រដ្ឋា​ភិបាល​លុប​ចោល​គម្រោង​ផ្គត់ផ្គង់​លុយ​៣០​ម៉ឺន​រៀល​ដល់​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូវីដ-១៩

ពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទខ្ទប់តំបន់នេះបណ្ដោះអាសន្ន ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុកអភិបាលរាជធានីភ្នំពេញ)

លោ​កនា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន សុំកា​រយោ​គយល់​​ពីប្រជាពលរ​ដ្ឋចំពោះការដែលរដ្ឋាភិបា​លមិ​នបាន​ផ្គត់​ផ្គង់​ថវិកា​៣០ម៉ឺនរៀលក្នុង​​មួយ​គ្រួសារ សម្រាប់អ្នកធ្វើចត្តាឡីស័ក​ ទៅ​តាម​ការសន្យាកន្លងមក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ លើសពីការរំពឹងទុក ប៉ុន្តែរដ្ឋាភិបាល​ផ្តល់​ការ​ឧបត្ថម្ភជា​ស្បៀងអាហារជំនួសវិញ។

​កាលពីដើមខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាល​បាន​ប្រកា​ស​​អំពី​គោ​ល​ន​យោបាយ​ផ្តល់​សាច់ប្រាក់ចំនួន៣០ម៉ឺនរៀល​ក្នុងមួយគ្រួសារ ដល់អ្នកដែល​រង​ផលប៉ះពា​ល់​ធ្ងន់​ធ្ង​រ​ដោយសារ​ជំងឺ​កូវីដ-១​៩ ដើម្បីដោះស្រាយការលំបាក។

ប៉ុន្តែតាមរយៈសារ​ជា​សំឡេងកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គម្រោងផ្គត់ផ្គង់ជាថវិកានេះ ត្រូវបានលុបចោលវិញ ដោយបង្វែរ​ទៅជាការជួយឧបត្ថម្ភស្បៀងអាហារជំនួស​វិញ។

លោកថា៖ «ការអាក់ខានក្នុងការផ្គត់ផ្គង់ថវិកា៣០ម៉ឺនរៀល គឺជាការអាក់ខានដែលយើងមើលឃើញថា មិនអាចធ្វើទៅបាន សូមបងប្អូនយោគយល់ អាធ្យាស្រ័យ។ អ្វីដែលចាំបាច់នៅពេលនេះ​ គឺការរស់ ខ្ញុំឱ្យបង្វិលការផ្គត់ផ្គង់នេះទៅជាអង្ករ ជាត្រីខ ជាមី ជាទឹកត្រី ទឹកស៊ីអ៊ីវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

លោកបានគូសបញ្ជាក់ទៀត​​​ថា ការសម្រេច​លុបចោល​ការផ្តល់ថវិកានេះ ដោយសារតែ​បញ្ហាជំងឺកូវីដ-១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍២០កុម្ភៈ បានរីករាលដាលខ្លាំង រហូតឈានទៅបិទខ្ទប់រាជធានីភ្នំពេញ​ទាំងមូល រួមទាំងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់មនុស្សរាប់ម៉ឺននាក់ដែលកំពុងរស់នៅក្នុងតំបន់​បិទខ្ទប់ទាំងពីរនេះ។

ការថ្លែង​របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយពីមានពលរដ្ឋមួយចំនួននៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជា​តំបន់​ក្រហម​ បានប្រមូលផ្តុំតវ៉ាកាលពីល្ងាចថ្ងៃម្សិលមិញ ជុំវិញការទទួលបានស្បៀង តែមិនទទួលបានថវិកាជំនួយចំនួន​៣០ម៉ឺនរៀលដូចមុន។

អ្នកស្រី ហួ ស្រីមុំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលស្ថិត​ក្នុងតំបន់ក្រហម បាននិយាយនៅថ្ងៃពុធនេះ​ថា គាត់ធ្លាប់ធ្វើចត្តាឡីស័ក២០ថ្ងៃរួចមកហើយ ក្រោយពី​ភោជនីយដ្ឋានដែលគាត់ធ្វើការមានអ្នកឆ្លងជំងឺកូវីដ-១៩ ទៅទទួលទានអាហារនៅទីនោះ។

ស្ត្រីអាយុ២៤ឆ្នាំរូបនេះបាននិយាយថា គាត់មិនជំទាស់នឹងការបង្វែរជំនួយផ្គត់ផ្គង់ពីសាច់ប្រាក់ទៅជាស្បៀងអាហារ​នេះទេ ប៉ុន្តែអ្វីដែលគាត់បារម្ភនោះគឺការដាច់ស្បៀង បើជំ​នួយជាស្បៀងនោះផ្តល់​ឱ្យ​យឺតពេល។

អ្នកស្រីថា៖ «អត់លុយវាមិនអីទេ សំខាន់របស់ហូប និយាយរួមស្បៀងអាហារដែលត្រូវបម្រុងទុកហូបប្រចាំថ្ងៃ ព្រោះពងទានៅប៉ុន្មា​​នគ្រា​ប់ទេ ហើយត្រីខនៅតែពីរកំប៉ុង»។

អ្នក​រស់នៅតំបន់បិទខ្ទប់ម្នាក់​ទៀតនៅក្រុងតាខ្មៅ ខេត្តកណ្តាល លោក សោ សំអាល់ និយាយដែរថា ការជួយជាស្បៀងពេលនេះវាសំខាន់ជាងជួ​យជាថវិកា ព្រោះតំបន់បិទខ្ទប់ បើមានលុយក៏ពិបាកចាយដែរ។

លោកថា៖ «អត់អីទេ! បើបានតែស្បៀងក៏រឹតតែល្អ ព្រោះរឿងប្រាក់កាសហ្នឹងមិនសូវជាអីផង ព្រោះវាពិបាក ផ្សារគេបិទអស់ហើយ គ្មានអីទិញទេ»។

អ្នករស់នៅតំបន់ក្រហម​ម្នាក់ទៀត នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ លោក ម៉ុក ម៉ៃ អាយុ៧៤ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូកង់៣ និយាយថា គាត់មានការខកចិត្តខ្លះដែរពីការប្រកាសរបស់រដ្ឋាភិបាលនេះ តែថា ការពន្លឿនស្បៀងទាន់ពេលក៏ជារឿងសំខាន់ដែរ ខ​ណៈ​​គាត់មិនអាចចេញទៅដឹកភ្ញៀវបាន ហើយកំពុងប្រឈមដាច់ស្បៀងនោះ។

លោកថា៖ «ខាងយើងនេះ គេបិទខ្ទប់ដល់ថ្ងៃ២៨ [មេសា] ឯណោះ អ៊ីចឹងហើយសមាជិកកូនចៅវារងាក់រងើកដែរ មានអីឱ្យតែបានគ្រឿងឧបភោគបរិភោគក៏បានដែរ បើអត់លុយ»។

ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគម​​អាដហុក លោក នី សុខា និយាយថា វិធានការបិទខ្ទប់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងជា​សកលនេះ នឹ​ង​មិ​នជោគជ័យទេ បើពលរដ្ឋមិនទទួលបានជំនួយស្បៀងទាន់ពេលនោះ ដោយថា មនុស្សអាចចេញទៅរកស្បៀងដើ​​ម្បី​ក្រពះ បើពួកគេគ្មានជម្រើស។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី សង្កេតឃើញថា រដ្ឋាភិបាលមានយន្តការសង្គ្រោះល្អ តែ​ជំនួយស្បៀងទៅដល់ដៃអ្នករងផលប៉ះពាល់មានការយឺតយ៉ាវខ្លះ ដែលករណីនេះអាចបណ្តាល​មកពីអ្នកអនុវត្តមិនយល់ឬខ្វះមធ្យោបាយ។

លោកាថា៖ «ប៉ុន្តែអ្វីដែលជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីកាលពីយប់មិញនេះ បង្ហាញអំពីសមត្ថភាពរបស់រដ្ឋាភិបាលនៅក្នុងការត្រៀមខ្លួនសម្រាប់ឆ្លើយតបទៅវិបត្តិដែលកើតឡើង។ ពេលខ្លះក៏វាជាការធ្វេសប្រហែស ក៏ដូចជាការប្រមាថរបស់ថ្នាក់ដឹកនាំទៅលើស្ថានភាពដែរ»។

ករណីនេះ លោក​យល់ថា រដ្ឋាភិបាលគួរបើកចិត្តឱ្យទូលាយស្វែងរកជំនួយពីសប្បុរសជនជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក ឬក៏យុ​វជ​នស្ម័​​គ្រចិត្ត ចូល​រួមទាំងថវិកានិងកម្លាំងកាយចិត្តក្នុងការនាំស្បៀងទៅកាន់តំបន់ងាយរងគ្រោះ។

កាលពីថ្ងៃអាទិត្យ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននិយាយថា អង្គរ១៤០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដែល​បានពីការឧបត្ថម្ភរបស់រដ្ឋាភិបាល ត្រូវបាន​ផ្គត់ផ្គង់ដល់អ្នកដែលខ្វះស្បៀងរស់នៅក្នុងតំបន់បិទខ្ទប់ជាបន្តបន្ទាប់ហើយ​។

តែយ៉ាងណា រយៈពេល​៤ថ្ងៃមកនេះ ប្រជាពលរដ្ឋរាប់រយនាក់បានផ្ញើសារជាបន្តបន្ទាប់​ទៅកាន់បណ្តាញសង្គម​​ក្រុម​តេឡេក្រាម ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីសុំ​ជំនួយស្បៀងអាហារបន្ទាន់ ខណៈដែលពួកគេមានការ​បារម្ភពីការដាច់ស្បៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ