ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយុវជនការពារបរិស្ថានចំនួន៣នាក់ជា​បណ្តោះអាសន្ននៅពន្ធនាគារ និងចោទប្រកាន់ពួកគេ រួមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ពីបទ «រួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។ 

ក្រោយមក នៅថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះ អង្គការជាតិ-អន្តរជាតិ រួមនឹងតំណាង​ទូតជិត១០០ស្ថាប័ន បង្ហាញ​ការ​ព្រួយ​បារម្ភ​ និង​ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជាទម្លាក់ចោល​ការ​ចោទ​ប្រកាន់​ទៅលើសកម្មជនបរិស្ថានទាំងនោះនិងដោះលែងពួកគេឱ្យមានសេរីភាពវិញ។​ 

ចំណែកនៅថ្ងៃពុធនេះ ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញទស្សនៈផ្សេងគ្នាជុំវិញការឃុំខ្លួន ​និងចោទប្រកាន់យុវជនបរិស្ថានទាំងនោះផងដែរ។

តទៅនេះ សូមលោក-អ្នកនាង អានខ្លឹមសារនៃការបង្ហាញទស្សនៈរបស់ប្រជាពលរដ្ឋខាងក្រោម៖ 

អ្នកធ្វើការងារនៅក្រុមហ៊ុនឯកជនមួយនៅ​ម្តុំផ្សារបឹងកេងកង និយាយថា៖ «ការចាប់ខ្លួនសកម្មជនការពារបរិស្ថានហ្នឹង យើងមើលទៅឃើញការចាប់ខ្លួនហ្នឹង វាមិនយុត្តិធម៌ចំពោះគាត់។ ទីមួយ គាត់អត់មានខុសអីដែលត្រូវខាងរាជរដ្ឋាភិបាលចាប់ខ្លួនគាត់ទេ។ អ៊ីចឹង អានេះ[ចំណាត់ការរដ្ឋាភិបាល] ចំពោះខ្ញុំ គ្រាន់តែថាមានការសោកស្ដាយមួយចំពោះការចាប់ខ្លួនរបស់គាត់»។

អាជីវករនៅម្តុំផ្សារទួលទំពូង និយាយថា៖ «វាអយុត្តិធម៌ ព្រោះយើងត្រូវការបរិស្ថានស្អាតគ្រប់គ្នា ការពារធនធាន[ធម្មជាតិ]អីហ្នឹង! ដល់ពេលគេចាប់អ៊ីចឹងទៅ វាអត់មានអ្នកការពារ អត់មានខ្វាយខ្វល់អ៊ីចឹងទៅ នាំឱ្យបរិស្ថានយ៉ាប់ទៅៗអ៊ីចឹងហ្អាស»។

អ្នករត់ម៉ូតូកង់បីនៅម្តុំផ្សារទួលទំពូង និយាយថា៖ «គាត់ជាអ្នកជួយការពារបរិស្ថានប្រទេសកម្ពុជាយើង ដើម្បីប្រជាជនយើង ដើម្បីបរិស្ថានយើងទាំងអស់គ្នា ក្នុងសហគមន៍យើងទាំងអស់គ្នា។ ខ្ញុំចង់ស្នើសុំគាត់ [រដ្ឋាភិបាល] ដោះលែងគាត់ទៅ ព្រោះអីគិតថា គាត់[សកម្មជនបរិស្ថាន] គ្មានកំហុសឆ្គងអីទេ»។

អាជីវករនៅម្តុំផ្សារដើមគរ និយាយថា៖ «និយាយទៅ ពួកគាត់នៅក្មេងៗ អនាគតពួកគាត់នៅវែងឆ្ងាយ ការគិតរបស់គាត់ក៏នៅក្មេងខ្ចី។ អ៊ីចឹងគួរលើកលែងឱ្យបាន លើកលែងទៅ ព្រោះទុកឱ្យពួកគាត់បន្ដវេននូវក្មេងៗសារក្រោយអ៊ីចឹងទៅណា»។

អ្នករត់ម៉ូតូឌុបនៅម្តុំផ្សារបឹងត្របែក និយាយថា៖ «សម្រាប់ខ្ញុំ ប្រសិនបើអត់មានអ្នកការពារបរិស្ថានអ៊ីចឹង ប្រទេសជាតិទៅថ្ងៃខាងមុខប្រហែលជាពិបាក បាត់បង់ធនធានធម្មជាតិ អាចមានគ្រោះទឹកជំនន់ មានទឹកអីពិបាក ព្រោះលុបបឹងលុបអី វាអាចលិចផ្លូវ លិចអី លិចទឹក»។

អ្នករត់តាក់ស៊ីនៅម្តុំផ្សារអូឡាំពិក និយាយថា៖ «បាទ! ខ្ញុំគិតថា បើអត់មានអ្នកជួយការពារសម្បត្តិធម្មជាតិយើង ទៅថ្ងៃមុខ វាប៉ះពាល់បាត់សម្បត្តិធម្មជាតិ ឬមួយដូចជាបឹងទន្លេ បើអត់មានអ្នកជួយការពារទេ នឹងបាត់បង់របស់ជាតិជាច្រើន»។

អ្នកធ្វើការងារឯកជននៅម្តុំបឹងត្របែក អំពាវនាវដូច្នេះថា៖ «បើថាគាត់មិនធ្វើខុសច្បាប់ទេ សុំរាជរដ្ឋាភិបាលជួយគិតថា បើគាត់ជាអ្នកការពារទេ កុំចាប់គាត់ ជួយដោះលែងឱ្យគាត់មានសេរីភាពជួបជុំគ្រួសារគាត់វិញ»។

គួរបញ្ជាក់ថា កាលពីថ្ងៃ​ទី១៦ ខែ​មិថុនា សមត្ថកិច្ច​បានចាប់ខ្លួនយុវជន​​​​​បរិស្ថានមាតា​​ធម្មជាតិ ចំនួន៤នាក់​ ក្នុងនោះ មាន​ម្នាក់​ត្រូវបានសមត្ថកិច្ចដោះលែងវិញ ប៉ុន្តែ៣នាក់ផ្សេង​ទៀត រួមមាន យុវជន​ លី ចាន់ដារ៉ាវុទ្ធ អាយុ២២ឆ្នាំ យុវជន ​យឹម លាងហ៊ី អាយុ៣២ឆ្នាំ និង​​កញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ ត្រូវ​បានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន​បណ្តោះអាសន្ននៅពន្ធនាគារ ដោយ​​ចោទ​ប្រកាន់​ពី​បទ «រួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

ដោយ​ឡែក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​យុវជនមាតាធម្មជាតិ ៣នាក់ផ្សេងទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទា​ទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ​

ចំណែកសកម្មជនមាតាធម្មជាតិ​​ ២នាក់​ផ្សេងទៀត ​គឺលោក ​Alejandro Gonzalez-Davidson​ និង​កញ្ញា ​ជា គន្ធីន ​ក៏ត្រូវបាន​កាត់ទោស​ដោយ​កំបាំងមុខនៅពេលនោះផងដែរ។

ដើមចមដែលនាំឱ្យមានការចាប់ខ្លួនអ្នកទាំង៣ ក្រោយពេលសមាជិករបស់ពួកគេម្នាក់​ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដោយសារបឹងនេះជាបឹងធម្មជាតិធំជាងគេ និងនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ