ស្ថាបនិក​​មាតា​​ធម្មជាតិ​​​​​ថា ​​សកម្ម​ភាព​ពួក​គេ​ធ្វើ​​​ព្រោះ​ស្រឡាញ់​​បរិស្ថាន​​ពុំ​មែន​​ផ្តួល​​​រំលំ​​រដ្ឋា​​ភិបាល​

សកម្មជានបរិស្ថាន លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុទ្ធ។ (CYN)

​ស្ថាបនិកនិងគ្រួសារសកម្មជនចលនាមាតាធម្មជាតិ អះអាងថា ការងារដែលពួកគេ​បានធ្វើ​កន្លងមក​​រហូតដល់បច្ចុប្បន្ន ដោយ​​សារ​ការ​ស្រឡាញ់​បរិស្ថាននិង​ចង់ការពារធនធានធម្មជាតិនៅកម្ពុជាតែប៉ុណ្ណោះ ​​និង​គ្មានចេតនាណាមួយចង់ញុះញង់និងកៀរគរកម្លាំងបង្កឱ្យមានភាពចលាចលក្នុង​ប្រទេសដូចការចោទប្រកាន់នោះឡើយ។ 

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចេញលិខិតមួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយ​លើកឡើងថា​ ការធ្វើសកម្មភាព​របស់សកម្មជនបរិស្ថាន​ដែលជ្រកក្រោមស្លាកនៃអង្គការចលនាមាតាធម្មជាតិនោះ មិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការការពារធន​ធាន​ធម្ម​ជាតិនិងបរិស្ថាននោះទេ។ 

ផ្ទុយទៅវិញ ក្រសួង​ថា ​សកម្មភាពទាំងនោះបង្កប់ទៅដោយឧបាយកល​ទុច្ចរិតក្នុងបំណងញុះ​ញង់ អុចអាល កៀរគរកម្លាំង​ឱ្យងើបបះបោរបង្កើតឱ្យមានភាពចលាចល​វឹកវរក្នុងប្រទេស។ 


ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​

កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយុវជនការពារបរិស្ថានចំនួន៣នាក់ជា​បណ្តោះអាសន្ននៅពន្ធនាគារ និងចោទប្រកាន់ពួកគេ រួមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ពីបទ «រួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។ 


ក្រសួង​ចាត់ទុកសកម្មភាពរបស់សកម្មជនបរិស្ថានទាំង៣រូបដែលបានចាប់ខ្លួនថ្មីៗនេះ​ ថាចង់ឱ្យមានការងើបបះបោរប្រឆាំង ហើយ​ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនឹងគោលការណ៍​នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា។

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) លើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា ទោះបីជារដ្ឋាភិបាលកម្ពុជា​មិនបានទទួលស្គាល់សកម្មភាពរបស់ក្រុមយុវជនមាតាធម្មជាតិក៏ដោយ ប៉ុន្តែសកម្មភាពដែលពួកគាត់ធ្វើ ដោយសារការស្រឡាញ់បរិស្ថាននិងចង់ការពារធនធានធម្មជាតិ ហើយអ្វីដែលពួកគាត់កំពុងធ្វើនេះក៏ស្របទៅនឹងរដ្ឋធម្មនុញ្ញ​កម្ពុជាដែរ។

លោកថា៖ «ទោះបីជាក្រសួងមហាផ្ទៃថាយើងខុសច្បាប់ មិនបានចុះបញ្ជី ក៏យើងនៅតែធ្វើដដែល។ យោងទៅតាមច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា យោងទៅតាមមនសិការរបស់យើង យោងទៅតាមបេះដូងនិងក្ដីសុបិនរបស់យើង និងសកម្មជនពាក់ព័ន្ធ ហើយបើមើលទៅកតិកាសញ្ញាអន្តរជាតិក៏អនុញ្ញាតឱ្យយើងធ្វើដែរ»។ 

លោក អាឡិច បន្តថា គ្រប់សកម្មភាពរបស់ក្រុមយុវជនមាតាធម្មជាតិ គ្មាន​បំណងញុះញង់ អុចអាល កៀរគរកម្លាំង ឱ្យងើបបះបោរ​បង្កភាពចលាចលវឹកវរក្នុងប្រទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដូចការលើកឡើងរបស់ក្រសួងមហាផ្ទៃឡើយ។ 

លោកថា៖ «ការញុះញង់ ការបង្កចលាចល វាគ្មានទេ! សកម្មជនបរិស្ថានគ្រាន់តែធ្វើវីដេអូរឿងទឹកលូ គ្រាន់តែធ្វើសកម្មភាពការពារបរិស្ថានប្រយោជន៍ជាតិ វាអត់មានគោលដៅណាទៅបង្កចលា​ចលដល់សង្គម គឺគ្មានទេ! ប៉ុន្តែភាសាក្រសួងមហាផ្ទៃ ក៏ដូចជាភាសាគណបក្សប្រជាជនប៉ុន្មានឆ្នាំកន្លងមកនេះ វាដដែលហ្នឹង»។

ភរិយាលោក យឹម លាងហ៊ី គឺអ្នកស្រី ម៉ៅ ​មិន​ទាន់អាចនិយាយអ្វីបានច្រើនទេ ដោយអ្នកស្រីរង់ចាំមើលការស៊ើបអង្កេតរបស់តុលាការបន្ថែមទៀត​សិន។

ម្ដាយរបស់យុវជន លី ចាន់ដារ៉ាវុទ្ធ ​គឺអ្នកស្រី លី ចាន់ណាវី សុំមិនអត្ថាធិប្បាយ​នៅថ្ងៃនេះ។ ប៉ុន្តែកាលពីថ្ងៃទី២២ ​​ខែមិថុនា អ្នកស្រីប្រាប់ វីអូឌី ថាការងារ​ដែលកូនរបស់ធ្វើកន្លងមក ជាការងារការពារបរិស្ថានតែប៉ុណ្ណោះ។  ​ 

អ្នកស្រីថា៖ «​​សូមអរគុណដល់ពលរដ្ឋទាំងអស់ដែលជួយឈឺឆ្អាលពីរឿងការពារបរិស្ថាន និងជួយរកយុត្តិធម៌សម្រាប់ពួកគាត់»។

លោក សំ សុគង់ មេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង៣នាក់ មានប្រសាសន៍ថា ការ​លើកឡើង​របស់​ក្រសួងមហាផ្ទៃ បាន​ធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេត​របស់តុលាការ និងធ្វើឱ្យ​សាធារណជនមានការ​ភ័ន្ត​ច្រឡំ​ថា​កូនក្ដីរបស់លោក​បានប្រព្រឹត្តកំហុស។ មួយវិញទៀត លោកថា ការចេញសេចក្ដីប្រកាសបែបនេះ ក៏ជាការដាក់សម្ពាធលើតុលាការផងដែរ។

លោកថា៖ «ហាក់ដូចជាដាក់សម្ពាធទៅខាងចៅក្រមដែរ ដើម្បីឱ្យខាងចៅក្រមហ្នឹង បើសិនជាគាត់បើកការស៊ើបសួរ[លទ្ធផល]អត់មានកំហុស​ឬមាននោះ ក៏ធ្វើឱ្យគាត់មានការរារែក​ក្នុងការធ្វើសេចក្ដី​សម្រេចតាមសិទ្ធិនិងនីតិវិធីច្បាប់ដែរ»។

លោក សំ សុគង់ បន្តថា សកម្មភាពការងារកូនក្ដីរបស់លោកដែលធ្វើកន្លងមកនោះ គ្រាន់តែជាការងារសង្គម​ដើម្បីជួយការពារបរិស្ថានតែប៉ុណ្ណោះ។  

លោកបន្ថែម​ថា៖ «សកម្មភាពកូនក្ដីរបស់គាត់កន្លងមក ដើម្បីសង្គម ដើម្បីជួយការពារបរិស្ថាន ហើយពួកគាត់ទាំងអស់ក៏បង្កើតជាចលនាមាតាធម្មជាតិ ដើម្បីការពារបរិស្ថាន ដើម្បីឱ្យបរិស្ថានមានគណនេយ្យភាព និងតម្លាភាព ដែលបង្កើតជាចលនាមហាជន ក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយផងដែរ»។​

ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​បានឱ្យដឹងថា បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀន​ប៊ិញ កាលពីថ្ងៃម្សិលមិញ លោកបានប្រាប់ទៅមន្ត្រីទូតរូបនេះថា ការចាប់ខ្លួនសកម្មជន៣រូប ដោយសារអាជ្ញាធរមានភស្តុតាងជាក់លាក់ច្បាស់លាស់​ចំពោះសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក។

លោកថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅ​ពីការអនុវត្តច្បាប់​និង​ផ្ដន្ទាទោសចំពោះអំពើល្មើសរបស់ពួកគេតែប៉ុណ្ណោះ។

យ៉ាងណា មន្ត្រីព័ត៌មាន​នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ា ចិត្រា ចាត់ទុកការ​លើកឡើងរបស់ក្រសួងមហាផ្ទៃ ថាជារឿងអយុត្តិធម៌និងមិនសមហេតុផលឡើយ។ លោកបន្តថា រដ្ឋាភិបាល​គួរតែលើកទឹកចិត្តនិងយកបញ្ហាដែលយុវជនលើកឡើងទៅ​ដោះស្រាយ ជាជាង​ចោទប្រកាន់និងឃុំខ្លួនពួកគេបែបនេះ។ ​

លោកយល់ថា៖ «រដ្ឋាភិបាលខ្លួនឯងគួរតែគិតគូរឡើងវិញជុំវិញបញ្ហាសកម្មជនបរិស្ថាន មានន័យថា រដ្ឋាភិបាលគួរតែមានការលើកទឹកចិត្តយុវជនវិញទេ ឱ្យ​​ចូលរួមក្នុងកិច្ចការការពារបរិស្ថាន មិនមែនថាតែរឿងការបង្ហូរលូទឹកស្អុយហ្នឹងទេ ទាំងការចុះល្បាតព្រៃការពារព្រៃឈើដែលជាធនធានធម្មជាតិយើងជាដើម»។

កាលពីថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ​២០២១ សកម្មជនបរិស្ថាន៤នាក់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន ​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានបញ្ជូនទៅតុលាការ។ ពួកគេទាំង៣នាក់ ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

យ៉ាងនេះក្តី ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានទាំង៣​នាក់នោះ ក៏មានប្រតិកម្មជាច្រើនពី​សាធារណជន អង្គការសង្គមស៊ីវិលជាតិ​និងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះ ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ទៅលើយុវជនបរិស្ថានទាំងនោះឱ្យមានសេរីភាពឡើងវិញ។

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២០មក មានសកម្មជនចលនាមាតាធម្មជាតិ ចំនួន៦នាក់ ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារ ខណៈពួកគេ​បានចូលរួមសកម្មភាពជាច្រើនក្នុងកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា៕  


(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

សង្គម​ស៊ីវិល​​និង​​មន្ត្រី​ទូត​ស្នើ​តុលាការ​​​​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​​៤​រូប​

អង្គការជាតិ-អន្តរជាតិ រួមនឹងតំណាង​ទូតជិត១០០ស្ថាប័ន បង្ហាញ​ការ​ព្រួយ​បារម្ភ​និង​ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​ទៅលើសកម្មជនបរិស្ថាន​​វ័យ​ក្មេងចំនួន៤នាក់​និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ