សមត្ថ​កិច្ច​ខេត្ត​កំពត​ ឃាត់​ខ្លួន​សន្តិ​សុខ​ក្រុមហ៊ុន​ម្នាក់​ ក្រោយ​ប៉ះ​​គ្នា​ជាមួយ​ពលរដ្ឋ​ជុំវិញ​ជម្លោះ​ដី​ធ្លី​

ក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធជម្លោះដីធ្លី ស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពត។ (ផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្តកំពត បានឃាត់ខ្លួន​សន្តិសុខម្នាក់របស់ក្រុមហ៊ុនឯកជនមួយ ក្រោយបុរសរូបនោះ បាន​ប្រើអំពើហិង្សា​ទៅលើប្រជាពលរដ្ឋពាក់ព័ន្ធរឿងជម្លោះដីធ្លី។

លោក ហែម គ្នី មេប៉ុស្តិ៍​នគរបាលឃុំត្រពាំងភ្លាំង ក្នុងខេត្តកំពត​ ប្រាប់ វីអូឌី នៅថ្ងៃអង្គារម្សិលមិញថា កាលពីថ្ងៃចន្ទ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងសន្តិសុខរបស់​ក្រុមហ៊ុនរបស់​ឧកញ៉ា សូ ងួន ជាមួយប្រជាពលរដ្ឋ បណ្តាលឱ្យពលរដ្ឋមួយចំនួន​រងរបួសស្រាល ខណៈក្រុមហ៊ុនមួយនេះបានដាក់គ្រឿងចក្រចុះកាយក្រវាត់​ព្រំដី ប៉ះពាល់​ដីធ្លី និងផលដំណាំប្រជាពលរដ្ឋស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

មន្ត្រីប៉ូលិស​រូបនេះអះអាងថា ក្រោយកើតហេតុនោះ សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខម្នាក់​របស់ក្រុមហ៊ុននោះបញ្ជូនទៅស្នងការដ្ឋាននគរបាល​ខេត្តកំពត ដើម្បីសាកសួរនិងចាត់វិធានការតាមនីតិវិធីច្បាប់។

លោកថា៖ «យើងបញ្ជូនទៅ [ស្នងការដ្ឋាននគរបាល] ខេត្ត តាំងពីម្សិលមិញម៉្លេះ ដោយសារគាត់ប្រើហិង្សាលើពលរដ្ឋ។ ព័ត៌មានលម្អិត បងសួរទៅខាងខេត្ត»

ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ប្រាប់ វីអូឌី យ៉ាងខ្លីថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យជាសន្តិសុខរូបនោះទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង​ លោក ប៊ុន សារិក ដែលអះអាងថា បានរងផលប៉ះពាល់ដីចម្ការដំណាំប្រហែល៦ហិកតាដែរនោះ បាននិយាយថា កាលពីថ្ងៃចន្ទ ទី១៥ខែនេះ ​ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន បានដាក់គ្រឿងចក្រ​ អមដោយកម្លាំងសន្តិសុខជាង១០០នាក់ដែល​ប្រដាប់ដោយដំបងឆក់ ដំបងឈើ កាំបិតស្នៀត​ និងចម្ពាមកៅស៊ូផងនោះ បានចុះទៅ​កាយប្រវាត់ព្រំដី ដែលក្រុមហ៊ុនអះអាងថាជាដីរបស់ខ្លួន​ មានបណ្ណកម្មសិទ្ធិឆ្នាំ២០១៥ ដោយប៉ះពាល់លើដីប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ក្រុមប្រឹក្សាឃុំរូបនេះបន្តថា ក្រុមហ៊ុនបានកាយផ្តាច់ផ្លូវនិងឈូសឆាយផលដំណាំ រួមទាំងខ្ទមចាំចម្ការរបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ដែលធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បារ រហូតមានការប៉ះទង្គិច​គ្នាបណ្តាលឱ្យពលរដ្ឋ៥នាក់រងរបួសស្រាលត្រង់ដៃ។

លោកបន្ថែមថា៖ «គេវាយក្បាល មិនយកដៃការពារក្បាល! អញ្ចឹងផុតក្បាល មិនត្រូវដៃ អត់បាក់ទេ គ្រាន់តែហើ​ម សន្តិសុខក្រុមហ៊ុនហ្នឹងមានដំបងឆក់ ដំបងឫស្សី មានដំបងឈើ កាំបិតស្នៀត ហើយប្រជាពលរដ្ឋប្រមាណ២០ទៅ៣០នាក់ ដៃទទេហ្នឹង»

លោក កែន សំអាន អាយុ៦០ឆ្នាំ អះអាងថា​ជាមន្ត្រីយោធាកងអន្តរាគមន៍​លេខ២ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ និយាយថា ក្រុមគ្រួសារលោកមានដីប្រហែល១០ហិកតាដែល​បាន​ដាំ​ពេញ​ដោយ​ដំណាំហូប​ផ្លែ ត្រូវបាន​គ្រឿងចក្រ​របស់​​ក្រុមហ៊ុនឧកញ៉ា សូ ងួន កាយ​ព្រំដី​ក្រវាត់​យក​អស់​ពាក់​កណ្តាល។

មន្ត្រីយោធារូបនេះអះអាងថា ដីប្រហែល១០ហិកតានោះ គឺលោកនិងភរិយាទទួលបានចំណែកពីប្រមុខរដ្ឋាភិបាលដែលបានចែកឱ្យពួកគាត់​ក្រោយសម័យសមាហរណកម្ម ដើម្បីឱ្យគ្រួសារកងទ័ពរស់នៅនិងអាស្រ័យផល​។ លោកថា គ្រួសារលោក​បានចូលទៅអាស្រ័យផលលើដីនេះ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ហើយ​​ទើបតែនៅដើមឆ្នាំ២០២១នេះ​ទេដែលក្រុមហ៊ុន អះអាងថា ដីតំបន់នោះជាដីរបស់ខ្លួនមានបណ្ណ​សិទ្ធិទៅ​វិញ។

បើតាមលោក កែន សំអាន កន្លងមក ក្រុមនិស្សិតបានចុះវាស់វែងដីនោះឱ្យគ្រួសាលោកបានប្រហែលជា២ហិកតាដែរ ប៉ុន្តែមិនបានផ្តល់បណ្ណកម្មសិទ្ធិជូនលោកនៅឡើយរហូតមដល់ពេលនេះ។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យសម្តេច [ហ៊ុន សែន] ជួយដល់កូនចៅផង ព្រោះដីនេះមិនមែនពួកខ្ញុំរំលោភយកដីរបស់ក្រុមហ៊ុនទេ។ ដីខ្ញុំទទួលបានក្រោយសម័យសមាហរណកម្ម ជាដីគោលនយោបាយរបស់សម្តេច ឱ្យបែងចែកជូនអង្គភាព បែងចែកតាមបុគ្គល ដើម្បីអាស្រ័យផលទេ»

វី​អូ​ឌី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពីឧកញ៉ា សូ ងួន បានទេ​ ពាក់ព័ន្ធ​ការចោទប្រកាន់លើក្រុម​ហ៊ុន​របស់លោកនេះ​។

មន្ត្រី​មន្ទី​រកសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ លោក អៀន ង៉ុន ធ្លាប់ប្រាប់ វីអូឌី​ ថា ក្រុម​ហ៊ុន ​សូ ងួ​ន ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៥ ក្នុង​ទំហំដី​សរុប៩ ៨០០ហិ​កតា ប៉ុន្តែ​ក្រោយមក​បាន​អនុវត្ត​សារាចរលេខ០១ របស់រដ្ឋាភិបាល ដោយ​​ក្រុមហ៊ុននេះ​​បាន​កាត់ដីសម្បទាន​មួយផ្នែក​ធំ​បែងចែក​ទៅ​ឱ្យប្រជាពលរដ្ឋ​រស់នៅនិង​អាស្រ័យផល​ជាក់ស្តែង ដោយ​បច្ចុប្បន្ន​នៅ​សស់​តែ៦ ០០៧ហិ​កតាប៉ុណ្ណោះ។

លោក អៀន ង៉ុន អះអាងថា កាលពី​ឆ្នាំ២០២០ មាន​ប្រជាពលរដ្ឋ​ប្រហែល៣០០គ្រួសារបាន​ចូល​ទៅ​រុករាននិង​ចាប់​យក​ដី​របស់​ក្រុមហ៊ុន​ ដោយ​បាន​សង់​ខ្ទមនិង​បោះបង្គោល​ព្រំ ដែល​បណ្តាល​ឱ្យមាន​ជម្លោះ​រវាង​សន្តិសុខនិង​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ម្នាក់​បានស្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើង​កែច្នៃលួច​បាញ់​ ខណៈ​សន្តិសុខ​ជាច្រើន​នាក់​របស់​​ក្រុ​មហ៊ុ​នេះជិះឡាន​ចុះ​ល្បាត​ដី​របស់​ក្រុមហ៊ុន ស្ថិត​ក្នុង​ឃុំ​ត្រ​ពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត។

បើតាមក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង លោក ប៊ុន សារិក នៅក្នុងឃុំត្រពាំងភ្លាំង មានភូមិចំនួន៣​ដែលរងផលប៉ះពាល់ដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ក្នុងនោះ «ភូមិដុំផ្តៅ»មានពលរដ្ឋជាង១០០គ្រួសារបានរងផលប៉ះពាល់ ដោយមួយគ្រួសារប៉ះពាល់ដីប្រមាណ៣ទៅ១០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ