ក្រសួង​ណែនាំ​ពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់​​ការ​ហូប​ស្រា-ស​និង​ស្រាថ្នាំ​ដែល​ផលិត​គ្មាន​បច្ចេក​ទេស​ ​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

ក្រសួងសុខាភិបាល បានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការទទួលទាន​​ស្រា-សឬ​ស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ស្របពេលអ្នកស្លាប់ដោយសារពុលស្រា-ស នៅខេត្តកណ្តាល បានកើនដល់១៣នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បណ្តាលមកពីការពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី២០ ខែឧសភានេះ បានឱ្យដឹងថា បើតាមលទ្ធផលទទួលបានមកពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល កាលពីថ្ងៃម្សិលមិញ​ ទៅលើសំណាក​​ស្រាចំនួន​២៨​ ក្នុងនោះ ស្រាថ្នាំ១៥សំណាក ស្រា-ស១៣សំណាក ឃើញថា ស្រាចំនួន២០សំណាកមានសារធាតុមេតាណុល (Methanol) លើសកម្រិត ដែលធំជាង០,៥ភាគរយ (>0,៥%) ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលនោះមិនត្រូវលើសពី០,១%ឡើយ។

​ក្រសួងសន្និដ្ឋានថា ករណីស្លាប់ពលរដ្ឋជាង១០នាក់នៅភូមិចំនួន២ នៅស្រុកល្វាឯមនោះ ប​ណ្តាលមកពីពលរដ្ឋទាំងនោះ ពិសាស្រា-សនិងស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់។

ក្រសួងបន្ត​ថា៖ «ដូច្នេះ សូមបងប្អូន​ប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រា-សនិងស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយក​មេតាណុលមក​លាយ [ហាមដាច់ខាត]។ បើនៅតែបន្តពិសាស្រា-សឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ទៅជាឈឺ ឬ​អាចបាត់បង់ជីវិត»។

អធិការនគរបាលស្រុកល្វាឯម លោក​ ឃេង សុផល ប្រាប់ វីអូឌី ថា គិតចាប់តាំងពីថ្ងៃទី១០ ខែឧសភា មកដល់ថ្ងៃនេះ ពលរដ្ឋដែលពុលស្រាស្លាប់បាន​កើនឡើងដល់១៣​នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅ​មណ្ឌលសុខភាពមានចំនួន៤នាក់ និង​មនុស្ស២នាក់ត្រូវបានបញ្ជូនមកសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារពួកគាត់មានអាការធ្ងន់ធ្ងរ។

លោកបន្តថា សិប្បកម្មផលិតស្រាសដែលសង្ស័យបណ្តាលឱ្យប្រជាពលរដ្ឋ​ពុលស្លាប់នោះ មិនមានស្លាកយីហោនិងច្បាប់អនុញ្ញាត​ទេ ដោយសារពួកគាត់ផលិតលក្ខណៈគ្រួសាររយៈពេលជាង៣០ឆ្នាំមកហើយ។

អធិការរូបនេះបន្តថា ក្រោយពីមានហេតុការណ៍នេះ សមត្ថកិច្ចបានហៅអ្នកដែលទទួលយកស្រា​មកធ្វើការសាកសួរ ខណៈម្ចាស់អាជីវកម្មដែលផលិតស្រាសនោះនៅមិនទាន់បានសាក​សួរ​​នៅ​ឡើយ។

លោកថា៖ «ម្សិលមិញ យើងបានហៅពួកគាត់មកសាកសួរបន្ថែមថា គាត់យកស្រាចេញពីប្រភព​ណា​។ [ចំណែក] ម្ចាស់ទីតាំង យើងអត់មានឃុំគាត់ទេ ដោយសារគាត់មានភាពវ័យចាស់ គាត់បានចាកចេញពីផ្ទះ ថាទៅព្យាបាល​នៅមន្ទីរពេទ្យ។ ​យើងមិនទាន់បានធ្វើរឿងហ្នឹងបន្តទេ។ ខ្ញុំមិនដឹង​ថាគាត់ទៅព្យាបាលនៅណាទេ បើដឹង ខ្ញុំនាំខ្លួនគាត់មកសួរហើយ»។

ប្រធានមន្ទីរសុខាភិបាល​ខេត្តកណ្តាល លោក គួយ ប៊ុនធឿន មានប្រសាសន៍ថា មន្ត្រីជំនាញបានចុះទៅពិនិត្យយកស្រាពីទីតាំងដែលផលិតនិងអ្នកទទួលយកមកលក់បន្ត សរុប២៨កន្លែង។ លោកបន្តថា ក្នុងការពិនិត្យនោះបាន​រកឃើញ​ស្រាទាំងអស់នោះ ពិតជាមានជាតិមេតាណុលខ្ពស់ពិតប្រាកដមែន។

ដោយឡែក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ ខេត្តកណ្ដាល លោក ហួត វណ្ណថូ មានប្រសាសន៍ថា សិប្បកម្មផលិតស្រានៅភូមិតាស្គរនោះ មិនបានចុះបញ្ជីទេ ដោយពួកគាត់ផលិតជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។

លោកបន្តថា កន្លងមក ខាងមន្ទីរបាន​ចុះទៅប្រាប់អាជ្ញាធរស្រុកឱ្យ​ណែនាំទៅប្រជាពលរដ្ឋដែលប្រកបអាជីវកម្មបិទស្រា-សទាំងនោះ​ឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីពុលនៅខេត្តកំពង់​ឆ្នាំង បន្ទាយមានជ័យ និង​ក្រចេះ ជាដើម។

នៅពេលសួរថា តើមន្ទីរឧស្សាហកម្មនឹងមានវិធានការអ្វីបន្ថែមទៀត? លោកថា ខាងមន្ទីរមិនមានវិធានការអ្វីទេ ដោយសារកន្លងមក ក្រសួងនិងមន្ទីរសិប្បកម្មមិនដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មផលិតស្រាឡើយ។

លោកថា៖ «អត់មានវិធានការអីទេ សំខាន់អាជ្ញាធរដែនដី ហើយនិងឯកឧត្ដមអភិបាលខេត្ត​គាត់ចេញគោលការណ៍​វិធានការទៅបិទ​ការផលិតស្រា-ស គ្រប់ស្រុកក្នុងខេត្ត​​គាត់នៅ វាចប់ហើយ!​ មានស្អីទៀត! ​ឈប់ឱ្យមានលក់ទៅ ព្រោះក្រសួងឧស្សាហកម្មមិនដែលចេញច្បាប់ឱ្យធ្វើស្រា-ស ស្រាអីទេ តាំងពីប៉ុន្មានជិត២០​ឆ្នាំហើយ»។

ចំណែកអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ទីតាំងបិទស្រាមិនមានច្បាប់អនុញ្ញាតនោះទេ ហើយ​​អាជ្ញាធរបានធ្វើរបាយការណ៍​ពាក់ព័ន្ធករណីនេះទៅកាន់តុលាការរួចហើយ។

លោកថា៖ «ខ្ញុំឆ្លើយមិញហើយ មានច្បាប់ទើបមានការអនុញ្ញាត​​ មានច្បាប់ហើយធ្វើខុស មានទោសទៀត! ទី១ បិទអាជីវកម្ម ទី២ អ្នកប្រព្រឹត្តមានបទល្មើសធ្វើអ្វីខុសច្បាប់។ អ៊ីចឹង​អត់មានបញ្ហាអីក្រៅពីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ហើយ  ព្រោះអានេះវាស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា រដ្ឋាភិបាលនៅមានភាពខ្វះចន្លោះក្នុងការបង្ការនិងគ្រប់គ្រងស្រាឱ្យមានប្រសិទ្ធភាព ទើបបណ្ដាលឱ្យមានពលរដ្ឋពុលស្រាស្លាប់កើតឡើងដដែលៗ ខណៈច្បាប់គ្រប់គ្រងគ្រឿងស្រវឹងត្រូវលុបចោលថែមទៀត។

លោកថា៖ «កម្ពុជាយើងមិនទាន់បានធ្វើឱ្យមានច្បាប់​និងវិធានការ ដើម្បីគ្រប់គ្រង​គ្រឿងស្រវឹងទេ។ អ៊ីចឹងហើយ បញ្ហាដែលកើតឡើងដោយសារគ្រឿងស្រវឹង វាកើតជាញឹកញាប់។ អ៊ីចឹងបញ្ហាទាំងអស់ហ្នឹង បើសិនជាយើងមានច្បាប់ហើយ ក្រុមប្រឹក្សាឃុំអនុវត្តទៅតាមការណែនាំរបស់ក្រសួង ក៏អាចជួយទប់ស្កាត់បានដែរ។ អ៊ីចឹងថ្នាក់ជាតិនិងក្រោមជាតិ ត្រូវមានឆន្ទៈគិតគូរឱ្យបានបន្ថែមទៀត​ ក្នុងការគ្រប់គ្រងគ្រឿងស្រវឹង ដើម្បីសុខភាពសាធារណៈ»។

លោកបន្តថា ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងអាចចេញទៅរួច លុះត្រាតែរដ្ឋាភិបាលប្តេជ្ញា​ចិត្ត​ខ្ពស់​​ចង់បង្កើតច្បាប់មួយនេះ ដើម្បីបម្រើប្រយោជន៍សាធារណៈ ហើយចាត់វិធានការឱ្យ​មានប្រសិទ្ធភាពកុំឱ្យមា​នម​​ន្ត្រីរ​បស់ខ្លួនធ្វើជាខ្នងបង្អែកកាងនៅពីក្រោយឧស្សា​ហកម្មផលិតគ្រឿ​ងស្រវឹងនេះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០​នាក់បានស្លាប់ និងជាង១០០​នាក់បានធ្លាក់ខ្លួនឈឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ​ ដោយសារពុលស្រា-សដូចគ្នានេះផងដែរ។

ដោយឡែក កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ នៅខេត្តបន្ទាយ​មានជ័យ ក៏មានមនុស្សចំនួន៧នាក់បានស្លាប់ និង​ជិត៤០នាក់ទៀតត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ