អាជីវករ​មួយ​ចំនួន​នៅ​ភ្នំពេញ​បារម្ភ​បញ្ហា​ជីវភាព​និង​បំណុល ខណៈ​អាជ្ញាធរ​បន្ត​វិធាន​បិទ​ខ្ទប់​តំបន់​ខ្លះ​និង​ផ្សារ​

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទីតាំងផ្សារអូរឫស្សី ក្រោយត្រូវបានផ្អាកបណ្ដោះអាសន្នក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ (ជន ចាន់រ៉ែន)

អាជីវករមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញការ​​ព្រួយ​បារម្ភពីបញ្ហាជីវភាពនិងបំណុលធនាគារ ស្របពេលផ្សារមួយចំនួននៅបន្តបិទបន្ថែមមួយសប្តាហ៍ទៀត ដោយ​​​អាជ្ញា​ធរអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

កាលពីថ្ងៃ​ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ​សេចក្តីសម្រេចមួយដោយ​តម្រូវឱ្យបន្តផ្អាកដំណើរការ​​ផ្សាររដ្ឋនិងផ្សារឯកជនមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃទៀត ដោយគិត​​ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២១នេះ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

វិធានការនេះ ស្របគ្នានឹងវិធានការបន្តបិទខ្ទប់តំបន់មួយចំនួនដែលរដ្ឋបាល​​រាជធានីភ្នំពេញ កំណត់​​ថាជាតំបន់ក្រហមនិងលឿងទុំ រយៈពេល៧ថ្ងៃបន្ថែមទៀតដូចគ្នា ខណៈតំបន់ទាំងពីរនេះនៅមាន​ហានិភ័យ​នៃការចម្លងជំងឺកូវីដ-១៩​នៅឡើយ។

អ្នកលក់បន្លែនៅផ្សារដើមគរ និងជា​អ្នក​​រស់នៅបន្ទប់ជួលនៅក្នុងតំបន់ក្រហម ក្នុង​សង្កាត់ស្ទឹងមានជ័យ២ អ្នកសី្រ ស៊ីម អាត ឱ្យដឹង​ថា ក្រោយពី​អាជ្ញាធរ​ប្រកាសឱ្យបិទផ្សារជាបណ្តោះអាសន្នក្នុងរយៈពេលជិត​១ខែមកនេះ បានធ្វើឱ្យ​​​គាត់គ្មានប្រាក់ចំណូលទេ ហើយថា ពេលនេះកំពុងជួបបញ្ហាប្រឈម​​ក្នុង​ជីវភាពផងនិងបំណុលធនាគារផង។

អ្នកស្រីថា៖ «ធនាគារអី ខ្ញុំសុំគេផ្អាកបង់៣ខែ គេគិតការប្រាក់ម៉េចៗខ្ញុំអត់ដឹងទេ កុំឱ្យគេគិតពេញ! ព្រោះខ្ញុំអត់បានរកអីទេ និយាយចំទៅ ២ថ្ងៃហើយ ដូចព្រឹកមិញ​អី ខ្ញុំទៅអើតមើលក្រែងចេញទៅរកស៊ីបានបន្តិចបន្តួ​ចអ៊ីចឹង ប៉ុន្តែអត់មានផ្លូវចេញសោះ»។

អាជីវករវ័យ៣៧ឆ្នាំ ដែល​មានកូន៣នាក់ក្នុងបន្ទុករូបនេះ បានបន្ថែមថា៖ «រាល់ថ្ងៃនេះ ឧទាហរណ៍ថាមានកូនឈឺឬនរណាគ្រោះថ្នាក់អី គ្មាន១រៀលទៅពេទ្យទេ»។

កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ បានជូនដំណឹង​ឱ្យបិទផ្សារដើមគរ​ជាបណ្តោះអាសន្នក្រោយ​ពីក្រសួងសុខាភិបាល រកឃើញថា អាជីវករមួយចំនួនដែលលក់ដូរនៅផ្សារនេះមាន​​វិជ្ជមានវីរុស​កូវីដ-១៩។

អ្នកលក់ដូរនៅតាមចញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញ អ្នកស្រី លី ដានី បាននិយាយប្រហាក់ប្រហែលគ្នា​ដែរ​ថា ពេលនេះគាត់​កំពុងប្រឈមអត់ប្រាក់បង់ថ្លៃផ្ទះជួលនិងធនាគារ។

អ្នកស្រីថា៖ «លុយថ្លៃផ្ទះផង លុយថ្លៃកង់បីផង គ្រាន់តែបើកផ្លូវភ្លាម​ ធនាគារតេមកបាត់ហើយម្សិលមិញ ទារថ្លៃកង់បី ហើយកំពុងដាក់ស្នើសុំគេពន្យារ៦ខែ គេព្រមឱ្យបង់ត្រឹមការប្រាក់ ប៉ុន្តែអាការប្រាក់ហ្នឹងយើងមិនដឹងបានចំណូលពីណាទៅឱ្យគេអ៊ីចឹងណា»។

ស្តី្រវ័យ៤០ឆ្នាំ រស់នៅភូមិរាដា សង្កាត់ភ្នំពេញថ្មី និយាយទៀតថា គាត់ព្រួយបារម្ភ បើ​វិធានការបិទខ្ទប់នេះនៅបន្តអូសបន្លាយ ខណៈឈ្នួលផ្ទះនិងថ្លែទឹកថ្លៃភ្លើងមិនត្រូវបានបន្ធូរបន្ថយ។

អាជីវករលក់គ្រឿងទេស​​នៅផ្សារផលិតផលជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលសុំមិនបញ្ចេញឈ្មោះ​ និយាយថា ក្រោយពីមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ ការលក់ដូររបស់គាត់​បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែពុំមានអតិថិជនច្រើនដូចមុន។

អ្នកស្រីបន្តថា​ បញ្ហាជីវភាពរបស់​គាត់​​កាន់តែប្រឈម​ខ្លាំងថែមទៀត ​នៅពេលអាជ្ញាធរប្រកាសឱ្យបិទផ្សារជាបណ្តោះអាសន្នកាលពីចុង​ខែមុន។ ករណីនេះ អ្នកស្រីបាន​ស្នើ​ឱ្យម្ចាស់ផ្សារ​កុំយកថ្លៃតូប​អំឡុងពេលបិទខ្ទប់ និងបញ្ចុះថ្លៃតូប​៥០ភាគរយក្រោយអាជ្ញាធរបើកឱ្យដំណើរការផ្សារនេះ​​ឡើងវិញ ដើម្បីទុកពេលឱ្យអាជីវករ​​ស្តារជីវភាពឡើងវិញ។

អ្នកស្រីថា៖ «តាមយោបល់ខ្ញុំ ក៏ដូចអាជីវករទាំងអស់ សុំឱ្យគាត់ផ្អាក​យកតម្លៃថ្លៃផ្សារសិន ព្រោះអាជីវករខ្ញុំអត់មានចំណូលទេ ហើយទី២ នៅពេលចប់កូវីដ ពួកខ្ញុំសុំឱ្យគាត់បញ្ចុះតម្លៃ៥០ភាគរយទៅ ព្រោះកូវីដនេះវាប៉ះច្រើនខែណាស់»។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពី​ម្ចាស់ផ្សារកសិផលជ្រោយចង្វារ លោក តាំង ប៊ុនតិច បានទេ។

ប៉ុន្តែប្អូនប្រុសរបស់ម្ចាស់ផ្សាររូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកនឹងពាំនាំការស្នើសុំនេះទៅបងប្រុសរបស់លោក ហើយ​ថា ការបញ្ចុះតម្លៃតូបបាន វាទាល់តែម្ចាស់ដីដែលបងប្រុសរបស់​លោកជួល​ធ្វើផ្សារនោះ ចុះតម្លៃឱ្យផងដែរ។

យ៉ាងណា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់ប្រាប់ VOD ថា លោកនឹងជួបភាគីពាក់ព័ន្ធ រួមនឹងអាជីវករ ដែលរងផលប៉ះពាល់អំឡុងពេលបិទខ្ទប់នេះ ដើម្បីស្វែងរកដំណោះស្រាយ។ លោកក៏បាន​បញ្ជាក់ដែរថា ក្នុង​​អំឡុងនៃការបិទខ្ទប់នេះ អាជីវករ​អាចផ្អាកបង់​ឈ្នួលតូបសិនក៏បាន។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រ​ព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា រដ្ឋគួរ​​​ប្រើប្រាស់ថវិកា​ជាតិ ដើម្បីជួយ​​ដោះស្រាយថ្លៃទឹកថ្លៃ​ភ្លើង រួមទាំងការចំណាយប្រចាំថ្ងៃ ឬក៏អាចរកលទ្ធភាពឱ្យពលរដ្ឋទាំងនោះអាច​លក់ដូរឡើង​វិញ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម។

លោកថា៖ «ខ្ញុំគិតថា បើសិនរដ្ឋបិទ១សប្តាហ៍​ទៀត រដ្ឋត្រូវគិតការចំណាយចាយវាយរបស់បងប្អូនអាជីវករ ថាតើគាត់ចំណាយលើអ្វីខ្លះ ឧទាហរណ៍ដូចជាថ្លៃទឹកភ្លើង ការដែលគាត់ជំពាក់បំណុលធនាគារ ថ្លៃផ្ទះជួល និងការចំណាយលើការហូបរបស់​ពលរដ្ឋហ្នឹង ដែលរដ្ឋត្រូវអន្តរាគមន៍ចំណុចទាំងអស់ហ្នឹង ជួយគាត់មួយរយៈ មួយខែឬពីរខែសិនទៅ»។

កាលពីថ្ងៃទី៦ ខែឧសភានេះ រដ្ឋាភិបាលបានសម្រេច​បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយអនុ​ញ្ញាតឱ្យ​ពលរដ្ឋធ្វើ​ដំណើរនិងប្រកបរបរមួយចំនួនជា​ប្រក្រតីឡើងវិញ ក្រោយពីបានបិទខ្ទប់​ជាង៣សប្តាហ៍មកនេះ លើកលែងតំបន់ក្រហម និង​លឿងទុំ រួមនឹង​ផ្សារ​រដ្ឋ និងផ្សារឯកជន​ដែល​មិនរៀបរយ ដែលនៅបន្តវិធានការ​បិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

គួរបញ្ជាក់ដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើមនុ​ស្ស៥៥៧នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ ដែល​ធ្វើឱ្យចំនួន​អ្នកឆ្លងសរុបកើន​​ដល់១៨ ១៧៩នាក់ និងស្លាប់១១៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ