អភិបាល​​រាជ​ធានី​ភ្នំពេញ​ថា​នឹង​ជួយ​សម្រប​សម្រួល​ឱ្យ​​មាន​ការ​បញ្ចុះ​ថ្លៃ​ឈ្នួល​តូប​ក្រោយ​ពី​ចប់​ការ​បិទ​ខ្ទប់​​

សកម្មភាព​កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ​ជ្រោយចង្វារ​ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារ​កសិផលជ្រោយចង្វារ ដើម្បីបង្ការការពារ​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ និងកម្ចាត់មេរោគដទៃទៀត​ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ)

អាជ្ញាធរ​រាជធានីភ្នំពេញ អះអាងថា នឹងជួយសម្របសម្រួលរឿងថ្លៃឈ្នួល​តូបរបស់អាជីវករលក់ដូរនៅផ្សារ ក្រោយ​ចប់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ​​ខណៈអា​ជីវករបានត្អូញត្អែរពីផលប៉ះពាល់ប្រាក់ចំណូលរបស់ពួកគាត់ អំឡុងពេល​​អាជ្ញាធរ​​បិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់ វីអូឌី​ តាមទូរសព្ទកាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០២១ ថា បច្ចុប្បន្ន​ អាជ្ញាធរ​កំពុង​ជាប់​ដៃ​អនុវត្ត​វិធានការ​កាត់ផ្តាច់រលកចម្លង​ជំងឺកូវីដ-១៩ មិនទាន់អាចមាន​ពេល​ដោះ​ស្រាយបញ្ហា​ខ្វែងគំនិតគ្នារវាងអាជី​វករនិងម្ចា​ស់​ទីតាំងផ្សារចំពោះថ្លៃជួលតូបបាននៅឡើយ។

លោកបន្ត​ថា៖ «ចាំមើលយើងនឹងទូទាត់នៅពេលដែលយើងចប់កូវីដ ចាំពិភាក្សាគ្នាជាមួយគាត់។ ឥលូវនេះ យើងកំ​ពុងប្រយុទ្ធប្រឆាំងជា​មួយកូវីដ យើងអត់បានគិតដល់ចំណុចហ្នឹងទេ សូមឱ្យអាជីវករ​ទាំ​ងអស់លោកកុំអាលបង់ ឬក៏លោកធ្វើការជា​មួយគា​ត់ [ម្ចាស់ផ្សារ] ឱ្យគ្រប់គ្រាន់សិនទៅ។ ហើយគាត់សុំឱ្យអាជ្ញាធរយើងជួយ ពេ​ល​​​​​ណាដល់ចប់កូវីដ យើងនឹងពិភាក្សាជាមួយម្ចាស់ទីតាំ​ង»

ម្ចាស់ហាងអ៊ុតសក់ដែលជួលតូបនៅផ្សារកសិផលជ្រោយចង្វារមួយរូប ឈ្មោះ ស្រីនាថ លើកឡើងនៅថ្ងៃនេះ​ថា អ្នកស្រីបានស្នើសុំម្ចាស់ផ្សារចុះថ្លៃឈ្នួលតូបពាក់កណ្តាលចាប់ពីអំឡុងខែមីនាមក ប៉ុន្តែម្ចាស់ផ្សារបដិសេធ និងយល់ព្រមចុះត្រឹម៥ដុល្លារ ក្រោមការសម្របសម្រួលពីរដ្ឋបាលសង្កាត់។ អ្នកស្រីបន្តថា គាត់បានស្នើសុំអន្តរាគមន៍ពី​រដ្ឋបាលខណ្ឌជ្រោយចង្វារបន្ថែមទៀត​ជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានចម្លើយនៅឡើយ។

អ្នកស្រី ស្រីនាថ និយាយថា៖ ​«បារម្ភខ្លាំងតែម្តង ព្រោះអីវាអត់មានចំណូលអីទាំងអស់ មានតែការចំណាយ ហើយពួកខ្ញុំអត់មានស្តុ​កទុកទៀ​ត ដល់ពេលអ៊ីចឹងពិបាកចិត្តខ្លាំង។ ទៅណាឬចង់ធ្វើអីក៏មិនកើត។ ហើយអ៊ីចឹងចង់ដឹងថា គាត់ឱ្យឬមិនឱ្យ ស្រណុកយើ​ងគិ​តថាលៃ​ល​កលុយកាក់អីចាយខ្លះអ៊ីចឹង»

អាជីវករលក់កាហ្វេក្នុងផ្សារមួយនេះ អ្នកស្រី ម៉ា ឃីម វ័យ៦០ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីនិងអាជីវករមួយចំនួនទៀត បាន​​​បិ​ទទ្វារតូបតាំងពីដើមខែមេសាមកម៉្លេះ ដោយសារបញ្ហាខ្សត់ភ្ញៀវចាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងការបារម្ភឆ្ល​ងជំងឺ ដែលធ្វើឱ្យចំណូលរបស់ពួកគាត់ត្រូវបាត់បង់​ទាំងស្រុង។ អ្នកស្រីថា ពួកគាត់នឹងមិនយល់​ព្រមបង់ថ្លៃឈ្នួលតូបនោះទេ បើសិនម្ចាស់ផ្សារមិនបញ្ចុះ​ថ្លៃជួលឱ្យតាមការទាមទារ។

អ្នកស្រី ឃីម និយាយថា៖ «ប្រសិនជាគាត់ព្រមចុះ៥០ភាគរយ ពួកខ្ញុំនឹងមូលមតិគ្នាទាំងអស់នឹងបង់ជូនគាត់ ដោយអត់មានថាអី ហើយក៏អរគុណគាត់ដែរដែលមានចិត្តសណ្តោសដល់អ្នកក្រ អ្នកអត់អ៊ីចឹង»។ 

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ឱ្យដឹងថា បច្ចុប្បន្ន ខាងអាជ្ញាធរកំពុងមមាញឹកក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាកើតចេញពីការបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង មិនទាន់មានពេលជួយសម្របសម្រួលបញ្ហាជូនអាជីវករនៅឡើយ។ លោកថា ម្ចាស់ផ្សារត្រូវតែយោគយល់ចំពោះបញ្ហាបាត់បង់ចំណូលរបស់អាជីវករក្នុងកាលៈទេសៈដែលអាជ្ញាធរកំពុងអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លង។

លោកថា៖ «កាលណាអត់បានលក់ ហើយទៅបង់ម៉េចកើត! បើគាត់រឹងទទឹង ទៅធ្វើបាបអាជីវករ អាហ្នឹងគាត់មិនត្រឹមមានបញ្ហាជាមួយអាជីវករទេ​​ តែក៏មានបញ្ហាជាមួយខណ្ឌដែរ»

វីអូឌី មិនអាចសុំការឆ្លើយតបពីម្ចាស់ផ្សារកសិផលជ្រោយចង្វារ លោក តាំង ប៊ុនតិច បានទេ នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១។

ក្រៅពីផ្សារកសិផលជ្រោយចង្វារ កាលពីពេលថ្មីៗនេះ អាជីវករលក់ដូរនៅផ្សារអូរឫស្សីមួយចំនួនក៏បានស្នើរដ្ឋាភិបាល​ឱ្យជួយអន្តរាគមន៍ទៅម្ចាស់ផ្សារបញ្ចុះតម្លៃជួលតូបលក់ដូររបស់ពួកគាត់ ដោយថា ពួកគេបានបាត់បង់ប្រាក់ចំណូលទាំងស្រុង ក្រោយពេលផ្សារមួយនេះត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករ បុគ្គលិក ​សន្តិសុខ និងអ្នកពាក់ព័ន្ធផ្សារអូរឫស្សីជាច្រើននាក់វិជ្ជមានកូវីដ-១៩។ 

ប្រធានគ្រប់គ្រងផ្សារអូរឫស្សី​ លោក ហត វ៉ាន់ធី លើកឡើងថា លោកនឹងជួយសម្របសម្រួលជាមួយនឹងម្ចាស់តូបដែ​លមិ​នព្រមបញ្ចុះថ្លៃឈ្នួលតូបតាមការស្នើសុំពីអាជីវករ បន្ទាប់ពីផ្សារអាចបើកដំណើរឡើងវិញ។ លោកថា លោកនឹងប្រឹងប្រែងដោះ​ស្រាយទៅតាមគោលការណ៍ ប៉ុន្តែលោកមិនធានាថានឹងបានជោគជ័យនោះទេ ដោ​​យសារកម្មសិទ្ធិតូបជារបស់ឯកជន។

លោក ហត វ៉ាន់ធី និយាយថា៖ «ទាល់តែជួបគ្នា ព្រោះបើគាត់អត់បានលក់ គេក៏យល់ដែរ គេមិនមែនចេះតែនេះ[រឹងទទឹង]ទេ។ អត់អាចនិយាយបានទេ បង! អត់អាចនិយាយជំនួសគាត់បានទេ ជួបគ្នា! ដល់ដោះស្រាយអត់ចេញ យើងសម្របសម្រួលជូនគាត់។ យើងអត់អាចឆ្លើយជំនួសគេម្ចាស់តូបបានទេ ព្រោះមិនមែនតូបរបស់យើងឯណា»

នៅថ្ងៃទី២៣ ខែមេសា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសបិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងទីក្រុង បន្ទាប់ពីផ្សារធំៗមួយចំនួនដូចជា ផ្សារអូរ​ឫស្សី ផ្សារចាស់ ផ្សារកណ្តាល ​ផ្សារដើមគរ ជាដើម ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តប​ន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ