កម្ពុជា​ថា​ខ្លួន​​​មិន​លម្អៀង​ទៅ​រក​​មហា​អំណាច​ណា​មួយ​ ក្រោយ​អាមេរិក​បង្ហាញ​​​កង្វល់​ពី​​វត្តមាន​​យោ​ធា​​​ចិ​​ន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ក្នុងកិច្ចពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា ខ្លួនប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់មិនលម្អៀងទៅរកប្រទេស​មហាអំណាច​ណាមួយ ដើម្បីការពារឯករាជ្យ​ភាព​ អព្យាក្រឹត​ និងអធិបតេយ្យភាពរបស់ខ្លួន ដែលការបញ្ជាក់នេះ​ជា​ការឆ្លើយតបទៅនឹងសហរ​ដ្ឋអាមេរិកដែល​សម្តែងកង្វល់ជាខ្លាំង​លើវត្តមានយោធា​ចិន​នៅលើទឹកដីកម្ពុជា។

អនុរដ្ឋ​មន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក លោកស្រី Wendy Sherman កាលពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារជួបជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាល​កម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេស។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

ក្រោយបិទបញ្ចប់ជំនួប​នេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិកបានលើកឡើង​តាមរយៈសេចក្តីប្រកាសព័ត៌មាន​ថា មន្ត្រី​ជាន់ខ្ពស់របស់ខ្លួនបានលើកឡើងថា អា​​មេរិកមានកង្វល់ជាខ្លាំង​លើវត្តមានយោធា​របស់​សាធារណរដ្ឋ​ប្រ​ជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាមក្នុងប្រទេសកម្ពុជា។ សេច​ក្តី​ប្រកាស​ព័ត៌មាន​​ដដែល បន្ត​ថា ក្នុងជំនួបនោះដែរ អាមេរិកក៏បាន​ស្នើ​ឱ្យ​​រដ្ឋាភិបាលកម្ពុជា​បំភ្លឺ​លើការ​វាយកម្ទេច​អគារ​ចំនួន​២ដែលបាន​ទទួលជំនួយថវិកាពីសហរដ្ឋអាមេរិក នៅរាម ដោយគ្មានការជូនដំណឹងឬ​ការពន្យល់ជាមុន។

ក្រសួងការបរទេស​អាមេរិក បានសង្កត់ធ្ងន់ថា៖ «មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅ​កម្ពុជា អាចនឹងបំផ្លាញអធិ​បតេ​​យ្យ​​ភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា»។

អាមេរិកក៏បានអំពាវនាវ​ឱ្យថ្នាក់ដឹកនាំ​កម្ពុជា រក្សា​គោលនយោបាយ​ការ​បរទេសដែលមានតុល្យ​ភាពនិងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍​នៃប្រជាជនកម្ពុជា។  

ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីប្រ​កា​សព័ត៌មាន ចុះថ្ងៃទី២ ខែ​មិថុនា បានលើកឡើង​ថា ជាថ្មីម្តងទៀត «កម្ពុជាបានបញ្ជាក់ច្បាស់​ពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបានរំឭកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានិងការពារឯករាជ្យ​ អព្យាក្រឹត និងអធិបតេយ្យ​ភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេសនិងកិច្ចការបរទេស»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មើលឃើញ​ថា ការ​បង្ហាញជំហរ​របស់រដ្ឋាភិបាលកម្ពុជានេះជារឿងល្អ​មួយ ​តែថា អ្វី​ជាការបង្កើនទំនុកចិត្តដល់​ប្រទេស​​លោក​សេរី​នោះ គឺ​រដ្ឋាភិបាល​ត្រូវស្តារ​ស្ថាន​ភាពសិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​ពីបានរំលាយគណបក្សប្រឆាំងធំមួយចេញពីឆាកនយោបាយ បណ្តេញអង្គការអន្តរជាតិចេញពីកម្ពុជា និង​បំបិទសំឡេងសារព័ត៌មានឯករាជ្យ ខណៈងាកទៅស្និទ្ធជាមួយមហាអំណាចចិន។

លោកថា៖ «រឿងដែលសំខាន់ គឺយើងគោរពធម្មនុញ្ញយើង ការធានានូវអព្យាក្រឹត​​ភាព​មិនចូលបក្សសម្ព័ន្ធ ការ​ធានានូវប្រជាធិបតេយ្យ​សេរីពហុបក្ស ដែលកម្ពុជាត្រូវប្រកាន់យកយ៉ាងម៉ត់ចត់បំផុត។ បើមិនអ៊ីចឹងទេ កម្ពុជា ខ្ញុំបារម្ភថា យើងដើរ​ចូលគន្លងចាស់ទៀត ហើ​យបើ​ចូលគន្លងចាស់ ​កម្ពុជាយើង​អត់លូតទៅណាទេ»។ 

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការប្រកាន់ជំហរអព្យាក្រឹតដែលអាចទុកចិត្ត កម្ពុជា​នឹងអាចរក្សាបាននូវអត្ថប្រយោជន៍ជាតិ មិនធ្លាក់ចូលក្នុង​វិបត្តិដូចពីអតីតកាល ខណៈពេលនេះ​ ប្រទេស​មហាអំណាច​កំ​ពុ​ងប្រកួតគ្នានៅតំបន់​អាស៊ី។

លោកថា៖ «អតីតកាលវាបានបង្ហាញហើយ រឿងជំហរកម្ពុជានៅចិន ជំហរកម្ពុជាទៅអាមេរិកផ្តាច់ ទៅសហភាពសូវៀតផ្តាច់ គឺកម្ពុជារងគ្រោះរហូតទេ! អ៊ីចឹង [កម្ពុជា] គួរតែចាប់យកប៉ូលនយោបាយទាំងអស់លើសកលលោក ទើបមានភាពប្រសើរ។ អ៊ីចឹងប្រសិនបើយើងឈរខុសលើគោលការណ៍ យើងអាចមានបញ្ហាច្រើន អ៊ីចឹងគួរពិចារណាបញ្ហានេះ ដើម្បីអត្ថប្រយោជន៍ជាតិ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ការលើកឡើងរបស់សហរដ្ឋអាមេរិកពីអធិបតេយ្យភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសញ្ញាវិជ្ជមានមួយជួយក្រើនរំឭកដល់ភាគីកម្ពុជាឱ្យពិចា​រណា​ឱ្យបានដិតដល់ ដើម្បីបញ្ចៀសកុំឱ្យមានអធម្មនុញ្ញ ឬការរំលោភរដ្ឋធម្មនុញ្ញ បង្ក​អសន្តិសុខសកល ក៏ដូចជាជះឥទ្ធិពលមិនល្អ​ដ​ល់សន្តិភាពរបស់កម្ពុជា។

តែយ៉ាងណា លោកផ្តល់ជាយោបល់ថា ដើម្បីបង្កើនទំនុកចិត្តគ្នា ក៏ដូចជាពង្រឹងទំនាក់ទំនងកិច្ចការបរទេស ភាគីទាំងពីរគួរបង្ហាញតម្លាភាពរៀងៗខ្លួន បង្កើតក្រុមការងារចម្រុះចុះសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនៅតំបន់ដែលសង្ស័យ។

លោកថា៖ «ពីព្រោះមានតែការធ្វើឱ្យមានតម្លាភាពទេ រវាងភាគីអាមេរិកនិងភាគីកម្ពុជាទេ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិអាចវាយតម្លៃបានថា សម្តីខាងណាពិត សម្តីខាងណាមិនពិត»។

យ៉ាងណា សហរដ្ឋ​អាមេរិក ​និយាយដែរថា ក្នុងជំនួបនោះ តំណាងរបស់ខ្លួនបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ខ្លួនមាន​បំណង​ធ្វើការ​ជាមួយ​ប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធាននៃសមាគមអាស៊ាន​នៅឆ្នាំ២០២២ ហើយ​ជួយធានា​ឱ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនិង​នយោបាយ​សំខាន់ៗនៅក្នុងតំបន់ ដូចជា បញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ៕


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ