មន្ត្រី​​ស្ថានទូត​បារាំង​​យក​បញ្ហា​ការ​ចាប់​ខ្លួន​​សកម្ម​ជន​​បរិស្ថាន​​៣​នាក់​ជជែក​ជាមួយ​​លោក​ ស ខេង

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក​ស្រី អេវ៉ា ង្វៀន​ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកស្រីនឹងត្រូវបញ្ចប់អាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកយកបញ្ហានៃការចាប់ខ្លួនសកម្មជនបរិស្ថាននាពេលថ្មីៗនេះ និងបញ្ហាស្ថានភាពអ្នកជាប់ឃុំ ស្របពេលនៅក្នុងពន្ធនាគារកំពុងឆ្លងជំងឺកូវីដ-១៩ ទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំង បានសរសេរនៅថ្ងៃពុធទី២៣ ខែមិថុនានេះថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀនប៊ិញ បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  នៅថ្ងៃពុធនេះ។

ប្រភពដដែលថា ក្នុងជំនួបនោះ លោកស្រីបានលើកយកបញ្ហាស្ថានភាពពន្ធនាគារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងការចាប់ខ្លួនសកម្មជនបរិស្ថាន ទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ទំព័រហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា សរសេរថា៖ ​«លោកជំទាវក៏បានជម្រាបទាញចំណាប់អារម្មណ៍សម្តេចក្រឡាហោម អំពីស្ថានភាពពន្ធនាគារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និង​ការចាប់​ខ្លួនសកម្មជនបរិស្ថានផងដែរ។ លោកជំទាវ និងសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងច្រើនអំពីបញ្ហាទាំងនេះ»។

ការលើកយកបញ្ហាចាប់ខ្លួនសកម្មជនបរិស្ថានទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ 

ពួកគេទាំង៣នាក់ រួមមាន ​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

​ការចោទប្រកាន់និងឃុំខ្លួនយុវជនទាំង៣នាក់នេះ បន្ទាប់ពីសមត្ថកិច្ច​ កាលពីថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនយុវជន​​​​​បរិស្ថានមាតា​​ធម្មជាតិ ចំនួន៤នាក់ ប៉ុន្តែ​យុវជន​ម្នាក់​ត្រូវបានដោះលែងវិញ​។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានទេ នៅថ្ងៃនេះ។

ចំណែកទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃពុធនេះ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជា​បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀន​ប៊ិញ ចូលជួបសម្ដែងការគួរសមនិងជម្រាបលានាឱកាសលោកស្រីនឹងត្រូវបញ្ចប់អាណត្តិការទូតនៅ​កម្ពុជា ប៉ុន្តែប្រភពដដែលនេះមិនបានបញ្ជាក់លម្អិតពីការជជែកគ្នាលើបញ្ហាចាប់ខ្លួន​សកម្មជនបរិស្ថាននិងស្ថានភាពក្នុងពន្ធនាគារនោះឡើយ។

យ៉ាងនេះក្តី ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានទាំង៣​នាក់នោះ មានប្រតិកម្មជាច្រើនពី​សាធារណជន អង្គការសង្គមស៊ីវិលជាតិ​និងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះ ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ទៅលើយុវជនបរិស្ថានទាំងនោះឱ្យមានសេរីភាពឡើងវិញ។

(ភាសាខ្មែរនៅខាងក្រោម) The Australian Embassy is concerned by the recent arrests of three more young Cambodians – Sun…

Posted by Australian Embassy, Cambodia on Tuesday, June 22, 2021

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​យុវជនមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទា​ទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ​

ការចាប់ខ្លួនសកម្មជនទាំង៣នាក់ ក្រោយពីកញ្ញា ឡុង គន្ធា ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដែលជាបឹងធម្មជាតិនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍ឥតឈប់ឈរ៕


អត្ថបទទាក់ទង

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​

កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយុវជនការពារបរិស្ថានចំនួន៣នាក់ជា​បណ្តោះអាសន្ននៅពន្ធនាគារ និងចោទប្រកាន់ពួកគេ រួមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ពីបទ «រួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ