រដ្ឋា​ភិបាល​​ចាត់​ទុក​​ថ្ងៃ​កំណើត​​ចលនា​តស៊ូ​ ២ធ្នូ និង​៧មករា​​ជា​​«សច្ចធម៌​​ប្រវត្តិ​សាស្ត្រ»

លោក ហ៊ុន សែន នៅក្នុងទិដ្ឋភាពការប្រារព្ធខួប៧មករា ខួបលើកទី៤០ឆ្នាំ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ ជន ចាន់រ៉ែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ខួប៤២ឆ្នាំ​ នៃ​ថ្ងៃកំណើត​ចលនាតស៊ូ​បណ្តេញ​របប​ខ្មែរក្រហម​ចេញពី​អំណាច បាន​រំឭក​ថា ប្រជាជន​កម្ពុជា​គ្រប់រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត «​រណសិរ្ស ២ធ្នូ» និង​ «ជ័យជម្នះ ៧មករា» ទេ​នោះ ក៏​គ្មាន​អ្វី​ៗដូច​ថ្ងៃនេះ​ដែរ ដែល​លោក​ថា «នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្ដិសាស្ដ្រ»

មេដឹកនាំ​រូប​នេះ​លើកឡើង​បែបនេះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ថ្ងៃទី២ ខែធ្នូ​នេះ គឺជា​ខួប៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍។ ចល​នា​នេះ​កើតឡើង​នៅ​ឆ្នាំ១៩៧៨ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ជា​ខេត្ត​ជាប់​ប្រទេស​វៀតណាម។

លោក​រំឭក​ថា ចលនា​នេះ​កើតឡើង​ដោយ​កម្លាំង​មហាសាមគ្គី​ក្នុងនិង​ក្រៅប្រទេស និង​មេដឹកនាំ​ជាន់ខ្ពស់​បច្ចុប្បន្ន​មួយចំនួនដូចជា​ លោក ហេង សំ​រិន លោក ​ជា ស៊ី​ម និង​រូបលោក​ជាដើម រួម​ទំាង​វីរជន​ស្នេហាជាតិ​ជា​ច្រើន​រូប​ទៀត បាន​រៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យ​ជម្នះលើ​របប​នេះ នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

មេដឹកនាំ​បក្ស​កាន់អំណាច​រូ​បនេះ បាន​គូសបញ្ជាក់​ថា មហា​ជ័យជម្នះ ៧ មករា ១៩៧៩ បា​នប​ពា្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុតដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​បាន​ទទួល​មកវិញ​នូវ​សិទ្ធិ​សេរីភាពនិង​ឱកាស​ដើម្បី​ស្ដារ​កសាង​មាតុភូមិ​របស់​ខ្លួន​ឡើងវិញ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន រៀបរាប់​ថា៖ «ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២ធ្នូ និង​ជ័យជម្នះ៧មករា​ទេ នោះ​ក៏​គ្មាន​អ្វី​ៗដូច​ថ្ងៃនេះ​ដែរ។ នេះ​គឺជា​សច្ចធម៌នៃ​ប្រវត្ដិសាស្ដ្រ»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា យល់ឃើញ​ខុសពី​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី។

លោក មាជ សុវណ្ណារ៉ា ប្រាប់​ថា៖ «សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មើលឃើញ​ថា ថ្ងៃ​ទាំងពីរ​ហ្នឹង ថ្ងៃ២ធ្នូ និង ៧មករា ជា​ការដែល​ខ្មែរ​បែកបាក់ ​ដណ្តើម​អំណាច​គ្នា​ ដោយ​សង្គ្រាម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ […] ហើយ​គណបក្សប្រជាជន​កម្ពុជា​ហ្នឹង វា​កើត​ចេញពី​ជម្លោះ​នយោបាយ​នៃ​សង្គ្រាម​ក្នុង​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម»។

លោក​បន្ត​ថា ថ្ងៃ៧មករា បាន​ផ្តួល​រំលំ​របប​ខ្មែរក្រហម តែ​បង្កើត​សង្គ្រាម​ជាមួយ​ខ្មែរ៣ភាគី​ទៀត​នៅ​ជាយដែន​ថៃ ដែល​លោក​ថា ក្នុង​នោះ​មាន​ទាំង​ភាគី​សម្តេច​ព្រះ​នរោត្តម សីហនុ ផង​ដែរ តែថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ចាប់បង្ខំ​ខ្មែរ​គ្រប់​ភាគី​ជម្លោះ ឱ្យ​ទម្លាក់អាវុធ ចាប់​យក​ការ​បង្រួបបង្រួម​ជាតិ​រហូត​បច្ចុប្បន្ន។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា ថ្ងៃ៧មករា និង​ថ្ងៃ២៣តុលា មាន​អត្ថ​ន័យ​ខុស​ៗគ្នា​ជា​ប្រវត្តិសាស្ត្រ ដោយ​ថា ថ្ងៃ៧មករា ជា​ថ្ងៃ​ផ្តួល​រំលំ​របប​ខ្មែរក្រហម ប៉ុន្តែមិន​មាន​យន្តការ​ជំរុញ​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដូច​បច្ចុប្បន្ន​ទេ។

លោក អំ សំអាត ប្រាប់​ថា៖ «ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ ប្រទេស​កម្ពុជា​យើង​បាន​វិវត្ត​ពី​សម័យ​អន្តរកាល​ មក​ជា​ប្រទេស​ដែល​ប្រកាន់​របប​រាជា​និយម​ទី២ ឱ្យ​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុ​ណ្ណ​រ៉ា មានប្រសាសន៍​ថា ចលនា២ធ្នូ ជា​ថ្ងៃ​ដែល​វៀតណាម​មក​ជួយ​រំដោះ​កម្ពុជា​ចេញពី​របប ប៉ុល ពត ប៉ុន្តែអង្គការសហប្រជាជាតិ​មិន​ផ្តល់​អាសនៈ​ឱ្យ​កម្ពុជា​ទេ ដោយ​គេ​ចាត់ទុកថា វៀតណាម​ឈ្លានពាន​កម្ពុជា។

លោក​បន្ត​ថា ក្រោយ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា អង្គការ​សហ​ប្រជា​តិ​ព្រម​ប្រគល់​អាសនៈ​មក​ឱ្យ​រដ្ឋា​ភិ​បា​លកម្ពុ​ជារ​ហូត​បច្ចុប្បន្ន ព្រមទាំង​ផ្តល់​ជំនួយ​ផ្សេង​ៗទ្រទ្រង់​ដល់​ការអភិវឌ្ឍជាតិ។

លោក ឯម សុវណ្ណ​រ៉ា ប្រាប់​ថា៖ «ថ្ងៃ២ធ្នូ ជា​ថ្ងៃកើត​មុន។ ថ្ងៃ២៣តុលា គឺជា​ថ្ងៃមួយ​សម្រាប់​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សំខាន់​ជាង ២ធ្នូ ប៉ុន្តែត្រូវ​បាន​គេ​បំភ្លេច​ចោល​ហើយ។ ការ​នេះ​ជា​ការគួរ​ឱ្យ​សោក​ស្តាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា»។

បន្ថែម​ពីនេះ លោក​ថា ថ្ងៃ២៣តុលា​នេះ ​ក៏បាន​លុបចោល​សន្ធិសញ្ញា​មួយចំនួន​ដែលគេ​គិតថា វៀតណាម​បាន​រំលោភបំពាន​បូរណភាពទឹកដី​ ដូចជា ​សន្ធិសញ្ញា១៩៨២-៨៣​-៨៥ ដែល​លោក​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លេច​បាន ដែលគេ​ចារ​ជា​លក្ខណៈ​ជាតិនិង​អន្តរជាតិ។

ថ្ងៃ២៣តុលា ត្រូវ​បាន​រដ្ឋាភិបាល​លុបចេញ​ពី​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​ជា​លើក​ទី២កាលពី​ឆ្នាំមុន តាម​ការ​ត្អូញ​ត្អែ​រពី​ភាគី​រោងចក្រ ដែល​ថា កម្ពុជា​មាន​ថ្ងៃបុណ្យ​ឈប់សម្រាក​ច្រើនពេក បង្ក​ផល​ប៉ះពាល់​ដល់​មុខ​ជំនួញ​របស់​ពួក​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ