មេ​ដឹក​នាំ​​អាស៊ាន​​ពិភាក្សា​​បង្កើត​​មូល​និធិ​​ដើម្បី​​ស្រាវ​ជ្រាវ​​ឱសថ​ និង​​វ៉ាក់​សាំង​​ប្រឆាំង​​កូ​វីដ​១៩​​

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc​) ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN Plus Three countries)​ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ (CCTV)

មេដឹកនាំ​អាស៊ាន​យល់ព្រម​រួមគ្នា​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វីដ១៩ និង​ទប់ស្កាត់​រលក​ចម្លង​ថ្មី​នៃ​ជំងឺ​នេះ ហើយនឹង​ចាប់ផ្តើម​ពិភាក្សា​លក្ខខណ្ឌ​មូលនិធិ​រួមគ្នា​នៅ​ថ្ងៃស្អែក ដើម្បី​ប្រើប្រាស់​សម្រាប់​ស្រាវជ្រាវ​ផលិត​ឱសថ និង​វ៉ាក់សាំង។

តាម​ប្រភព​ពី​គេហទំព័រ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម​ឈ្មោះ Chinh Phu បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc​) នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ នៅ​ថ្ងៃទី២៦ ខែមិថុនា ដោយមាន​ការចូលរួម​ពី​មេដឹកនាំ​ប្រទេស​ជាស​មា​ជិ​កដ​ទៃ។ 

តាម​សេចក្តី​ប្រកាស​លទ្ធផល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្ដី​អាស៊ាន​ក្រៅផ្លូវការ​នៅ​ថ្ងៃម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ១០ប្រទេស យល់ព្រម​ថា អាស៊ាន​មាន​កម្លាំង​ចលករ​រួម​មួយ​ដែល​អាច​ទប់ស្កាត់​ជំងឺឆ្លង និង​ស្រោចស្រង់​សេដ្ឋកិច្ច និង​សង្គម​ពី​វិបត្តិ​មេរោគ​ឆ្លង។

កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្រ្តី និង​មន្រ្តី​ការបរទេស​វៀតណាម លោក ប៊ិញ មិញ (Binh Minh​) តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​ឋានៈ​វៀតណាម​ជា​ប្រធាន​ផ្លាស់វេន​សម្រាប់​ឆ្នាំនេះ។

រដ្ឋ​អាស៊ាន​ទាំង១០ រួម​មាន ​ឥណ្ឌូ​នេ​ស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន វៀតណាម ប៊្រុយ​ណេ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា។ 

តាម​ប្រភព​ដដែល តំណាង​ប្រទេស​ទាំងអស់​យល់ព្រម​ថា៖ «អាស៊ាន​បាន​ក្លាយជា​កម្លាំង​រួម​មួយ​ទប់ស្កាត់​ជំងឺឆ្លង និង​រក្សា​ស្ថិរភាព​នយោបាយ​-សង្គម​ក្នុង​តំបន់ ហើយ​គាំទ្រ​លើ​ការ​បោះ​ជំ​ហាន​ថ្មីៗ ដើម្បី​ពង្រឹង​កិច្ចការពារ និង​គ្រប់គ្រង​រលក​ចម្លង​ថ្មី​នៃ​មេរោគ និង​ការ​អភិវឌ្ឍ​ផែនការ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ក្រោយ​វិបត្តិ​ជំងឺរាតត្បាត​សកល។»

មន្រ្តី​ការទូត​ទាំងអស់​ក៏​យល់ព្រម​ផង​ដែរ​ថា៖ «ក្នុង​ដំណើរការ​នេះ កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិ​ការ នៅតែ​ត្រូវការ​ជាចាំបាច់»។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហោះ​លើ​ទំព័រ Facebook ក្រសួង​ការបរទេស​កម្ពុជា​ថ្ងៃម្សិលមិញ ​ឱ្យ​ដឹង​បន្ថែម​ថា កិច្ចប្រជុំ​នេះ​ដែរ ក៏បាន​ពិភាក្សា​លើ​ការ​អនុម័ត​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​មូលនិធិ​អាស៊ាន ដើម្បី​ឆ្លើយតប​ជំងឺ​កូ​វីដ១៩ ដែល​បាន​យល់ព្រម​បង្កើត​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ពាក់កណ្តាល​ខែមេសា។

តាម​ការ​ចុះផ្សាយ​ពី​ក្រសួងព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃទី១៦ ខែមេសា មូលនិធិ​តំបន់​នោះ​ នឹង​ប្រើ​ដើម្បី​ដោះស្រាយ​កង្វះខាត​សម្ភារ​វេជ្ជ​សា​ស្រ្ដ គាំទ្រ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍ឱសថ និង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ ព្រមទាំង​ប្រើសម្រាប់​វិធានការ​បន្ទាន់​នា​ពេល​អនាគត។

តាម​របាយការណ៍​ព្យាករណ៍​ពី​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី ADB ចេញផ្សាយ​នៅ​ថ្ងៃទី១៨ ខែមិថុនា ​ឱ្យ​ដឹង​ថា វិបត្តិ​កូ​វីដ១៩ បាន​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​តំបន់​អាស៊ាន ពី​ជាង ៤ភាគរយ​ (៤.៤​) នៅ​ឆ្នាំ២០១៩ រហូតដល់​ជិត​ -៣ភាគរយ ​(-២.៧​) នៅ​ឆ្នាំ២០២០។ 

តាម​ប្រភព​ដដែល​ឱ្យ​ដឹង​បន្ថែម​ថា សេដ្ឋកិច្ច​ថៃ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ ដោយ​ដាំ​ក្បាល​ចុះពី​ជាង ២ភាគរយ ​(២,៤​) នៅ​ឆ្នាំ២០១៩ ដល់​ជាង​ -៦ភាគរយ ​(-៦.៥​) នៅ​ឆ្នាំ២០២០ បន្ទាប់មក សិង្ហបុរី​ធ្លាក់​ពី​ជិត ១ភាគរយ​ (០.៧​) ដល់ ​-៦ភាគរយ និង​កម្ពុជា​ធ្លាក់ចុះ​ពី​ជាង ៧ភាគរយ​ (៧,១​) ដល់​ជាង ​-៥ភាគរយ​ (-៥,៥​) ខណៈ​វៀតណាម រង​ផល​ប៉ះពាល់​តិច​ជាងគេ ដោយ​ធ្លាក់​ពី ៧ភាគរយ​មក​នៅ​ជាង ៤ភាគរយ ​(៤,១​)។

យ៉ាងណា​ក្តី ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ រំពឹង​ថា​ សេដ្ឋកិច្ច​សហគមន៍​តំបន់​ដែល​មាន​ប្រជាជន​ជាង ៦រយ​លាន​នាក់​នេះ នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២១ ជាមួយ​កំណើន​ជាង ៥ភាគរយ។ 

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ករណី​ឆ្លង​កូ​វីដ១៩ សរុប​នៅ​អាស៊ាន​បាន​កើន​ដល់​ជាង ១៣ម៉ឺន​ករណី​ហើយ ក្នុង​នោះ ស្លាប់​មាន​ជិត ៤ពាន់​ករណី។ ឥណ្ឌូ​នេ​ស៊ី ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយមានអ្នកឆ្លង​ជិត ៥ម៉ឺន​ករណី និង​ស្លាប់​ជាង ២ពាន់​ករណី បន្ទាប់មក​គឺ​សិង្ហបុរី មានអ្នក​ឆ្លង​ជាង ៤ម៉ឺន ២ពាន់​ករណី និង​ស្លាប់ ២៦នាក់។

ក្រោម​ការ​គំរាមកំហែង​នៃ​ជំងឺរាតត្បាត​សកល​នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ បាន​បិទ​ផ្ទប់​ព្រំដែន​ប្រទេស​របស់​ខ្លួ​នរៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​ភាយ​មេរោគ​ចូល​ប្រទេស​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ