លោក ហ៊ុន សែន ថ្លែង​ថា លោក​ស្វាគមន៍​នយោបាយ​បង្រួប​បង្រួម​ខ្មែរ​ដែល​មិន​កម្ចាត់​ត្រកូល ហ៊ុន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រូបពីហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​ស្វាគមន៍​ការ​បង្រួប​បង្រួម​រវាង​ក្រុម​អ្នក​នយោបាយ​កម្ពុជា ប៉ុន្តែ លោក​ព្រមាន​ថា ការ​បង្រួប​បង្រួម​នយោបាយ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ ប្រសិន​បើ​គូ​ប្រជែង​នយោបាយ​មាន​បំណង​កម្ទេច​ក្រុម​គ្រួសារ​លោក។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ថ្លែង​បែប​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នៅ​ឯ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «បើដាក់គោលដៅបង្រួបបង្រួមខ្មែរ អូខេ។ បើដាក់គោលដៅកម្ចាត់ត្រកូល ហ៊ុន សូមផ្តាំទៅ ទោះបីរលាយផែនដី ក៏ហ៊ុន សែន នៅតែតស៊ូ ផ្តាំឱ្យហើយ! ឥឡូវ មិនមែនវៃ ហ៊ុន សែនទេ វៃត្រកូល ហ៊ុន ទាំងមូល។ អ៊ីចឹង តម្រូវឱ្យខ្ញុំមានរឿងអីដែលត្រូវគិត»

លោក ហ៊ុន សែន ដែល​កាន់​អំណាច​អស់​រយៈ​ពេល ៣៥​ឆ្នាំ​មក​ហើយ​នោះ ថ្លែង​បន្ត​ថា លោក​មិន​គាំ​ទ្រ​នូវ​ការ​ប្រើ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​និយាយ​កាល​ពី​ឆ្នាំ​២០០៣​កន្លង​មក​ថា«បើ​ស៊ី អត់​សែន» ឬ «មាន​សែន អត់​ស៊ី»

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បញ្ជាក់ថា អ្នកនយោបាយរូបណាដែលពាក់ព័ន្ធផ្លូវច្បាប់ ត្រូវធ្វើតាមផ្លូវច្បាប់ឱ្យបានចប់សព្វគ្រប់មុននឹងធ្វើការចចារនយោបាយ ដោយ​ថា មិនអាចធ្វើការចចារនយោបាយមុនអនុវត្តច្បាប់នោះទេ៕

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជុំ​វិញ​បញ្ហា​នយោបាយ​នោះ ប្រាប់​ថា ដំណាក់កាលនេះ ការចចារនយោបាយ​ស្ថិតនៅក្នុងដៃមេដឹកនាំបក្សកាន់អំណាច​។ បើលោក ហ៊ុន សែន ចង់ឱប្រទេសជាតិរីកចម្រើន និងមានសន្តិភាពពិតប្រាកដ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ត្រូវយកបញ្ហាដាក់លើតុជជែកគ្នាជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង។

ទាក់ទងនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា អ្នកនយោបាយខ្មែរមួយចំនួនចង់កម្ចាត់ត្រកូល«ហ៊ុន»​នោះ លោក សុវណ្ណារ៉ា ប្រាប់​ថា មិនជាប់ពាក់ព័ន្ធនឹងមន្ត្រី ឬថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ។ លោកអះអាងថា កន្លងមកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែថ្លែងថា មិនយកខ្មែរណាធ្វើជាសត្រូវនោះទេ។

លោក មាជ សុវណ្ណារ៉ា ប្រាប់ថា៖ «អំណាចនៅលើបក្សកាន់អំណាច។ អ៊ីចឹង បក្សកាន់អំណាចជាអ្នករកច្រកក្នុងការជជែកគ្នា ប៉ុន្តែ កុំឱមានការបាក់មុខ បាក់មាត់ដល់គ្នា គឺយើងអាចទទួលយកគ្នាបានក្នុងកម្រិតណាៗ គឺជាការរកដំណោះស្រាយជជែកគ្នារវាងអតីមេបក្សសង្គ្រោះជាតិ លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ។ ក្រុមការងារជជែកចចារគ្នា បោះដៃរកគ្នាទៅ បានវាចេញជាចំណុចរកដំណោះស្រាយ។ យើងឯកភាពជាតិគ្នា ដើម្បីឱ្យមានគណបក្សប្រឆាំងឡើងវិញក្នុងសង្គមប្រជាធិបតេយ្យ»

ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ចាប់​ផ្ដើម​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល ហើយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដល់​ទៅ ១១៨​រូប ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។ ចំណែក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ឃុំ និង​បន្ត​ស្ថិត​ក្រោម​បណ្ដឹង​ចោទ​ពី​បទ​«ក្បត់​ជាតិ»​នៅ​តុលាការ។

ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​នេះ បាន​កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ដែល​បង្ហាញ​ថា បក្ស​ប្រឆាំង​ឈ្នះ​បាន​អាសនៈ​​ប្រហាក់​ប្រហែល​ទៅ​នឹង​បក្ស​កាន់​អំណាច និង​បាន​កើត​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​មិន​ទាន់​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូវ​ដំណោះ​ស្រាយ​រវាង​អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នោះ​ឡើយ ប៉ុន្តែ លោកថា ដំណាក់កាលនេះ អ្នកនយោបាយ ត្រូវធ្វើយ៉ាងណាឱ្យប្រទេសជាតិរីកចម្រើន និងការពារប្រយោជន៍ជាធំ ទើបទទួលបានផលវិជ្ជមាន។

លោក ឯម សុវណ្ណារ៉ា ប្រាប់ថា៖ «ទស្សនៈខ្ញុំផ្ទាល់អ្នកនយោបាយប្រឆាំងគ្នា ប្រឆាំងទៅ ប៉ុន្តែត្រូវរក្សាផលប្រយោជន៍ជាតិឱ្យបានជូនប្រទេសជាតិ ទើបអាចប្រទេសមាននិរន្តរភាព បើធ្វើនយោបាយដើម្បីប្រឆាំងអ្នកនយោបាយនិងអ្នកនយោបាយ ធ្វើឱ្យជាតិប៉ះពាល់ មិនមែនអ្នកនយោបាយវ័យឆ្លាតទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ