រដ្ឋ​មន្ត្រី​​ជំរុញ​​អាជ្ញាធ​រ​ឱ្យ​ផ្អាក​​អាជីវ​កម្ម​បិត​​ស្រា​ដែល​គ្មាន​បច្ចេក​ទេស​ ក្រោយ​មាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវដាក់កម្លាំងឃ្លាំមើលនិងទប់ស្កាត់ការលក់ស្រាបិតឬស្រាលាយដែលគ្មានបច្ចេកទេសត្រឹមត្រូវ ​ ដើម្បីទប់ស្កាត់កុំឱ្យមានពលរដ្ឋរងគ្រោះដោយសារការពុលស្រាបន្តទៀត។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តកំពតបានឃាត់ខ្លួន​ម្ចាស់សិប្បកម្មផលិតស្រា-សចំនួន៣នាក់ជាបណ្តោះអាសន្ន ក្រោយ​ពីពលរដ្ឋ​ចំនួន១០នាក់បាន​ស្លាប់ និងជិត៦០នាក់​ទៀតត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយ​សារ​ពុល​ស្រា-ស​ ខណៈហេតុការណ៍ពុលស្រា-សនិងស្រាថ្នាំនេះក៏បានសម្លាប់ជីវិតពលរដ្ឋជាង១០នាក់នៅស្រុកល្វាឯម ខេត្តកណ្តាល កាលពីពេលថ្មីៗនេះផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភានេះថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ការិយាល័យប្រតិបត្តិស្រុកកំពង់ត្រាច និងមន្ទីរសុខាភិបាលខេត្តកំពត សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវនៅភូមិធ្នង់ ឃុំ​ឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត រកឃើញមនុស្ស១០នាក់ស្លាប់ និងជិត៦០នាក់ទៀតឈឺ ដោយសារតែពុលស្រា-ស ក្រោយពីពួកគេពិសាស្រាជុំគ្នាក្នុងពិធីកំដរបុណ្យសពអ្នកភូមិនាពេលកន្លងមក។

ក្រសួងបន្តថា ពលរដ្ឋដែលពុលស្រាទាំងនោះមានអាការស្រវាំងភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង ងងុយដេក វិលមុខ ក្អួត រាក ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង​សន្លប់ ជាដើម។

ទាក់ទិននឹងបញ្ហានេះ ក្រសួងបានចាត់មន្ត្រីជំនាញចុះយកសំណាកស្រាថ្នាំនិងស្រា-សពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងទីតាំងលក់រាយតូចៗចំនួន៧កន្លែង សម្រាប់យកទៅវិភាគនៅមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លទ្ធផល​ពីការពិនិត្យសំណាកស្រា១១សំណាក ក្នុងនោះ មាន៦សំណាកបង្ហាញថាមានសារធាតុមេតាណុលលើសកម្រិត ធំជាង០,២ភាគរយ ដល់ទៅ១១,៩ភាគរយ ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលនោះ មិនត្រូវលើសពី០,១%ឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យបញ្ឈប់​ការពិសាស្រា-សឬស្រាថ្នាំដែលបិទឬ​លាយដោយគ្មានបច្ចេកទេសត្រឹមត្រូវនិងគ្មានការត្រួត​ពិនិត្យ។

បន្ថែមពីនេះ លោកក៏ហាមអាជីវករទាំងអស់ មិនត្រូវយកសារធាតុមេតាណុលមកលាយធ្វើស្រា-សជាដាច់ខាត ព្រោះវាបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

លោក ម៉ម ប៊ុនហេង អំពាវនាវក្នុងសេចក្តីប្រកាសព័ត៌មាន​ថា៖ «បងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋចៀសវាងយកសារធាតុមេតាណុលលាយធ្វើស្រា-សដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត»។

​ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍​នៅថ្ងៃពុធនេះ​ថា ​ម្ចាស់សិប្បកម្មផលិតស្រា-សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងត្រៀមបញ្ជូនខ្លួននិងសំណុំរឿងទៅសាលាដំបូងខេត្តនៅថ្ងៃស្អែក ដើម្បីចាត់វិធានការបន្តតាមផ្លូវ​ច្បាប់។ ចំណែកចំនួនអ្នកស្លាប់ដោយសារករណីពុលស្រានេះ លោកថា មានចំនួន១០នាក់់ដដែល។

លោក​មានប្រសាសន៍ថា៖ «យើងអត់បានបញ្ជូនគាត់ទៅទេ ទុកថ្ងៃស្អែក! ខ្ញុំកំពុងរៀបចំឯកសារសិន ខ្ញុំរៀបចំឯកសារហើយពេលព្រឹក ខ្ញុំបញ្ជូនទៅពេលព្រឹក បើល្ងាច[រៀបចំឯកសាររួចរាល់] បញ្ជូនទៅល្ងាច»។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក ញា ប៊ុនថន មានប្រសាសន៍ថា ក្រុមការងារជំនាញបានសហការជាមួយអាជ្ញាធរ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយតាមហ្វេសប៊ុក តេឡេក្រាម WhatsApp កុំឱ្យពលរដ្ឋពិសាស្រា-សដែលបិទមិនត្រឹមត្រូវតាម​បច្ចេកទេស និងហាមម្ចាស់អាជីវកម្មលក់ឬចែកចាយស្រា-សទាំងនោះបន្តទៀត។

ប្រធានមន្ទីររូបនោះបញ្ជាក់ថា ដើម្បីទប់ស្កាត់ការស្លាប់និងឈឺដោយសារការពុលស្រាមានប្រសិទ្ធភាព ​​លុះត្រាតែពលរដ្ឋនិងម្ចាស់អាជីវកម្មត្រូវចូលរួមសហការទាំងអស់គ្នា។

លោកមានប្រសាសន៍ថា៖ «ស្រាដែលគ្មានប្រភពច្បាស់លាស់ ស្រា-សដែលបិទលួចលាក់តាមភូមិតាមស្រុក វាមិនល្អទេ វាប៉ះពាល់សុខភាពហើយ ប្រុងប្រយ័ត្ន គឺកុំពិសាស្រា-សដែលផលិតគ្មានច្បាប់គ្មានទម្លាប់ទៅ! ឱ្យគាត់ថែរក្សាសុខភាព ព្រោះអ្នកដែលផឹកស្រាមិនមែនដើម្បីសុខភាពឯណា! ផឹកទៅស្លាប់ខ្លួនអ៊ីចឹង! មើលម៉េចដឹង! សូម្បីតែខ្ញុំក៏មើលមិនដឹងថា ស្រា-សនោះសុទ្ធឬមិនសុទ្ធដែរ»។

​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា មួយរយៈចុងក្រោយនេះ ការពុលស្រា-ស ស្រាថ្នាំ ជាសោកនាដកម្មមួយដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិតនិងប៉ះពាល់សុខភាព។

លោក​បន្ថែមទៀតថា ការណែនាំឱ្យបិទអាជីវកម្ម និងអប់រំពលរដ្ឋកុំឱ្យពិសាស្រា-ស គ្រាន់តែជាផ្នែកមួយតូច មិនសូវមានប្រសិទ្ធភាពនោះទេ។ ករណីនេះ លោកស្នើទៅរដ្ឋាភិបាលពន្លឿនបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដើម្បីយកទៅអនុវត្តលើម្ចាស់សិប្បកម្មបិទស្រា-សឬផលិតស្រាខុសបច្ចេកទេស ទើបទប់ស្កាត់បញ្ហាប្រឈមទាំងនោះបាន។

លោកមានប្រសាសន៍ថា៖ «ច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនេះ វានឹងជួយដល់រដ្ឋាភិបាលនៅក្នុងការកាត់បន្ថយហានិភ័យដែលកើតឡើងចំពោះប្រជាពលរដ្ឋ ជាពិសេសគឺកាត់បន្ថយកុំឱ្យមានអ្នកដែលអាចឆ្លៀតឱកាសប្រើប្រាស់ជាតិមេតាណុលដើម្បីដាក់ជាស្រាឱ្យគេផឹក ហើយក៏អាចជួយកាត់បន្ថយបញ្ហាផលប៉ះពាល់បញ្ហាពាក់ព័ន្ធសុខភាពច្រើនដែរ»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល បានឱ្យដឹងដែរថា ​ករណីស្លាប់ពលរដ្ឋចំនួន១២នាក់ នៅភូមិចំនួន២ នៅស្រុកល្វាឯមនោះ ប​ណ្តាលមកពីពលរដ្ឋទាំងនោះពិសាស្រា-សនិងស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ ខណៈម្ចាស់ទីតាំងផលិតស្រាត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការផងដែរ។

គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០​នាក់បានស្លាប់ និងជាង១០០​នាក់បានធ្លាក់ខ្លួនឈឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ​ ដោយសារពុលស្រា-សដូចគ្នានេះ​ដែរ។

ដោយឡែក កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ នៅខេត្តបន្ទាយ​មានជ័យ ក៏មានមនុស្សចំនួន៧នាក់បានស្លាប់ និង​ជិត៤០នាក់ទៀតត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយ​ពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ