អាជ្ញាធរ​ខេត្ត​កំពត​ឃាត់​ខ្លួន​​អ្នក​ផលិត​ស្រា​២​នាក់​ ក្រោយ​​ពលរដ្ឋ​១០​នាក់​ស្លាប់​ដោយ​​ពុល​ស្រា-ស​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

អាជ្ញាធរខេត្តកំពត បានឃាត់ខ្លួន​ម្ចាស់សិប្បកម្មផលិតស្រា-សចំនួន២នាក់ជាបណ្តោះអាសន្ន ក្រោយ​ពីពលរដ្ឋ​ចំនួន១០នាក់បាន​ស្លាប់ និងជាង៣០នាក់​ទៀតត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ​សារ​ពុល​ស្រាស​ក្នុងកម្មវិធីបុណ្យសពមួយកន្លែងក្នុងខេត្តនេះ។

អធិការនគរបាលស្រុកកំពង់ត្រាច លោក សេង សុគន្ធចាត់ ប្រាប់ វីអូឌី នៅថ្ងៃនេះថា មានករណីពុលស្រា-សបានកើតឡើង​នៅភូមិធ្នង់ ឃុំ​ឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឱ្យមនុស្សស្លាប់ជាបន្ដបន្ទាប់សរុប១០នាក់ តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។ លោកថា ហេតុការណ៍​ពុលស្រានេះ ក្រោយពីពួកគេពិសាស្រាជុំគ្នាក្នុងពិធីកំដរបុណ្យសពអ្នកភូមិ នាពេលកន្លងមក។

អធិការរូបនោះបញ្ជាក់ថា រីឯមនុស្សជាង៣០នាក់ទៀតដែលពុលស្រាសនៅក្នុងកម្មវិធីបុណ្យសពនោះដែរ ត្រូវ​បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ហើយសុខភាពពួកគេបានធូរស្រាលច្រើនហើយ​។

អធិការស្រុកកំពង់ត្រាច លោក សេង សុគន្ធចាត់ ឱ្យដឹងទៀតថា ចំពោះម្ចាស់សិប្បកម្មផលិតស្រាសចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកជាបណ្តោះអាសន្ន ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការច្បាប់។

លោកមានប្រសាសន៍ថា៖ «កម្លាំងជំនាញសហការជាមួយខេត្ត បានយកគាត់មកដល់ខេត្តហើយ កំពុងរង់ចាំលទ្ធផលពីក្រសួង បើលទ្ធផលប៉ះពាល់ពាក់ព័ន្ធនឹងការផលិតរបស់គាត់ គឺគាត់អាចមានទោសទណ្ឌហើយ»។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ លោក ញា ប៊ុនថន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ ចំនួនអ្នកសង្ស័យពុលស្រា-សស្លាប់នោះ មានចំនួនកើនដល់១០នាក់ ខណៈរបាយការណ៍ទាក់ទងការផលិតស្រា-ស​មានជាតិពុល [មេតាណុល] កម្រិតណានោះ ក្រុមការងារខេត្តកំពុង​រង់ចាំលទ្ធផលវិភាគ​ពីក្រសួង​សុខាភិបាល។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា អាជ្ញាធរត្រូវត្រួតពិនិត្យ​ទីតាំងសិប្បកម្មបិទស្រា និងកន្លែងចែកចាយ ធ្វើយ៉ាងណាឱ្យស្រាដែលផលិតចេញមកនោះស្របតាមបច្ចេកទេសឬតាមការណែនាំរបស់មន្ទីរពាក់ព័ន្ធ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព​ពលរដ្ឋ។

មន្ត្រីសិទ្ធិមនុស្សរូបនោះ​ ស្នើទៅអាជ្ញាធរត្រូវ​ស្រាវជ្រាវនិងចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើម្ចាស់សិប្បកម្មនិងឈ្មួញដែលនាំចូលមេតាណុលសម្រាប់ផលិតស្រា-សខុសបច្ចេកទេស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគាត់គួរតែមានវិធានការ ការទប់ស្កាត់ កុំឱ្យមានការនាំចូលអ្វីមួយ [មេតាណុល] ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ទីពីរ ត្រូវតែមានការត្រួតពិនិត្យចំពោះអ្នកដែលបានផលិត ហើយចុះបញ្ជីឱ្យបានត្រឹមត្រូវ បើសិនជារកឃើញបុគ្គលដែលគាត់បានផលិត ហើយគាត់ច្នៃប្រឌិត ធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ វាបណ្តាលឱ្យស្លាប់ ត្រូវផ្តន្ទាទោសដាក់ទោសទណ្ឌចំពោះ​គាត់​ដែលបានធ្វើអំពើហ្នឹងទៅ»។

កាលពីពេលថ្មីៗនេះ ករណីពុលស្រា-សនិងស្រាថ្នាំនេះបានកើតឡើងនៅ​ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាតំបន់ជាប់រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សជាង១០នាក់ស្លាប់ និងជាច្រើននាក់ទៀតបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល បានឱ្យដឹងដែរថា បើតាមលទ្ធផលទទួលបានមកពី​មជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល​ ទៅលើសំណាក​​ស្រាចំនួន​២៨​ (ស្រាថ្នាំ១៥សំណាក ស្រា-ស១៣សំណាក) ក្នុង​​នោះ ​ស្រាចំនួន២០សំណាក ត្រូវបានរកឃើញថា​មានសារធាតុមេតាណុល (Methanol) លើសកម្រិត ដែលធំជាង០,៥ភាគរយ (>0,៥%) ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលនោះមិនត្រូវលើសពី០,១%ឡើយ។

​ក្រសួងសន្និដ្ឋានថា ករណីស្លាប់ពលរដ្ឋចំនួន១២នាក់ នៅភូមិចំនួន២ នៅស្រុកល្វាឯមនោះ ប​ណ្តាលមកពីពលរដ្ឋទាំងនោះពិសាស្រា-សនិងស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ ខណៈម្ចាស់ទីតាំងផលិតស្រាត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការផងដែរ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការពិសាស្រា-សឬស្រាថ្នាំដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់សុខភាពឬរហូតបាត់បង់ជីវិត។

គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០​នាក់បានស្លាប់ និងជាង១០០​នាក់បានធ្លាក់ខ្លួនឈឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ​ ដោយសារពុលស្រា-សដូចគ្នានេះផងដែរ។

ដោយឡែក កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ នៅខេត្តបន្ទាយ​មានជ័យ ក៏មានមនុស្សចំនួន៧នាក់បានស្លាប់ និង​ជិត៤០នាក់ទៀតត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយ​ពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ