វិភាគ​៖​ ជាតិ​​ចុះ​​ខ្សោយ​​ដោយ​​អ្នក​នយោ​បាយ​​ពឹង​​បរទេស​​ដើម្បី​​ឈ្នះ​​ខ្មែរ​​គ្នា​ឯង​​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

ការ​ច្បាំង​គ្នា​រវាង​ស្តេច​ខ្មែរ​ជំនាន់​មុន និង​សង្គ្រាមស៊ីវិល​រវាង​អ្នកនយោបាយ៣ទស​វត្សរ៍​ផ្តើម​ពីឆ្នាំ១៩៧០ដល់១៩៩៨ សុទ្ធតែ​មានការ​ទៅ​ពឹងពាក់​បរទេសដើម្បី​ច្បាំង​យកឈ្នះ​គ្នាឯង ​បាន​បង្ក​ឱ្យ​ពលរដ្ឋ​រាប់​លាន​នាក់​ស្លាប់និង​ការ​ខាត​បង់​ផ្សេង​ៗទៀត។

យើង​មិន​គិតដល់​ក្សត្រ​ជំ​នាន់​មុន​ៗទេ ​គឺ​គិត​ត្រឹម​រដ្ឋប្រហារ​ទម្លាក់​សម្តេច ​សីហនុ​ នៅ​ថ្ងៃទី១៨ ខែមីនា ​ឆ្នាំ១៩៧0 ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្នក់​ភ្លើងសង្គ្រាម ​ផ្ទៃក្នុង​បែកបាក់​គ្នា ហើយ​រំកិល​ខ្លួន​ចូល​ដល់​គ្រោះថ្នាក់​មួយ​កម្រិត​ទៀត​នៅ​ថ្ងៃ១៧ ខែ​មេ​សា ​ឆ្នាំ១៩៧៥ គឺ​ការ​កាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម លុះដល់​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ភាគី​ខ្មែរ​មួយ​ក្រុម​ដែល​មានការ​ជួយ​ជ្រោមជ្រែង​ពី​វៀតណាម ​វាយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។

ត្បិត​តែ​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ១៩៧៩ ប៉ុន្តែ​កម្លាំង​ក្រុម​ខ្មែរក្រហម​នៅតែ​តស៊ូ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ គឺ​ខ្មែរ​ច្បាំង​ជាមួយ​ខ្មែរ ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​បរទេស។

ក្នុង​ដំណាក់កាល​ចុងក្រោយ​ នៅពេល​ដែល​«គណបក្ស​សង្គ្រោះ​ជាតិ​»មាន​អ្នកគាំទ្រ​ជិត​ស្មើ​អ្នកគាំទ្រ​«គណបក្សប្រជាជន​កម្ពុជា» ហើយ​ត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ២០១៧មក ​ធ្វើ​ឱ្យ​ក្រុម​ទាំងពីរ​នៅតែ​ប៉ះទង្គិច​គ្នា​ខ្លាំង។ អ្នកគាំទ្រ​គណបក្សស​ង្គ្រោះ​ជាតិ​ នៅតែ​រង​ការ​ចាប់ខ្លួន​ជាបន្តបន្ទាប់ ​ហើយ​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ​នៅតែ​បន្ត​វាយប្រហារ​គ្នា​ ដោយ​ចោទ​គ្នា​ទៅវិញទៅមក​ថា ​ជា​ក្រុម«​ក្បត់ជាតិ»។

លោក សម រង្ស៊ី ចោទ​លោក​ ហ៊ុន សែន ថា ដឹកនាំ​ធ្វើ​ឱ្យ​ប្រទេស​ស្ថិតនៅ​ក្រោម​ចិននិង វៀតណាម ​ធ្វើ​ឱ្យពលរដ្ឋ​រងទុក្ខវេទនា នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​ជាតិ។ លោក ហ៊ុន សែន ចោទ​លោក សម រង្ស៊ី​ ថា មាន​អាមេរិក​នៅ​ពីក្រោយ ហើយ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ​បង្កចលាចល​ក្នុង​សង្គម។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០ ដោយ​សំដៅ​ប្រាប់​ទៅ​លោក​ សម រង្ស៊ី​ ថាបើ​ដាក់​គោលដៅ​រំលាយ​ក្រុម​គ្រួសារ​លោក ​គឺ​លោក​តស៊ូ​រហូត​រលាយ​ផែនដី

លោក ហ៊ុន សែន ថ្លែង​ថា៖ «បើ​ដាក់​គោលដៅ​បង្រួបបង្រួម​ខ្មែរ អូខេ! បើ​ដាក់​គោលដៅ​កម្ចាត់​ត្រកូល ហ៊ុន សូម​ផ្តាំ​ទៅ ទោះបី​រលាយ​ផែនដីក៏ ​ហ៊ុន សែន នៅតែ​តស៊ូ ផ្តាំ​ឱ្យ​ហើយ​! ឥលូវ មិនមែន​វ៉ៃ ហ៊ុន សែន ​ទេ! វ៉ៃត្រកូល ហ៊ុន ទាំងមូល។ អ៊ីចឹង តម្រូវ​ឱ្យ​ខ្ញុំ​មានរឿង​អី​ដែល​ត្រូវ​គិត»។

សាស្ត្រា​ចារ្យ​ផ្នែក​នយោបាយ​និង​ទំនាក់ទំនង​អន្តរជាតិ​ លោក ឯម សុវណ្ណ​រ៉ា ថ្លែង​ថា បច្ចុប្បន្ន​ ទាំង​អ្នកនយោបាយនិងទាំង​ប្រជាពលរដ្ឋ​ធម្មតា ​គឺ​មិន​ទុកចិត្ត​គ្នា​ទេ ទើប​នាំ​ឱ្យ​ពួក​គេ​មិន​ជ្រើសរើស​យក​ការចរចា​គ្នា​ដោយសន្តិវិធី​ពេល​មាន​បញ្ហា និង​មិនសូវ​ជួយគ្នា។

លោក ឯម សុវណ្ណ​រ៉ា៖ «សម្រាប់​ពលរដ្ឋខ្មែរ​យើង​ឥលូវនេះ វា​ខុសពី​អតីតកាល។ ពីអ​តី​តកាល​ពលរដ្ឋ​យើង​យក​អាសាគ្នា​ណាស់ គឺ​ពេល​មានធុរៈ​អី ចេះ​ជួយគ្នា ជួយ​ជ្រោមជ្រែង​គ្នា​គ្រប់​បញ្ហា តែ​បច្ចុប្បន្ន វប្បធម៌​យក​អាសាគ្នា​បាត់បង់ ដោយសារ​អី​? ដោយសារ​ពលរដ្ឋ​បាត់​ជំនឿ​ទុកចិត្ត​គ្នា នៅពេល​ដែល​ជួយ​គេ​ទៅ ភ័យ​បារម្ភ​រងគ្រោះ​ដល់​ខ្លួនឯង»។

លោក ឯម សុវណ្ណ​រ៉ា លើកឡើង​ថា បើ​អ្នកនយោបាយ​នៅតែ​បន្ត​​ពឹង​បរទេស​ពេល​មាន​បញ្ហា​នោះ ផលប្រយោជន៍​ជាតិនិង​ពលរដ្ឋ​នៅតែ​បន្ត​ខាតបង់​ទៅបរទេស។

លោក ឯម សុវណ្ណ​រ៉ា៖ «កាលណា​អ្នកនយោបាយ​នៅតែ​ប្រឈម​មាន​បញ្ហា​មិន​អាច​ដោះស្រាយ​ ក្នុងនាម​ជា​ពលរដ្ឋដែល​មាន​ឈាមជ័រ​ជាខ្មែរ​រួមគ្នា​ទេ នៅតែ​ពឹង​ឬរត់​ទៅ​រក​បរទេស​មក​ឱ្យ​ជួយ​ទេ បាន​អាច​ដោះស្រាយ​បាននោះ កម្ពុជា​បាត់​អត្ថ​ប្រយោជន៍​សម្រាប់​ជាតិ​យើង​ទាំងមូល ពលរដ្ឋ​បាត់​អត្ថ​ប្រយោជន៍ជាតិ​ហើយ អត្ថ​ប្រយោជន៍​ដែល​បាន​គឺ​បរទេស»។

សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ​ លោក សំបូរ ម៉ា​ណ្ណ​រ៉ា មានប្រសាសន៍​ថា តាំងពី​សម័យ​បុរាណ​មក ​ខ្មែរ​មាន​ទំនាក់ទំនង​ជាមួយ​បរទេស​ទាំង​ការ​ទំនាក់ទំនង​ដើម្បី​ពង្រឹង​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​ជាតិ និង​ការ​ពឹង​បរទេស​ដើម្បី​យកឈ្នះ​គ្នា។ លោក​បន្ត​ថា តាំងពី​ក្រោយ​សម័យ​អង្គរ​មក​ ខ្មែរ​មានការ​ពឹង​បរទេស​ដើម្បី​យកឈ្នះ​គ្នា​ ខ្មែរ​ចុះ​ខ្សោយ​ជាបន្តបន្ទាប់។

លោក សំ​បូរ ម៉ា​ណ្ណ​រ៉ា អំពាវនាវ​ឱ្យ​អ្នកនយោបាយ​សិក្សា​ពី​ប្រវត្តិសាស្ត្រឱ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំឱ្យ​ការ​ពឹង​ឬទំនាក់ទំនង​ជាមួយ​បរទេស​ នាំធ្វើ​ឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ជាតិខ្មែរ​ជា​បន្ត​ទៀត។

លោក សំបូរ ម៉ា​ណ្ណ​រ៉ា៖ «សូម​ពិ​ចារ​ណា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង ប្រទេស​យើង​នេះ គឺ​ទទួល​នូវ​ផលវិបាកដែល​កើត​ចេញពី​ការពឹងពាក់​បរទេស​ច្រើនដង​ណាស់​ ល្មម​យើង​ច្រើន​ឆ្អែត ល្មម​យើង​ដឹង​ហើយ។ អ៊ីចឹ​ងនៅ​ពេល​ដែល​យើង​ពឹង​បរទេស​ សូមកុំ​ភ្លេច​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ទទួល​បាន​ជំនួយ​ណាដើម្បី​យក​មក​អភិវឌ្ឍជាតិ ពង្រឹង​ស្ថិរភាព​នយោបាយ​ដើម្បី​សន្តិភាព។ សូមកុំ​យក​ជំនួយ​ណាដែល​យក​មក​បំពាក់​នូវ​មនោគមវិជ្ជា ចិត្តគំនិត​ប្រជាជាតិ​ខ្មែរយើង​ឱ្យ​ស្អប់[ឬ]ស្រឡាញ់»។

បើ​ពិនិត្យ​លើ​ការ​ពឹង​បរទេស​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ នៅក្នុង​សង្គម​ខ្មែរ​នៅតែ​មានការ​ជជែកគ្នា ដោយមាន​គំនិត​ខុសគ្នា​ចំពោះ​ព្រឹត្តិ​ការណ៍«៧មករា»។ ក្រុម​ទី១ យល់ថា វៀតណាម​ជា​អ្នកមានគុណ​ក្នុង​ការ​ជួយ​ជីវិត​ពលរដ្ឋខ្មែរ​ពី​ការ​កាប់សម្លាប់​ដោយ​របប​ខ្មែរក្រហម ដោយ​អះអាង​ថា បើ​គ្មាន​វៀតណាម​ជួយ​ទេ​ ពលរដ្ឋខ្មែរ​ត្រូវ​ស្លាប់​ទាំងអស់​ក្នុង​សម័យ​ខ្មែរក្រហម ហើយ​បើ​គ្មាន​វៀតណាម​ជួយ​ទេ ​ក៏​គ្មាន​អ្វី​ៗដូចសព្វថ្ងៃ​នេះ​ដែរ។

ប៉ុន្តែ​ក្រុម​មួយទៀត​ដែល​មាន​ទស្សនៈ​ផ្ទុយ​ អះអាង​ថា វៀតណាម​ចូល​វាយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ គឺ​វៀតណាម​មានបំណង​វាយ​យក​ទឹកដី​កម្ពុជា។ ក្រុម​នេះ​អះអាង​ថា បើ​វៀតណាម​ពិតជា​ចង់​ជួយ​កម្ពុជា​ដោយ​គ្រាន់តែ​បញ្ចប់​របប​ខ្មែរក្រហម​មែន ហេតុអ្វី​ក្រោយ​ថ្ងៃទី៧ ខែមករា​ ឆ្នាំ១៩៧៩ ដែល​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ហើយ​ នៅតែ​រក្សា​កងទ័ព ហើយ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​កម្ពុជា រហូតដល់​ឆ្នាំ១៩៨៩ នៅពេល​ដែល​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ទើប​ដក​កងទ័ព​ចេញ។

នៅ​ប៉ុន្មាន​ថ្ងៃមុន​ខួប៤២ឆ្នាំ​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​ផ្សព្វផ្សាយ​អត្ថបទ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ពី​កិច្ច​ខិតខំ​របស់​កងទ័ព​វៀតណាម​ក្នុង​ការ​ជួយ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​កាប់សម្លាប់​ខ្មែរក្រហម​ដែល​មាន​ចិន​នៅ​ពីក្រោយ។

នៅ​កម្ពុជា​បច្ចុប្បន្ន ​ស្ទើរគ្រប់​រាជធានី​ខេត្ត​បាន​សាងសង់​ស្តូប​រំឭក​ពី​គុណបំណាច់​របស់​វៀតណាម​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។

ដើម្បី​ចៀសវាង​អ្នកនយោបាយ​ខ្មែរ​បន្ត​ជាន់​ដាន​ចាស់​ពឹង​បរទេស​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍ជាតិ​បន្ត​ទៀត លោក សំបូរ ម៉ា​ណ្ណ​រ៉ា រំឭក​ឱ្យ​អ្នកនយោបាយ​រៀន​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ដឹងពី​កំ​ហុស​អតីត​កាល។ ចំណែក​លោក ឯម សុវណ្ណ​រ៉ា លើកឡើង​ថា ដើម្បី​ឱ្យ​ខ្មែរ​ជឿជាក់​គ្នា​ឈប់​ពឹង​បរទេស​ដើម្បី​យកឈ្នះ​គ្នា​ទៀត គឺ​ត្រូវ​បង្កើត​ប្រព័ន្ធ​ច្បាប់​មួយ​ឱ្យ​រឹងមាំឱ្យ​ខ្មែរ​គ្រប់​ភាគី​ជឿជាក់ និង​ប្រើ​ច្បាប់​នោះ​ដោះស្រាយ​ពេល​មាន​បញ្ហា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ