អាជីវករ​និង​ពលរដ្ឋ​បង្ហាញ​ក្តី​រីក​រាយ​ ពេល​រដ្ឋា​ភិបាល​បើក​ឱ្យ​ធ្វើចរាចរណ៍និង​ប្រកប​មុខ​របរ​ឡើង​វិញ​នៅ​តំបន់​ខ្លះ​

អាជីវករចាប់ផ្ដើមដំណើរការលក់ដូរជូនអ្នកមកផ្សារឡើងវិញ នៅម្ដុំផ្សារទួលទំពូង ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាជីវករនិងប្រជាពលរដ្ឋមួយចំនួននៅរាជធានី​ភ្នំពេញ នៅថ្ងៃនេះ បង្ហាញក្ដីរីករាយ​នៅពេលដែលរដ្ឋាភិបាលបានបង្រួម​តំបន់បិទខ្ទប់តូចជាងមុន ដែលធ្វើ​ឱ្យ​ពួកគាត់​​ធ្វើដំណើរទៅប្រកបរបររកទទួលទានក្នុង​តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងអាចធ្វើដំណើរឆ្លងខេត្តទូទាំងប្រទេសឡើងវិញបាន។​

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី​រដ្ឋាភិបាលសម្រេចឱ្យបើកការធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីខេត្តមួយទៅខេត្តមួយ និងការធ្វើដំណើរនៅតំបន់លឿងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៦ ខែឧសភានេះ លើកលែងតែតំបន់មួយចំនួនដែលជាតំបន់​ក្រហម និងតំបន់​លឿងទុំ ដែលនៅមានការរឹតត្បិត​មួយចំនួន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សន្តិសុខម្នាក់កាន់មេក្រូប្រកាសប្រាប់និងណែនាំពីវិធានការការពារនិងកិច្ចការមួយចំនួនដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩​បន្តទៀត ដល់បងប្អូនអាជីវករនិងអ្នកលក់ដូរនៅម្ដុំផ្សារទួលទំពូង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាជីវករលក់បន្លែនៅលើ​ចិញ្ចើមផ្លូវ ម្តុំផ្សារអូឡាំពិក រាជធានីភ្នំពេញ អ្នកស្រី ប៊ិន ណារិន ដែលមានកូន៥នាក់ក្នុងបន្ទុក និយាយថា កាល​ពី​រដ្ឋាភិបាលសម្រេចបិទក្រុងជិត​១ខែមុន ធ្វើឱ្យគ្រួសារ​របស់គាត់​ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាព ដូចជា ខ្វះលុយបង់ផ្ទះ ទឹក ភ្លើង និងធនាគារ ជាដើម។

ប៉ុន្តែអាជីវកររូបនេះបញ្ជាក់ថា នៅពេលរដ្ឋាភិបាលបើកឱ្យមានការធ្វើចរាចរណ៍ និងដំណើរការមុខរបរមួយចំនួន​នៅតំបន់​លឿងក្នុង​រាជធានីភ្នំពេញ​ និង​ក្រុងតាខ្មៅ និងតាមបណ្តាខេត្តនានាឡើងវិញនេះ ធ្វើឱ្យគាត់សប្បាយរីករាយ ដោយសារអាចរកប្រាក់បានខ្លះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

អ្នកស្រី​និយាយថា៖ «ខ្ញុំកូនខ្ចី ទើបកើតបាន២ខែ ខ្ញុំចេញលក់! ចំណែកកូនធំៗផ្សេងទៀតគាត់អត់មានរកអីទេ គាត់អត់ធ្វើការផង កន្លែងក្រុមហ៊ុន​គេបិទគ្រប់កន្លែង កូននៅដេកផ្ទះទាំងអស់គ្នា។ អញ្ចឹងខ្ញុំលក់ទៅ បានជួយខ្លះ ជួយបង់លុយផ្ទះ ទឹកភ្លើងខ្លះ តែលុយធនាគារទប់មិនឈ្នះ មិនទាន់បានទេ»។

ដើរចេញពីកន្លែងលក់​បន្លែសាច់នៅក្បែរផ្សារអូឡាំពិក អ្នកស្រី ស៊ុំ ពៅ ជាស្ត្រីមេផ្ទះ រស់នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ និយាយថា កាលពីរដ្ឋាភិបាលបិទខ្ទប់​​រាជធានីភ្នំពេញនោះ ធ្វើឱ្យគាត់ពិបាករកស្បៀង​ទទួលទាន​ និងទទួលទានតែ​សាច់ក្លាហ្សេជិត១ខែមកហើយ។ តែយ៉ាងណា អ្នកស្រីសម្តែងភាពរីករាយ ដោយសារនៅថ្ងៃនេះ រដ្ឋាភិបាលសម្រេចឱ្យពលរដ្ឋធ្វើចរាចរណ៍នៅតាមតំបន់មួយចំនួន​ឡើងវិញ។

អ្នកស្រីនិយាយថា៖ «សប្បាយចិត្ត យើងបានទិញម្ហូប បានទិញបន្លែហូបស្រស់ៗ យើងហូបតែក្រៀមៗ សុខភាពវាមិនល្អ ចង់ឱ្យបើករហូត បើសិនជាស្ងប់ស្ងាត់ទៅ បើក [លក់គ្រឿងឧបភោគបរិភោគ] វាល្អទាំងអស់គ្នា»។

ឈរទិញបន្លែនិងសាច់នៅក្បែរផ្សារទួលទំពូង អ្នកស្រី សេង ផល្លី ជាស្ត្រីមេផ្ទះមួយ​រូបទៀត ក៏មានក្តីរីករាយពេលដែល​រដ្ឋាភិបាលបើកចរាចរណ៍ឡើងវិញនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ដែលមិនប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ​ដើម្បីឱ្យពលរដ្ឋមួយចំនួនមានឱកាសចេញមកទិញបន្លែនិងសាច់ស្រស់បរិភោគឱ្យមានសុខភាពល្អជាដើម។

អ្នកស្រីនិយាយថា៖ «បានមានត្រី មានសាច់ល្អស្រស់ៗអញ្ចឹង យើងសប្បាយចិត្តដែរ ជួយឱ្យយើងសុខភាពល្អដែរ បានម្ហូបស្រស់ៗអញ្ចឹង»។

លោក សូ សម្បត្តិ អាជីវករម្នាក់ទៀតដែលបើកលក់ត្រីសាច់នៅក្បែរចិញ្ចើមផ្លូវម្តុំផ្សារទួលទំពូងឡើងវិញ នៅថ្ងៃនេះ បានសម្តែងការសាទរនៅពេលដែលរដ្ឋាភិបាលបើកឱ្យប្រជាពលរដ្ឋ​​អាច​ធ្វើដំណើរនិងប្រកបរបរទទួលទានបានទូលំទូលាយជាងមុន។ លោកបន្តថា ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រូបគាត់បាន​ផ្អាកការលក់ដូរមួយរយៈដែរ ដោយសារជួបការលំបាកក្នុងការធ្វើដំណើរ ហើយអំឡុងពេលនោះ​បាន​ធ្វើឱ្យ​គ្រួសាររបស់គាត់ជួបការលំបាកក្នុងជីវភាព។

ស្ថានភាពចរាចរណ៍កកកុញណែនណាន់តាន់តាប់នៅតាមដងវិថីម្ដុំរង្វង់មូលចោមចៅ ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

បើទោះជាវិធានការបិទខ្ទប់បានបន្ធូរបន្ថយ​ ប៉ុន្តែលោកក៏មិនភ្លេចនូវការរក្សា​​អនាម័យ គម្លាតសុវត្ថិភាព ក្នុងអំឡុងពេលលក់ដូរនេះឡើងវិញដែរ ដើម្បីអនុវត្ត​តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ «លក់តម្លៃធម្មតា​ មិនឡើងថ្លៃអ្វីទេ យើងរក្សាអនាម័យ មានទឹកអាល់កុល ចងខ្សែ ឃ្លាតគម្លាតអ្នកចូលទិញ ហើយឱ្យឃ្លាតគ្នា១ម៉ែត្រ​​ទៅ១ម៉ែត្រកន្លះពីគ្នា ដើម្បីសុវត្ថិភាពពួកគាត់។ ជំងឺកូវីដ វាកំពុងរាលដាលខ្លាំង អញ្ចឹងហើយបានយើងមានអនាម័យល្អ ដើម្បីសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា»។

លោក ឆាន់ គឹមលី ដែលអះអាងថាជាប្រជាការពារនៅសង្កាត់ទួលទំពូងទី១ និយាយថា ស្របពេលដែលមានការបើក​ឱ្យ​ពលរដ្ឋ​អាចធ្វើចរាចរណ៍ និងប្រកបរបរមួយចំនួនឡើងវិញបាន ប៉ុន្តែ​​ថ្នាក់លើបាន​បញ្ជាឱ្យពួកគាត់ប្រមាណជា១០នាក់ ចុះរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដង​ផ្លូវ ជាពិសេស​នៅតំបន់​អាជីវករលក់ដូរនៅក្បែរចិញ្ចើមផ្លូវ ដើម្បីឱ្យ​ពលរដ្ឋនិងអាជីវករនៅតំបន់​នោះគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកនិយាយថា៖ «ជួយណែនាំគាត់ឱ្យរក្សាគម្លាតសុវត្ថិភាព ដើម្បីចៀសផុតពីជំងឺកូវីដ-១៩នេះ ដើម្បីឱ្យគាត់មានរបៀបរៀបរយ រក្សាគម្លាត ឱ្យមានពាក់ម៉ាស ដូចជាមានអាល់កុលលាងដៃដាក់នៅកន្លែងដែលគាត់លក់ ឬក៏គាត់សម្រាប់លាងដៃរបស់ខ្លួនគាត់»។

អ្នករត់ម៉ូតូកង់បី នៅម្តុំចោមចៅ រាជធានីភ្នំពេញ អ្នកស្រី ឃួន ម៉ូលីកា និយាយថា គាត់សប្បាយចិត្តក្រោយពីរដ្ឋាភិបាលសម្រេចបើកឱ្យពលរដ្ឋធ្វើដំណើរនៅក្នុងតំបន់មួយចំនួនឡើងវិញ ខណៈរូបគាត់​​ខានប្រកបមុខរបរនេះជិត១ខែមកហើយ។

ប៉ុន្តែអ្នកស្រីថា អ្វីដែលគាត់ជួបបញ្ហាប្រឈមនៅពេលចេញរកប្រាក់នៅព្រឹកនេះ គឺ​​មិនមានភ្ញៀវដឹក បែរជាមានការ​​កក​ស្ទះចរាចរណ៍ខ្លាំងនៅម្តុំរង្វង់មូលចោមចៅទៅវិញ ដោយសារតំបន់ខ្លះ ពលរដ្ឋមិនអាចធ្វើដំណើរបាន ក៏នាំគ្នាសម្រុកចេញពីភ្នំពេញទៅខេត្ត ចេញពីខេត្តមកភ្នំពេញ ជាពិសេសតាមផ្លូវជាតិលេខ៣និងលេខ៤នេះ។

អ្នកស្រីនិយាយថា៖ «ដំបូង ព្រឹកឡើងអរណាស់ ឃើញចេញមកគេលែងបិទប៉ារ៉ាស់ នឹកស្មានថាអាចរកប្រាក់វិញបាន ដូចថាធូរចិត្តជាងនៅផ្ទះសុទ្ធ ដល់​ពេលឥលូវរកអត់បានដដែល។ ព្រឹកមិញស្ទះល្មមទេ ខ្ញុំងើបពីព្រឹកទៅ ដល់​ពេលរកមួយព្រឹកអត់មានម៉ូយជិះ ខ្ញុំក៏ត្រឡប់មកញ៉ាំបាយថ្ងៃម៉ោង១២ មកដល់ជាប់ជុចនៅហ្នឹងតែម្តង មកដល់ម៉ោង៤ល្ងាច និយាយទៅ [ស្ទះ] ៣ម៉ោងកន្លះ សាច់ស្ទះ បើនៅភ្នំពេញមិនអីទេ មកត្រឹមរង្វង់មូលចោមចៅហ្នឹង [ស្ទះ]ខ្លាំង»។

អភិបាលរងរដ្ឋបាល​រាជធានីភ្នំពេញ លោក កើត ឆែ បានថ្លែង​​ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដេីម្បី​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រឹកនេះ​ថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលសម្រេចបើកការធ្វើចរាចរណ៍តំបន់លឿង ហើយបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម ដោយសារក្រុមការងារជំនាញបានចុះស្រង់ស្ថិតិអ្នកដែលឆ្លងជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ឬដោយប្រយោល​បានច្បាស់លាស់ ខណៈអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗសុទ្ធតែចេញពីតំបន់ទាំងពីរនោះ មិនមែនចេញពីតំបន់លឿងនោះទេ។​

ទោះជាបែបនេះក្តី លោកបាន​​អំពាវនាវទៅពលរដ្ឋទាំងអស់ត្រូវ​ពង្រឹងអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ទើបរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានប្រសិទ្ធភាពខ្ពស់។

លោកអំពាវនាវដូច្នេះថា៖ «តំបន់លឿង បងប្អូនអាចប្រកបអាជីវកម្មបានទាំងអស់ ទី១ ភោជនីយដ្ឋានទាំងអស់ត្រូវបន្តលក់វេចខ្ចប់ដដែល បើកាលណាជុំគ្នា វាក្លាយទៅជាប្រភពចម្លងថ្មីទៀតហើយ។ ទី២ បម្រាមគោរចរនៅតែមាន ម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលផ្ទះ ហើយអ្នកដែលមានភារកិច្ចធ្វើការពេលយប់ ត្រូវសុំលិខិតអនុញ្ញាត ត្រូវអនុលោមទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ពណ៌លឿង​នេះ បងប្អូនប្រជាពលរដ្ឋចាំបាច់ទៅណាក៏ដោយ ៣កុំ ៣ការពារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមិនអាចភ្លេចបានឡើយ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍គាំទ្រនឹងរដ្ឋាភិបាលដែលបើកដំណើរការតំបន់មួយចំនួនធំនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រួមទាំងអនុញ្ញាត​ឱ្យពលរដ្ឋធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ ដើម្បីឱ្យពលរដ្ឋមានឱកាសប្រកបមុខរបរ អាជីវកម្ម និងធ្វើការ​ងារ​រក​ប្រាក់ទ្រទ្រង់​ជីវភាព​ឡើង​វិញ។

ប៉ុន្តែលោកអំពាវនាវទៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

លោកអំពាវនាវដូច្នេះថា៖ «ខ្ញុំគិតថា ទាំងពលរដ្ឋ ទាំងអាជ្ញាធររដ្ឋ ត្រូវពិនិត្យឱ្យបានមែនទែន ការពារសុវត្ថិភាព [៣​ការពារ ៣កុំ] ​យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការផ្ទុះកូវីដនេះខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ។»

កាលពីថ្ងៃម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹង​ថា បើទោះជារដ្ឋាភិបាល​នឹង​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​ពី​ខេត្ត​មួយ​​ទៅ​ខេត្ត​មួយ ​នៅ​ថ្ងៃទី៦ ខែ​ឧសភានេះ ប៉ុន្តែ​នៅរាជធានី​ភ្នំពេញ ​នៅតែ​​រក្សា​តំបន់​៣​ដដែល គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម ហើយ​​ត្រូវ​ពង្រឹងឱ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ទីតាំង​ដែល​បាន​កំណត់ ចៀស​វាងការបន្ត​​ឆ្លង​រីក​រាលដាល​​ជំងឺ​កូវីដ-១៩ ទៅ​តំបន់​ផ្សេង​ទៀត។

អភិបាលរូបនោះបញ្ជាក់ថា​ ចំពោះ​តំបន់​លឿង និង​លឿង​ទុំ នៅ​រក្សា​ការ​អនុវត្ត​វិធានការ​ដដែល ប៉ុន្តែ​សម្រាប់​តំបន់​ក្រហម គឺ​ជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ប៉ុន្តែគ្រាន់តែ​បង្រួម​ការ​បិទ​ខ្ទប់​តំបន់​ប្រឈមនោះឱ្យ​មក​នៅ​ទ្រង់​ទ្រាយ​តូច​ជាង​មុនតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ