អ្នក​ជាប់​ឃុំ​​​ក្នុង​ពន្ធនា​គារ​ខេត្ត​កណ្តាល​ជាង​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩

អាជ្ញាធរខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនិងរៀបចំក្រោយរកឃើញករណីឆ្លងកូវីដ-១៩លើអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្ដាល នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តកណ្តាល)

មន្ត្រីពន្ធនាគារ និងអាជ្ញាធរខេត្តកណ្ដាល បានអះអាងថា ពួកគេបានគ្រប់គ្រងសភាពការណ៍ជំងឺ​កូវីដ-១៩នៅក្នុងពន្ធនាគារខេត្តកណ្តាលរួចរាល់ហើយ បន្ទាប់ពីការរកឃើញអ្នកជាប់ឃុំនិងមន្ត្រីពន្ធនាគារចំនួន១០៦នាក់បានឆ្លងជំងឺកូវីដ-១៩។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានថ្លែងប្រាប់ វីអូឌី នៅថ្ងៃពុធនេះ​ថា ក្រោយពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៥ ខែឧសភាមក អាជ្ញាធរបានបញ្ជូនគ្រូពេទ្យនិងអ្នកជំនាញទៅព្យាបាលដល់ពន្ធនាគារតែម្តង។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខាងរដ្ឋបាលខេត្តគាត់ចាត់តាំងអ្នកជំនាញសុខាភិបាល ហើយនិងអង្គភាពពាក់ព័ន្ធហ្នឹងមកជួយអស់ហើយ អ៊ីចឹងសភាពការណ៍វាអត់អីទេ»។

កាលពីយប់ថ្ងៃទី២៥ ខែឧសភា អាជ្ញាធរខេត្តកណ្តាល រួមមាន ស្នងការនគរបាលខេត្ត លោក ឈឿន សុចិត្រ និងមន្ត្រីពន្ធនាគារខេត្តកណ្តាលជាច្រើននាក់បានចុះទៅរៀបចំចាត់ចែងទណ្ឌិតនៅក្នុងពន្ធនាគារខេត្តកណ្តាលភ្លាមៗ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា មានទណ្ឌិតចំនួន១០៣នាក់ និងមន្ត្រីពន្ធនាគារចំនួន៣នាក់ មានវិជ្ជមានវីរុសកូវីដ-១៩។

ប្រធានពន្ធនាគារខេត្តកណ្តាល លោក ចាត ស៊ីនាង បានបដិសេធពីវិធានការជម្លៀសអ្នកទោសឱ្យចេញទៅព្យាបាលនៅខាងក្រៅ ខណៈអាជ្ញាធរបានគ្រប់គ្រងទៅលើវិធានការព្យាបាលទណ្ឌិតនៅក្នុងពន្ធនាគាររួចរាល់ហើយ ប៉ុន្តែលើកលែងតែករណីឈឺធ្ងន់ធ្ងរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំនួននេះគឺដូចខ្ញុំប្រាប់អ៊ីចឹងថា ខាងពេទ្យគេជាអ្នកធ្វើ! អ៊ីចឹងបើចង់ដឹងព័ត៌មាននេះ សូមទាក់ទងទៅឯកឧត្តមអភិបាលខេត្ត បាទ! បាទ! អត់មានទេ! [ជម្លៀសអ្នកទោសចេញក្រៅ] បើករណីធ្ងន់ធ្ងរ គេបញ្ជូនទៅពេទ្យហើយ»។

ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ មិនចង់អត្ថាធិប្បាយច្រើនឡើយលើករណីអ្នកជាប់ឃុំ​ឆ្លងជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារខេត្ត​នេះ។ ប៉ុន្តែលោកបានឆ្លើយប្រាប់ វីអូឌី យ៉ាងខ្លីថា អាជ្ញាធរអាចគ្រប់គ្រងសភាពការណ៍បានល្អហើយនៅពេលនេះ។

ពន្ធនាគារខេត្តកណ្តាល ជាពន្ធនាគារទី៣ ដែលជំងឺកូវីដ-១៩បានឆ្លងទៅលើអ្នកជាប់ឃុំ​ បន្ទាប់​ពីពន្ធនាគារខេត្តព្រះសីហនុ មានអ្នកជាប់ឃុំ​ចំនួន៣៤នាក់ និងពន្ធនាគារព្រៃស រាជធានីភ្នំពេញ ​មានអ្នកជាប់​ឃុំ​ចំនួន១៨នាក់ បានឆ្លងជំងឺកូវីដ-១៩។

ចំពោះមូលហេតុនៃការឆ្លងជំងឺកូវីដ-១៩ទៅក្នុងពន្ធនាគារនេះវិញ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា បណ្តាល​មកពី​ការគ្រប់គ្រងការចេញចូលរបស់អ្នកជាប់ឃុំ​និងមន្ត្រីពន្ធនាគារ។

ជាក់ស្តែង ករណីនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ លោកថា ប្រភពចម្លងជំងឺកូវីដ-១៩ បានចេញមកពីអ្នកទោសជនជាតិចិនតៃវ៉ាន់ម្នាក់ដែលអាជ្ញាធរបានធ្វេសប្រហែសក្នុងការដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក មុននឹងបញ្ចូលទៅក្នុងពន្ធនាគារ ខណៈករណីនៅពន្ធនាគារព្រៃស​វិញ អាជ្ញាធរបានរកឃើញថា ខ្សែចម្លងជំងឺកូវីដ-១៩នេះគឺជាប់ពាក់ព័ន្ធនឹងមន្ត្រីអនុរក្សពន្ធនា​គារតែម្តង។ ចំណែកប្រភពចម្លងនៅក្នុងពន្ធនាគារខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៥ ខែឧសភាវិញ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

លោក នុត សវនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការនេះ យើងភ្លាមៗពេក យើងស្រាវជ្រាវអត់ទាន់សន្មតច្បាស់ទេ [ករណីឆ្លងពន្ធនាគារខេត្តកណ្តាល] អ៊ីចឹង​យើងឃើញបញ្ហាជាចម្បង គឺការមិនបានយកសំណាកទៅពិនិត្យ។ ហើយម៉្យាងទៀត កន្លងមក វាមានមន្ត្រីយើងខ្លះគាត់រស់នៅក្នុងសហគមន៍ គាត់ប្រាស្រ័យទាក់ទងឬធ្វើដំណើរទៅកន្លែងផ្សេងៗ ហើយក្រោយមក ទើបគេប្រកាសស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដល់អ៊ីចឹងវាមានដោយមន្ត្រីយើងម្នាក់ពីរនាក់ទៅ ហ្នឹងនៅមណ្ឌលអប់រំកែប្រែទី១»។

កាលពីថ្ងៃទី២៣ ខែ​ឧសភា អង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ​ចំនួនពីរ គឺអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរ​ជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំដែលមានបទល្មើស​ស្រាលៗ ឬ​អ្នកជាប់​ឃុំដែលកំពុងរង់ចាំការកាត់ទោស ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងក្រោយពីដឹងថា ជំងឺកូវីដ-១៩បានឆ្លងចូលទៅ​ក្នុងពន្ធនាគាររួចទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ