លោក​ ហ៊ុន​ សែន​ ជំរុញ​​ឱ្យ​បញ្ចេញ​​ភស្តុតាង​​បញ្ជាក់​​ពី​​កិច្ច​​ព្រម​ព្រៀង​​យោធា​​សម្ងាត់​​កម្ពុជា​​-​ចិន​​

ទិដ្ឋភាពក្នុងពិធីបិទលំហាត់​សម​យុទ្ធ​នាគ​មាស ​២០២០។ (វេបសាយក្រសួងការពារជាតិ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​ធុញទ្រាន់​ទៅ​នឹង​ការ​ចោទ​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើទឹក​ដី​របស់​ខ្លួន ហើយ​លោក​ក៏​ជំរុញ​ឱ្យ​បញ្ចេញ​ភស្តុតាង​ដែល​បង្ហាញថា កម្ពុជានិង​ចិន​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​លើ​បញ្ហា​នេះ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​តភ្ជាប់​ពី​តំបន់​កោះ​នរា ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ មកកាន់​តំបន់​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទសួរ​ទៅវិញ​ថា តើ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​ចិន​តាំងពី​ពេលណា។

លោក ហ៊ុន សែន ថ្លែង​ថា៖ «តើ​ចិន​មាន​កងទ័ព​នៅ​កម្ពុជា​ទេ​? កម្ពុជា​ឱ្យសិទ្ធិ​ចិន​បោះទ័ព​នៅ​កម្ពុជា​ពីកាលណា​? ខ្ញុំ​បញ្ជាក់​ឡើងវិញ ខ្ញុំ​ធុញទ្រាន់​ជាមួយ​ជនបរទេស​មួយចំនួន ​បូក​ជាមួយ​ខ្មែរយើង​រុញ​សភាពការណ៍​ហ្នឹង»។

សារព័ត៌មាន​អាមេរិក Wall Street Journal បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ខែកក្កដា​ឆ្នាំមុន ដែល​រាយការណ៍​ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន ដើម្បី​អនុញ្ញាត​ឱ្យមាន​កងទ័ព​ចិន​រយៈពេល៣០ឆ្នាំ​ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ស្ថិតនៅ​ខេត្ត​ព្រះសីហនុ។

សារព័ត៌មាន​មួយ​នេះ បាន​ចុះផ្សាយ​បែបនេះ​ដោយ​បាន​ដកស្រង់​សម្ដី​មន្ត្រី​អាមេរិក​ដែល​មិនបាន​បញ្ជាក់​ឈ្មោះ ហើយ​អ្នកសារព័ត៌មាន​ដែល​រាយការណ៍​អំពី​រឿង​នេះមិនបាន​បញ្ជាក់​ទេ​ថា តើ​គេ​បាន​មើលឃើញ​កិច្ច​ព្រមព្រៀង​នោះ​ដោយខ្លួនឯង​ផ្ទាល់ឬក៏​យ៉ាងណា​នោះ​ទេ។

ប៉ុន្តែកម្ពុជា​បាន​ច្រាន​ចោល​ការ​ចុះផ្សាយ​នេះ ដោយ​ចាត់ទុកថា សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​មួយ​នេះ គឺជា​«ព័ត៌មាន​មិន​ពិត»

នៅ​ថ្ងៃនេះ​ដែរ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យបញ្ចេញ​នូវ​ភស្តុតាងដែល​បញ្ជាក់​ពី​កិច្ច​ព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជានិង​ចិន ហើយ​លោក​ថា បើ​មិន​ដូច្នេះ​ទេ ការចោទប្រកាន់​មក​លើ​កម្ពុជា គឺជា​ការ«ភូត​កុហក»

លោក ហ៊ុន សែន ថ្លែង​ថា៖ «លោក​ឯង​មាន​ភស្តុតាង​ឯណា បញ្ចេញ​មក​ថា កម្ពុជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​នូវ​កំពង់ផែ​រាម​រយៈពេល៣០ឆ្នាំ​? ចេញ​មក បញ្ចេញ​ភស្តុតាង​ហ្នឹង​មក​! បើ​អ្នកឯង​មិន​បញ្ចេញ​ភស្តុតាង​ហ្នឹង មានន័យថា អ្នកឯង​ភូត​កុហក»។

មេដឹកនាំ​កម្ពុជា​រូប​នេះ​ក៏បាន​ចោទសួរ​ផង​ដែរ​ពី​ចេតនា​ពិតប្រាកដ​នៅ​ពីក្រោយ​នៃ​ការ​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត​នូវ​បញ្ហា​នេះ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «ឥលូវ អ្នកឯង​ប៉ុនប៉ង​ធ្វើ​អី​ចំពោះ​ខ្ញុំ បាន​ជា​អ្នកឯង​លើក​ម្ដង​ហើយ​ម្ដងទៀត វត្តមាន​ចិន វត្តមាន​ចិន»។

មន្ទិលសង្ស័យ​ជុំវិញ​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា បាន​ផ្ទុះឡើង​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន ក្រោយពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Wall Street Journal ហើយ​បញ្ហា​នេះត្រូវ​បាន​អគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ចោទសួរ​ជាថ្មី​ទៀត​ទៅកាន់​ប្រមុខ​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ នៅក្នុង​ជំនួប​កាលពី​ថ្ងៃទី២១ ខែកញ្ញា​កន្លងមក​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ