មេធាវី​​​រដ្ឋា​ភិបាល​​កំពុង​សិក្សា​​សំណុំ​រឿង​​​​ពិធី​ការិនី​ម្នាក់​ ​ក្រោយ​​មាន​​បណ្តឹង​ចម្រូង​​ចម្រាស​ជាមួយ​​​​ឧកញ៉ា​

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រធានក្រុមមេធាវីការពារក្តីស្ម័គ្រចិត្ត​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រុម​ការងាររបស់ខ្លួនកំពុងសិក្សាពីអង្គហេតុនៃសំណុំរឿងរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលមានបណ្តឹងចម្រូងចម្រាសជាមួយ​ឧកញ៉ាមួយរូបនៅតុលាការ។

កាលពីថ្ងៃទី១១ ខែឧសភា កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យ​បណ្តឹងទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយប្តឹងលោកឧកញ៉ា ហេង សៀ ពីបទ «ប៉ុន​ប៉ង​រំលោភសេព​សន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស» ដែលបានប្រព្រឹត្តនៅក្នុងរថយន្ត កាលពី​អំឡុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១​​​។ បណ្តឹង​​ប្រ​​ឆាំង​​​​​​លោកឧកញ៉ា ហេង សៀ នេះកើតឡើងក្រោយពេល​នាងត្រូវបាននគរបាល​ខណ្ឌ​ទួល​​​​គោកចាប់​ខ្លួន​កាលពីថ្ងៃទី៨ ខែឧសភា។

ក្រោយមក នៅថ្ងៃទី១១ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញ ក៏បាន​សម្រេច​ឱ្យ​ឃុំខ្លួនតារាបង្ហាញម៉ូត និងជាពិធីកា​​រិ​នី​ទូរទស្សន៍ My TV រូបនេះ ក្រោយ​ពីមាន​បណ្តឹង​​របស់លោកឧកញ៉ា​ ហេង សៀ ក្រោម​បទ​ចោទ​ថា «លួចមាន​ស្ថាន​ទម្ងន់​ទោស»

តែយ៉ាងណា លោក គី តិច​ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ឱ្យដឹងនៅថ្ងៃទី១២ ខែឧសភានេះ​ថា ទាក់​ទង​រឿង​ក្តីមួយនេះ លោក​កំពុង​តែពិនិត្យ​លើបណ្តឹងរបស់​តារា​​បង្ហាញ​ម៉ូត និងជាពិធីការិនីទូរទស្សន៍ My TV រូបនេះ។ ប៉ុន្តែលោកអះអាងថា ជាលទ្ធផលយ៉ាងនោះនៅមិនទាន់ដឹងនៅឡើយទេ ព្រោះស្ថិតក្នុង​ដំណាក់​​​កាលស្រាវជ្រាវនិងអង្កេតនៅឡើយ។

លោកបន្ថែមថា ក្រោយ​​ពី​ទទួលបាន​​ដំណឹង​នេះ​ភ្លាម ក្រុមការងាររបស់ខ្លួនក៏ចាប់ផ្តើមពិនិត្យ ហើយក្នុងពេលជាមួយគ្នា​នេះ រូបលោកក៏​បាន​ជួបជាមួយ​​​​ម្តាយ​​របស់កញ្ញា មាន ពេជ្ររីតា ​ដើម្បី​ស្វែងរកព័ត៌មានបន្ថែមទាក់ទិនអង្គហេតុនៃសំណុំរឿងនេះ។​

លោកបន្ថែម​​ថា៖ ​«​សូម​​​​​​​បញ្ជាក់​ខ្លី​ ខ្ញុំស្ថិតក្នុងដំណាក់​កាល​ស្រាវ​ជ្រា​វ​ទេ!​​ ដោយ​បាន​ឃើញ​ព័ត៌មាន​នេះ​ភ្លាម ក្រុម​ខ្ញុំ​កំពុង​តែ​ធ្វើការស្រាវជ្រាវរកការពិត​ អ៊ីចឹង​ក្រៅ​​ពី​ហ្នឹង​​​ទៀត អត់​មាន​អីទេ»។

លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្តី ឱ្យដឹងថា ដោយសារ​ពេល​នេះ កញ្ញា មាន​ ពេជ្ររីតា មើលទៅហាក់មានសភាពតក់ស្លុត និងមិនបានផ្តល់​ចម្លើយ ទើប​តុលាការសម្រេចឃុំខ្លួ​ននាង​បណ្តោះអាសន្នសិន។ ហើយនៅថ្ងៃទី១២ ខែឧសភានេះ តុលាការ​​បន្ត​សាក​​​​​​សួរបន្ថែមទៀត ស្រប​ពេល​​នាងបានដាក់បណ្តឹងប្រឆាំងលោកឧកញ៉ា ហេង សៀ វិញ។

វីអូឌី ពុំអាច​​សុំ​ការ​​បំភ្លឺពី​លោក​ឧកញ៉ា ហេង សៀ បានទេ នៅថ្ងៃនេះ។

ចំណែកកញ្ញា មាន ពេជ្ររីតា ក៏ពុំអាចទាក់ទងបានដែរ ដោយ​​អ្នកទទួល​ទូរសព្ទ​ដែលមាន​នៅលើ​បណ្តឹងរបស់កញ្ញា ​បានឆ្លើយតបយ៉ាងខ្លីថា គេមិនអាចផ្តល់ព័ត៌មាន​ឱ្យបាន​ទេ។

យ៉ាងនេះក្តី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី១១ ខែឧសភា បាន​​ចេញ​​ដីកាបង្គាប់ឱ្យឃុំខ្លួនកញ្ញា មាន ពេជ្ររីតា បណ្តោះអាសន្ន​នៅ​មណ្ឌល​កែប្រែ«​ម២» រហូត​ដល់​មាន​​​​សេចក្តី​សម្រេច​​ថ្មី​ផ្សេងពីនេះ។

លោក កូយ សៅ បានសរសេរនៅ​ក្នុងដីកា​នេះទៀត​ថា ជន​ត្រូវ​ចោទត្រូវបានដាក់ឱ្យស្ថិត​នៅក្រោម​ការពិនិត្យពីបទ​ចោទ «លួចមានស្ថានទម្ងន់ទោស» ។ ដី​កា​បង្គាប់នេះបន្ថែមថា ជនសង្ស័យ​​ក្នុងសំណុំរឿងនេះបានយកកាំបិតចុងស្រួច​​ចាក់​​លើ​ជន​រងគ្រោះជាឧកញ៉ា ចំនួន២កាំបិត រួចយកទូរសព្ទដៃ១គ្រឿងម៉ាក IPhone 12 Pro។

វីអូឌី ពុំអាចសុំការបំភ្លឺបន្ថែមពាក់ព័ន្ធរឿងក្តីនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១២ ខែឧសភា ដោយលោកអះអាងថា សំណុំរឿងនេះបាន​បញ្ជូន​ដល់ដៃ​តំណាង​អយ្យការរួចហើយ។ ចំណែក លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាង​អយ្យការ ទទួល​​​ទូរសព្ទហើយបញ្ជាក់យ៉ាងខ្លីថាជាប់ប្រជុំ។

ចំណែកលោក អំ សំអាត នាយករងអង្គការលីកាដូ មានប្រសាសន៍ថា បើគេពិនិត្យ​ទៅ​លើ​ខ្លឹម​សារ​ច្បាប់ដែលបានកំណត់រួចហើយពីភាពល្អឥតខ្ចោះហើយ ពិតជាអាចជួយផ្តល់​យុត្តិធម៌​​​​សម្រាប់​​ជន​រងគ្រោះ​។ ប៉ុន្តែ​ផ្ទុយ​​ទៅវិញ លោកថា ដោយសារការអនុវត្តដែលមិនឈរ​លើ​​គោល​​ការណ៍​​តម្លាភាពនិងសុចរិត ជាពិសេសអ្នកប្រព្រឹត្តបទល្មើសមានខ្នងបង្អែក ឬជាមនុស្ស​ដែលមានឥទ្ធិពល ធ្វើឱ្យ​អ្នក​ដែល​​​​ត្រូវ​ទទួល​បាន​​យុត្តិធម៌តាមផ្លូវច្បាប់ ក្លាយ​ទៅជា​ជន​រង​គ្រោះ​ទៅវិញ​។

​​លោក អំ សំអាត បញ្ជាក់ថា កត្តានេះហើយ​បានជាកើត​មាន​អំពើ​​និ​ទណ្ឌ​ភាព​​បន្តចាក់​ស្រេះ​​កើត​​ឡើង ហើយ​ក្លាយ​​​​​​ជាបន្ទុកសម្រាប់សង្គម។

លោកបន្តថា៖ «​អាហ្នឹងហើយដែលវាតែងមាន​ការរិះ​គន់ថា ការអនុវត្តច្បាប់ផ្នែក​ខ្លះមាន​ស្តង់​ដារ​ពីរ​​នោះ​​ ការអនុវត្តដោយមិន​ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយក៏បង្កឱ្យ​​មានអំពើ​និទណ្ឌភាព។ អានេះដូចខ្ញុំលើកអ៊ីចឹង គឺច្បាប់អត់ចែងពីចរិត​វណ្ណៈ​​បែប​​ហ្នឹង​​ទេ​ តែអ្នកអនុវត្តទេ[ដែលតែងតែធ្វើឱ្យកើតមានអំពើនិទណ្ឌភាព]»។

ពាក់ព័ន្ធនឹងករណីហិង្សានិង​ការបៀតបៀនផ្លូវភេទទៅលើស្ត្រីនេះ កន្លងមក ក៏ធ្លាប់មាន​ករណីអតីតឧកញ៉ា លោក​ ដួង ឆាយ បាន​រងការចោទថាបានប្រើហិង្សាលើប្រពន្ធខ្លួន និង​ករណី​លោក​ឧកញ៉ា លាង ឃុន ជា​អគ្គនា​យក​​​ក្រុមហ៊ុន ជីព ម៉ុង ត្រូវបានស្រ្តីឈ្មោះ ឃុន ស្រីស្រស់ ចោទ​ថា បង្ខំរូបគេរហូត​អស់​ផ្លូវ​​ដើរ ក្រោយរស់នៅជាមួយគ្នា​មួយរយៈ ហើយ​ស្ត្រីរូប​នោះក៏​បាន​សម្រេច​ចិត្ត​សម្លាប់ខ្លួន​​ដោយ​លោត​ពី​លើ​អាគារ ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ