ជនជាតិ​​ភាគ​តិច​ខ្លាច​​បាត់​បង់​ព្រៃ​ព្រះ​រការ​ ក្រោយ​រក​ឃើញ​បទ​ល្មើស​ជិត​១០០​​​ករណី​បន្ថែម​​ទៀត​

បទល្មើស​កាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ លើប្រភេទឈើងាយរងគ្រោះដែលមានទំហំធំៗនិងមានមុខកាត់ចាប់ពី៣៣​សង់ទីម៉ែត្រ ដល់១៥៨សង់ទីម៉ែត្រ ត្រូវបានសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ រកឃើញចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២១។ ​(ហ្វេសប៊ុក៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

ជនជាតិដើមភាគតិចនៅ​ខេត្តព្រះវិហារ បារម្ភពីការបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ ​ក្រោយ​ពីពួកគេរកឃើញបទល្មើសព្រៃឈើជិត១០០ករណី​ថ្មីបន្ថែមទៀតនៅក្នុងដែនជម្រកសត្វព្រៃមួយនេះ​។ 

សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ឱ្យដឹងនៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួននៅថ្ងៃអង្គារនេះ​​ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២១ ពួកគេបានរកឃើញ​បទល្មើស​កាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃមួយ​នេះចំនួន៩០ករណីថ្មីទៀត លើប្រភេទឈើងាយរងគ្រោះដែលមានទំហំធំៗនិងមានមុខកាត់ចាប់ពី៣៣​សង់ទីម៉ែត្រ ដល់១៥៨សង់ទីម៉ែត្រ។

ការរកឃើញនេះ សហគមន៍ថា បន្ទាប់ពីពួកគេចុះអង្កេតក្នុងរយៈចម្ងាយ​ផ្លូវប្រវែងប្រមាណ៥០គីឡូម៉ែត្រ ចាប់ពីចំណុចភូមិបុស្សធំ ឃុំប្រមេរុ (និយាមកា X:504739 Y:1531490) រហូតដល់ចំណុចបញ្ចប់នៅភូមិបុស្សធំ (ពង្រ) ឃុំប្រមេរុ ស្រុកត្បែងមានជ័យ​ (និយាមកា X:514382 Y:1527250) ក្នុងនោះ ប្រភេទឈើងាយរងគ្រោះដែលត្រូវទទួលរងការកាប់បំផ្លាញភាគច្រើនជាប្រភេទ​ឈើ​ទាល កកោះ គគីរ ស្ទៀង ផ្តៀក ពពេល ផ្ទឹក ត្រាច ត្រសេក សុក្រំ និង ខ្វាវ ជាដើម។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់​​សហគមន៍ជនជាតិដើមភាគតិចកួយ​ភូមិប្រមេរុ ការលួចកាប់​បំផ្លាញព្រៃឈើនេះ ដោយសារ​ក្រសួងបរិស្ថានហាក់ពុំបានលើកទឹកចិត្តនិងបើកចំហដល់​អង្គការសង្គមស៊ីវិល ក្រុមយុវជន សកម្មជន និងសហគមន៍មូលដ្ឋាន ចូលរួមការពារព្រៃឈើនោះទេ ប៉ុន្តែអាជ្ញាធរជំនាញបាន​រឹតត្បិតនិងហាមឃាត់សកម្មភាពស្របច្បាប់របស់ពួកគេទៅវិញ។

ប្រភពដដែលថា ករណីនេះជាមូលហេតុមួយធ្វើឱ្យក្រុមអ្នកលួចកាប់ឈើមានឱកាសក្នុងការលួចកាប់ឈើជាបន្តបន្ទាប់ ខណៈមន្ត្រីឧទ្យានុរក្សពុំទាន់មានមនុស្សគ្រប់គ្រាន់ ដើម្បីការពារដែន​ជម្រកសត្វព្រៃដែលជាមរតកដ៏មានតម្លៃមួយនេះបានឡើយ។  

ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិប្រមេរុ លោក ស៊ុត សាវុន មានប្រសាសន៍​ថា រាល់ថ្ងៃមានគោយន្តចន្លោះពី៨ ទៅ២០គ្រឿង ដឹកឈើចេញពីព្រៃព្រះរការ កាត់តាមភូមិរបស់គាត់និងតាមច្រកផ្សេងៗទៀត ដោយមិនមានអាជ្ញាធរណាមួយទប់ស្កាត់ឡើយ។ 

លោកយល់ថា ក្រុមឈ្មួញនិងពលរដ្ឋដទៃទៀតកាប់បំផ្លាញនិងដឹកជញ្ជូនឈើចេញពីព្រៃព្រះរការបាន ដោយសារ​មានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធ។

ករណីនេះ លោក​​បង្ហាញក្ដីបារម្ភចំពោះ​ការបាត់បង់ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលធ្វើប៉ះពាល់មុខរបរនិងជីវភាពរបស់ពលរដ្ឋ រួមទាំងជម្រកសត្វ ខណៈការកាប់បំផ្លាញ​និងដឹកជញ្ជូនឈើមិនមានការថយចុះទេ។

​លោកថា៖ «មន្ត្រីជំនាញបរិស្ថានហ្នឹង ​គាត់អត់ធ្វើការ ដូចជាការចុះល្បាតឬ​ក៏ហាមឃាត់​បិទ អ៊ីចឹងនៅតែមានការបើក។ តាមការពិតដែលខ្ញុំដឹង គេដែលរកស៊ីឈើខ្លះៗ គេថា មានការបង់ [ប្រាក់] ឱ្យខាងមន្ត្រីខ្លះ ដូចជាថៅកែរកស៊ីអារឈើអ៊ីចឹងទៅ គេមានការបង់អីអ៊ីចឹងទៅ នៅតែមានការបើកឱ្យមានការកាប់បំផ្លាញព្រៃឈើ»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមថា ក្រសួង​បាននិងបន្តការពង្រឹងកិច្ចការពារនិងអភិរក្ស ដោយបន្តពង្រឹងការអនុវត្តច្បាប់និងបង្កើនជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងក្នុងនិងក្រៅតំបន់ការពារធម្មជាតិ។

លោកបន្តថា៖ «ក្រសួងបរិស្ថានក៏បានដាក់ចុះនូវគោលនយោបាយពង្រឹងតួនាទីសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមទទួលខុសត្រូវលើកិច្ចការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សចម្រុះ និងបានផ្តល់ជម្រើសមុខរបរថ្មីដល់សហគមន៍ បង្កើនជីវភាពប្រជាសហគមន៍ ក្រៅពីមុខរបរប្រពៃណីពីមុនរបស់គាត់ចូលព្រៃកាប់ឈើនិងចូលព្រៃបរបាញ់សត្វជាដើម តាមរយៈការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ»។

ក្នុងជំនួបជាមួយគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃម្សិលមិញ​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាលក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។ 

លោកបន្តថា ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។

បទល្មើស​កាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ លើប្រភេទឈើងាយរងគ្រោះដែលមានទំហំធំៗនិងមានមុខកាត់ចាប់ពី៣៣​សង់ទីម៉ែត្រ ដល់១៥៨សង់ទីម៉ែត្រ ត្រូវបានសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ រកឃើញចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២១។ ​(ហ្វេសប៊ុក៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

មន្ត្រីផ្នែកតស៊ូមតិនៃគម្រោងការពារព្រៃឈើ​របស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា លើកឡើងថា វិធានការទប់ស្កាត់និ​ងសមត្ថភាពរបស់មន្ត្រីក្រសួងបរិស្ថាននៅមានភាពខ្វះខាតច្រើន ​ទើបមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន។

លោកបន្ថែមថា ការបន្តឱ្យមានបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការកើតឡើង បណ្ដាលពីការគប់គិតគ្នាជាប្រព័ន្ធពីសំណាក់មន្ត្រីនិងអ្នកកាប់ឈើផងដែរ។ លោកចាត់ទុកការ​លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានដែល​ថា សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាលនោះ ផ្ទុយ​ពីការពិត។ 

លោក សាន់ ម៉ាឡា បន្តថា កន្លងមក សហគ​មន៍ដែលសកម្មក្នុងកិច្ចការពារព្រៃឈើ ត្រូវបានហាមឃាត់មិនឱ្យចុះល្បាត និងរងការគំរាមកំហែងពីអាជ្ញាធរថែមទៀតផង​។

លោកថា៖ «ការប្ដេជ្ញាចិត្ត ការលើកទឹកចិត្តពីសំណាក់​មន្ត្រីរដ្ឋាភិបាលកន្លងមក ទាំងក្នុងកម្រិតមូល​ដ្ឋាន ទាំងថ្នាក់ជាតិ​ ហាក់បីប្រាសចាកពីការពិត​ ដោយសារក្រសួងបរិស្ថានតែងតែទាមទារឱ្យសហគមន៍មូលដ្ឋានដែលគាត់សកម្មការពារព្រៃឈើហ្នឹង ត្រូវទៅចុះបញ្ជីនៅជាមួយក្រសួងដើម្បីបង្កើតជាសហគមន៍ ដែលនេះវាផ្ទុយអំពីច្បាប់ស្ដីពី​តំបន់ការពារធម្មជាតិ ក៏ដូចជាច្បាប់ព្រៃឈើរបស់យើង»។

ព្រៃព្រះរការ មានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ​ កាលពីឆ្នាំ២០១៦៕


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ