​តុលាការ​សម្រេច​ឃុំ​ខ្លួន​សន្តិ​សុខ​ម្នាក់​ ​​ក្រោយ​ប្រើ​​ហិង្សា​លើ​ពលរដ្ឋ​ពាក់​ព័ន្ធ​ជម្លោះ​ដី​ធ្លី​

ក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធជម្លោះដីធ្លី ស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពត។ (ផ្ដល់ឱ្យ)

តុលាការខេត្តកំពត បានសម្រេចឃុំខ្លួន​សន្តិសុខម្នាក់ធ្វើការនៅក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ក្រោយពីបុរសរូបនោះបាន​ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ពាក់ព័ន្ធជម្លោះដីធ្លី។

សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខរូបនោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងបាន​បញ្ជូនទៅសាលាដំបូងខេត្តកំពតនៅថ្ងៃបន្ទាប់​ ក្រោយពីសន្តិសុខរូបនោះបានប្រើអំពើហិង្សាទៅប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីមួយកន្លែងស្ថិតនៅភូមិត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា សន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ដែល​ប្រើហិង្សាលើពលរដ្ឋនោះ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នហើយកាលពីថ្ងៃម្សិលមិញនេះ ក្រោមបទចោទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់​ទោស»

គួរំឭកថា​ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងសន្តិសុខរបស់​ក្រុមហ៊ុនរបស់​ឧកញ៉ា សូ ងួន ជាមួយប្រជាពលរដ្ឋ ដោយបណ្តាលឱ្យពលរដ្ឋមួយចំនួន​រងរបួសស្រាល ខណៈក្រុមហ៊ុនមួយនេះដាក់គ្រឿងចក្រអមដោយកម្លាំងសន្តិសុខជាង១០០នាក់ ចុះកាយក្រវាត់​ព្រំដីប៉ះពាល់​ដីធ្លី និងផលដំណាំប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីនេះដែរ រដ្ឋបាលខេត្តកំពត បាន​តម្រូវ​ឱ្យក្រុម​ហ៊ុន​របស់​ឧកញ៉ា សូ ងួន ផ្អាកការឈូសឆាយកាយព្រំដីជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយទំនាស់ដីធ្លីជាមួយ​ប្រជាពលរដ្ឋ​ឱ្យបានចប់សព្វគ្រប់​សិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ