រដ្ឋា​ភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ថែម​ ក្រោយ​​ការ​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​តំបន់​ខ្លះ​នៅ​​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​

សន្តិសុខម្នាក់កាន់មេក្រូប្រកាសប្រាប់និងណែនាំពីវិធានការការពារនិងកិច្ចការមួយចំនួនដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩​បន្តទៀត ដល់បងប្អូនអាជីវករនិងអ្នកលក់ដូរនៅម្ដុំផ្សារទួលទំពូង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រមុខរដ្ឋាភិបាល​ដាក់ចេញនូវផែនការជាយុទ្ធសាស្រ្តបន្ថែម​មួយចំនួនក្នុង​ការ​បង្ការ ទប់​ស្កាត់ និង​​កាត់​ផ្តាច់​​​ខ្សែចង្វាក់​នៃការ​​ឆ្លងរាលដាល​​ជំងឺកូវីដ-១៩ ក្រោយបម្រាមនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបាន​បិទបញ្ចប់ទៅ។

ផែនការដែលរដ្ឋាភិបាលដាក់ចេញ​កាលពីថ្ងៃទី៤ ខែឧសភា ​មាន១៤ចំណុច បន្ទាប់ពី​បម្រាម​បិទខ្ទប់​ដែល​ប្រើ​​ពេល​អស់២២​ថ្ងៃ ត្រូវបានបើកចំហឡើងវិញ​។ ក្នុងចំណោម​វិធានទាំង​១៤​​​ចំណុច ​នៃ​ការ​ការពារនិង​ទប់ស្កាត់ការរីករាលដាលបន្តជំងឺកូវីដ-១៩នេះ គឺវិធានទី២​ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់​ឃើញ​ថា ទាំង​ថ្នាក់រដ្ឋ​បាល​រាជធានី ខេត្ត និងក្រុង ត្រូវអនុវត្តបន្ត។

​នៅក្នុង​ខ្លឹមសារនៃបទបញ្ជាដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដាក់ចេញ​ក្នុងលក្ខខណ្ឌទី២នេះ លើកឡើង​ថា អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅតែអាចចេញវិធានការរដ្ឋបាល​របស់ខ្លួន​បាន​ដដែល​​​​ ហើយ​ចំណាត់ការនេះ ត្រូវធ្វើឡើងឱ្យ​បានឆាប់រហ័សនិងទាន់ពេលវេលា ដោយ​ផ្អែក​ទៅ​តាម​កម្រិត​នៃការឆ្លង​រីក​រាលដាល​ជំងឺនេះក្នុងភូមិសាស្រ្តបិទខ្ទប់នីមួយៗ។

ក្រោយអនុវត្តវិធានការបិទខ្ទប់រាជធានី​ភ្នំពេញ និងក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលប្រើពេល​ប្រមាណ៣​សប្តាហ៍មក​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​កាល​ពី​​​ថ្ងៃទី៣ ខែឧសភា បាន​សម្រេច​បញ្ចប់​ការបិទខ្ទប់​កម្រិតថ្នាក់​រដ្ឋា​ភិបាល​ ដែលធ្វើឡើង​ដើម្បី​កាត់ផ្តាច់នៃការចម្លងប្រភេទវីរុសថ្មីនេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ឱ្យដឹងនៅថ្ងៃទី​៥ ខែឧសភា​ថា ការ​សម្រេច​ចិត្ត​របស់ប្រមុខរដ្ឋាភិបាល ដោយបញ្ចប់ការបិទខ្ទប់តំបន់ហាមឃាត់នេះ ​ក៏​ព្រោះ​​តែយុទ្ធនាការ​នេះអាចធ្វើឱ្យ​​ការរីករាលដាលនៃជំងឺ​កូវីដ-១៩​ ត្រូវបានកាត់បន្ថយ​ក្នុងកម្រិតមួយ​ដែល​ខ្ពស់​។ លោកបន្ថែមថា នៅថ្ងៃ​ទី​៦ ខែឧសភានេះ ក៏ជាពេលវេលាមួយដែលវិធានការ​​ស្ថិត​ក្នុងកម្រិត​រដ្ឋាភិ​បាល ដល់ពេលដែល​ត្រូវបិទ​បញ្ចប់​ហើយ​ដែរ​។​

យ៉ាងណា លោក គឹម សន្តិភាព យល់ឃើញថា នេះជាជោគជ័យមួយដែលកម្ពុជាសម្រេចបាន។ លើសពី​នេះ លោកថា ចំនួនអ្នកឆ្លងស្ថិតនៅក្នុង​កម្រិត​មួយមិនជាធ្ងន់ធ្ងរពេកនោះដែរ បើប្រៀបធៀប​នឹងបណ្តា​ប្រទេសនៅ​ក្នុង​តំបន់និងពិភពលោក។

 លោកមានប្រសាសន៍ថា៖ ​ «យើងមើលឃើញនូវលទ្ធផលមួយចំនួនដែលកើតពីការអនុវត្ត​ក្នុងរយៈពេល​២២​ថ្ងៃកន្លងមកនេះ ហើយ​លទ្ធផលដែល​គួរឱ្យយើងកត់សម្គាល់នោះ គឺយើងអាចគ្រប់គ្រងបាននៅតំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺយើងគ្រប់គ្រង​នៅតំបន់ដែល​មានហានិភ័យខ្ពស់ ហានិភ័យមធ្យម និងហានិភ័យទាប»។

កាលពីថ្ងៃទី១៥ ខែមេសា ដោយមើលឃើញពីទំហំនៃការឆ្លងជំងឺកូវីដ-១៩ កាន់តែរីកសាយភាយ រដ្ឋាភិបាលសម្រេចបិទខ្ទប់តំបន់មួយចំនួននៅរាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ។ ​នៅពេល​ឱ​សាន​វាទត្រូវបញ្ចប់​ក្នុង​ជំហាន​ទី១ ហើយ​លទ្ធ​​ផលនៃការកាត់​ផ្តាច់​​ការ​ឆ្លងនៅតែស្ថិត​ក្នុងហា​និ​ភ័យ​​​ខ្ពស់ដដែល ទើបនៅថ្ងៃទី​១៩ ខែមេសា រដ្ឋាភិបាល​ត្រូវបង្ខំចិត្តដាក់ចេញវិធានបិទខ្ទប់រយៈពេល៧ថ្ងៃ ក្នុង​ដំណាក់កាលទី២បន្ត​ទៀត។​ ការ​ប្រើពេលក្នុងការប្រយុទ្ធប្រឆាំងវីរុសនេះ រដ្ឋា​ភិបាលត្រូវប្រើពេលប្រមាណ២២​ថ្ងៃ​ ដែលទើបបិទបញ្ចប់នៅ​ថ្ងៃ​ទី៦ ខែឧសភានេះ។

បើទោះជាបែបណា ក្រុមអ្នជំនាញផ្នែកសុខភាពនៅតែបង្ហាញកង្វល់របស់ខ្លួន ក្រោយព្រឹត្តិការណ៍​បិទខ្ទប់ដែលរដ្ឋាភិបាលដាក់ចេញនេះត្រូវបានបញ្ចប់។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍កាលពីថ្ងៃទី៤ ខែឧសភា ថាថ្វីត្បិតការ​បើក​ចំហនៃការដើរហើរ និងការប្រកបការងារអាជីវកម្មឡើងវិញនៅពេលនេះក្តី អ្នក​ស្រី​នៅតែបង្ហាញការ​ព្រួយ​បារម្ភថា លទ្ធភាពនៃការឆ្លងអាចនឹងកើតឡើងជាថ្មី ប្រសិន​បើប្រ​ជា​ពល​រដ្ឋធ្វេសប្រហែសមើល​ស្រាល​​​ស្ថាន​​ការណ៍និងភ្លេចខ្លួន។

អ្នកស្រីមានប្រសាសន៍ថា៖ «​យើងកុំភ្លេចណា! នៅក្នុងបរិបទនេះ ភាសាអង់គ្លេសគេហៅថា Virus Regulation ដែលមានន័យថា ចរាចរណ៍នៃវីរុសកូវីដ-១៩ បច្ចុប្បន្ននេះ​ គឺពេញធឹងហើយ។ យើងអត់ដឹង​ថាវា​ទៅ​ណា​ខ្លះ​ទេ ហ៊ានតែយើងទៅ​មិនស្រួល ​ប៉ះវាហើយ! ​ខ្ញុំតែងតែនិយាយហើយ វីរុសកូវីដ-១៩​នេះឆ្លាតជាងយើង​ឆ្ងាយណាស់ វាអង្គុយចាំតែមើលយើងហ្នឹង»។​

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម នៃរាជ​បណ្ឌិត្យ​សភា​​​កម្ពុជា មានប្រសាសន៍ថា កម្ពុជានៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅឡើយ បើទោះ​បី​ការ​​បិទ​ខ្ទប់ត្រូវបានបិទ​បញ្ចប់​ក៏ដោយ។​ លោកមើលឃើញថា ក្នុងករណីមជ្ឈដ្ឋានទូទៅមិនបាន​អនុវត្ត​​ឱ្យ​​បានត្រឹមត្រូវ ចំពោះវិធាន​ការសុខាភិបាលនិងបម្រាមរបស់អាជ្ញាធរទេ នោះការ​កាត់​ផ្តាច់​នៃ​ការចម្លងមិនអាចជោគជ័យបានឡើយ ​ហើយ​ការ​វិលវិញនៃជំងឺកូវីដ-១៩នេះអាចនឹងមានទំហំធំជាង​បច្ចុប្បន្ន​នេះក៏ថាបានដែរ។

លោកមានប្រសាសន៍ថា៖ ​ «ប្រសិនជាយើងគ្រប់គ្រងវាអត់បានទេ អារលកក្រោយនេះ​វាអាចធំជាងរលកមុនទៅ​ទៀត។ តាមដែលយើងសង្កេតមើលទៅ ដូចព្រឹត្តិការណ៍សហគមន៍លើកទី១ លើកទី២ ហើយមកដល់លើកទី៣នេះ ចំនួនវាចេះតែកើនឡើង​ ប្រសិនបើយើង​គ្រប់គ្រងអត់បានទៀតទេ ចំនួននេះវាចេះតែគុណនឹង២ គុណនឹង៣ហើយ ដោយសារហេតុវាឆ្លងជាចង្កោមទៅ​តាមសហគមន៍»។

ភ្លាមៗ ក្រោយពីយុទ្ធសាស្រ្តតំបន់បិទខ្ទប់ដែលដាក់ចេញដោយរដ្ឋាភិបាលត្រូវបើកឱ្យដំណើរ​ជា​ធម្មតា​វិញ រដ្ឋបាលរាជធានីភ្នំពេញចាប់អនុវត្តវិធានការរបស់ខ្លួនភ្លាមដែរ ដោយចាត់អាទិភាពតំបន់​បិទខ្ទប់​បន្ត មានតំបន់​ក្រហម លឿងទុំ និងលឿង សម្រាប់ភូមិសាស្រ្តរាជធានី​ភ្នំពេញ។ វិធានការរដ្ឋបាលដែល​ដាក់​ចេញ​ដោយរដ្ឋបាលរាជធានី​ភ្នំពេញកាលពីថ្ងៃទី​៥ ខែឧសភានេះ គឺត្រូវអនុវត្តចាប់​ពីម៉ោង​សូន្យ ថ្ងៃទី​៦ រហូតដល់ថ្ងៃទី១២ ខែឧសភា។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការបិទខ្ទប់កម្រិត​រាជធានី​​នេះ មិន​មែន​បិទខ្ទប់ក្នុងទំហំធំដូច​ការកំណត់​ដោ​យ​រដ្ឋាភិបាលទេ ពោលគឺជាការបង្រួម​តំបន់​ក្រហម លឿងទុំ និងលឿង ឱ្យចេញជា​ចំណែក​តូចៗ​ប៉ុណ្ណោះ​។

ទោះជាយ៉ាងណា មុនមួយថ្ងៃនៃសេចក្តីសម្រេចបញ្ចប់បិទខ្ទប់ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដាក់​ចេញនេះ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួនកាល​​ពី​ថ្ងៃ​ទី៣ ខែឧសភា ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ផ្តាស់ប្តូរ​​ជាចាំ​បាច់​ពីវិធីសាស្រ្តក្នុងការ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩។

សេចក្តីថ្លែងការណ៍នេះបានចាត់ទុក​វិធានការ​បិទ​ខ្ទប់​​ដោយរដ្ឋាភិបាលកម្ពុជា ថាជាការប្រកាសអាសន្ននិង​ជា​​វិធានការមិនសមាមាត្រ​ ហើយច្រើន​​​​ហួស​ប្រមាណ​របស់​រដ្ឋា​ភិ​បាល​ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នេះ។

យ៉ាងនេះក្តី សមាជិកសភារបស់គណបក្សកាន់អំណាច លោក ឈាង វុន បានហៅក្រុម​សមាជិក​​​សភានេះថា ជាក្រុមមិនប្រាកដនិយម ហើយចេះតែបង្កើតនិងតាំងខ្លួនជាសមាជិកសភា។

លោកបន្តថា នៅក្នុងតំបន់អាស៊ាន មិនទាន់បានបង្កើតសមាជិកសភាសម្រាប់​អាស៊ាន​នៅ​​ឡើយ​ទេ។ ​ហេតុដូច្នេះ លោកថា ការចេញសេចក្តីថ្លែងការណ៍ណាមួយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺជាក្រុម​មនុស្ស​ដែល​ពុំគួរ​លើកយកមកនិយាយឡើយ និង​នាំឱ្យ​ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្ពុជាថែមទៀតផង​។

លោកបន្ថែមថា៖ «​ប្រទេសនីមួយៗ គេមានសភារបស់គេមួយ ហើយគេធ្វើការជាមួយគ្នា។​ ចំណែក​សភាអាស៊ាន​អីនិងសិទ្ធិ​មនុស្ស​អីនេះ អត់មានទេ វាចេះតែបង្កើតទេ។ ដូច្នេះ​ហើយ ក្មួយមិនត្រូវយកពាក្យ​សម្ដី​មនុស្ស​អស់នេះមកសួរពូ មិន​កើតទេ! វាអត់​ផ្លូវការហើយ! វា​អត់​មាន​ទៀតអាហ្នឹង! មានអ្នកណាទទួល​ស្គាល់​វា! ក្មួយពិនិត្យវាបន្តិចទៅ ពិនិត្យវានៅក្នុងហ្នឹងបន្តិចទៅ»។​    

លោក ឈាន វុន មានសុទិដ្ឋិនិយមថា វិធានការបិទខ្ទប់ដែលចេញដោយរដ្ឋាភិបាលនេះ គឺជា​ឧបករណ៍មួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ លោកថា វា​មិន​ចម្លែក​ទេ ប្រទេសនៅលើ​ពិភព​លោកនេះ គេអនុវត្តក្នុងវិធានប្រហាក់​ប្រហែលគ្នា ដោយថា​​ ការ​អនុវត្ត​ដូច្នេះ ដើម្បីសេចក្តីសុខនិង​សុវត្ថិ​ភាព​របស់ប្រជាជនប៉ុណ្ណោះ។

អ្នកនាំ​ពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា ក្នុងអំឡុងពេលបិទបញ្ចប់ការបិទខ្ទប់នេះ ប្រសិន​បើមាន​អ្នក​ដែល​ល្មើសនឹងវិធានសុខាភិបាលនិងបម្រាមដែលចេញដោយអាជ្ញាធរ បុគ្គលនោះ​នឹងត្រូវ​ទទួល​ទោស​ទណ្ឌដូចមានកំណត់នៅក្នុងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងកូវីដ-១៩។

លោកបន្ថែម​ថា បើទោះ​បីជា​នៅ​​​ពេលនេះមើលទៅសភាពការណ៍ហាក់ធូរស្រាលបន្តិចមែន តែ​នេះមិនមែនមានន័យថា ច្បាប់​ដែលបាន​កំណត់​រួចហើយ រួមទាំង​គោលការណ៍នានាដែលបានដាក់​ចេញហើយ មិនអនុវត្តនោះ​ទេ​។ ផ្ទុយទៅវិញ លោកថា​ វិធាន​ទាំង​នោះនឹងត្រូវប្រើប្រាស់ជាចាំបាច់ក្នុងអំឡុង​ពេលនេះបន្ត។

លោកបន្តថា៖ ​ «រាល់ការបំពារបំពាននូវវិធានការណាមួយដែលយើងបានដាក់ចេញនេះ​ គឺនឹងទទួលបាននូវ​ទណ្ឌកម្ម​ដូចយើងបានកំណត់​ក្នុងច្បាប់ បានកំណត់រួចហើយនៅក្នុងអនុក្រឹត្យលេខ៣៧ និងអនុក្រឹត្យ​លេខ៥៧ កន្លងមកនេះ»។  

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ អ្នកជំនាញផ្នែកសុខភាព នៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដើម្បី​កាត់​ផ្តាច់វីរុសកូវីដ-១៩បាន លុះណាសាធារណជនយល់ឱ្យបានស៊ីជម្រៅចំពោះខ្លឹមសារ «៣កុំ និង​៣ពាការ» ដែល​ដាក់​ចេញដោយរដ្ឋាភិបាល។

បន្ថែមពីលើនេះ លោកថា សាធារណជនក៏ត្រូវ​អនុវត្តឱ្យ​បានខ្ជាប់ខ្ជួននូវវិធាន​សុខាភិបាល តាម​រយៈ​ការ​ពាក់​​ម៉ាស់ រក្សាគម្លាតសង្គម និងលាងដៃជាប្រចាំ។ លោកបន្តថា បើ​មិនដូច្នេះទេ ហានិភ័យដែល​កើតចេញពីរលកថ្មីនេះ វានឹង​រឹតតែ​ធំជាងមុន និងពិបាក​កំ​ណត់​​​​​​​មុខ​​សញ្ញានៃការឆ្លងជាងមុនថែមទៀត។

លោក នុត សម្បត្តិ បន្តថា៖ ​«បើសិនមានការចូលរួមទាំងអស់គ្នា តាំងពីប្រជាជន និងថ្នាក់ដឹក​នាំ​នៅថ្នាក់​មូលដ្ឋាន ​រួម​ទាំងមន្រ្តី​នៅថ្នាក់​ក្រោមជាតិ ហើយនិងប្រជាជនយើង អនុវត្តតាមវិធានសុខាភិបាល​ខ្ជាប់ខ្ជួន​នូវអ្វី​ដែលសម្តេចលោកបានលើកឡើងហ្នឹងគឺ “៣កុំ ៣​ការពារ” ហ្នឹង។ រឿងទី២ គឺយើងប្រកាន់​ការរស់​នៅបែបថ្មី ហើយ​ទី​៣ យើងចាក់វ៉ាក់សាំងឱ្យ​បានគ្រប់គ្នា និងទី៤ យើងចូលរួមគោរព​ច្បាប់ស្តីពី​ការ​គ្រប់គ្រង​កូវីដនិងជំងឺធ្ងន់ធ្ងរផ្សេងទៀតនោះ ហើយកាលណាយើងធ្វើទាំងអស់ហ្នឹងបានល្អ ទើបយើងអាចកាត់បន្ថយ​ការ​ឆ្លងនេះ បាទ» ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ