អ្នក​រស់​នៅ​តំបន់​បិទ​ខ្ទប់​​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ឡើង​វិញ​ តែ​ត្រូវ​មាន​លក្ខ​ខណ្ឌ​

ទីតាំងយាមកាមមួយកន្លែងនៅតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ (ជន ចាន់រ៉ែន)

រដ្ឋា​ភិបាលសម្រេ​ចឧ​បត្ថ​ម្ភ​​សាច់​ប្រាក់​​ដ​ល់អ្ន​ករស់​នៅក្នុង​តំប​ន់បិ​ទខ្ទប់ឡើងវិញ​​ ដោយ​​ភ្ជាប់នូវលក្ខខណ្ឌ​មួយចំ​នួន​ ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋមានកម្រិតជីវភាពទាប ប្រឈមនឹងការលំបាក ក្រោយអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់​ទ្រា​យ​ធំដោយវិបត្តិកូវិដ-១៩។

ការសម្រេចនេះធ្វើឡើងតាមសេចក្តីប្រកាសថ្មីមួយចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ «ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាក ក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់​ដោយសារជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិ​ការណ៍​២០កុម្ភៈ ២០២១»។

រដ្ឋាភិបាលបានឱ្យដឹងក្នុងសេចក្តីប្រកាសនោះ​ថា កិច្ច​អន្ត​រាគមន៍ជំនួយសង្គមនេះ ដោយសារតែមើលឃើញថា ឥទ្ធិពលនៃការរាលដាលជំងឺកូ​វីដ-១៩ មានកម្រិតធំធេង រហូតឈានដល់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងខេត្តព្រះសីហនុ។ បញ្ហានេះ ទើបរដ្ឋាភិបាលសម្រេច​ដាក់ចេញនូវជំនួយអន្តរាគមន៍ ដើម្បីជួយដោះស្រាយជីវភាពរបស់គ្រួសារប្រជាពលរដ្ឋមា​នកម្រិ​តជី​វភាពទាប នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ និងមួយ​រយៈខ្លីក្នុងដំណាក់កាលដ៏លំបាកនេះ។

តាមសេចក្តីប្រកាសដដែលថា ជំនួយសង្គមនេះបានផ្តោតទៅលើតែតំបន់បិទខ្ទប់ ដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងខេត្តព្រះសីហនុ តែប៉ុណ្ណោះ។

ជំនួយជាសាច់ប្រាក់នេះទៀតសោត ​​ផ្តោតទៅ​​លើតែ​អ្នកមានកម្រិតជីវ​ភាពទាប​និងលំបាកក្នុងតំបន់បិទខ្ទប់ដែលរដ្ឋាភិបាលកំណ​ត់យក ដូ​ចជា គ្រួសារអ្នកបើកបរ កម្មករសំណង់ អ្នកលក់ដូរតាមផ្ទះ បុគ្គលិកលក់ដូរតាមផ្សារ អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្ត ជាដើម។

រដ្ឋាភិបាលគូសបញ្ជាក់ថា អ្នកដែលត្រូវទទួលបានជំនួយសង្គមនេះ ត្រូវឆ្លងកាត់ការវា​យតម្លៃពីអាជ្ញាធរមូលដ្ឋាន គាំទ្រពីកម្លាំងស្ម័គ្រ​ចិត្ត ក្រោមការចាត់ចែងនិង​សម្របសម្រួលដោយក្រសួងផែនការ តាមរយៈការធ្វើកិច្ចសម្ភាសន៍​តាមទូរសព្ទ សម្រាប់តំបន់ដែលមិនទាន់មានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ឬសម្ភាសផ្ទាល់មុខសម្រាប់តំបន់ដែលមានសុវត្ថិភាពពីការឆ្លងជំងឺសកលនេះ។

តាមតារាងកំណត់របបឧបត្ថម្ភនេះ អ្នកដែលត្រូវបានឆ្លងកាត់ការវាយតម្លៃពីអាជ្ញាធរ​ពាក់ព័ន្ធរួចហើយ ពួកគេទទួលបានប្រាក់ចន្លោះពីជា​ង១៥ម៉ឺនរៀល (១៥៦ ០០០រៀល) ទៅជាង៣១ម៉ឺនរៀល (៣១១ ០០០រៀល) អាស្រ័យលើសមាជិកគ្រួសាច្រើនឬតិច។

ក្រៅពីនេះ សម្រាប់កម្មករកាត់ដេរ​ ចំពោះតែអ្នករស់នៅតំបន់បិទខ្ទប់វិញ ម្នាក់ៗទទួលបានប្រាក់១៦ម៉ឺនរៀល រីឯអ្នកមានសមាជិកស្លាប់ដោយជំងឺកូវីដ-១៩ ទទួលបាន៣០ម៉ឺនរៀល បូកបន្ថែមនឹងថ្លៃទឹកនិងភ្លើងចំនួន៥ខែ។

អំឡុងមុនចូលឆ្នាំខ្មែរ រដ្ឋាភិបាលបា​នប្រកាសម្ត​ងរួចមកហើយថា នឹងប្រើប្រាស់ជំនួយសង្គមជាសាច់ប្រាក់នេះជួយឧបត្ថម្ភដល់គ្រួសារដែលរស់នៅក្នុងតំ​ប​ន់បិទខ្ទប់ រួមទាំងអ្នកមានសមាជិកគ្រួសារដែលបានស្លាប់ដោយជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ក្នុងទំហំទឹកប្រាក់ប្រ​ហាក់ប្រហែលនឹងសេចក្តីសម្រេចថ្មីនេះដែរ ប៉ុន្តែក្រោយមក រដ្ឋាភិបាលបានប្រកាសលុបចោលវិញ ដោយសម្អាងថា យកថវិកាទាំងនោះទៅទិញជាស្បៀងអាហារឧបត្ថម្ភដល់ជនរងគ្រោះដោយកូវីដ-១៩ នៅតំបន់បិទខ្ទប់ជំនួសវិញ។

អ្នកស្រី រស់ ស៊ីថាត អាយុ៣១ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ រស់នៅផ្ទះជួលក្នុងសង្កាត់​ស្ទឹងមានជ័យ១ រាជធានីភ្នំពេញ ដែលជា​តំបន់បិទខ្ទប់នៅឡើយ បាននិយាយថា ​គាត់រី​ករាយ​ពេលទទួលបានដំណឹងនេះ។

អ្នកស្រីថា៖ «ឮដំណឹងគេឱ្យអ៊ីចឹង អរណាស់! កំពុងតែអត់ផង! រោងចក្រមិនដឹងថ្ងៃណាគេចូលផង ឈប់យូរហើយ ឈប់តាំងពីថ្ងៃទី១២ ខែមេសាម្ល៉េះ»។

អ្នកស្រី ភាព រ៉ានូ រស់នៅបន្ទប់ជួលក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអ្នកចាក់ចម្រៀងនៅហាងខារ៉ាអូខេមួយកន្លែង បាននិយាយថា គាត់ត្រេកអរ ប្រសិនបើទទួលបានប្រាក់ឧបត្ថម្ភនេះមែន ព្រោះបានដោះស្រាយបន្ទុកគ្រួសារបានមួយរយៈពេលដែរ ខណៈគាត់បានបាត់បង់ប្រាក់ចំណូលទាំងស្រុង ដោយសារវិធានបិទខ្ទប់ជាបន្តបន្ទាប់មកនេះ។

ប៉ុន្តែស្រ្តីអាយុ៣៩ឆ្នាំ មានកូន២នាក់ក្នុងបន្ទុករូបនេះ បារម្ភថា គាត់អាចនឹងអត់បានជំនួយសង្គមនេះដូចការចែកអំណោយមុនៗដែរ បើមន្ត្រីថ្នាក់លើមិនចុះតាមដានដល់មូលដ្ឋានទេនោះ។

អ្នកស្រីថា៖ «ខ្ញុំសំណូមពរថា បើរដ្ឋាភិបាលប្រកាសហើយ ឱ្យបានអ៊ីចឹង! កុំឱ្យប្រកាសហើយអត់! ជួនកាលគាត់ប្រកាសហើយ តែអត់ឃើញនរណាឱ្យ [ធ្លាប់មានអ៊ីចឹង?] ធ្លាប់តើ! កន្លងទៅឃើញមេមកកត់ ប៉ុន្តែអង្ករ ត្រីខ មីអីអត់ឃើញ លុយក៏ដោយ ឮតែបាន! ប៉ុន្តែមិនដែលបានផង តែបើបាន អរ»។

អ្នកសម្របសម្រួលកម្មវិធីនៅសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក កៅ ពឿន យល់ថា លក្ខខណ្ឌក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលនេះ អាចនឹងធ្វើឱ្យពលរដ្ឋក្រីក្រនៅតំបន់បិទខ្ទប់មួយចំនួនមិនទទួលបាន។

លោកបានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះអាចធ្វើឱ្យពលរដ្ឋមួយចំនួនត្រេកអរ តែជំនួយសង្គមនោះអាចមិនដល់ដៃប្រជាពលរដ្ឋក៏ថាបាន ព្រោះលក្ខខណ្ឌត្រូវឆ្លងកាត់ពីថ្នាក់មូលដ្ឋានដល់ក្រសួងទៀត។

លោកថា៖ «ខ្ញុំថា បើគាត់ចង់ឱ្យពិតប្រាកដមែន គាត់គួរតែមាន process [ការរៀបចំដំណើរការ] ពីមុនមក កំណត់ឱ្យច្បាស់ […] តាមដំណើរការហ្នឹងទៅ ជាងឆ្លងកាត់អាជ្ញាធរមូលដ្ឋាន ហើយឆ្លងទៅក្រសួងផែនការអីទៀត។ អ៊ីចឹងសង្ឃឹមតិចណាស់សម្រាប់អ្នកក្រីក្រ មិនដឹងអង្កាល់បានទេ»។

តែយ៉ាងណា លោកផ្តល់ជាយោបល់ថា ដើម្បីឱ្យជំនួយសង្គមនេះដល់ដៃអ្នកខ្វះខាតពិតប្រាកដ រដ្ឋាភិបាលគួរទម្លាក់ជំនួយនេះមកឱ្យអាជ្ញាធរមូលដ្ឋានជាអ្នកចាត់ចែងចុះចែកដោយផ្ទាល់ ដោយគ្រាន់តែបង្កើត​ប្រព័ន្ធតាមដានមួយ។ លើសពីនេះ អាជ្ញាធរទំនងជាមានតួលេខអ្នកក្រីក្រនៅក្នុងដៃច្បាស់ជាង មិនចាំបាច់បង្កើតប្រព័ន្ធសាំញ៉ាំបែបនេះទេ។

ជាងនេះទៀត លោកថា រដ្ឋាភិបាលគួរសហការជាមួយអង្គការ សមាគម ឬសហជីព ដើម្បីប្រមូលទិន្នន័យកម្មករដែលខ្វះខាត អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលខ្វះខាត ទុកជាមុន ងាយស្រួយក្នុងការអន្តរាគមន៍ជំនួយសង្គមទាន់ពេលនិងចំគោលដៅ។

យ៉ាងណា នៅថ្ងៃពុធនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចេញវិធានការបិទខ្ទប់តំបន់មួយចំនួនរយៈពេល៧ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កម្ភៈ បើទោះបីជាវិធានការបិទខ្ទប់នេះត្រូវបានប្រកាសឱ្យអាជ្ញាធរអនុវត្តចាប់ពីមុខចូលឆ្នាំខ្មែរមកក្តី។

រដ្ឋាភិបាលរំឭកថា ក្រៅពីការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំទ្រគ្រួសារប្រជា​ពលរដ្ឋមានកម្រិតជីវភាពទាបអំឡុងពេល​បិទខ្ទប់ រដ្ឋាភិបាលបាននិងកំពុងផ្តល់ជំនួយសង្គ្រោះជាស្បៀងអាហារផងដែរដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដូចជា អង្ករ ត្រីខ មី និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ