ក្រុម​សង្គម​ស៊ីវិល​និង​យុវជន​​ស្នើ​រដ្ឋា​ភិបាល​​ស៊ើប​អង្កេត​ករណី​​រត់​ពន្ធ​ឈើ​កម្រ​ជាង​២០០​តោន​ទៅ​ហុងកុង

ឈើខុសច្បាប់ដែលគយហុងកុងរឹបអូសដែលត្រូវបានគេ​សង្ស័យថា​​ជាឈើគ្មានលិខិតអនុញ្ញាត ​និងមានប្រភព​នាំចេញពីកម្ពុជា។ (Hong Kong Custom)

អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន និងយុវជនប្រមាណ៩០ក្រុមនិងនាក់ បានរួមគ្នា​ស្នើដល់ក្រសួងពាក់ព័ន្ធបើកការស៊ើបអ​ង្កេតស៊ីជម្រៅមួយ និងផ្សព្វផ្សាយជាសាធារណៈ លើករណីរត់ពន្ធឈើ​កម្រទម្ងន់២១១តោនពីប្រ​ទេ​សកម្ពុជាទៅកាន់ដែនកោះហុងកុង។

ការស្នើនេះធ្វើឡើងបន្ទាប់ពីបណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិមួយចំនួនបានរាយការណ៍ថា គយហុងកុង បានរឹបអូសឈើចំនួន៧កុងតឺន័រ ទម្ងន់ជាង២០០តោន ជាប្រភេទឈើជិតផុតពូជ ដែលមានតម្លៃ​​ប្រមាណ១ ១០០ ០០០ដុល្លារហុងកុង ឬស្មើជាង១៤ម៉ឺនដុល្លារអាមេរិក (១៤០ ០០០​)។

ការរឹបអូសឈើទាំងនោះធ្វើឡើងនៅកន្លែងត្រួតពិនិត្យទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ឈើទាំងនេះត្រូវបានគេបញ្ជាក់ថា​​ ​ជាឈើគ្មានលិខិតអនុញ្ញាត និងមានប្រភព​នាំចេញពីកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍រួម​ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការចូលរួមគាំទ្រពីសមាគម សហជីព អង្គការសង្គមស៊ីវិល សកម្មជនប​រិ​ស្ថា​​ន សហគមន៍ អ្នកវិទ្យាសាស្រ្តអន្តរជាតិ ពលរដ្ឋ និងនិស្សិត ចំនួន៣១ក្រុមនិង៦៧នាក់ មានរាប់បញ្ចូលទាំ​ងមជ្ឈ​មណ្ឌលសិទ្ធិមនុស្សក​ម្ពុជា (CCHR) សមាគមប​​​ណ្តាញយុវជនកម្ពុជា (CYN) និងបណ្តាញសហគមន៍ការពារព្រៃឡង់ ជាដើម។

សេចក្តីថ្លែងការណ៍នោះ ពួកគេលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាស្នើសុំឱ្យមានការស៊ើបអង្កេតលើករណីនេះ [រត់ពន្ធឈើកម្រ] ឱ្យបានម៉ត់ចត់ជាទីបំផុត ដើម្បីឈានទៅរកកា​រកំណត់អ្នកពាក់ព័ន្ធនឹងការនាំចេញឈើដោយខុសច្បាប់ ការកាប់បំផ្លាញ និងអ្នកដែលឃុបឃិត និងការកា​ប់បំផ្លាញព្រៃឈើ ដែ​លជាសម្បត្តិជាតិ សម្បត្តិមនុស្សជាតិ មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ឱ្យទទួលខុសត្រូវចំពោះមុខច្បា​ប់រប​ស់ព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន»

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង លើកឡើងថា ក្នុងនាមជាសកម្មជនបរិ​ស្ថា​ន​ លោកមានការព្រួយបារម្ភជាខ្លាំងចំពោះវាសនាធនធានព្រៃឈើនៅកម្ពុជាដែល​បន្តបាត់បង់ឥតឈប់ឈរ។ បញ្ហានេះ លោកស្នើដល់ក្រសួង-​ស្ថាប័នពាក់ព័​ន្ធ ត្រូវស្រាវជ្រាវដោយតម្លាភាពពិតប្រាកដជាជាងការបង្ហាញតែនៅលើក្រដាស ដើ​ម្បីឈានទៅដល់ការវែកមុខឧក្រិដ្ឋជននិងជនពាក់ព័ន្ធ។

លោក ហេង គីមហុង បន្ថែមថា៖ «នេះគឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរដែលអ្នកពាក់ព័ន្ធទាំងអស់ហ្នឹងមិនគួរត្រូ​វបានលើកលែ​ង​ទោ​សទេ។ ពីព្រោះអី យើងដឹងហើយថា ថ្មីៗ ឈើនិងផ្ទៃដីតំបន់ការពារដែលមានគម្របព្រៃឈើធំៗជាដើមហ្នឹង ត្រូវបានសឹករេចរឹលជាបន្តបន្ទាប់ ដែលជារឿងមួយគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់យើងខ្ញុំទាំងអស់គ្នា»

ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងប្រាប់ វីអូឌី តាមសារ Telegram ថា ក្រសួងកំពុងស​ហ​ការគ្នាជាមួយភាគីគយនៅក្រុងហុងកុង ដោយស្រាវជ្រាវរកក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការនាំចេញឈើកម្រ និងបន្តស្វែងរកភស្តុតាងពាក់ព័ន្ធការដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះចេញពីកម្ពុជាផងដែរ។

លោក វេង សាខុន មានប្រសាសន៍ថា៖ «យើងមិនទាន់អាចប្រាប់ប្អូនបានទេ ព្រោះយើងគ្រាន់តែដឹងត្រួសៗថាវាយ៉ាងម៉េច ព្រោះ​ភាគីហុងកុងហ្នឹងក៏អត់ទាន់បានផ្តល់ចម្លើយយើងពិតប្រាកដថាក្រុមហ៊ុនណាមួយដែលបាននាំទៅហ្នឹង។ យើងកំពុងសួរនាំរឿងបញ្ហាហ្នឹង ហើយក៏យើងដឹងថាមានជាប់ពាក់ព័ន្ធនឹងករណីណាខ្លះដែលចាប់ផ្តើមនាំចេញ»

សកម្មជនសង្គមមួយរូបឈ្មោះ ពុធ កុលកា ដែលបានចូលរួមគាំទ្រសេចក្តីថ្លែងការណ៍នេះ លើកឡើងថា ការចូលរួមរបស់លោកគឺជារឿងសំខាន់ក្នុងការជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបាត់បង់គម្របព្រៃឈើដែលកំពុងបន្តកើតមាននៅកម្ពុជា។ លោកបន្តថា ការបាត់បង់​ធនធានព្រៃឈើនេះ នាំឱ្យប៉ះពាល់ដ​ល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច និងនាំឱ្យ​មានការប្រែប្រួលអាកាសធាតុក្នុងតំបន់និងលើពិភពលោក។

និស្សិតដែលទើបបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់រូបនេះមើលឃើញថា ការបាត់បង់គម្របព្រៃឈើបណ្តាលមកពីកត្តាពីរធំៗ ។

លោក ពុធ កុលកា បន្តដូច្នេះថា៖ «ទី១ មកពីសកម្មភាពក្នុងការលួចកាប់ជាលក្ខណៈជាការលក់ទៅបរទេសជាលក្ខណៈខុសច្បាប់ ហើយមួយទៀតក្នុងរូបភាពជាដីសម្បទានសេដ្ឋកិច្ច ហើយនេះក៏ជាកត្តាមួយដែលជំរុញឱ្យចលនានៃការកាប់បំផ្លាញព្រៃឈើរបស់ជនខិលខូច ជនល្មើស ឬក៏អ្នកមានអំណាចមួយចំនួនបន្តសកម្មភាពហ្នឹងកាន់តែខ្លាំងក្លាជាងមុន»

តំណាងសហគមន៍ការពារព្រៃឡង់មួយរូបប្រចាំនៅខេត្តស្ទឹងត្រែង កញ្ញា ឈាង លី លើកឡើងថា ការចូលរួមរបស់ខាងសហគមន៍ ដោយមើលឃើញថា ឈើប្រណិតៗប្រភេទឈើកម្រដែលត្រូវបានកាប់យកទៅលក់នៅបរទេស ភាគច្រើនចេញពីតំបន់ព្រៃឡង់។ កញ្ញាបន្ថែមថា ការបាត់បង់គម្របបៃតងនេះកំពុងបង្ក​ផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិត​របស់ប្រជាសហគមន៍ដែលធ្លាប់ពឹងអាស្រ័យលើផលអនុផលព្រៃឈើ។

កញ្ញានិយាយថា៖ «ឥលូវផលអនុផលអី វារកអត់សូវបានដូចមុនទេ ពីមុនធ្លាប់មានអ៊ីចឹង ហើយបន្ទាប់មកដូចជាគ្រោះរាំងស្ងួតអ៊ីចឹង។ រាល់ដងធ្លាប់មានភ្លៀង វាទៀងទាត់ តែឥលូវអត់សូវទៀងទាត់ប៉ុន្មានទេ វាប្រែប្រួលអស់ហើយ។ ហើយសូម្បីតែច្បោះជ័រទឹក ក៏វាចេញអត់បានដូចមុនដែរ»។  

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា ក្នុងនាមជាអង្គការសង្គមស៊ីវិល អ្នកស្រីចង់ឃើញប្រសិទ្ធភាពនៃការបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជាកាន់តែប្រសើរឡើង។ លើសពីនេះ ​មិនគួរមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការចូលរួមរ​ប​ស់សហគមន៍និងសកម្មជនការពារបរិ​ស្ថា​នលើការងារការពារព្រៃឈើឡើយ ខណៈអ្នកស្រីមើលឃើញថា កន្លងមក ទោះមានការប្តេជ្ញាពីអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណា ក៏បទល្មើស​នៅតែបន្តកើតមានជាហូរហែដដែល។

អ្នកស្រីមានប្រសាសន៍ថា៖ «គួរតែមានការធ្វើយ៉ាងម៉េចបង្កលក្ខណៈងាយស្រួលក្នុងការដែលខាងសហគមន៍ ខាងអង្គការសង្គមស៊ីវិល ឬខាងសកម្មជនបរិស្ថាននេះ គួរតែត្រូវបានមានឱកាសក្នុងការចូលរួម ហើយដែលមានការសហការគ្នាដើម្បីធ្វើយ៉ាងម៉េចយើងអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ហើយ​និងការធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ»

អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) ​បា​នចេញរបាយការណ៍នៅខែមីនា ឆ្នាំ២០២១ ស្តីពីវិនាសកម្មព្រៃឈើនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយដែលមានអ​ត្រា​ខ្ពស់បំផុត ដោយព្រៃឈើក្នុងតំបន់ការពារជាង៥សែនហិកតា ស្មើនឹងជិត១២ភាគរយនៃគម្របព្រៃឈើសរុបលើផ្ទៃប្រទេស ត្រូវបានបាត់បង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ