វៀត​ណាម​ផ្តល់​ទុន​១២​ពាន់​លាន​ដុល្លារ​ជួយ​អាជីវកម្ម​រង​គ្រោះ​ពី​វិបត្តិ​កូវីដ​១៩​

(កណ្ដាល) អភិបាលរងធនាគាររដ្ឋវៀតណាម លោក Dao Minh Tu ថ្លែងក្នុងកិច្ចប្រជុំស្ដីពីគោលនយោបាយ Circular 01 ខណៈវិបត្តិកូវីដ១៩ កំពុងតែរាតត្បាត កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

វៀតណាមបានផ្តល់ទុនមូលនិធិចំនួន ២៨៥ទ្រីលានដុង ឬស្មើនឹងជាង ១២ពាន់លានដុល្លារ ​តាមប្រព័ន្ធស្ថាប័នឥណទានផ្សេងៗ សម្រាប់ជួយដល់អា​ជីវកម្ម និងពលរដ្ឋដែលមិនអាចសងបំណុលធនាគារ និងបន្តប្រតិបត្តិការអាជីវកម្មខ្លួនបានក្រោមឥទ្ធិពលមេរោគកូវីដ១៩។

ទុនមូលនិធិនេះ ធ្វើឡើងស្របតាមការណែនាំក្នុងគោលនយោបាយសារពើពន្ធរបស់ធនាគាររដ្ឋវៀតណាម ហៅថា​ Circular 01 ដែលបានចាប់ផ្ដើមដាក់ចេញកា​លពីពាក់កណ្តាលខែមីនា ដើម្បីជួយគាំទ្រ និងដោះស្រាយបញ្ហាមួយចំនួនរបស់ម្ចាស់សហគ្រាសអាជីវកម្ម ដោយណែនាំឱ្យស្ថាប័នផ្តល់សេវាកម្ចីឥណទាន និងធនាគារបរទេសបន្ទាបការប្រាក់ បញ្ចុះថ្លៃសេវា និងពន្យារពេលសងបំណុលដល់អតិថិជន។

តាមកាសែតក្នុងស្រុក Nhandan ចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុ​ន អភិបាលរងធនាគាររដ្ឋវៀតណាម លោក Dao Minh Tu បញ្ជាក់ថា Circular 01 ជាកម្មវិធីផ្លូវច្បាប់មួយដែលបង្កើតឡើងដើម្បីផ្តល់ការគាំទ្របន្ទាន់ និងលុបចោលបញ្ហាលំ​បាក​មួយចំនួនរបស់ម្ចាស់អាជីវកម្ម និងព​លរដ្ឋអំឡុងវិបត្តិកូវីដ១៩។

តាមប្រភពដដែល ធនាគារទាំងអស់កំពុងពិចារណាលើគម្រោងពន្យារពេលប្រមូលប្រាក់កម្ចីដែលមិនទាន់សងទាំងអស់នៅក្នុងឆ្នាំ២០២០ ហើយគាំទ្រលើការបន្ទាបអត្រាការប្រាក់ ក្នុងនោះមានធនាគារ BIDV បានប្រកាសបញ្ចុះការប្រាក់ ១ភាគរយស​ម្រាប់កម្ចី ៥០០ពាន់លានដុង រហូតដល់ដំណាច់ឆ្នាំ២០២០។ 

ប្រភពដដែលឱ្យដឹងបន្ថែមថា រហូតមកទល់ពេលនេះ ស្ថាប័នផ្តល់កម្ចីឥណទានបានសម្រេចរៀបចំលក្ខខណ្ឌផ្តល់កម្ចីឡើងវិញ ក្នុងទំហំទឹកប្រាក់ ២១ទ្រីលានដុង ហើយពន្យារពេល និងកាត់បន្ថយការប្រាក់ដល់អតិថិជនចំនួន ៨ពាន់នាក់ ខណៈធនាគារផ្សេ​ង​​​ៗកំ​ពុងពិចារណាលើវិធានការដូចគ្នានេះដល់អតិថិជនជាង ៣ម៉ឺន ៤ពាន់នាក់ ដែលគិតជាទឹកប្រាក់សរុបមាន ១៨៥ទ្រីលានដុង។

នាយកប្រតិបត្តិក្រុមហ៊ុន Sun Group លោកស្រី Bui Thi Thanh Huong លើកឡើងថា ក្រោមគោលនយោបាយសារពើពន្ធ Circular 01 ក្រុមហ៊ុនលោកស្រីទទួលបានការបញ្ចុះការប្រាក់ពីធនាគារដៃគូពី ០.៥ភាគរយ ទៅ ១ភាគរយ ដែលលោកស្រីថា វាបានជួ​យ​សម្រាលបន្ទុកហិរញ្ញវត្ថុដល់ក្រុមហ៊ុនមួយចំណែក ខណៈក្រុមហ៊ុនកំពុងជួបបញ្ហាកង្វះទុនបង្វិលដោយសារការធ្លាក់ចុះចំណូល ៧០ភាគរយ។

យ៉ាងណាក្តី ខណៈធនាគារនានាកំពុងរៀបចំលក្ខខណ្ឌស្របតាមគោលនយោបាយរដ្ឋសម្រាប់អតិថិជនរបស់ពួកគេ អាជីវកម្មជាច្រើនកំពុងរង់ចាំធនាគារទាំងនោះបើកកញ្ចប់កម្ចីឥណទានថ្មីជាមួយអត្រាការប្រាក់ទាបដល់ពួកគេ។

យោងតាមការវាយតម្លៃបឋមមួយរបស់ធនាគាររដ្ឋវៀតណាមបានឱ្យដឹងថា ទឹកប្រាក់កម្ចីប្រមាណ ៣៩.៨៥ពាន់លានដុល្លារ ស្មើនឹងជា​ង ១១ភាគរយ នៃកម្ចីសរុបក្នុងប្រទេស មិនអាចត្រូវបានសងតាមកាលកំណត់ ខណៈវិបត្តិកូវីដ១៩ កំពុងក្លាយជាបញ្ហាសកលសម្រាប់វិស័យជាច្រើន ដូចជាសហគ្រាស ការនាំចេញ-នាំចូល ទេសចរណ៍ ការដឹកជញ្ជូន ឧស្សាហកម្ម និងកាត់ដេរសម្លៀកបំពាក់ជាដើម។

ដោយឡែក បើតាមប្រភពពីគេហទំព័រ Vietnam Briefing បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមក៏កំពុងពិចារណាបញ្ចេញកញ្ច​ប់ថវិកាបន្ទាន់ចំនួន ២.៧៣ពាន់លានដុល្លារ សម្រាប់ជួយពលរដ្ឋរងផលប៉ះពាល់ពីជំងឺកូវីដ១៩ សម្រា​ប់​រយៈពេល ៣ខែ ខណៈរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់មេរោគ។

តាមប្រភពដដែល គិតត្រឹមថ្ងៃទី៧ ខែមេសា វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២៤៥ករណី​ ក្នុងនោះករណីជាសះស្បើយមាន ៩៥ករណី ខណៈមេរោគនេះបានឆ្លងដល់មនុស្សជាង ១លាននាក់ នៅប្រទេស និងដែនដីជាង ២០០ នៅជុំវិញពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ