចាស់សិប្បកម្មបិតស្រា-សម្នាក់ជាបណ្តោះអាសន្ន​​ ក្រោយ​មាន​ហេតុការណ៍ពលរដ្ឋ១០នាក់ស្លាប់​និងជិត៦០នាក់ទៀត​បញ្ជូនទៅមន្ទីរពេទ្យ​ ដោយសារពុលស្រា ដែលសង្ស័យពាក់ព័ន្ធការផលិតរបស់ពួកគេ​។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍​​​ថា កាលពីថ្ងៃទី២៥ ខែឧសភានេះ ក្រោយ​រកឃើញពលរដ្ឋ​១០នាក់ស្លាប់និងជិត៦០នាក់ទៀតឈឺដោយសារ​ពុលស្រា-ស នៅភូមិធ្នង់ ឃុំ​ឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សិប្បកម្មបិតស្រា-សចំនួន៣នាក់ទៅសួរនាំជាបន្តបន្ទាប់​។

លោកបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែឧសភា​នេះ សមត្ថកិច្ចបានសម្រេចបញ្ជូនពួកគេទៅតុលាការ ដើម្បីចាត់វិធានការច្បាប់តែម្តង។

លោកមានប្រសាសន៍ថា​៖ «ខ្ញុំបញ្ជូនទៅតុលាការអស់ហើយ ខ្ញុំបញ្ជូនទៅព្រឹកមិញ ពាក់ព័ន្ធទៅនឹងការផលិតស្រាខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត»។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍បន្ត​ទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន បានអនុវត្តតាមវិធានការរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិតឬស្រាលាយដែលគ្មានបច្ចេកទេសត្រឹមត្រូវទូទាំងខេត្ត ​ដើម្បីទប់ស្កាត់កុំឱ្យមានពលរដ្ឋរងគ្រោះដោយសារការពុលស្រាបន្តទៀត។

តែយ៉ាងណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខា ដែនណា មានប្រសាសន៍ថា សាលាដំបូងបាន​សាកសួរ​តែម្ចាស់សិប្បកម្មផលិតស្រាចំនួន២នាក់​ប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធក្នុង​ហេតុការណ៍នោះ ក្នុងនោះមាន​ម្ចាស់សិប្បកម្មជាបុរស​ម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ខណៈម្នាក់ទៀតជាស្ត្រីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយពីមិនមានភស្តុតាងដាក់បន្ទុក​គ្រប់គ្រាន់។

លោកមានប្រសាសន៍ថា៖ «យើងបញ្ជូនម្នាក់ទេ ព្រោះម្នាក់ទៀតដែលបើក​​សិប្បកម្ម ​[ជា] ស្ត្រី​ហ្នឹង គឺស្រា-សគាត់អត់មានជាតិមេតាណុល អ៊ីចឹងរបាយការណ៍ប៉ូលិស របាយការណ៍កាំកុងត្រូលដាក់[ថា]អត់មានជាតិមេតាណុលទេ គេឱ្យគាត់ទៅផ្ទះសិន រង់ចាំការស៊ើបអង្កេតបន្តទៀត»។

ក្រោយពីទទួលបានសំណុំរឿង ព្រះរាជអាជ្ញារងរូបនោះបានសម្រេចចោទប្រកាន់ម្ចាស់សិប្បកម្មស្រា-សម្នាក់ ក្រោម​បទចោទ «អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភ័ន្ត ដោយសារពិការភាពឬមរណភាព»។

មាត្រា៤៣ នៃច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់» ចែងថា អំពើសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភ័ន្ត​ ដោយសារពិការភាពឬមរណភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ១០ ០០០ ០០០ (ដប់លាន) រៀល ចំពោះអំពើល្មើសនឹងកថាខណ្ឌទី១ នៃមាត្រាដែលបណ្តាលឱ្យមានការពិការអចិន្ត្រៃយ៍ឬបណ្តាលឱ្យបាត់បង់ជីវិត។

​​ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃអង្គារ​ បាន​ឱ្យដឹង​ថា ក្រសួងបាន​ចាត់មន្ត្រីជំនាញចុះ​យកសំណាកស្រាថ្នាំនិងស្រា-សពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងទីតាំងលក់រាយតូចៗចំនួន៧​កន្លែងនៅក្នុងខេត្តកំពត សម្រាប់យកទៅវិភាគនៅមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លទ្ធផល​ពីការពិនិត្យសំណាកស្រា១១សំណាក ក្នុងនោះមាន៦សំណាក បង្ហាញថា មានសារធាតុមេតាណុលលើសកម្រិត ធំជាង០,២ភាគរយ ដល់ទៅ១១,៩ភាគរយ ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលនោះ មិនត្រូវលើសពី០,១%ឡើយ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំ​ខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា លោកគាំទ្រនឹងវិធានការរបស់សមត្ថកិច្ចដែលបញ្ជូនសំណុំរឿងនិងម្ចាស់សិប្បកម្មបិតស្រា-ស​នោះទៅកាន់តុលាការនៅថ្ងៃនេះ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ ​ករណីនេះ លោកស្នើទៅកាន់តុលាការធ្វើការជម្រះក្ដីដោយឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកមានប្រសាសន៍ថា៖ «ក្នុងករណីនេះ តុលាការរកឃើញ [ផលិតស្រា-សមានជាតិពុល] គឺអនុវត្តតាមច្បាប់នៅក្នុងមាត្រាណាមួយដែលតុលាការធ្វើការចោទប្រកាន់ ហើយតុលាការធ្វើការផ្តន្ទាទោសជននោះទៅតាមច្បាប់ទៅ។ ហើយអ្វីដែលភាគីជនរងគ្រោះអាចទាមទារសំណងជួសជុលផ្លូវចិត្តឬក៏ការបាត់បង់ជីវិតរបស់គាត់ គឺអ្នកតំណាងរបស់ក្រុមគ្រួសារនៃអ្នកស្លាប់នោះចំពោះម្ចាស់សិប្បកម្ម»។

ហេតុការណ៍ពុលស្រា-សនិងស្រាថ្នាំដែលកើតឡើងក្នុងខែឧសភា ឆ្នាំ២០២១នេះ នៅស្រុកល្វាឯម ខេត្តកណ្តាល និងនៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ចំនួន២៣នាក់បានស្លាប់ និង​ជិត១០០​នាក់ទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយហេតុការណ៍ពុលស្រាទាំងពីរលើកនេះ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន​កាលពីម្សិលមិញ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យបញ្ឈប់​ការពិសាស្រា-សឬស្រាថ្នាំដែលផលិត​គ្មានបច្ចេកទេសត្រឹមត្រូវនិងគ្មានការត្រួត​ពិនិត្យ។

បន្ថែមពីនេះ លោកក៏ហាមអាជីវករទាំងអស់មិនត្រូវយកសារធាតុមេតាណុលមកលាយធ្វើស្រា-សជាដាច់ខាត ព្រោះវាបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត

ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង ជំរុញទៅអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋចៀសវាងយកសារធាតុមេតាណុលលាយធ្វើស្រា-សដែលបង្កឱ្យពុលនិងស្លាប់ផងដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ