អាជ្ញាធរ​បារម្ភ​ផ្ទុះ​ជំងឺ​កូវីដ-១៩​ឡើង​វិញ​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​ បើ​​ពលរដ្ឋ​មិន​ចូល​រួម​អនុវត្ត​វិធាន​សុខា​ភិបាល

អាជីវករចាប់ផ្ដើមដំណើរការលក់ដូរជូនអ្នកមកផ្សារឡើងវិញ នៅម្ដុំផ្សារទួលទំពូង ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីរដ្ឋាភិបាល​​មួយចំនួនបារម្ភថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាចផ្ទុះឡើងក្នុង​​ទ្រង់ទ្រាយធំឡើង​វិញ បើ​ពលរដ្ឋមិនចូលរួមគោរពវិធានការសុខាភិបាល អំឡុងពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និយាយ​ក្នុងស​ន្និសីទសារព័ត៌មាន ស្តីពី «ការដាក់ចេញវិធាន​ការ​រដ្ឋ​បាល សម្រាប់​ភូមិ​សាស្ត្ររាជធានីភ្នំពេញ និងបែងចែកជាតំបន់ក្រហម លឿងទុំ និងតំបន់លឿង រយៈពេល៧ថ្ងៃបន្ថែមទៀត» នៅថ្ងៃនេះថា ក្រោយពីរដ្ឋាភិបាលបញ្ចប់វិធានការ​បិទខ្ទប់នៅថ្ងៃនេះ ពលរដ្ឋរស់នៅតំបន់លឿង អាច​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​នានា​បាន ប៉ុន្តែត្រូវ​គោរពវិធានសុខាភិបាល។

លោកបានគូសបញ្ជាក់ថា អ្នករស់នៅតំបន់លឿងនេះអាចធ្វើដំណើរនិងប្រកបអាជីវកម្មបាន លើកលែងតែចូលទៅតំបន់ក្រ​ហមនិ​ងលឿងទុំដែលត្រូវបានបន្តបិទខ្ទប់ តែថា ពួកគេត្រូវគោរពវិធានសុខាភិបាល រួមទាំងការជួបជុំ និងត្រូវរក្សាគម្លាតសុវត្ថិភា​ពសង្គម។

លោ​កបានលើកឡើងផងដែរថា ក្រោយបញ្ចប់ការបិទខ្ទប់តំបន់ហាមឃាត់មួយចំនួន ក៏មាន​ការ​​កកស្ទះផងដែរ ​ដោយសារកំ​ណើន​​អ្នក​​ធ្វើដំណើរ​ ដែលអាចបង្កើត​ភាពផុយ​ស្រួ​​យនាំ​​​ដល់ខ្សែ​ចង្វាក់នៃការ​ចម្លងជំងឺនេះឡើង​វិញ។

លោកថា៖ «បើបងប្អូនមិនរក្សា “៣កុំ ៣ការពារ” ទេ! តំបន់បងប្អូនរស់នៅអាចនឹងទៅតំបន់លឿងទុំវិញ អាចនឹងទៅក្រហមក៏ថាបាន។ ប៉ុន្តែបើបងប្អូននៅតែរក្សា “៣កុំនិង៣ការពារ” សហការអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបងប្អូនលឿង​នៅតែលឿង ឬអាច​ចេញពីលឿងទៅជីវិតមួយដូចមុនព្រឹត្តិការណ៍២០កុម្ភៈ»។

រដ្ឋបាល​​រាជធានីភ្នំពេញ កាលពីថ្ងៃ​ម្សិលមិញ បាន​​កែសម្រួល​នូវ​​វិធានការរដ្ឋបាល បង្រួមតំបន់ក្រហមនិងលឿងទុំទៅជាតំបន់លឿង ក្នុងនោះក៏បាន​សម្រេចបន្តបិទ​ខ្ទប់តំបន់​ក្រហមនិង​លឿងទុំ ៧ថ្ងៃទៀត ក្រោយការបិទខ្ទប់រយៈពេល៣សប្តាហ៍កន្លងមក ដើម្បីកាត់​ផ្តាច់​រលកចម្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។

អភិបាលរងរាជធានីភ្នំពេញមួយរូបទៀត លោក នួន ផារ័ត្ន បានលើកឡើងក្នុងសន្និសីទនោះដែរថា​ ភាពជោគជ័យនៃការ​កាត់ផ្តាច់រលក​ចម្លងជំងឺកូវីដ-១៩នៅពេលខាងមុខ គឺ​អាស្រ័យលើការចូលរួម​របស់​​ពលរដ្ឋរស់នៅតំបន់​បិទខ្ទប់នេះ។

លោកថា៖ «បើសិនជាការចូលរួមរបស់ប្រជាពលរដ្ឋបានល្អ ការអនុវត្តវិធានការសុខាភិបាលទាន់ពេលវេលា ទាក់ទងនឹង​ការកំណត់មុខ​សញ្ញាបានលឿន កាត់ផ្តាច់ជាមួយអ្នកភូមិវិជ្ជមានបានលឿន គឺសង្គម​យើងអាចនឹងឈាន​ទៅបញ្ចប់បញ្ហា២០កុម្ភៈបាននៅពេលខាងមុខ»។

តែយ៉ាងណា លោកគូសបញ្ជាក់ថា មូលហេតុ​ដែលអាជ្ញាធរ​បង្រួមតំបន់ក្រហមនិងលឿងទុំឱ្យរួមតូច​ ហើយមានតំបន់លឿងកាន់​តែច្រើន​ ស្រ​ប​ពេលអត្រាអ្នកឆ្លងនៅមានតួលេខខ្ពស់នោះ​ គឺដោយសារតែអាជ្ញាធររកឃើញអ្នកឆ្លងនៅតំបន់ដែលប្រែជាតំបន់លឿង មានការឆ្លងតិចតួចក្នុងកម្រិត១០ភាគរយដែលអាជ្ញាធរអាចគ្រប់គ្រងបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ