ក្រសួង​​ដក​​តំណែង​​ស្នង​ការ​​ខេត្ត​កំពង់ធំ​ ក្រោយ​​រក​​ឃើញ​ថា​​បាន​​បៀត​បៀន​​នគរ​បាល​​ស្ត្រី​​

លោក អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​តម្រង់​ទិស​ក្នុង​ការ​កសាង​ផែនការ​សកម្មភាព​ឆ្នាំ២០២០ អំឡុង​ថ្ងៃទី២៥ ដល់ ២៨ ខែឧសភា ឆ្នាំ២០២០។ (ស្នងការ​ដ្ឋាន​នគរបាល ខេត្តកំពង់ធំ​)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​បានសម្រេច​ដក​តំណែងលោក អ៊ុ​ក កុសល ពី​ស្នង​កា​រន​គរបាល​ខេត្តកំពង់ធំ ក្រោយពី​បាន​រក​ឃើញថា ​ស្នងការ​រូប​នេះពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍​ខ្មាស​ទៅលើ​មន្ត្រី​នគរបាល​ជា​ស្ត្រី។

កាលពី​ខែមុន មានការ​បែកធ្លាយ​នូវ​ពាក្យ​បណ្តឹង​មួយដែល​បាន​រៀបរាប់​ពី​ដំណើររឿង ដោយ​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ថា​បាន​បំពាន​កេរ្តិ៍​ខ្មាស​ទៅលើ​មន្ត្រី​នគរបាល​ជា​ស្ត្រី​នៅ​ខេត្តកំពង់ធំ​ជាច្រើន​នាក់ និង​ប្រើអំណាច​មិន​ឱ្យ​មន្ត្រី​នគរបាល​ទាំងនោះ​រើ​បម្រាស​ទៀតផង។

បន្ទាប់មក នៅ​ថ្ងៃទី១១ ខែសីហា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាលនិង​អភិបាលខេត្ត​កំពង់ធំ ពិនិត្យនិង​ធ្វើការ​ស៊ើបអង្កេត​រក​ការពិត​ចំពោះ​ករណីនេះ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ក្រសួង​បានសម្រេច​បញ្ចប់​តំណែងលោក អ៊ុ​ក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​បាន​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាលនិង​ព្រះមហាក្សត្រ ដើម្បី​ពិនិត្យនិង​ពិចារណា​ព្រះរាជទាន​និង​សម្រេច​បន្ថយ​ឋានន្តរស​ក្តិមន្ត្រី​រូប​នេះពី​ថ្នាក់​ឧត្តមសេនីយ៍​ទោ​(ផ្កាយ២​) មក​ជា​វរសេ​នីយ៍​ឯក​(សក្តិ៥​)វិញ​ផង​ដែរ។

លោកថា៖ «យើងបានបញ្ចប់តួនាទីគាត់[លោក អ៊ុក កុសល​]ពី​ស្នងការ​ខេត្តកំពង់ធំហើយ យើងបានបញ្ចប់តាមប្រកាស​របស់ក្រសួង​ដូចជាម្សិលមិញឬម្សិល​ម៉្ងៃ យើងទើបបោះត្រារួច»។

លោកបានបន្ថែមថា៖ «មិនត្រឹមតែបញ្ចប់មុខតំណែងទេ ក្រសួង​បានស្នើសុំទៅរដ្ឋាភិ​បាល ដើម្បី​បន្ថយឋានន្តរសក្តិពីរថ្នាក់ទៀតដែរ [ពីឧត្តមសេនីយ៍ទោមកវរសេនីយ៍ឯក] ប៉ុន្តែអាស្រ័យ​លើ​រដ្ឋាភិបាលលោក​សម្រេច។ ប៉ុន្តែ​មុននឹងមានការ​ដក [ឋានន្តរសក្តិ] សម្តេច​តេជោ [ហ៊ុន សែន] ក៏លោកត្រូវស្នើទៅព្រះករុណា [ព្រះមហាក្សត្រ​] ជាមុន​ដែរ»។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន បាន​ថ្លែង​បញ្ជាក់​ដែរ​ថា ក្រោយពី​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​បណ្តឹ​ងនោះ ក្រសួង​បាន​រក​ឃើញថា លោ​ក អ៊ុ​ក កុសល ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍​ខ្មាសទៅលើ​មន្ត្រី​នគរបាល​ស្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ពិតមែន។

លោក​បាន​បញ្ជាក់​ថា៖ «បន្ទាប់ពី​ការស៊ើបអង្កេត​មក យើង​ធ្វើការ​សន្និដ្ឋាន​ថា មានការ​បៀតបៀន​កេរ្តិ៍​ខ្មាស​ទៅលើ​នារី​រងគ្រោះ​មែន និង​បាន​ធ្វើ​សំ​ណើទៅ​ក្រសួង​[មហាផ្ទៃ​]សម្រេច ដោយ​ពិន័យ​រដ្ឋបាល​យ៉ាង​ធ្ងន់​បំផុត គឺទី១ ដក​ឋានៈ​ជា​ស្នងការ ទី២ ដក​ឋាន​ន្តរសក្តិ​ជា​ឧត្តមសេនីយ៍មក​នៅជា​មន្ត្រី​ធម្មតា​វិញ»។

តែ​យ៉ាងណា លោក​ នេត សាវឿ​ន បាន​បញ្ជាក់​ថា បើ​ទោះជា​លទ្ធផល​ស៊ើបអង្កេត​បាន​រក​ឃើញ​បែបនេះ​ក្តី ប៉ុន្តែ​សំណុំរឿង​នេះមិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារតែ​អាជ្ញាធរ​លំបាក​ក្នុង​ការ​ចងក្រង​ឯកសារនិង​ធាតុផ្សំ​នៃ​រឿង​ ដោយសារ​រឿង​នេះ​បាន​កើតឡើង​ជា​យូរឆ្នាំមកហើយ និង​ដើម្បី​ការពារ​សេចក្តី​ថ្លៃ​ថ្នូរ​បស់​ជនរងគ្រោះ​ជា​នគរបាល​ស្រ្តី​ទាំងនោះ​ផង​ដែរ។ 

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «កាលណា​ដាក់​ទៅ​តុលាការ ត្រូវ​មេធាវី​ដេញដោល ដើម្បី​ការពារ​ក្តី​ទាំង​សងខាង បើសិនណា​ដេញដោល​រឿង​នេះ គឺជា​ការ​អៀន​ខ្មាស​សម្រាប់​នារី​ជនរងគ្រោះឬក៏​នារី​ខ្មែរ​គ្រប់រូប ព្រោះ​រឿង​សុ​បិនអាក្រក់​កើតឡើង​ហើយ មិន​ចង់​យក​មក​សារ​ឡើងវិញ​ទេ នេះ​ហើយ​ជាគោល​បំណង​មួយ​ការពារ​ឥទ្ធិពល ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ ដែល​យើង​ត្រូវតែ​ធ្វើ​របៀប​នេះ អីចឹង​ហើយ​បាន​ជាស​ម្រេច​ចិត្ត​មិន​បញ្ជូន​ទៅ​ផ្លូវច្បាប់»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណីនេះពីលោក អ៊ុ​ក កុសល បានទេនៅ​ថ្ងៃនេះ។

ប៉ុន្តែលោក​ធ្លាប់​បាន​ប្រកាស​ច្រាន​ចោល​បណ្តឹង​ដែល​ចោទប្រកាន់​​រូបលោក​ កាលពី​ថ្ងៃទី១៣ ខែសីហា ដោយ​ថា បណ្តឹ​ងនោះត្រូវ​បាន​រៀបចំ​ដោយ​ជន​មួយ​ក្តាប់​តូច​ដែល​មានបំណង​ទម្លាក់​រូបលោក​ពី​តំណែង​ជា​ស្នងការ។

លោកស្រី រស់ សុភាព នាយិកា​ប្រ​តិប​ត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា យល់ថា ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ ដោយ​គ្រាន់តែ​ដក​តំណែ​ងនិង​ឋាន​ន្តរសក្តិ​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ខណៈ​ដែល​លោកស្រី​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ពី​សុវត្ថិភាព​ជនរងគ្រោះ។ 

លោកស្រី​ថា៖ «ចំណាត់ការ​នេះ ដែល​ដក​ឋានន្តរសក្តិ ហើយ​ការបញ្ឈប់​គាត់​ពី​ការងារ​ហ្នឹង វា​ជា​ទោសទណ្ឌ ប៉ុន្តែ​ខ្ញុំ​គិតថា នៅ​មិនទាន់​គ្រប់គ្រាន់ ពីព្រោះ​វា​មិនទាន់​បានឱ្យ​ស្ត្រី​ហ្នឹងទទួល​បាន​ភាព​យុត្តិធម៌ ហើយ​យើង​នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៃ​ជនរងគ្រោះ ដោយសារតែ​អាច​មានការ​គុំកួន»។

កាលពី​ថ្ងៃទី១២ ខែសីហា ក្រសួងមហាផ្ទៃបានសម្រេច​ផ្អាក​ការងារលោក​ឧត្តមសេនីយ៍​ទោ អ៊ុ​ក កុសល ពី​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំជា​បណ្តោះអាសន្ន និង​តម្រូវ​ឱ្យ​លោក​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី។

លោ​ក អ៊ុ​ក កុសល ក៏​ធ្លាប់​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដាក់​ពិន័យ​រដ្ឋបាល​ម្ដង​រួចហើយ​កាលពី​ខែមីនា ក្រោម​មូលហេតុខ្វះ​ការ​យកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រងនិង​ដឹកនាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ