អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ថា​ដល់​ពេល​ត្រូវ​និយាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

ក្រុម​មនុស្ស​ប្រមាណ២០នាក់​ដែល​ភាគច្រើន​ជា​គ្រូបង្រៀន បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន នៅមុខ​តុលាការ​កំពូល ក្នុង​ថ្ងៃ​សវនាការ​លើ​ករណី​លោក រ៉ុង ឈុន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អង្គការឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ដល់​អនុរដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលើករបៀបវារៈពីបញ្ហាសិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីជជែក​ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន។

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក Phil Robertson បានសរសេរនៅលើបណ្តាញសង្គម Tweeter របស់ខ្លួនកាលពីថ្ងៃម្សិលមិញថា តាមរយៈដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅកម្ពុជា លោកស្រីនឹងយក​ឱកាសនេះដើម្បីលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកពិភាក្សាជាមួយសមភាគីកម្ពុជា។

លោកសរសេរបន្ត​ថា៖ «ដល់ពេលហើយដែលត្រូវនិយាយថ្កោលទោសឱ្យ​ខ្លាំង​និងជាសាធារណៈ​អំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងកាលពីថ្ងៃសុក្រសប្តាហ៍មុន​​ថា អនុរដ្ឋមន្រ្តី​ការ​បរទេសរបស់ខ្លួនគឺ​លោកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) នឹងទៅ​បំពេញទស្សនកិច្ចផ្លូវការ​ជាលើកដំបូងនៅក្នុងប្រទេស​​ចំនួន៥ នៅតំបន់អឺរ៉ុបនិងអាស៊ី ចាប់ពីថ្ងៃទី​២៥ ខែឧសភា ដល់ថ្ងៃទី​៤ ខែមិថុនា ដែលក្នុងនោះមានទាំង​កម្ពុជាផងដែរ។

តែយ៉ាងណា ក្រសួងការ​បរទេស​សហរដ្ឋអាមេរិកមិនបានបញ្ជាក់លម្អិតពីរបៀបវារៈនៃដំណើរ​ទស្សនកិច្ចមកកាន់​កម្ពុជា ថានឹង​ជជែកពី​​បញ្ហាអ្វីនោះទេ ក៏ប៉ុន្តែបានបង្ហាញខ្លឹមសារជារួមថា ការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់​ជាថ្មីនូវ​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាគម​អាស៊ាន និងការដោះស្រាយបញ្ហាទ្វេភាគីទាំងក្នុងតំបន់ ដើម្បីជំរុញឱ្យយោធាភូមាបញ្ឈប់អំពើហិង្សា ហើយជំរុញឱ្យប្រទេសមួយនេះវិលទៅរកមាគា៌លទ្ធិប្រជាធិបតេយ្យឡើងវិញ។

ទោះជាយ៉ាងនេះក្តី កញ្ញា កឹម មនោវិទ្យា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានសរសេរនៅលើទំព័រ Tweeter របស់ខ្លួនដោយរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចនេះ លោក​ស្រី វិនឌី ហ្សឺម៉ាន់ នឹងលើកឡើងពីបញ្ហារបស់កម្ពុជា ជាពិសេស​ការធ្វើឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ទាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សនយោបាយឬមេដឹកនាំរបស់ពួកគេ។

កញ្ញាក៏សង្ឃឹមដែរថា លោកស្រី វិនឌី ហ្សឺម៉ាន់ នឹងលើកឡើងផងដែរទាក់ទងករណីលទ្ធផល​បោះឆ្នោតកាលពីឆ្នាំ២០១៧ និងការចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជាដើម។

អ្នកនាំពាក្យក្រសួងការបរទេស​​កម្ពុជា លោក កុយ គួង បានប្រាប់ វីអូឌី កាលពីថ្ងៃពុធថា ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជា បានជូនដំណឹង​ពីដំណើរទស្សនកិច្ចនេះហើយ ប៉ុន្តែថា ស្ថានទូតមិនបានប្រាប់ពីរបៀបវារៈនៅឡើយទេ។ ចំណែកភាគីកម្ពុជាវិញ ក៏មិនទាន់មានគម្រោង​ថានឹងស្នើអ្វីទៅអាមេរិកវិញនោះដែរ ដោយថា ​ជំនួបនោះមិនទាន់មកដល់នៅឡើយ។

យ៉ាងណាក្តី លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅថ្ងៃសុក្រនេះ​ថា ក្តីសង្ឃឹមរបស់ក្រុមអង្គការសង្គមស៊ីវិលឬអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស គ្រាន់តែជាផ្នែកមួយនៃការមើលឃើញរបស់ពួកគេ​តែប៉ុណ្ណោះ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនេះ លោក​ថា នឹងមិនមានសម្ពាធអ្វីមកលើរដ្ឋាភិបាលកម្ពុជានោះឡើយ។

លោកមានប្រសាសន៍ថា៖ «រឿងករណីរបស់លោក កឹម សុខា គឺជារឿងអធិបតេយ្យភាពរបស់​តុលាការកម្ពុជា មិនមែនជាការងារការបរទេសរបស់គេណាមួយទេ អានេះជាអធិបតេយ្យភាពរបស់កម្ពុជា។ រឿងដំណើរទស្សនកិច្ចហ្នឹង រហូតដល់ប្រធានាធិបតី អូបាម៉ា គាត់អញ្ជើញមក គេអ្នកសិទ្ធិមនុស្សអីគេសង្ឃឹមថា លោកប្រធានាធិបតី អូបាម៉ា និយាយអញ្ចេះនិយាយអញ្ចោះ​ តែអ្នកទាំងអស់ហ្នឹង​មិនធំជាងប្រធានាធិបតីទេ ហើយអ្នកទាំងអស់ហ្នឹងក៏មិនធំជាងលោកស្រីដែលអញ្ជើញមកដែរ គ្រាន់តែបង្កឱ្យមានព័ត៌មានប៉ុណ្ណឹង ដើម្បីឱ្យ​គេចាប់អារម្មណ៍ ឱ្យគេនិយាយប៉ុណ្ណឹង ហើយបញ្ហាសិទ្ធិមនុស្ស បញ្ហាអីហ្នឹង គេមិនបាច់និយាយផ្ទាល់អី អាហ្នឹងគេនិយាយតាមក្រដាសស្នាម»។

គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជានេះ លោកស្រីមានគម្រោងធ្វើអ្វីខ្លះនោះ​។ ប៉ុន្តែយ៉ាងណាក្តី នៅពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី វិនឌី ហ្សឺម៉ាន់ នឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី២ ខែមិថុនា តាមរយៈ Video Conference មួយ ដើម្បីបើកឱកាសឱ្យអ្នកសារព័ត៌មាន​សួរសំណួរជុំវិញដំណើរទស្សនកិច្ចនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ