រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​​បន្ត​បិទ​តំបន់​ក្រហម​និង​លឿងទុំ​១​សប្ដាហ៍​ទៀត​ ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​ជំងឺ​កូវីដ-១៩

កងកម្លាំងប្រចាំការដាក់រនាំងយាមកាមនិងត្រួតពិនិត្យការចេញចូលនៅទីតាំងមួយកន្លែងតាមបណ្ដោយផ្លូវវេងស្រេង ជាទីតាំងដែលកំណត់ថាជាតំបន់ក្រហម ឬតំបន់ដែលមានការផ្ទុះកូវីដ-១៩ធ្ងន់ធ្ងរ ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២១។ (Michael Dickison)

រដ្ឋបាលរាជធានីភ្នំពេញ បន្តបិទខ្ទប់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» បន្ថែម១សប្តាហ៍ទៀត ដើម្បីត្រៀមកាត់ផ្តាច់​​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា កន្លងមក រដ្ឋបាលរាជធានី បានបែងចែកតំបន់ចំនួន៣ រួម​មាន «តំបន់ក្រហម» ដែល​មានករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅក្នុងសហគមន៍ និង «តំបន់លឿងទុំ» ដែល​មានការឆ្លងជំងឺកម្រិតមធ្យម​ ហើយ «តំបន់លឿង» មានការឆ្លងជំងឺកម្រិត​ស្រាល។

សេចក្តី​សម្រេចដដែលបញ្ជាក់ថា ការ​ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ការបិទភូមិសាស្ត្ររាជធានីភ្នំពេញនៅ «តំបន់ក្រហម» និ​ង​ «តំបន់លឿងទុំ» នៅក្នុងខណ្ឌចំនួន៨ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹង​គិតចាប់ពី​ម៉ោងសូន្យ ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

ចំណែក «តំបន់លឿង» ដែលអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរណ៍បាននោះ មានចំនួន៦ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌបឹងកេងកង និងខណ្ឌព្រែកព្នៅ។

អភិបាលរាជធានីភ្នំពេញ លោក ឃូួង ស្រេង មានប្រសាសន៍បន្ថែមថា ដើមចមដែលនាំឱ្យអាជ្ញាធរ​​បន្តបិទខ្ទប់តំបន់ទាំងពីរនេះបន្ថែម១សប្តាហ៍ទៀត ដោយសារនៅតំបន់ទាំងនោះនៅតែមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយ​គ្រាន់តែការ​​ឆ្លងបាន​ថយចុះទាបជាង​មុន ប៉ុន្តែមិនទាន់កាត់ផ្តាច់ទាំងស្រុងនៅឡើយ។

លោក​រំពឹងថា ការពន្យារពេលបិទខ្ទប់តំបន់ទាំងពីរនេះបន្ថែមមួយសប្តាហ៍ទៀត នឹង​អាចកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «អភិបាលរាជធានី ក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការយោគយល់ អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋនៅលើចំណុចទីតាំងក្រហម ឬលឿងទុំ ដែលនៅសល់តិចតួចនៅក្នុងខណ្ឌមានជ័យ ក៏ដូចជាខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមួយចំនួនដែលនៅតិចតួចបំផុត សុំឱ្យមានការយោគយល់ ហើយចូលរួមសហការជាមួយយើងខ្ញុំ ដើម្បីយើងឈានទៅរកការផ្តាច់ និងបើកទូលាយនៅពេលដែលយើងគ្រប់គ្រងសភាពការចំណុចតូចៗនេះបានទាំងស្រុង»។

អ្នក​ស្រី កង ចាន់ថា ដែលអះអាងថាជាកម្មកររោងចក្រ និងជួលបន្ទប់ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និយាយថា គាត់ជាប់នៅតំបន់បិទខ្ទប់ជិត១ខែហើយ ធ្វើឱ្យគាត់បាត់បង់ការងារ បាត់បង់ចំណូល និងខ្វះខាតស្បៀង ជាដើម។ អ្នកស្រីថា បើរដ្ឋបាលរាជធានីបន្តបិទមួយសប្តាហ៍ទៀត កាន់តែធ្វើឱ្យគាត់ជួបបញ្ហាប្រឈមនឹងជីវភាពថែមមួយកម្រិតទៀត។

អ្នកស្រីនិយាយថា៖ «គេបិទជិតមួយខែហើយ យើងអត់បានចេញទៅធ្វើការ យើងអត់មានចំណូល។ និយាយរួមទៅ ខ្ញុំចំណាយទៅលើការហូបចុក ការផ្គត់ផ្គង់គ្រួសារ ថ្លៃផ្ទះ ថ្លៃទឹក និងថ្លៃភ្លើង គ្រាន់តែយើងខ្វះខាតឱ្យគេ»។

លោក ឃាម សុភាព ដែលអះអាងថាជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់សន្ទោង ខណ្ឌកំបូល និយាយថា គាត់មិនជំទាស់នឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបន្តបិទខ្ទប់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» បន្ថែម១សប្តាហ៍ទៀតនោះទេ ។ ប៉ុន្តែលោកអំពាវនាវទៅរដ្ឋាភិបាលជួយផ្តល់ស្បៀងជូនពួកគាត់ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយផ្នែក ខណៈពួកគេជាប់នៅតំបន់បិទខ្ទប់នោះជិត១ខែមកហើយ។

លោកអំពាវនាវថា៖ «សុំឱ្យ [រដ្ឋបាលរាជធានី] ជួយស្បៀងតិចតួច ដើម្បីដោះមួយគ្រាៗ ដោយសារខ្ញុំអត់មានធ្វើការ អត់មានលុយផ្ញើឱ្យកូនចាយ ព្រោះកូននៅស្រុក។ ហើយខ្ញុំអត់ធ្វើការមួយខែហើយ លុយក៏រោងចក្រមិនគិតឱ្យ ហើយផ្ទះជួល១ខែ៥០ដុល្លារ ទាំងទឹកភ្លើង៧០ដុល្លារ យើងប្រើច្រើនប្រើតិច យើងដោតដាំបាយ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតំបន់ទាំងពីរនេះ​បាន លុះត្រាតែរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្បៀងនិងបំណុលធនាគារជូនពលរដ្ឋដែលនៅតំបន់បិទខ្ទប់នោះ ទើបទទួលបានផលវិជ្ជមានខ្ពស់។

លោកមានប្រសាសន៍ថា៖ «ធ្វើយ៉ាងម៉េចឱ្យអ្នកដែលនៅ​តំបន់ក្រហម និងតំបន់លឿងទុំ មិនមានអារម្មណ៍ឯកោ មានការស្ងប់ចិត្ត មានការបន្ធូរបន្ថយបំណុលអីយ៉ាងម៉េចៗ ជាពិសេសការជំពាក់បំណុលធនាគារ ថាតើបន្ធូរបន្ថយការប្រាក់យ៉ាងម៉េចៗ ​ទទួលបាននូវការផ្គត់ផ្គង់សម្រាប់ការរស់នៅរបស់ពួកគាត់ គឺគាត់លែងសូវបារម្ភហើយ ទាំងអស់ហ្នឹងហើយដែលជួយឱ្យគាត់មិនអាចចេញទៅណាបាន»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ​រាជធានីភ្នំពេញ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល៧(ប្រាំពីរ)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ