អង្គការ​​ជាង​​២០​​ ស្នើ​​ស្ថាប័ន​រដ្ឋ​អនុវត្ត​ច្បាប់​លើ​ឧកញ៉ា​​និង​មន្ត្រី​​​ដែល​បៀត​បៀន​ផ្លូវ​ភេទ​និង​​ប្រើ​ហិង្សា​​លើ​​ស្ត្រី​

បុរសម្នាក់ឈរសម្លឹងមើលទៅអគារសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អង្គការ-​សមាគមចំនួន២៦​ស្ថាប័នស្នើទៅស្ថាប័នរដ្ឋចំនួន៣ ចាត់វិធានការច្បាប់លើឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និងអតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលប្រើហិង្សាក្នុងគ្រួសារនិងបៀតបៀនផ្លូវភេទលើស្ត្រី ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

សំណើរបស់ក្រុមអង្គការ-សមាគមទាំងនេះ ធ្វើឡើងបន្ទាប់ពីឧកញ៉ា ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ថាបានយកកូនកាំបិតចាក់ និងលួចយកទូរសព្ទដៃរបស់ខ្លួនតម្លៃជាង១ ០០០​ដុល្លារ ប៉ុន្តែកញ្ញារូបនោះច្រានចោល និងប្តឹងតបវិញថា ឧកញ៉ាបានបៀតបៀនផ្លូវភេទនិងប៉ុនប៉ងរំលោភទៅវិញ។

អង្គការសង្គមស៊ីវិលនិងសមាគមទាំងនោះ រួមមាន គណៈកម្មាធិការនៃអង្គការមិនមែន​រដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, បណ្តាញយេនឌ័រ​​ និងអភិវឌ្ឍន៍កម្ពុជា, អង្គការ​​លីកាដូ, អង្គការបន្ទាយស្រី, សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សមាគមអ្នកបម្រើការងារតាមផ្ទះ, សម្ព័ន្ធសហជីពកម្ពុជា និងសមាគមគាំពារស្ត្រីងាយរងគ្រោះ ជាដើម។

ក្នុងលិខិតចំហរបស់អង្គការ-សមាគមទាំងនោះ​ ចុះ​ថ្ងៃទី១២ ខែឧសភា ឆ្នា២០២១​ បានលើកឡើងថា ពេលនេះ ​ពលរដ្ឋ បានសម្តែងចេញនូវការស្អប់ខ្ពើម​ចំពោះអំពើហិង្សា​លើ​ស្ត្រី និង​កំពុងតាមដានចំណាត់ការរបស់រដ្ឋាភិបាល ជាពិសេសស្ថាប័ន​មាន​សមត្ថកិច្ច ទៅលើករណីរបស់ឧកញ៉ា ហេង សៀ ក៏ដូចជាករណីអតីតឧកញ៉ា ឌួង ឆាយ និងអតីតស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ដែលបានប្រើប្រាស់អំពើហិង្សានិងបៀតបៀនផ្លូវភេទលើស្ត្រី ខណៈករណីផ្សេងទៀតមិនសូវទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយសារជនរងគ្រោះជាច្រើន​មិនអាចទម្លាយរឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេ ដោយសារកត្តាជាច្រើន រួមទាំងកត្តាសង្គមវប្បធម៌ផងដែរ។​

លិខិតចំហដដែលនោះបន្តថា ក្នុងករណីដែលជនរងគ្រោះមិនបានទទួលនូវយុត្តិធម៌ពេញលេញ ជាហេតុនាំឱ្យ​ប៉ះពាល់​យ៉ាងខ្លាំងដល់​ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងជំរុញឱ្យមានការកើនឡើង​នូវអំពើហិង្សានិងការបៀតបៀន​ផ្លូវភេទលើស្ត្រីនិងកុមារី។

អង្គការ-សមាគមទាំង​នោះបញ្ជាក់ថា៖ «ចំណាត់ការកន្លងមកក្នុងការបញ្ឈប់តំណែង បន្ថយឋានន្តរសក្តិ ឬការស្ងៀមស្ងាត់ចំពោះមន្ត្រីដែលមានអំណាច មិនបានផ្តល់នូវយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះឡើយ ហើយនេះបន្តឱ្យមានវប្បធម៌និទណ្ឌភាពផងដែរ»។

ករណីនេះ អង្គការ-សមាគមទាំងនោះស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អឹុង កន្ថាផាវី និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់វិធានការច្បាប់​លើឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និងលោក អ៊ុក កុសល ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

អង្គការ-សមាគមទាំងនោះបង្ហាញជំនឿថា ស្ថាប័នរដ្ឋនឹងចាត់វិធានការច្បាប់លើជនទាំង៣រូបនេះ​ ដើម្បី​បង្ហាញសារ​ទៅ​ស្ត្រីជាច្រើនទៀតដែលកំពុងរងគ្រោះឱ្យមានទំនុកចិត្ត ហើយជឿជាក់ឡើងវិញលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាសារទៅដល់សង្គមទាំងមូលថា កម្ពុជាពិតជាមិនអត់ឱនជាដាច់ខាតលើអ្នកប្រើហិង្សា បៀតបៀនផ្លូវភេទលើស្ត្រីនិងក្មេងស្រី ដូចដែលរដ្ឋាភិបាលប្តេជ្ញាទទួលស្គាល់លិខិតតូបករណ៍ស្របតាមច្បាប់ជាតិនិងអន្តរជាតិ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា កន្លងមកនេះ ការប្រើអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ លើស្ត្រីនិងក្មេងស្រីនៅតែបន្តកើតមាន ដោយសារតែការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចមួយចំនួនលម្អៀងទៅអ្នកមានលុយនិងមានអំណាច។

លោកស្រីបន្ត​ថា៖ «ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព ការដែលរុញករណីទាំងអស់នេះឱ្យមានចំណាត់ការទៅតាមនីតិវិធីច្បាប់ វាចាំបាច់មែនទែន ដើម្បីធានាថា ជនរងគ្រោះហើយនិងក្រុមគ្រួសាររបស់ពួកគេនឹងទទួលបាននូវយុត្តិធម៌។ ហើយក៏ជាសារមួយដែលបង្ហាញថា កម្ពុជាយើងមិនអត់ឱនចំពោះអំពើនៃការប្រើប្រាស់ហិង្សានិងការបៀតបៀន ហើយនិងបំពានផ្លូវភេទទៅលើស្ត្រីនិងក្មេងស្រីនោះទេ»។

អគ្គនាយករងទទួលបន្ទុកវិស័យកិច្ចការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រសួងបានយកចិត្តទុកដាក់និង​​ជួយជ្រោមជ្រែងស្វែង​រកយុត្តិធម៌ដល់កញ្ញា មាន ពេជ្ររីតា និង​ស្ត្រីផ្សេងទៀត​ជាច្រើនករណី ដែលរងគ្រោះដោយអំពើហិង្សា និងការបៀតបៀនឬ​រំលោភ​​ផ្លូវភេទ។

លោស្រីបញ្ជាក់​ថា៖ «យើងធ្វើមិនមែនតែមួយករណីហ្នឹងទេ យើងធ្វើសឹងតែគ្រប់ករណីទាំងអស់ហើយ យើងមានកិច្ចសហការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជួយស្វែងរកអន្តរាគមន៍​ ក៏ដូចជានីតិវិធីមួយចំនួនផងដែរ។ ពេលដែលយើងស្វែងរកភស្តុតាង ឬស្វែងយល់ពីអង្គហេតុមួយៗទៅ យើងនឹងធ្វើការស្វែងរកយុត្តិធម៌ឱ្យភាគីដែលរងគ្រោះ»។

នៅថ្ងៃទី១៣ ខែឧសភានេះ ចៅក្រមស៊ើបសួរ លោក កូយ សៅ បានចេញដីកាសម្រេចដាក់ឱ្យកញ្ញា មាន ពេជ្ររីតា (ជនត្រូវចោទ) បាននៅក្រៅឃុំបណ្តោះអាសន្ន តាមបណ្តឹងស្នើសុំនៅក្រៅឃុំ​​របស់មេធាវីរដ្ឋាភិបាលដែលការពារក្តីឱ្យ​ពិធីការិនីរូបនេះ។ ប៉ុន្តែកញ្ញាត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ​តាមផ្លូវតុលាការ និងត្រូវមានវត្តមានចំពោះមុខតុលាការ ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការនីតិវិធី ហាមមិនឱ្យប្តូរទីលំនៅបច្ចុប្បន្ន និងហាមចេញពីព្រំប្រទល់ដែនដីនៃប្រទេសកម្ពុជាជាដើម។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ រួមទាំងឧកញ៉ា ហេង សៀ លោក ឌួង ឆាយ និងលោក អ៊ុក កុសល​ និង​កញ្ញា មាន ពេជ្ររីតា បានទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើង​ក្នុង​បណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា អ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួនបានបញ្ចេញអារម្មណ៍តាមបណ្តាញសង្គម ដោយដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ហើយ​​ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ានិងពិធីការិនី ទាំងមិនបានដឹងច្បាស់ពីអង្គហេតុពិតប្រាកដនៃសំណុំរឿងនេះនោះ​ទេ ។

លោកបញ្ជាក់​​ក្នុងសារដូច្នេះថា៖ «ផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការសន្មតជាមុនថាគ្មានទោសមុនតុលាការ​សម្រេច យើងគួរទុកការងារនេះជូនសមត្ថកិច្ចនិងតុលាការធ្វើការស៊ើបអង្កេតនិងសម្រេចសេចក្តីក្នុងសំណុំ​រឿងនេះ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ពិតប្រាកដ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ភាគី​វិវាទ​ទាំងពីរ។ ហើយភាគីទាំងពីរនេះក៏បានប្តឹងទៅតុលាការរៀងៗខ្លួនរួចហើយដែរ ដើម្បីការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ដោយមានជំនួយផ្នែកច្បាប់ពីមេធាវីទាំងសងខាងផងដែរ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ម្នាក់ទៀត លោក គឹម សន្តិភាព អះអាងដែរ​ថា ក្រសួងយុត្តិធម៌​បានស្នើ​ទៅស្ថាប័ន​តុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

គួររំឭកថា ជម្លោះរវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បាន​​ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី​ឃើញវី​ដេអូរបស់កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាងពីសំណាក់​ឧកញ៉ា ហេង សៀ កាលពីថ្ងៃ៤ ខែឧសភា។

ពាក់ព័ន្ធនឹងករណីនេះ ឧកញ៉ា ហេង សៀ ក៏​បានប្តឹងកញ្ញា មាន ពេជ្ររីតា វិញផងដែរ ពីបទ «លួចមានស្ថានទម្ងន់​ទោស» ដោយចោទពិធីការិនីរូបនេះថាបាន​លួច​ទូរសព្ទ និងយកកាំបិតចុងស្រួចចាក់រូបលោក​ចំនួន២កាំបិត។ ក្រោយមក កញ្ញា មាន ពេជ្ររីតា ក៏បាន​ប្តឹងតបវិញ ដោយចោទ​ឧកញ៉ា​នោះថា បានបៀតបៀនផ្លូវភេទកញ្ញានៅក្នុងរថយន្ត។

រីឯអតីតស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ក៏ត្រូវបាន​រងការចោទកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ​ថា បានបៀតបៀនកេរ្តិ៍ខ្មាសមន្ត្រីនគរបាលជាស្ត្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ករណីនេះ ក្រសួងមហាផ្ទៃ បាន​សម្រេចដកតួនាទីនិងបន្ថយឋានន្តរសក្តិរបស់លោកពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មកត្រឹមវរសេនីយ៍ឯក (សក្តិ៥) វិញ ក្រោយពី​រកឃើញថា មន្ត្រីរូបនេះពិតជាបានបៀតបៀនកេរ្តិ៍ខ្មាសនគរបាលជាស្ត្រីនោះ​មែន។

ចំណែករឿងរបស់អតីតឧកញ៉ា ឌួង ឆាយ វិញ ត្រូវបានអតីតភរិយារបស់លោក គឺ​​អ្នកស្រី ដេត ម៉ាលីណា បង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានបង្ហាញពីសកម្មភាពលោក ឌួង ឆាយ ប្រើហិង្សាលើរូបគាត់​បណ្តាលឱ្យជាំជើង ជាំមុខ ជាំរង្វង់ភ្នែក និងរហែកអាវ ជាដើម។ តែយ៉ាងណា​​ លោក​ ឌួង ឆាយ ក៏បាន​បកស្រាយនិង​​ទទួលកំហុស ដោយ​​លោកថា ​រឿងនោះជារឿងចាស់កាលពីចុងឆ្នាំ២០២០។

ក្រោយមក យោងតាម​ព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលមានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានត្រាស់បង្គាប់​បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការច្បាប់លើបុគ្គលនោះនៅឡើយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ