លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានច្រានចោលជាថ្មីចំពោះការស្វះស្វែងរកការចរចានយោបាយពីសំណាក់ក្រុមអតីតគណបក្សប្រឆាំង ខណៈដែលលោកថា លោកមិនអាចអត់ឱនឱ្យបានឡើយចំពោះអ្នកដែលចោទប្រកាន់ទៅលើក្រុមគ្រួសាររបស់លោកថា ជាប់ពាក់ព័ន្ធជាមួយមេដឹកនាំវៀតណាម។
នៅក្នុងការថ្លែងសារពិសេសពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា និងស្ថានការណ៍ថ្មីៗនៅកម្ពុជា ចេញពីទីក្រុងតាខ្មៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលចំពោះការសុំចរចាពីក្រុមអតីតបក្សប្រឆាំងដែលលោកមិនបញ្ចេញឈ្មោះ ខណៈលោកថា កន្លងមក អ្នកទាំងនោះបានប្រកាសពីការចង់ផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែឥលូវបែរជាមកចង់ចរចាទៅវិញ។
លោកបន្តថា គ្មានការចរចានយោបាយណាមួយត្រូវធ្វើឡើងនោះទេ ដរាបណាពួកគេមិនទាន់ត្រូវបានតុលាការកាត់ទោសនោះ។ មួយវិញទៀត លោកថា ការចោទប្រកាន់កូនប្រុសនិងភរិយារបស់លោក ថាជាកូននិងភរិយារបស់មេដឹកនាំវៀតណាមនាពេលកន្លងមកនេះ ជារឿងមួយដែលលោកមិនអាចទទួលយកបាននិងមិនអាចអត់ឱនឱ្យបានឡើយ ហើយករណីនេះ លោកស្នើសុំចិត្តមិត្តភក្តិបរទេសកុំឱ្យចូលឡូកឡំ។
លោកថា៖ «ការប្រមាថប្រពន្ធនិងកូនរបស់ខ្ញុំ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត ឱ្យជនបរទេសស្តាប់ឱ្យបាន ការប្រមាថមួយនេះខ្ញុំមិនអត់ឱនឱ្យទេ! ស្តាប់ឱ្យបាន ភាសាខ្មែរ មិនអាចយោគយល់បាន មិនអាចទទួលបាន និងមិនអាចអត់ឱនបាន ភាសាបីនេះគឺខុសគ្នា។ ភាសាមិនអាចអត់ឱនបាន មានន័យថា ចប់ហើយ! មិនអាចរកឃើញនូវការយោគយល់ណាមួយបានទេ មានមួយអត់មួយអញ្ចឹង រឿងនេះរឿងធំសម្រាប់ខ្ញុំ»។
កន្លងទៅ អតីតមន្ត្រីបក្សប្រឆាំងមួយរូបដែលរស់នៅក្រៅប្រទេស បានសរសេរសារបង្ហោះលើបណ្តាញសង្គមថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់មេដឹកនាំវៀតណាម ហើយភរិយារបស់លោកជាភរិយារបស់មេដឹកនាំវៀតណាម។
ការចោទប្រកាន់នេះបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មជាខ្លាំង ប៉ុន្តែក្រោយមក មេដឹកនាំអតីតគណបក្សប្រឆាំងពេលនោះបានប្រកាសថា បុរសដែលបានសរសេរចោទប្រកាន់នោះត្រូវបានបញ្ឈប់ពីសមាជិកបក្សភ្លាមៗផងដែរ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រី បានធ្វើឡើងស្របពេលដែលអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានប្រកាសពីគម្រោងវិលចូលកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ ដើម្បីតតាំងរឿងក្តីនៅតុលាការពាក់ព័ន្ធបទចោទ «ឧបឃាត» ឬ «ក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាល»។
លោកស្រី មូរ សុខហួរ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហាញការខកចិត្តចំពោះជំហរនយោបាយរបស់ប្រមុខរដ្ឋាភិបាល ដោយថា មេដឹកនាំនយោបាយគួរតែហ៊ានតម្កល់ប្រយោជន៍ជាតិខ្ពស់ជាងប្រយោជន៍ក្រុមគ្រួសារ។
លោកស្រីថា៖ «បុគ្គលដែលបញ្ចេញមតិ គេត្រូវទុកដោយឡែក ប៉ុន្តែផលប្រយោជន៍ជាតិ គេទុកជាធំ ហើយព្រឹកមិញក៏ចាប់ [ចាប់សកម្មជនក្នុងប្រទេស] ម្សិលមិញក៏ចាប់ ចាប់យកទាំងអស់ទៅ ហើយបើចាប់បានប៉ុណ្ណឹងហើយ សម្តេចលោកចង់បានអីទៀត។ តើលោកការពារគ្រួសារឬមួយយកជាតិជាធំ យើងខ្ញុំសុខចិត្តចូលពន្ធនាគារ ប៉ុន្តែសុំឱ្យជាតិរស់ ដោះស្រាយគ្មានអ្វីក្រៅពីការជជែកគ្នា ដើម្បីរកដំណោះស្រាយទេ ព្រោះយើងខ្មែរតែមួយទេ»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ច្រកចេញនៃជម្លោះនយោបាយរបស់កម្ពុជាមានតែយន្តការអន្តរជាតិប៉ុណ្ណោះ ដោយថា យន្តការខ្មែរនិងខ្មែរ លែងទៅរួចហើយ ព្រោះគណបក្សកាន់អំណាចពេលនេះបានគ្រប់គ្រងស្ថានការណ៍ស្ទើរមួយរយភាគរយ។
មួយវិញទៀត លោកថា បក្សកាន់អំណាច ហាក់ដឹងមុនថា ការងើបឡើងវិញរបស់អតីតគណបក្សប្រឆាំងនៅពេលនេះ ជាហានិភ័យមួយដល់អំណាចរបស់ខ្លួន។
លោកថា៖ «យន្តការអន្តរជាតិ វាមានការពាក់ព័ន្ធទៅនឹងការផ្តល់អត្រាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA និង GSP របស់សហរដ្ឋអាមេរិក អង់គ្លេស និងមានច្បាប់ដែលគេអាចដាក់ទណ្ឌកម្មផ្សេងៗ ជាយន្តការមួយអាចឱ្យអ្នកដែលគេហៅថា មិនបើកលំហប្រជាធិបេយ្យហ្នឹង អាចបើកលំហឡើងវិញបាន ហើយកាលណាលំហនេះបើកឡើងវិញ [អតីត] គណបក្សប្រឆាំងរស់ឡើងវិញហើយ នេះជាយន្តការទូទៅ»។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងគ្រប់គ្រងអំណាច បានគូសបញ្ជាក់នៅថ្ងៃនេះដែរពីភាពរឹងមាំនៃចំណូលថវិកាជាតិសម្រាប់ទ្រទ្រង់រដ្ឋបាលរបស់លោក ខណៈកម្ពុជាកំពុងប្រឈមជាមួយសម្ពាធអន្តរជាតិនិងវិបត្តិកូវីដ១៩។
លោកគូសបញ្ជាក់ថា គិតត្រឹមម៉ោង៥ល្ងាចថ្ងៃម្សិលមិញ កម្ពុជាមានសាច់ប្រាក់សន្សំជាង៣ពាន់លានដុល្លារដែលតម្កល់ទុកសម្រាប់ចំណាយ ខណៈទុនបម្រុងអន្តរជាតិផ្លូវការរបស់កម្ពុជា មានជាង២០ពាន់លានដុល្លារ ក្នុងនោះបរិមាណមាសសរុប៤៤តោន៤០០គីឡូ (ក្នុងនោះ ១២តោន៤០០គីឡូ ជាមរតករបស់សម្តេចតា តម្កល់នៅប្រទេសស្វីស, ១៧តោន តម្កល់ទុកនៅធនាគារកណ្តាលប្រទេសអង់គ្លេស និង១៥តោនតម្កល់នៅធនាគារជាតិកម្ពុជា)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ការនាំចេញរបស់កម្ពុជានៅឆ្នាំនេះបានកើនឡើងជាង១៦ភាគរយ គិតជាទឹកប្រាក់ជិត១៦ពាន់លានដុល្លារ ទោះជាកម្ពុជាជួបវិបត្តិកូវីដ១៩ក៏ដោយ៕