អ្នក​វិភាគ​ថា​ កម្ពុជា​នឹង​ទទួល​ផល​សេដ្ឋ​កិច្ច​ច្រើន​ពី​អាមេរិក​បើ​អ្នក​នយោ​បាយ​គិត​ប្រយោជន៍​រួម​

មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក លោកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) ក្នុងថ្ងៃជំនួបការទូតមួយនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Wendy R. Sherman @DeputySecState)

អ្នកវិភាគមួយចំនួនលើកឡើង​ថា ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកកម្ពុជាឆាប់ៗនេះ ជាអំណោយផលផ្នែក​សេដ្ឋកិច្ចមួយ​​ បើអ្នកនយោបាយខ្មែរតម្កល់ប្រយោជន៍រួម ដោយឈរលើស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងកាលពីថ្ងៃសុក្រថា អនុរដ្ឋមន្រ្តីរបស់ខ្លួន លោកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) នឹងបំពេញទស្សនកិច្ចផ្លូវការ​នៅប្រទេស​​ចំនួន៥ ក្នុងនោះមានទាំង​កម្ពុជាផងដែរ ចាប់ពីថ្ងៃទី​២៥ ខែឧសភា ដល់ថ្ងៃទី​៤ ខែមិថុនា។

ក្រសួងការ​បរទេស​សហរដ្ឋអាមេរិកថា ការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់ជាថ្មីនូវ​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាគម​អាស៊ាន និងការដោះស្រាយបញ្ហាទ្វេភាគី ទាំងក្នុងតំបន់ ដើម្បីជំរុញឱ្យយោធាភូមាបញ្ឈប់អំពើហិង្សា ហើយជំរុញឱ្យប្រទេសមួយនេះវិលទៅរកមាគា៌ប្រជាធិបតេយ្យឡើងវិញ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក​ ឯម សុវណ្ណរ៉ា មានប្រសាសន៍នៅថ្ងៃពុធនេះ​ថា តាមយន្តការភូមិសាស្ត្រន​យោ​បាយសកល ដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍របស់មន្ត្រីជាន់ខ្ពស់អាមេរិកនេះ គឺផ្តោតលើបញ្ហាលើកស្ទួយប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិកអាស៊ាន រួមទាំងកម្ពុជា ព្រមទាំងបញ្ហាតំបន់ ពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនទៀតផង។

លោ​កបញ្ជាក់ថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក មានប្រទេស៤បានប្រជុំគ្នារួចហើយ គឺមានអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន ដោយពួកគេបានអនុម័តគោលនយោបាយបើកចំហទប់ស្កាត់ឥទ្ធិពលចិន ពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលចិនដាក់យុទ្ធសាស្ត្រចែកចាយ៥០០​លានដូស ខណៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដាក់១ ០០០​លានដូស។

លោកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះធ្វើឱ្យសហរដ្ឋអាមេរិកមានយុទ្ធសាស្ត្រច្រើនផ្តោតមកលើតំបន់អាស៊ី​អាគ្នេយ៍  ស្រ​បពេលដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយទៀតផង ។

លោកថា៖ «យន្តការនេះ កម្ពុជាឈរលើជំហរអព្យាក្រឹត្យរវាងលោកខាងកើត[ចិន] និងលោកខាងលិច[អាមេរិក] អាចទទួលយកបានទាំងអស់គ្នា កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន។ ក៏ប៉ុន្តែបើកម្ពុជាមានតែទ្រឹស្តីនយោបាយក្របខណ្ឌច្បាប់ តែឥរិយាបថងាកទៅចិនដូចគេមើលឃើញ កម្ពុជាអាចបាត់បង់ប្រយោជន៍ ហើយអាចប្រឈមទៅនឹងមានសម្ពាធពីលោកខាងលិចខ្លាំងទៀត»។

ប៉ុន្តែលោកថា ការទម្លុះទម្លាយនៃភាពជាប់គាំងនយោបាយនៅកម្ពុជានោះ វាអាស្រ័យលើជំហររបស់សហរដ្ឋអាមេរិក និងភាពសកម្មរបស់គណបក្សប្រឆាំងខ្លួនឯងក្នុងការតតាំងក្តីនៅតុលាការ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មើលឃើញថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមកកាន់កម្ពុជានៅពេលនេះ ជាអំណោយផលដល់កម្ពុជាក្នុងការទាញយកប្រយោជន៍ បើទោះបីលោកមិនទាន់ដឹងថា ភាគីទាំងពីរនឹងយករបៀបវារៈអ្វីមកជជែកគ្នាក៏ដោយ។

លោកថា៖ «បើសិនជាការចរចានេះមានផលវិជ្ជមានកើតឡើង ជំនួយអាមេរិកនឹងកើនឡើង ហើយស្ថានការណ៍នយោបាយ​នឹងមានការប្រែប្រួល ថាមិនត្រូវ មុនការបោះឆ្នោតឃុំសង្កាត់នេះ នឹងអាចមាននយោបាយរវាងបក្សប្រឆាំងនិងបក្សកាន់អំណាច អាហ្នឹងគឺបានប្រយោជន៍ពីអាមេរិកហើយ។ មួយទៀត នៅពេលបរិយាកាសនយោបាយធូរស្បើយ ប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវបានត្រឡប់មកវិញ ២០ភាគរយដែលយើងបាត់ទៅហ្នឹង»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍​ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជូនដំណឹង​ពីដំណើរទស្សនកិច្ចនេះហើយ ប៉ុន្តែថា ស្ថានទូតមិនបានប្រាប់ពីរបៀបវារៈនៅឡើយទេ។ លោកថា ភាគីកម្ពុជាក៏មិនទាន់មានគម្រោងថានឹងស្នើអ្វីទៅអាមេរិកវិញនោះដែរ ដោយថា ​ជំនួបនោះមិនទាន់មកដល់។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានលើកឡើង​ថា ដំណើរទស្សនកិច្ចនេះអាចបង្ហាញសញ្ញាវិជ្ជមានច្រើនដល់កម្ពុជា។ លោកបន្តថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន អំឡុងពេលឡើងកាន់អំណាច បាននិយាយថា ស្ថិតក្នុងតំណែងរបស់លោក លោកនឹង​ផ្តោតលើការ​ស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលផ្តោតលើប្រទេស៣នៅតំបន់អាស៊ី មានប្រទេសហ្វីលីពីន ភូមា និងកម្ពុជា។

មួយវិញទៀត លោក មឿន តុលា មើលឃើញថា ជំនួប​រវាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ផា​ក់​ទ្រីក ម័រហ្វី (Patrick Murphy) ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីពេលថ្មីៗនេះ ក៏ជាសញ្ញាវិជ្ជមានមួយដែរ បើទោះបីជា​មានការខ្វែងគំនិតគ្នាខ្លះពីបញ្ហាសិទ្ធិមនុស្សក៏ដោយ។  ​

លោកថា៖ «អ៊ីចឹងទេ បើមេដឹកនាំយើងគាត់មើលឃើញចំណុចហ្នឹង ខ្ញុំមើលឃើញថា នៅពេលនេះ អាមេរិកហាក់បានបង្ហា​ញ​ហើ​យថា ខ្លួនបានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហានៅកម្ពុជា។ អ៊ីចឹងកម្ពុជាក៏គួរចាប់យកទាំងអស់ដែរ ទាំងចិន ទាំងអាមេរិក ដើម្បីប្រយោជន៍សេដ្ឋកិច្ចកម្ពុជាយើង»។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងកំពុងរស់នៅសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា បានអះអាង​ថា ករណីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក៏ជាប្រធានបទមួយនៅក្នុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិកនេះផងដែរ។

លោកថា៖ «ដំណើរទស្សនកិច្ចនេះជាដំណើរការការទូតមួយ ដើម្បីជជែកអំពីបញ្ហាអ្វីដែលកម្ពុជា​កំពុងតែជួប គឺថាគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ទាក់ទងនឹងការចាប់មេបក្សប្រឆាំងដាក់គុក គឺថានៅក្នុងប្រធានបទដែលត្រូវជជែក»។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ ឥសាន និយាយថា វាជាមោទកភាពមួយដែលមន្ត្រីជាន់ខ្ពស់អាមេរិកមកទស្សនកិច្ចនៅកម្ពុជា ហើយថា ឆ្លងតាមដំណើរទស្សនកិច្ចនេះ អាមេរិកនឹងយល់ដឹងពីស្ថានការណ៍ពិតជាក់ស្តែងនៅកម្ពុជា​។ ប៉ុន្តែលោកថា ដំណើរទស្សនកិច្ចនេះគ្មានឥទ្ធិពលអ្វីដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលទេ។

លោកថា៖ «សម្រេចចិត្ត យើងសម្រេចតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត ​ហើយបានប្រែក្លាយទៅជាកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។ ហើយចំពោះការយល់ឃើញរបស់អ្នកវិភាគ ខ្ញុំយល់​ថា ប្រហែលជាមិនត្រូវស្របតាមសភាពការណ៍ពិតនៅកម្ពុជាទេ»។

យ៉ា​ងណាក្តី លោក ឯម សុវណ្ណរ៉ា បានផ្តល់ជាយោបល់ដូច្នេះថា៖ «ទស្សនៈខ្ញុំផ្ទាល់ រដ្ឋាភិបាលត្រូវឈរលើគោលនយោ​បា​​​​យ​មួយអព្យាក្រឹត្យដូចដែលមាននៅក្នុងគោលនយោបាយរបស់កម្ពុជាដែលបានកំណត់ កុំឱ្យមានតែគោលន​យោបា​យ ​តែការអនុវត្តឬឥរិយាបថនយោបាយទៅលោកខាងកើត អាហ្នឹងកម្ពុជាអាចរងផលប៉ះពាល់ឥទ្ធិពលន​យោបា​យ​កា​រ​បរទេសទៅថ្ងៃអនាគត។ ចំណុចមួយទៀត ការបើកចំហសេរីភាព គេហៅថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយហ្នឹង គួរតែធ្វើតា​ម​គោលការណ៍ច្បាប់ដែលកម្ពុជាមានដែរ កុំឱ្យយកគោលការណ៍ស្តង់ដារកម្ពុជា ព្រោះសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ វាអត់មា​នស្តង់ដារពីរបីទេ ព្រោះកម្ពុជាបានចុះអនុសញ្ញាសន្ធិសញ្ញាដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិអស់ហើ​យ​​​ អត់មានអីខុសគ្នាទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ