អាមេរិក​នឹង​ផ្តល់​ជំនួយ​ជាង​៨​សែន​ដុល្លារ​ដល់​កម្ពុជា​ ដើម្បី​បង្ការ​និង​ឆ្លើយ​តប​ចំពោះ​គ្រោះ​ធម្មជាតិ​នានា

ពលរដ្ឋ​រស់នៅ​តំបន់​ជន់​លិច​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អង្គុយ​នៅមុខ​កន្លែង​ស្នាក់នៅ​ខ្លួន ខណៈ​មិន​អាច​ទៅណា​បាន​អំឡុង​ពេល​ដែល​តំបន់​នោះ​រង​ការវាយប្រហារ​ពី​ជំនន់​ទឹកភ្លៀង​និង​ទឹកហូរ​ធ្លាក់​ពី​ស្ទឹង​ព្រែកត្នោត ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

សហរដ្ឋអាមេរិកនឹង​ផ្តល់ជំនួយ​ចំនួន៨៧៥ ០០០ដុល្លារដល់រដ្ឋាភិបាកម្ពុជា ដើម្បីពង្រឹងលទ្ធភាព​ត្រៀម​បង្ការនិង​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយធម្មជាតិនានា​នៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​របស់​ខ្លួន ​ដែល​ហៅកាត់​ថា USAID បានឱ្យដឹងនៅថ្ងៃនេះថា សហរដ្ឋអាមេរិកនឹង​ផ្តល់​ជំនួយចំនួន៨៧៥ ០០០ដុល្លារបន្ថែមទៅ​លើជំនួយ​មនុស្សធម៌​របស់​ខ្លួន ដើម្បីពង្រឹង​លទ្ធភាព​​ត្រៀមបង្ការ​និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ រួមទាំងវិបត្ដិនានា​នៅកម្ពុជា ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា លោក Patrick Murphy ​មាន​ប្រសាសន៍ដូច្នេះថា៖ «ការបំផ្លិចបំផ្លាញបង្ក​ឡើង​ដោយ​​ទឹកជំនន់​ឆ្នាំមុន បានបង្ហាញពីភាពចាំបាច់ក្នុង​ការ​ត្រៀមខ្លួន​ដោះស្រាយ​ទៅលើ​ផលប៉ះពាល់​នៃគ្រោះមហន្តរាយធម្មជាតិ។ យើងមានមោទកភាព​ក្នុង​ការ​​ចូលរួមចំណែកកែលម្អ​ប្រព័ន្ធ​ឆ្លើយ​តបនឹងវិបត្តិ​ទាំងនេះ​​នៅ​​កម្ពុជា»។

លោក Patrick Murphy ឱ្យដឹងទៀតថា ថវិកា​ដែល​ទទួល​​បាន​ពីការិយាល័យ​​ជំនួយមនុស្សធម៌​របស់ទីភ្នាក់ងារ USAID នេះ​ នឹងផ្ដល់​លទ្ធភាព​​ឱ្យ​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែម​ទៅលើ​គម្រោង​ស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បី​​ត្រៀមបង្ការនិងឆ្លើយតបទៅនឹង​គ្រោះអាសន្ន ដោយ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បាន​គាំទ្រតាំងពី​​ឆ្នាំ២០១៩ រហូត​ដល់ខែ​មីនា​ ឆ្នាំ២០២២។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានផ្តល់​ថវិកាចំនួន៧០០ ០០០​ដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក​ ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជាផងដែរ។

កម្មវិធីស្បៀងអាហារពិភពលោក ​នឹងប្រើ​ជំនួយ​បន្ថែម​នេះ​​ ដើម្បីពង្រឹង​សមត្ថភាព​ដៃគូ​រដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការ​មនុស្សធម៌ តាមរយៈវិធីសាស្រ្ត ការសម្របសម្រួល បច្ចេកវិទ្យា និង​ឧបករណ៍​នានា ​​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រងហានិភ័យ​នៃគ្រោះមហន្តរាយ។

លោក​ស្រី Claire CONAN តំណាងកម្មវិធី​ស្បៀងអាហារពិភពលោក បានថ្លែង​អំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែម​ដល់ប្រទេសកម្ពុជា ដែល​​ប្រឈមនឹងវិបត្តិ​អាកាសធាតុ​ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួតនេះ។

ក្រោម​កិច្ច​សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអង្គការមិនមែនរដ្ឋាភិបាល និងដៃគូស្រាវជ្រាវនិង​វិទ្យាសាស្ត្រ កម្មវិធីស្បៀង​អាហារ​ពិភពលោក ​នឹងពង្រឹង​​ប្រព័ន្ធព័ត៌មានសម្រាប់​គ្រប់គ្រងគ្រោះមហន្តរាយជាតិ​ដែលមានស្រាប់ ដែលមានឈ្មោះថា «ប្រព័ន្ធព័ត៌មាន​​​ទាន់ហេតុការណ៍​ និង​អង្កេត​តាមដាន​ស្ថានការណ៍​គ្រោះមហន្តរាយ» (ឬ​ហៅ​កាត់ថា PRISM) ដោយកែលម្អ​​សមត្ថភាព​តាមដានគ្រោះវិបត្តិ​​អាកាសធាតុ ប៉ាន់ស្មានផលប៉ះពាល់​​ទៅលើប្រជាជន និងកំណត់​គោលដៅ​ផ្ដល់​ជំនួយបន្ទាន់​ដល់កន្លែងដែលត្រូវការជំនួយ​បំផុត។

ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោក នឹងគាំទ្រដល់ប្រព័ន្ធប្រកាស​អាសន្ន​ជាមុន ​អំពី​ទឹកជំនន់ គឺប្រព័ន្ធ​ EWS1294 ដើម្បី​ជួយពង្រីកវិសាលភាព និងពង្រឹងសមត្ថភាព​មន្រ្តីមូលដ្ឋាន និងសហគមន៍​ដែលរង​ហានិភ័យ​ ដោយប្រើប្រាស់ព័ត៌មាន ​ដើម្បី​សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ