លោក​ ឌួង​ ឆាយ​ ត្រូវ​បាន​ដក​គោរម​ងារ​ជា​ឧកញ៉ា

លោក ឌួង ឆាយ អំឡុងពេលចូលរួមពិធីសប្បុរសធម៌មួយកាលពីខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Duong Chay ឌួង ឆាយ)

ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ក្រោយពី​អតីតភរិយារបស់លោក ឌួង ឆាយ បង្ហោះវីដេអូដែល​ស្វាមីខ្លួន​ប្រើហិង្សាទៅលើរូបនាងនាពេល​កន្លងមក។

កាលពីថ្ងៃម្សិលមិញ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានទូលថ្វាយ​សំណើទៅព្រះមហាក្សត្រ​ ដើម្បីសុំបញ្ចប់​គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ តាម​សំណើរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុ​ន សែន ។

យោងតាម​ព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលមានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានត្រាស់បង្គាប់​បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ។

នៅក្នុងវីដេអូដែលអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១ បានបង្ហាញពីសកម្មភាពលោក ឌួង ឆាយ បានប្រើហិង្សាលើរូបគាត់​ បណ្តាលឱ្យជាំជើង ជាំមុខ ជំារង្វង់ភ្នែក និងរហែកអាវ ជាដើម។

តែយ៉ាងណា លោក​ ឌួង ឆាយ បានបកស្រាយតាមរយៈការឡាយ (Live) នៅលើទំព័រ​ហ្វេសប៊ុករបស់លោក កាលពីថ្ងៃ១៦ ខែមីនា ថារូបលោក​​ទទួលស្គាល់កំហុស​ថា ​ពិត​ជា​បានប្រើអំពើហិង្សាលើអតីត​ភរិយារបស់លោក​​ពិតមែន ប៉ុន្តែ​រឿងនោះជារឿងចាស់កាលពីចុងឆ្នាំ២០២០ ពីព្រោះក្រោយពីបង្កហិង្សា ពួកគេបានសម្រេចចិត្តលែងលះគ្នា។

លោក ឌួង ឆាយ ថ្លែងទៀតថា ដើមចមដែលនាំឱ្យរូបលោក​ប្រើអំពើហិង្សាលើអតីតភរិយាកន្លងមកនោះ ដោយសារតែរឿងជម្លោះផ្ទៃក្នុងគ្រួសារ ហើយអតីតភរិយា​បានរឹតត្បិតសេរីភាពរបស់លោក និងចង់ឱ្យលោកក្រៀវ​​ជាដើម។

ពាក់ព័ន្ធនឹងករណីហិង្សាលើស្ត្រីនេះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញ​​ ដោយ​ថ្កោលទោសចំពោះទង្វើរបស់លោក ឌួង ឆាយ ដែលប្រើអំពើហិង្សាក្នុងគ្រួសារលើអតីតភរិយារបស់​ខ្លួន គឺ​អ្នកស្រី ដេត ម៉ាលីណា ដែលវីដេអូ​នោះត្រូវបានអ្នកស្រីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១។

ក្រសួង​បាន​ចាត់ទុកអំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាព ជាអំពើមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ។ រីឯជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់និងសង្គម ហើយអ្នកដែលប្រព្រឹត្ត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ