សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​លើ​បណ្តាញ​សង្គម​ស្នើ​​តុលាការ​ទម្លាក់​បទ​ចោទ​​និង​ដោះលែង​សកម្ម​​ជន​បរិស្ថាន​

បុរសម្នាក់កាន់ក្រដាសមួយសន្លឹកអមដោយរូបភាពសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ទាំងនោះ។ (CYN)

ក្រុមយុវជនស្រឡាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិលមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ដែលត្រូវបានចាប់និងឃុំខ្លួនជាបន្តបន្ទាប់។

យុទ្ធនាការទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់និងដោះលែងសកម្មជនបរិស្ថាន​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​ចលនាមា​តាធម្មជាតិចំនួន៦នាក់ហើយ ត្រូវបានចាប់​និងឃុំខ្លួនចាប់​តាំងពីខែកញ្ញាឆ្នាំមុន​មក ដោយ​តុលាការបានចោទប្រកាន់ពួកគេ៣នាក់ពីបទ «ញុះញង់» និង​ ៣នាក់​ទៀត ព្រមទាំង​ស្ថាបនិក​ចលនា​មាតាធម្មជាតិ​ ពីបទ «រួមគំនិតក្បត់» ព្រមទាំង «ប្រមាថអង្គព្រះមហាក្សត្រ»។

មន្ត្រីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ការធ្វើយុទ្ធនាការទាមទារឱ្យ​​មានការដោះលែងសកម្មជនបរិស្ថាន​នៅលើបណ្តាញសង្គមនេះ ធ្វើឡើងដើម្បី​បង្ហាញនូវស្មារតីសាមគ្គីភាព ជាពិសេសចង់បង្ហាញថា សកម្មជន​បរិស្ថាន​មិនឯកោទេ គឺនៅតែមានការគាំទ្រពីអង្គការសង្គមស៊ីវិលនិងក្រុមយុវជនស្រឡាញ់បរិស្ថាន​ដដែល។

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែយោគយល់ សន្តោសប្រណីដល់សកម្មភាពរបស់សកម្មជនបរិស្ថានទាំងអស់នោះ ព្រោះពួកគាត់ជាយុវជនដែលមានបេះដូងនិងឆន្ទៈ​ធ្វើការងារបម្រើផលប្រយោជន៍ប្រទេសជាតិ មិនគួរធ្វើការចាប់ខ្លួនឬដាក់ទោសទណ្ឌខ្លាំងក្លាដល់ពួកគាត់នោះទេ និង​ចៀសវាងពីមតិរិះគន់ពីសហគមន៍អន្តរជាតិ និងពីអង្គការក្នុងស្រុក ជាពិសេសសាធារណជន​ផង​ដែរ»។

ក្នុងយុទ្ធនាការលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទនេះ ក្រុមអង្គការសង្គមស៊ីវិល យុវជនដែល​ស្រឡាញ់បរិស្ថានជាដើម បានទាមទារឱ្យដោះលែងសកម្មជនបរិស្ថានទាំង៦នាក់។ លើស​ពី​នេះ យុទ្ធនាការនោះបានបង្ហោះសារជាច្រើនដូចជា «ខ្ញុំស្រឡាញ់​បរិស្ថាន» «ដោះលែងសកម្មជនបរិស្ថាន» និង «ភាពសកម្មនិយមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ មិនមែនជាសកម្មភាពខុសច្បាប់ទេ»។ 

ជាមួយគ្នានេះ ពួកគេសរសេរលើបដាថា៖ «សូមចូលរួមជាមួយពួកយើងក្នុងកិច្ចការពារបរិស្ថាន និងជួយគាំទ្រដល់អ្នកការពារបរិស្ថានដែលកំពុងជាប់ឃុំ»។

​អ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក ជិន ម៉ាលីន និង​​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនធ្វើអត្ថាធិប្បាយឡើយលើករណីនេះ។

មន្រ្តីគ្រប់គ្រងកម្មវិធីសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់ វីអូឌី ថ្ងៃនេះ ថាទំព័រហ្វេសប៊ុករបស់សង់ត្រាល់ ក៏បានចូលរូម​ក្នុងយុទ្ធនាការទាមទារឱ្យដោះលែងសកម្មជនបរិស្ថាននេះដែរ ដោយ​ថា ជា​ការលើកកម្ពស់សិទ្ធិមនុស្សនិងសិទ្ធិការងារដែលសកម្មជនទាំង​នោះបានចូលរួមចំណែក​ថែរក្សាធនធានធម្មជាតិកន្លងមក។

លោកបន្តថា សង្គមស៊ីវិលមិនអាចឈរឱប​ដៃមើល​ភាព​អយុត្តិធម៌ចំពោះការលះបង់ដើម្បីបុព្វហេតុ​ជាតិពីសំណាក់សកម្មជនបរិស្ថានទាំងនោះឡើយ ដោយថា សកម្មភាពរបស់​ពួកគេធ្វើក​ន្លងមកមិនមែនជារឿងខុសច្បាប់ ហើយក៏ជាសកម្មភាពដែលរដ្ឋាភិបាលគប្បីមានការលើកទឹកចិត្តដល់ពួកគេផងដែរ។ ​

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែមានការគាំ​ពារ​និងមានការលើកទឹកចិត្តដល់យុវជនបរិស្ថានដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយពួកគាត់ត្រូវទទួលបាននូវការកោតសរសើរពីរដ្ឋ។ ដូច្នេះ ពួក​គាត់មិនគួរទទួលបាននូវការចោទប្រកាន់ឬចាប់ដាក់គុកនោះទេ»។

លោក ឃុន ថារ៉ូ បន្តថា យុវជននិងពលរដ្ឋដែលកំពុងរស់នៅប្រទេសកម្ពុជា មានសិទ្ធិនិងកាតព្វកិច្ចសម្តែងនូវការមិនពេញចិត្ត និងការខ្វាយខ្វល់ចំពោះអ្វីដែលរដ្ឋាភិបាលធ្វើមិនបានត្រឹម​ត្រូវ ​ដើម្បីជំរុញឱ្យ​​មានអភិបាលកិច្ចនិងប្រសិទ្ធភាពក្នុងការធានាទៅដល់​កិច្ចការ​ពារសម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​​។

នៅថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ​២០២១ សកម្មជនបរិស្ថាន៤នាក់​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន ​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានបញ្ជូនទៅតុលាការ។ ពួកគេទាំង៣នាក់ ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

ដោយឡែក​ យុវជនមាតាធម្មជាតិ៣នាក់ផ្សេងទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារប្រមាណ១០ខែហើយនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ដើមចមដែលនាំឱ្យមានការចាប់ខ្លួនអ្នកទាំង៣នាក់កាលពីខែកញ្ញា ឆ្នាំ២០២០នោះ ក្រោយពេល​សមាជិករបស់ពួកគេម្នាក់ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដោយសារបឹងនេះជាបឹងធម្មជាតិធំជាងគេ និងនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍ឥត​ស្រាកស្រាន្ត។

ក្រោយចាប់ខ្លួននិងចោទប្រកាន់ទៅលើសកម្មជនបរិស្ថានទាំងនេះជាបន្តបន្ទាប់ ​បណ្តាទូតប្រទេសលោកសេរីប្រចាំនៅរាជធានី​ភ្នំពេញ​ជាច្រើន ដែល​មានសហរដ្ឋអាមេរិ​កជាប្រទេសនាំមុខគេ បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការបំបាត់សំឡេងយុវជនបរិស្ថាននៅកម្ពុជា និងឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង​សកម្មជន​បរិស្ថានដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។

អាមេរិកនិយាយថា ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រ​ឈ​មនឹ​ងការគំរាមកំហែងដោយ​សារ​ការកាប់ឈើខុសច្បាប់និងកេងយកប្រយោជន៍ពាណិជ្ជកម្មរបស់ជាតិ គឺជារឿងគួរឱ្យសរសើរទៅវិញទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ