វៀតណាម​​ប៉ះ​ពាល់​​សេដ្ឋ​កិច្ច​​ពី​​កូ​វីដ​១៩​តិច​​ជាង​គេ​​ក្នុង​​តំបន់​​ដោយ​សារ​​ត្រៀម​ខ្លួន​​បាន​​ល្អ​​

ពលរដ្ឋវៀតណាមធ្វើដំណើរតាមផ្លូវ ដោយមានពាក់ម៉ាស់ការពារពីមេរោគឆ្លងផង នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ (AFP)

សេដ្ឋកិច្ច​វៀតណាម​រង​ការ​ប៉ះទង្គិច​ពី​ជំងឺ​កូ​វីដ១៩តិច​បំផុត​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន ដោយសារ​មេដឹកនាំ​ប្រទេស​នេះ បាន​ចាត់វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​ចម្លង​មេរោគ​បាន​ទាន់ពេល​ល្អ។

តាម​របាយការណ៍​ពី​ក្រសួងសុខាភិបាល​វៀតណាម គិត​ត្រឹម​ថ្ងៃសុក្រ​នេះ ក្នុងចំណោម​ពលរដ្ឋ​វៀតណាម​ជិត ១រយ​លាន​នាក់​ មាន​ករណី​ឆ្លង​តែ​ជាង ៣រយ ​(៣៥២​)ករណីប៉ុណ្ណោះ ត្រូវ​បាន​រក​ឃើញ​ចាប់តាំងពី​ករណី​ដំបូង​រាយការណ៍​នៅ​ចុងខែ​មករា។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ព្យាករ​ថា សេដ្ឋកិច្ច​វៀតណាម​នៅតែ​មាន​កំណើន​ល្អ​ក្នុង​អំឡុង​វិបត្តិ​សុខភាព​សកល​កើត​ចេញពី​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​វីដ១៩ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៩លាន ៥សែន​នាក់​នៅ​ជុំវិញ​ពិភពលោក និង​ស្លាប់​មនុស្ស​ជិត​កន្លះ​លាន​នាក់​ក្នុងរយៈពេល ៦ខែ​ដើមឆ្នាំ។

ធនាគារ ADB បាន​ព្យាករនៅ​ក្នុង​របាយការណ៍​ចក្ខុវិស័យ​អភិវឌ្ឍ​ន៍អាស៊ី​ ចេញផ្សាយនៅ​ខែមិថុនា​ថា កំណើន​សេដ្ឋ​កិ​ច្ច​វៀតណាម​បាន​ធ្លាក់ចុះ​ពី ៧ភាគរយ​ នៅ​ឆ្នាំ២០១៩ មក​នៅ​ជាង ៤ភាគរយ​ (៤.១​) នៅ​ឆ្នាំ២០២០ ខណៈ​មីយ៉ាន់ម៉ា​ប៉ះពាល់​តិច​បំផុត​លំដាប់​ទី២ ធ្លាក់ចុះ​ពី​ជិត ៧ភាគរយ ​(៦.៨​) មក​ជិត ២ភាគរយ ​(១.៨​)។

ដោយឡែក សេដ្ឋកិច្ច​ថៃ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ដាំ​ក្បាល​ចុះពី​ជាង ២ភាគរយ (២,៤​) ដល់​ជាង -៦ភាគរយ (-៦.៥​) បន្ទាប់មក សិង្ហបុរី​ធ្លាក់​ពី​ជិត ១ភាគរយ (០.៧​) ដល់ -៦ភាគរយ ឯកម្ពុជា​ធ្លាក់ចុះ​ពី​ជាង ៧ភាគរយ (៧,១​) ដល់​ជាង -៥ភាគរយ (-៥,៥​) ខណៈ​ម៉ាឡេស៊ី​ធ្លាក់ចុះ​ពី​ជាង ៤ភាគរយ​ (៤.៣​) ដល់​ -៤ភាគរយ ហ្វីលីពីនពី ៦ភាគរយ​ ដល់​ជិត​ -៤ភាគរយ ​(៣.៨​) ឥណ្ឌូ​នេ​ស៊ីពី ៥ភាគរយ​ ដល់ -១ភាគរយ ឡាវពី ៥ភាគរយ ​ដល់ ​-០.៥ភាគរយ និង​ប្រ៊ុយណេ​ធ្លាក់ចុះ​ពី​ជិត ៤ភាគ​រយ ​(៣.៩​) មក​ជាង ១ភាគរយ​ (១.៤​)។

ប្រភព​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​វៀតណាម​ប៉ះពាល់​សេដ្ឋកិច្ច​តិច​បំផុត គឺ​ដោយសារ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ចាត់វិធានការ​ទប់ស្កាត់​ការ​រីកសាយ​ភាយ​របស់​មេរោគ​ឆ្លង​ពីក្រៅ​ប្រទេស និង​ក្នុង​ស្រុក​ទាន់ពេល​វេលា ដោយ​ចាប់ផ្តើម​បើក​ឱ្យ​អាជីវកម្ម សេវាកម្ម និង​សកម្មភាព​សង្គម​ផ្សេង​ៗឡើងវិញ​នៅ​ពាក់កណ្តាល​ខែមេសា បន្ទាប់ពី​រឹត​បន្តឹង​ចាប់ពី​ចុងខែ​មករា។

ការ​បន្ធូរ​ការ​រឹត​បន្តឹង​ ដើម្បី​ផ្តល់​ដង្ហើម​សេដ្ឋកិច្ច​ឡើងវិញ​នេះ ធ្វើឡើង​ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន ដូចជា​ សិង្ហបុរី ឥណ្ឌូ​នេ​ស៊ី និង​ថៃ ជាដើម កំពុង​បង្កើន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​រលក​ចម្លង​របស់​មេរោគ​ក្នុង​ប្រទេស​របស់​ខ្លួន។

បើ​តាម ADB ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​នាំចេញ និង​ទេសចរណ៍​ពីក្រៅ​ប្រទេស​មួយ​នេះ បាន​ធ្លាក់​កំណើន​សេដ្ឋកិច្ច​យ៉ាង​គំហុក ក្រោម​វិធានការ​បិទ​ផ្ទប់​ប្រទេស នាំ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប GDP ដែល​មាន​កំណើន​ជិត ៧ភាគរយ ​នៅ​ឆ្នាំ២០១៩ ធ្លាក់ចុះ​មក​នៅ​ត្រឹម ៤.៨ភាគរយ នៅ៦ខែ​ដំបូង ​ឆ្នាំ២០២០។ 

យ៉ាងណា ក្រោម​វិធានការ​សង្គ្រោះ​អាជីវកម្ម​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ និង​ការជំរុញ​សកម្មភាព​ទេសចរណ៍ និង​ការចាយវាយ​របស់​ពលរដ្ឋ​ ដើម្បី​បង្កើន​តម្រូវការ​ក្នុង​ស្រុក​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ក្រោយ​ស្ថាន​ការណ៍​ចម្លង​របស់​មេរោគ​ធូរស្បើយ បាន​ជួយ​ទប់ស្កាត់​ការ​ធ្លាក់ចុះ​នេះ។

ធនាគារ​ប្រចាំ​តំបន់​មួយ​នេះ​ព្យាករទៀត​ថា សេដ្ឋកិច្ច​វៀតណាម​នឹង​កើន​ខ្ពស់​បំផុត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង១០ នៅ​ឆ្នាំ២០២១ ជាមួយ​កំណើន ៦.៨ភាគរយ។ កំណើន​នេះ ត្រូវ​បាន​រំពឹង​ថា ដោយសារ​ការ​ងើបឡើង​វិញ​នូវ​លំហូរ​ភ្ញៀវ​ទេសចរពី​ប្រទេស​ចិន និង​តម្រូវការ​ទំនិញ​របស់​ប្រទេស​នេះ។

តាម​ទិន្នន័យ​ពី​អង្គការសុខភាព​ពិភពលោក WHO គិត​ត្រឹម​ថ្ងៃសុក្រ​នេះ ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​នៅ​អាស៊ាន​ បាន​កើន​ដល់​ជាង ១៣ម៉ឺន​ករណី​ (១៣៨ ៦៨៩​) ក្នុង​នោះ ស្លាប់​មាន​ជាង ៤ពាន់​ករណី ​(៤០៤៦​) និង​ជាសះស្បើយ​មាន​ជាង ៧ម៉ឺន​ករណី ​(៧៧ ៧៨៨​)។ 

ឥណ្ឌូ​នេ​ស៊ី សិង្ហបុរី និង​ហ្វីលីពីន កំពុង​បន្ត​កើនឡើង​ករណី​ឆ្លង​ថ្មី​ក្នុង​អា​ត្រា​ខ្ពស់​នៅឡើយ ខណៈ​ម៉ាឡេស៊ី ថៃ និង​មីយ៉ាន់ម៉ា ការ​ចម្លង​ថ្មី​ធ្លាក់ចុះ​ក្រោម ១០ករណី ឯវៀតណាម ប៊្រុយ​ណេ កម្ពុជា និង​ឡាវ រក​មិន​ករណី​ឆ្លង​ក្នុង​ស្រុក​ចាប់ពី​ខែមេសា និង​ឧសភា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ