មន្រ្តី​​កម្ពុជា​រិះគន់​ UN លើ​សំណើ​បញ្ចេញ​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ-១៩​ក្នុង​ពន្ធនាគារ​

ពលរដ្ឋពីរនាក់ជិះម៉ូតូនៅពីមុខច្រកចូលខ្លោងទ្វារមណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្រ្តីជាន់ខ្ពស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានរិះគន់សំណើរបស់អង្គការសហប្រជាជាតិ (UN) និងសង្គមស៊ី​វិលមួ​យចំនួនដែលស្នើ​​ឱ្យ​រដ្ឋាភិបាលបង្ហាញអត្តសញ្ញា​ណ​អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារ​​ទូទាំងប្រទេស ដោយថា ធ្វើ​​ឡើងតា​មតែបបូរមាត់។

ការិយាល័យ UN នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២១​ ដោយ​​ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ​​ប​ញ្ចេ​ញព័ត៌មានជាក់លាក់អំពីចំនួនអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារនៅទូទាំងប្រទេសដែលកំពុងចង្អៀតណែន និ​ង​ស្នើ​ឱ្យមានតម្លាភាពកាន់​តែខ្លាំងក្នុងការផ្តល់ព័ត៌មាន​ទាក់ទងនឹងការផ្ទុះការចម្លងនៅទីនោះ ឱ្យស្រដៀងនឹងក​រណីឆ្លងនៅកន្លែងផ្សេ​ងៗ​ទៀត។

សំណើនេះធ្វើឡើងមួយសប្តាហ៍ក្រោយអង្គការអន្តរជាតិ២ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំក្នុង​បទល្មើស​ស្រា​លៗឬ​អ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស​ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​ ក្រោយពីជំងឺកូវីដ-១៩បានឆ្លងរាលដាល​ចូលទៅក្នុងពន្ធនាគារ។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃ​ម្សិលមិញថា UN និងសង្គមស៊ីវិលមួ​យចំនួនធ្លាប់រិះគ​ន់អា​ជ្ញា​ធរប​ញ្ចេញអ​ត្តសញ្ញាណអ្ន​​កជំងឺកន្លងមកថា ជាការរំលោភបំពានសិទ្ធិឯកជនភាពបុគ្គល។ លោកថា ថ្មីៗនេះ ស្ថា​នប័ន​ទាំ​ងនោះបែ​រជាស្នើឱ្យអាជ្ញាធរបញ្ចេញអត្តសញ្ញាណអ្នកជាប់ឃុំក្នុងពន្ធនាគារដែលឆ្លងជំងឺទៅវិញ។

លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ វីអូឌី តាមសារ Telegram នៅថ្ងៃនេះថា៖ «យើងមិនយល់ថាពួកគាត់ចង់បានអីឱ្យពិតប្រាកដ ហើយទ្រឹស្តីសិទ្ធិមនុស្សដែលគាត់លើកឡើងហ្នឹង មើលទៅវានៅលើតែបបូរមាត់ ស្រេចតែ​គាត់​ថា! ហើយមិនដឹងមានស្តង់ដារប៉ុន្មាន! ចំពោះខ្ញុំ មិនមែនមានស្តង់ដារពីរទេ នេះស្តង់ដារលើសពីពីរទៅទៀត»។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបន្ថែមថា ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ដែល​​រដ្ឋាភិបាលធ្វើឡើងកន្លង​មក គឺដោយផ្អែ​កលើភា​ពចាំបាច់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅកន្លែងផ្សេងៗ ប៉ុន្តែចំពោះអ្នកជាប់ឃុំ​ដែលឆ្លងគឺមិនចាំបាច់ទេ ដោយសារពួកគេស្នាក់នៅមួ​​​យកន្លែង។

យ៉ាងណា​ លោកថា ចំពោះការស្នើសុំតួលេខអ្នកឆ្លងមិនមា​នបញ្ហានោះទេ ហើយអាជ្ញាធរក៏បានលាតត្រដាងតាម​អ្ន​ក​សារព័ត៌មានជាហូរហែមកដែរ ហើយអាជ្ញាធរក៏បានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលក្នុងចំណោមអ្នកជា​ប់ឃុំ ដូចជា ការដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ និងបញ្ជូនពួកគេទៅព្យាបាល ជាដើម។

លោកថ្លែងថា៖ «ដូចនៅពន្ធនាគារខេត្តកណ្តាល ទើបប្រកាសព្រឹកមិញ ប៉ុន្មានរយនាក់ជាង! អាហ្នឹងវាមានទៅស្អី! ក៏ប៉ុន្តែអ្វីដែលគេស្នើសុំដូច Human Rights Watch អង្គការសង្គមស៊ីវិល ក្រុមសកម្មជនអីហ្នឹង ស្នើសុំមិនមែនតែតួលេខ! ពួកគេស្នើសុំដល់ទៅព័ត៌មានលម្អិត ដូចជា អត្តសញ្ញាណអ្នកដែលជាប់ឃុំ​ទៀត។ យើងគិតថា វាមិនចាំបាច់»

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា បដិសេធថា UN បានស្នើឱ្យមានការបញ្ចេញព័ត៌មានអត្តសញ្ញាណអ្នកជាប់សង្ស័យឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ។

ប្រភពដដែលបន្តថា ការិយាល័យ UN ប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យមានតម្លាភាពកាន់តែខ្លាំងក្នុងការបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងការផ្ទុះករណីឆ្លងក្នុងពន្ធនាគារ គឺដើម្បីស្វែងយល់ពីការរីករាលដាលនៃជំងឺឆ្លងនៅទីនោះ និងផលប៉ះពាល់ទៅលើអ្នកទោស អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារ រួមទាំងតម្រូវការចាំបាច់ផ្សេងទៀត ដែលអាចជាប់ពាក់ព័ន្ធកាតព្វកិច្ចរបស់អង្គការក្នុងការចុះអង្កេតលើស្ថានភាព និងផ្តល់ជាជំនួយមនុស្សធម៌តាមការស្នើរបស់អាជ្ញាធរ។

លោកស្រី Pauline Tamesis បន្ថែមថា៖ «ការអំពាវនាវដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ មិនគួរត្រូវបានបកស្រាយថាជាការអំពាវនាវឱ្យបង្ហាញព័ត៌មានឯកជនបុគ្គលដែលប្រហែលជាត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នោះទេ។ ការគោរពសិទ្ធិមនុស្សរាប់ទាំងសិទ្ធិឯកជន គឺសំខាន់បំផុតក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លង»។

ដោយឡែក នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ី លោក Phil Robertson ចាត់ទុកការលើកឡើង​របស់អ​នុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា​ជាការព្យាយាមបិទបាំងភាពបរាជ័យ និងខ្វះតម្លាភាពក្នុងការគ្រប់គ្រងនិងកា​រពា​រអ្នកជាប់ឃុំពីជំងឺឆ្លង។

លោកប្រាប់​ វីអូឌី តាមសារអ៊ីម៉ែលថា អាជ្ញាធរកម្ពុជាបានលាក់បាំងសូម្បីចំនួនអ្នកឆ្លងនៅពន្ធនាគារនិងអ្នកពាក់ព័ន្ធដែលបានយកសំណាកទៅធ្វើតេស្ត ដែលចំណុចនេះធ្វើឱ្យអង្គការជាតិនិងអន្តរជាតិមាន​មន្ទិលលើប្រសិទ្ធភាពនៃវិធានការដែលបាន​អះ​អាង​។  

លោកបន្ថែមថា៖ «កម្រិតចំនួនអ្នកជាប់ឃុំច្រើនហួសហេតុនៅក្នុងពន្ធនាគារ គឺជាការពិតនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអា​ជ្ញាធរមិនបានពិចារណាលើអនុសាសន៍សម្រាប់ការដោះលែងអ្នកទោសដែលងាយរងគ្រោះ និងអ្នកដែលស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នក្រោមបទឧក្រិដ្ឋស្រាលនិងអហិង្សាទេ»

អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ​ការរិះគន់ចំពោះការបង្ហាញ​អត្តសញ្ញាណអ្នកជំងឺកូវីដ-១៩កន្លងមក គឺដោយសារអាជ្ញាធរបានបង្ហាញទាំងរូបថត ឈ្មោះ និងអាសយដ្ឋាន​ជាក់​លាក់ ប៉ុន្តែចំពោះការស្នើត្រឹមតួលេ​ខ​ចំនួនឆ្លងនោះ មិនមែនជាការស្នើឱ្យបង្ហាញអត្តសញ្ញាណទេ។

លោកបន្ថែមថា ការមិនបង្ហាញព័ត៌មានជាក់លាក់ពីតួលេខអ្នកជាប់ឃុំដែលឆ្លងនិងអ្នកពាក់ព័ន្ធក្នុងពន្ធនាគារជាដើម ធ្វើឱ្យស្ថា​ប័នអង្គការជា​តិនិងអន្តរជាតិដែលមានបំណងចង់រួមសហការជាមួយអាជ្ញាធរ ជួបឧបសគ្គច្រើនក្នុងការ​ជួយគិតគូរស្វែងរកដំណោះស្រាយ ហើយក៏ធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេមានការព្រួយបារម្ភផងដែរ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «វាធ្វើឱ្យក្រុមគ្រួសាររបស់ជនជាប់ឃុំ គាត់មានការបារម្ភ ពីព្រោះវាអត់មានព័ត៌មានអីជា​ក់លាក់ទេ ចំនួនទិន្នន័យពិតប្រាកដអត់មាន។ ហើយយើងមើលខាងក្រៅ ក្រសួងសុខាភិបាលគាត់បង្ហាញ​នូវតួលេខមួយថ្ងៃៗមានប៉ុន្មាន គឺបង្ហាញច្បាស់លាស់ អ៊ីចឹងយើងចង់ឱ្យខាងពន្ធនាគារក៏មានការបង្ហាញដែរ»

កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្រ្តីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា ពន្ធនាគារចំនួន៤ ក្នុងចំណោមពន្ធនាគារនៅទូទាំងប្រ​ទេស​ចំ​នួន២៨ ដែលមានអ្នកជាប់ឃុំសរុបប្រមាណ៤០ ០០០​នាក់ មានផ្ទុះករណី​ឆ្លងជំងឺ​កូវីដ-១៩ ដោយ​ផ្តើមដំបូងនៅដើមខែឧសភានេះ មាន​ចំនួន៣៤ករណី នៅព​ន្ធ​នាគារខេត្តព្រះសីហនុ។ បន្ទាប់មក នៅថ្ងៃទី២០ ខែឧសភា ផ្ទុះ១៨ករណី នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ និងក្នុងចំនួនមិនជាក់លាក់នៅព​ន្ធ​នាគារ PJ រាជធានីភ្នំពេញ ខណៈពេលដែល​ពន្ធនាគារ​ខេត្តកណ្តាលមានអ្នកឆ្លងកើនដល់ជាង៣០០នាក់ គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភាមក៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌ៖ «វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយជុំវិញការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ពីតំណាងការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានភ្លាមៗទេ នៅថ្ងៃចន្ទនេះ។» ខ្លឹមសារដែលកែតម្រូវបន្ថែមគឺ «លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា បដិសេធថា UN បានស្នើឱ្យមានការបញ្ចេញព័ត៌មានអត្តសញ្ញាណអ្នកជាប់សង្ស័យឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ។ ប្រភពដដែលបន្តថា ការិយាល័យ UN ប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យមានតម្លាភាពកាន់តែខ្លាំងក្នុងការបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងការផ្ទុះករណីឆ្លងក្នុងពន្ធនាគារ គឺដើម្បីស្វែងយល់ពីការរីករាលដាលនៃជំងឺឆ្លងនៅទីនោះ និងផលប៉ះពាល់ទៅលើអ្នកទោស អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារ រួមទាំងតម្រូវការចាំបាច់ផ្សេងទៀត ដែលអាចជាប់ពាក់ព័ន្ធកាតព្វកិច្ចរបស់អង្គការក្នុងការចុះអង្កេតលើស្ថានភាព និងផ្តល់ជាជំនួយមនុស្សធម៌តាមការស្នើរបស់អាជ្ញាធរ។ លោកស្រី Pauline Tamesis បន្ថែមថា៖ «ការអំពាវនាវដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ មិនគួរត្រូវបានបកស្រាយថាជាការអំពាវនាវឱ្យបង្ហាញព័ត៌មានឯកជនបុគ្គលដែលប្រហែលជាត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នោះទេ។ ការគោរពសិទ្ធិមនុស្សរាប់ទាំងសិទ្ធិឯកជន គឺសំខាន់បំផុតក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ