មន្ត្រីថាការធ្វើយុទ្ធនាការលើបណ្តាញសង្គមមិនអាចការពារ​សកម្មជនបរិស្ថានពីអំពើល្មើសបានទេ

សកម្មជននិងអ្នកស្រឡាញ់បរិស្ថាន កាន់ក្រដាសមួយសន្លឹកអមដោយរូបភាពសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ទាំងនោះ។ (CYN)

​មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ​លើកឡើងថា ​យុទ្ធនាការទាមទារឱ្យ​មា​ន​ការដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៦រូប មិន​អាចការពារដល់ជនជាប់ចោទបានឡើយ ប៉ុន្តែជាការបិទបាំងអំពើល្មើសច្បាប់របស់ពួកគេតែប៉ុណ្ណោះ។ 

រដ្ឋលេខាធិការ និងជា​​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ វីអូឌី កាលពីថ្ងៃចន្ទម្សិលមិញ​ថា ការធ្វើយុទ្ធនាការទាមទារឱ្យ​​មានការដោះលែងសកម្មជនបរិស្ថាន​​តាមបណ្តាញ​ស​ង្គមពីសំណាក់អង្គការសង្គមស៊ីវិលនិងក្រុមយុវជនស្រឡាញ់បរិស្ថានមួយក្តាប់តូចនោះ​ តែង​​តែចង់​​ភ្ជាប់សកម្មភាពបទល្មើស សកម្មភាពការពារបរិស្ថាន និងសកម្មភាពសិទ្ធិមនុស្ស ដើម្បីបិទបាំងអំពើល្មើសច្បាប់របស់ពួកគេ។ យ៉ាងណា លោក​ថា យុទ្ធនាការនោះនឹងមិនអាចជួយអ្វីដល់ពួកគេទាំងនោះបានឡើយ។ ​

លោកបន្តថា«សកម្មភាពបែបនេះមិនអាចការពារដល់ជនជាប់ចោទបានទេ ដរាបណាគាត់បង្ហាញឬមានមូលដ្ឋានភស្តុតាងសក្ខីកម្មរឹងមាំតាមផ្លូវច្បាប់ក្នុងការដោះបន្ទុក អាហ្នឹងទើបជាមធ្យោបាយ​ស្របច្បាប់ដែលអាចការពារបាន»។

មន្រ្តីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ​ថាការធ្វើយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុកនេះ ជាការបង្ហាញស្មារតីសាមគ្គីភាពនិងស្របទៅតាមរដ្ឋធម្មនុញ្ញដែលធានាពីសិទ្ធិសេរីភាពនៅក្នុងការសម្តែងមតិតែប៉ុណ្ណោះ។ លោកនៅតែថ្លែងការពារក្រុមសកម្មជនបរិស្ថានដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់​ទាំង៦រូបនោះថា សកម្មភាពពួកគេ​ធ្វើកន្លងមកជារឿងស្របច្បាប់និងជាការស្រឡាញ់បរិស្ថានតែប៉ុណ្ណោះ។ 

លោក ម៉ាឡា បញ្ជាក់ថា៖ «យុវជនដែលត្រូវចាប់ខ្លួននេះ ពួកគាត់ស្អាតស្អំ មិនបានប្រព្រឹត្តកំហុស​ដូចដែលចោទប្រកាន់កន្លងមកទេ។ បើសិនយើងមើលសកម្មភាពដែលពួកគាត់បានធ្វើកន្លងមក ក្រៅពីការផលិតវីដេអូដើម្បីតស៊ូមតិឬចុះទៅសម្ភាសជាមួយប្រជាពលរដ្ឋជនរងគ្រោះផ្ទាល់ ការធ្វើយុទ្ធនាការផ្សេងៗទៀត គឺសុទ្ធតែដើម្បីបម្រើដល់សង្គមជាតិនិងចូលរួមចំណែកផ្តល់មតិយោបល់ស្ថាបនា មិនមែនជាអំពើដើម្បីគប់គិតគ្នាក្បត់ជាតិឬក៏ប្រឆាំងទៅរដ្ឋអំណាចឡើយ»។

​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) លោក​ ស៊ឹង សែនករុណា​ មាន​ប្រសាសន៍​ថា ការលើកឡើងរបស់មន្ត្រី​ក្រសួងយុត្តិធម៌ មិនឆ្លុះបញ្ចាំងពីការពិតទេ។ លោកថា​ ​យុទ្ធនាការរបស់ក្រុមអង្គការសង្គមស៊ីវិលនិងយុវជន ធ្វើឡើង​ដោយសារពួកគេយល់ឃើញថាបច្ចុប្បន្ននេះនៅក្នុងសង្គមកម្ពុជា​មាន​អំពើអយុត្តិធម៌​ជាច្រើនដែលកើតចេញពីប្រព័ន្ធនៃការអនុវត្តច្បាប់​។

លោកបន្តថា៖​ «មានអង្គការគម្រោងឃ្លាំមើលយុត្តិធម៌សង្គមអន្តរជាតិ បានធ្វើការវាយ​តម្លៃទៅលើបញ្ហាអយុត្តិធម៌សង្គម​នៅប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេស១២៨ ក្នុងឆ្នាំ២០២០។ អ៊ីចឹង​កម្ពុជាតម្រូវឱ្យ​​មានការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹង វែងឆ្ងាយតទៅទៀត»។

លោក ស៊ឹង សែនករុណា បន្តថា ការចូលរួមរបស់សកម្មជននិងសង្គមស៊ីវិលជាផ្នែកមួយជំរុញឱ្យ​​មាន​យុត្តិធម៌សម្រាប់សកម្មជនបរិស្ថានទាំងនោះ ហើយក៏ជាមធ្យោបាយមួយធ្វើឱ្យ​​ភាគីពាក់ព័ន្ធទាំងអស់ពិចារណាក្នុងការជួយរកយុត្តិធម៌និងដោះលែងពួកគេឱ្យ​​មានសេរីភាពវិញ។

នៅថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២១ សកម្មជនបរិស្ថាន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានបញ្ជូនទៅតុលាការ។

ពួកគេទាំង៣នាក់ ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។

ដោយឡែក យុវជនមាតាធម្មជាតិ៣នាក់ផ្សេងទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារប្រមាណ១០ខែហើយនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ ម្នាក់ៗចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ