អង្គការ​​អន្តរជាតិ​​២​​​ ​អំពាវ​នាវ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ខ្លះ​​ក្រោយ​ជំងឺ​កូវីដ-១៩​ឆ្លង​​​ចូល​ពន្ធនាគារ​

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុងពិធី​ប្រកាស​លើកលែងទោស​ដល់​ទណ្ឌិត​ជា​ជនជាតិ​ខ្មែរ​ ចំនួន​២៧​នាក់​ ពី​៣​ខែ​ និង​៦​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អង្គការសិទ្ធិមនុស្សអន្តរជាតិធំៗចំនួនពីរ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំក្នុងបទល្មើស​ស្រាលៗឬ​អ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស​ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​សិន ក្រោយពីជំងឺកូវីដ-១៩បានឆ្លងរាលដាល​ចូលទៅក្នុងពន្ធនាគារ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានសរសេរ​នៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៣ ខែឧសភា​ថា ជា​ឆ្លើយតបទៅនឹងការកើនឡើងនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩​នៅក្នុងពន្ធនា​គារ អង្គការអន្តរជាតិទាំងពីរអំពាវនាវជាថ្មីម្តងទៀតឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាចាត់វិធាន​ការជាបន្ទាន់ ដើម្បីការពារសិទ្ធិសុខុមាលភាពរបស់អ្នកជាប់ឃុំ មន្ត្រីពន្ធនាគារ និងសហគមន៍របស់ពួកគេ។

សេចក្តីថ្លែងការណ៍នេះបានសរសេរយ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវឱ្យតុលាការនិងអាជ្ញាធរពិនិត្យមើលសំណុំរឿងនៅក្នុងពន្ធនាគារទាំង២៨នៅទូទាំងប្រទេស ដោយអនុវត្តដូចករណីនៅពន្ធនាគារខេត្ត​ព្រះសីហនុដែលបានឈានទៅដោះលែងអ្នកជាប់ឃុំ​ប្រមាណជា១០០នាក់ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ អាជ្ញាធរកម្ពុជា ក៏គួរតែដោះលែងអ្នកជាប់ឃុំបណ្តោះអាសន្នដែលកំពុងរង់ចាំសវនាការកាត់ទោស ចេញពីពន្ធនា​គារទាំងអស់នៅទូទាំងប្រទេសផងដែរ»។

បើតាមរបាយការណ៍របស់អង្គការអន្តរជាតិទាំងពីរ យ៉ាងហោចណាស់មានអ្នកជាប់ឃុំប្រមាណ ៣៥% នៃចំនួនអ្នកជាប់ឃុំសរុប៣៩ ០០០នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេស គឺជា​អ្នកជាប់ឃុំបណ្តោះអាសន្នដើម្បីរង់ចាំសវនាការកាត់ទោស។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានអ្នកជាប់ឃុំ​១៨​នាក់នៅក្នុងពន្ធនាគារព្រៃស ឬ (ម១) បានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែឧសភា ខណៈនៅ​ពន្ធនាគារនេះជាពន្ធនាគារ​ទី២ដែលមានអ្នកជាប់ឃុំ​ឆ្លងជំងឺនេះ​ បន្ទាប់ពីមានការឆ្លងដល់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុ។

ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានអះអាងថា អគ្គនាយកដ្ឋានពន្ធនាគារ មិនអាចធ្វើតាមការអំពាវនាវរបស់អង្គការអន្តរជាតិទាំងពីរ​នេះទេ ព្រោះថា រឿងនេះគឺជាប់ពាក់ព័ន្ធនឹងស្ថាប័នផ្សេងទៀត ដូចជាតុលាការជាដើម។ លោកបញ្ជាក់ថា បើតុលាការមិនដោះលែង តើនរណាហ៊ាន?

លោកមានប្រសាសន៍​បន្ថែមថា៖ «បើធ្វើបាន យើងធ្វើហើយ ប៉ុន្តែកិច្ចការនេះ ត្រូវដឹងថា អ្នកដែលមិនទាន់កាត់ទោសហ្នឹង គឺតាមនីតិវិធី យើងចាត់ទុកពួកគាត់ថាជាអ្នកជាប់ឃុំដែលមានចំណាត់ថ្នាក់ហានិភ័យខ្ពស់ អ៊ីចឹងបើយើងដោះលែងពួកគាត់ហ្នឹង ទាល់តែមានយន្ត​ការ​មួយគ្រប់គ្រងគាត់នៅក្រៅឃុំ»។

កាលពីថ្ងៃទី២០ ខែឧសភា ប្រធានមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) លោក យិន គន្ធ បានផ្ញើលិខិតមកប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងប្រធានតុលាការសាលាឧទ្ធរណ៍ ឱ្យសុំផ្អាកដឹកអ្នកជាប់ឃុំពីពន្ធនាគារព្រៃស មកឡើងសវនាការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែឧសភាតទៅ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំចំនួន១៨នាក់បានឆ្លងជំងឺកូវីដ-១៩។

យ៉ាងណាក្តី លោក នុត សវនា បានថ្លែងថា បច្ចុប្បន្ននេះ អាជ្ញាធរបានគ្រប់គ្រង​សភាពការណ៍អ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារព្រៃសបានហើយ ដែលករណីនេះ អាជ្ញាធរ​នឹង​មិនចាំបាច់អនុវត្តដូចករណីនៅក្នុងពន្ធនាគារខេត្តព្រះសីហនុនោះឡើយ។

លោកថ្លែងថា៖ «អត់ទាន់មានចំណាត់ការ [ជម្លៀសអ្នកទោស] បែបនេះទេ! ពីព្រោះឥលូវនេះ យើងកំពុងគ្រប់គ្រងសភាពការណ៍ ហើយមើលទៅដូចជាមិនមានហានិភ័យអីខ្ពស់ទេ ទើបយើងសម្រេចថា យកសំណាកអ្នកដទៃដែលជាអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល។ ហើយយើងធ្វើការបិទខ្ទប់ពន្ធនាគារពេលនេះ ហើយអនុវត្តតាមគោលការណ៍សុខាភិបាល ទាំងការសម្អាត ទាំងការចាត់វិធានការព្យាបាល ការពារការរាលដាលឆ្លងអីហ្នឹង គឺយើងធ្វើនៅកន្លែងតែម្តង។ ហើយបើមានករណីអ្នកណាឈឺធ្ងន់ធ្ងរអីហ្នឹង ទើបយើងយកទៅពេទ្យខាងក្រៅ»។

អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា ភាព​ចង្អៀតណែននៅក្នុងពន្ធនាគារជាក្តីព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលជា​យូរមក​ហើយ។ លោកបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ពិចារណាយកជម្រើសផ្សេងៗទៀត ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងពន្ធនាគារ។

លោកថ្លែងថា៖ «បញ្ហាកូវីដនេះ នៅលើពិភពលោក នៅប្រទេសខ្លះ គេមានការដោះលែងអ្នកជាប់ឃុំមួយ​ចំនួន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើង។ អ៊ីចឹងនៅកម្ពុជាក៏គួរពិនិត្យមើលដែរ ដូចជា បទល្មើសមជ្ឈិមកម្រិតស្រាលអី អាចថាអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នបាន ក៏គួរតែពិចារណា! ហើយពន្លឿននីតិវិធីក្នុងការដំណើរការរឿងក្តីហ្នឹង ហើយ​ពិនិត្យមើលអ្នកជាប់ឃុំដែលមានជំងឺរ៉ាំរ៉ៃឬក៏ចាស់អាយុច្រើននោះ ហើយនិងស្ត្រីដែល​មានផ្ទៃពោះនិងស្ត្រីដែលមានកូនតាមម្តាយអី ទៅតាមលទ្ធភាព ជាពិសេសអ្នកដែលជិតផុតទោស ដែលមានន័យថា នៅបន្តិចបន្តួចនឹងផុតទោស អាហ្នឹងគួរតែពិនិត្យទៅតាមលទ្ធភាពហ្នឹង»។

អ្នកជាប់ឃុំសរុបនៅក្នុងពន្ធនាគារព្រៃស ឬ ម១ មាន​ចំនួន៧ ៤៦៦​នាក់ ខណៈពន្ធនាគារនេះ​អាចដាក់អ្នកជាប់ឃុំ​ត្រឹមតែ២ ០៥០​នាក់ប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិធំៗទាំងពីរ ក៏បានបញ្ជាក់ដែរថា ពួកគេបានទទួលរបាយការណ៍ដ៏គួរឱ្យជឿទុកចិត្ត កាលពីថ្ងៃទី១៨ ខែឧ​សភាថា ពន្ធនាគាររាជធានីភ្នំពេញ ឬ (PJ) ក៏មានអ្នកទោសឆ្លងជំងឺកូវីដ-១៩ផងដែរ។ ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បាន​បដិសេធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ