អាជ្ញាធរ​បិទ​ទីតាំង​ផលិត​ស្រា​មួយ​កន្លែង​ ក្រោយ​មនុស្ស​១១​នាក់​ស្លាប់​ដោយ​សារ​ពុល​ស្រា​​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

អាជ្ញាធរខេត្តកណ្តាល បានបិទទីតាំងសិប្បកម្ម​ផលិតស្រា-ស និងស្រាថ្នាំមួយកន្លែង នៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម និង​កំពុងរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយ​​មនុស្សជាង១០នាក់បានស្លាប់ ដោយសារពុលស្រា។

ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក គួយ ប៊ុនធឿន មានប្រសាសន៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ​ថា ករណីមានមនុស្សស្លាប់​ជាបន្តបន្ទាប់​​ក្រោយ​ពីបានទទួលទានស្រាស នៅភូមិតាស្គរនេះ បាន​​កើតឡើង​​​ចាប់តាំង​ពីថ្ងៃទី១០ ខែឧសភាមក ហើយ​​គិត​មកដល់​ថ្ងៃម្សិលមិញ អ្នក​ស្លាប់​បានកើនដល់១១នាក់​​ហើយ។

លោកបន្តថា ក្រោយកើតហេតុ​​ អាជ្ញាធរនិងមន្ត្រីជំនាញ​បានយកសំណាក​ស្រា​នោះទៅ​វិភាគនៅមន្ទីរពិសោធន៍ ដោយលទ្ធផលបង្ហាញថា ស្រាដែលពលរដ្ឋទទួលទានមានជាតិមេតាណុលខ្ពស់ ទើបបណ្ដាលឱ្យអ្នកទទួលទានស្រាទាំងនោះស្លាប់។​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

លោកថា​៖ «បានយកស្រាដែលគាត់ទទួលទាន យកទៅវិភាគនៅមន្ទីរពិសោធន៍​វិទ្យាស្ថានសុខភាពសាធារណៈ​​ ឥលូវលទ្ធផលបានបង្ហាញស្រាទាំងអស់នោះ មានស្រាថ្នាំ ស្រាស ដែលមាន​លក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិ​ គឺមានកម្រិតមេតាណុលខ្ពស់។​ កម្រិតខ្ពស់នេះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ស្របពេលដែលគាត់បរិភោគក្នុងបរិមាណច្រើន»។​

លោក គួយ ប៊ុនធឿន បន្តថា បច្ចុប្បន្ន មន្ត្រីសុខាភិបាលបាន​សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី​ចុះទៅប្រមូលស្រា-សនិងស្រាថ្នាំដែលមានលាយជាតិមេតាណុលខ្ពស់​នេះ នៅក្នុងភូមិតាស្គរ និងកំពុងស្រាវជ្រាវ​រក​ទីតាំង​ផ្សេងទៀត ដើម្បី​យកមករក្សាទុក និង​ចាត់វិធានការតាមផ្លូវច្បាប់​បន្តទៀត។

អធិការរងនគរបាលស្រុកល្វាឯម លោក ថន ស្រេង មានប្រសាសន៍​ថា ក្រៅពីមានមនុស្សស្លាប់ ក៏​មាន​មនុស្ស៣​នាក់ទៀត​បានពុលស្រានិង​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ។

លោកបន្ត​ថា មន្ត្រីជំនាញនិងអាជ្ញាធរបានសម្រេចបិទសិប្បកម្មផលិតស្រា-ស និងស្រាថ្នាំមួយកន្លែងនៅភូមិតាស្គរនេះ​ជាបណ្តោះអាសន្ន ខណៈតូបលក់អីវ៉ាន់ដែលទទួលនិងចែកចាយបន្ត ក៏ត្រូវបានអាជ្ញាធរ​​ឱ្យពួកគាត់ផ្អាកលក់ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។

លោកថា៖ «​ការសម្រេចរបស់[តុលាការ]យ៉ាងម៉េច គឺរឿងរបស់តុលាការ! ក្នុងនាមកងកម្លាំងគ្រាន់​តែស្រាវជ្រាវនិងធ្វើសំណុំរឿងបញ្ជូនទៅទេ»។

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា សមត្ថកិច្ចកំពុងធ្វើរបាយការណ៍និងរៀបចំឯកសារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប៉ុន្តែពេលសួរថា បញ្ជូនពេលណា? ហើយមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវបញ្ជូនខ្លួនទៅតុលាការនោះ? លោក​​ថា មិនទាន់ដឹងនៅឡើយ ខណៈ​សមត្ថកិច្ចកំពុងធ្វើការ។

លោកបានថ្លែង​ថា៖ «​អាជ្ញាធរស្រុកនិងខេត្តបានកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់​ហើយ ចំពោះអ្នកលក់ អ្នកសង្ស័យ ដែលផលិតស្រាដែលមានសារធាតុមេតាណុល​ខ្ពស់នេះ។ មួយវិញទៀត អាជ្ញាធរស្រុកបានបញ្ឈប់ទាំងស្រុងហើយ​កន្លែងណាដែលមានពាក់ព័ន្ធ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០​នាក់បានស្លាប់ និងជាង១០០​នាក់បានធ្លាក់ខ្លួនឈឺព្យាបាលនៅមន្ទីរពេទ្យ​ ដោយសារពុលស្រា-សដូចគ្នានេះផងដែរ។

ដោយឡែក កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ នៅខេត្តបន្ទាយ​មានជ័យ ក៏មានមនុស្សចំនួន៧នាក់បានស្លាប់ និង​ជិត៤០នាក់ទៀតត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ