អាជ្ញាធរ​ខេត្ត​កំពត​ ឱ្យ​​ក្រុម​​ហ៊ុន​​ឯកជន​មួយ​ផ្អាក​ឈូស​ព្រំ​ដី​ រង់ចាំ​ការ​ដោះ​ស្រាយ​ជាមួយ​ពលរដ្ឋ​សិន​

រោងចក្រក្រុមហ៊ុនឧកញ៉ា សូ ងួន ផ្អាកសកម្មភាពឈូសឆាយក្រោយមានការតម្រូវពីថ្នាក់ខេត្ត ពាក់ព័ន្ធជម្លោះដីធ្លី ស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពត។ (ផ្ដល់ឱ្យ)

រដ្ឋបាលខេត្តកំពត បាន​តម្រូវ​ឱ្យក្រុម​ហ៊ុន​របស់​ឧកញ៉ា សូ ងួន ផ្អាកការឈូសឆាយកាយព្រំដីជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយទំនាស់ដីធ្លីជាមួយ​ប្រជាពលរដ្ឋ​ឱ្យបានចប់សិន។

ការស្នើនេះបានធ្វើឡើងក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នាមួយ​រវាងសន្តិសុខក្រុមហ៊ុននេះ ជាមួយ​​ប្រជាពលរដ្ឋ នៅចំណុច​ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដែលឈានទៅដល់​ការចាប់ខ្លួនសន្តិសុខក្រុម​ហ៊ុន​ម្នាក់បញ្ជូនទៅតុលាការ​ផងដែរ។

ក្នុងលិខិត​មួយ​ច្បាប់របស់​រដ្ឋបាលខេត្តកំពត ផ្ញើទៅកាន់​ឧកញ៉្ញា សូ ងួន អគ្គនាយកក្រុមហ៊ុន វើលដ៏ទ្រីស្តារ អ៊ិនធើថិនមេន បាន​លើកឡើងថា ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន បានយកគ្រឿងចក្រ២គ្រឿង អមដោយសន្តិសុខជាង១០០នាក់ ធ្វើសកម្មភាពឈូសឆាយកាយព្រំដីទំនាស់ទំហំ២៣៨ហិកតាដែលកំពុងកាន់កាប់ដោយអតីត​កងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ។

រដ្ឋបាលខេត្តកំពត បានចាត់ទុកសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុននេះថា ជាទង្វើមិនអនុវត្តតាមស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមក រវាងតំណាងក្រសួងការពារជាតិ តំណាងបញ្ជាការដ្ឋានការពារកោះឆ្នេរ និងតំណាង​ក្រុមហ៊ុន។

រដ្ឋបាលខេត្ត បញ្ជាក់ថា៖ «សូមឱ្យ​លោកឧកញ៉ា សូ ងួន អគ្គនាយកក្រុម​ហ៊ុន វើលដ៏ទ្រីស្តារ អ៊ិនធើថិនមេន ត្រូវផ្អាកសកម្មភាពឈូសឆាយ​កាយព្រំដីជាបណ្តោះអាសន្ន ដោយរង់​ចាំការដោះស្រាយទំនាស់ឱ្យបានចប់សព្វគ្រប់សិន»។

វីអូឌី មិនអាចសុំការឆ្លើយតបពីលោក ជាវ តាយ អភិបាលខេត្តកំពត​ និងលោក ភូ លិក អ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត បានទេ នៅថ្ងៃពុធនេះ។

ចំណែកអនុប្រធានមន្ត្រី​មន្ទី​រកសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទខេត្តកំពត​ លោក អៀន ង៉ុន មានប្រសាសន៍ថា នៅព្រឹកមិញនេះ ថ្នាក់ដឹកនាំ តំណាងក្រសួងកសិកម្ម និងតំណាងកងទ័ព បានជួបប្រជុំគ្នារកដំណោះស្រាយជុំវិញជម្លោះដីធ្លីនេះ។ លោកថា រហូតមកដល់ពេលនេះ គឺពុំទាន់ចេញជាលទ្ធផលយ៉ាងណានៅឡើយទេ ដោយកំពុងបន្តរកដំណោះស្រាយទៀត។

លោកបន្ថែមថា៖ «យើងបានឱ្យខាងក្រុមហ៊ុនហ្នឹងផ្អាកសកម្មភាពឈូសឆាយសិន ហើយយើងឱ្យខាងប្រជាពលរដ្ឋនៅស្ងៀមស្ងាត់សិន រង់ចាំការដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ។ យើងមិនអាចសម្រេចកាត់ដីនេះទៅឱ្យភាគីណាមួយភ្លាមៗបានទេ ព្រោះរឿងដីមានបែបការចុះនៅក្រសួងកសិកម្ម ប៉ុន្តែរដ្ឋបាលខេត្តនឹងខិតខំដោះស្រាយវិវាទដីធ្លីនេះឱ្យបានឆាប់បំផុតជូនភាគីទាំងពីរ»

ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះដែរ នៅថ្ងៃពុធនេះ សមត្ថកិច្ចខេត្តកំពត បានបញ្ជូនសន្តិសុខម្នាក់របស់ក្រុមហ៊ុនឧកញ៉ា សូ ងួន ទៅសាលាដំបូង​ខេត្ត​ ក្រោយសន្តិសុខរូបនោះប្រើហិង្សាលើប្រជាពលរដ្ឋដែលជាភាគីទំនាស់។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ វីអូឌី ថាសមត្ថកិច្ចបានបញ្ជូនសន្តិសុខរបស់ក្រុមហ៊ុននោះទៅតុលាការហើយកាលពីព្រឹកមិញនេះ ពាក់ព័ន្ធការប្រើប្រាស់ហិង្សានិងប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ប្រាប់ វីអូឌី ថា គិត​មកដល់​ម៉ោងជាង​៥រសៀល​ថ្ងៃពុធនេះ ចៅក្រម​ស៊ើបសួរ កំពុងដំណើរសាកសួរទៅលើជនសង្ស័យរូបនោះ​នៅឡើយ ដោយមិនទាន់ដឹងថានឹងសម្រេចយ៉ាងណានៅឡើយទេ។

ក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង លោក ប៊ុន សារិក មានប្រសាសន៍ថា ពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងភូមិដុំផ្តៅ ភាគច្រើនជាគ្រួសារអតីត និងកងទ័ព។ លោកបន្តថា ដំណោះស្រាយដែលអ្នកភូមិចង់បាននោះគឺ​សុំឱ្យផ្តល់ដីអាស្រ័យផលជាក់ស្តែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ។

លោកបន្ថែមថា៖ «អញ្ចឹងយើងបានដាំដុះបន្តតាំងពីពេលនោះមករហូតឆ្នាំ២០២១នេះ វាច្រើនណាស់ហើយ។ ឥលូវដំណាំដែលយើងដាំដុះហ្នឹង ត្រូវក្រុមហ៊ុនមកកាយត្រង់ដីដែលយើងមិនទាន់មានបណ្ណហ្នឹង។ អញ្ចឹងយើងទាមទារយកដីដែលសេសសល់ពីការវាស់វែង០១។ សុំឱ្យចេញបណ្ណកម្មសិទ្ធិនៅហ្នឹងតែម្តង ដើម្បីបញ្ចប់ជម្លោះ»

បើតាមមន្ត្រីមន្ទីរកសិកម្មខេត្ត​ ក្រុម​ហ៊ុនរបស់​ឧកញ៉ា​ ​សូ ងួ​ន ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​​២០០៥ ក្នុង​ទំហំដី​សរុប៩ ៨០០ហិ​កតា ប៉ុន្តែ​ក្រោយមក​ ដោយមាន​​សារាចរលេខ០១ របស់រដ្ឋាភិបាល ​​ក្រុមហ៊ុននេះបាន​កាត់ដីសម្បទាន​មួយផ្នែក​ធំបែងចែក​ទៅ​ឱ្យប្រជាពលរដ្ឋ​រស់នៅនិង​អាស្រ័យផល​ជាក់ស្តែង ដោយ​បច្ចុប្បន្ន​នៅ​សល់​ដី​តែ៦ ០០៧ហិ​កតា​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ម្នាក់​បានស្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើង​កែច្នៃលួច​បាញ់​ ខណៈ​សន្តិសុខ​ជាច្រើន​នាក់​របស់​​ក្រុ​មហ៊ុ​នជិះឡាន​ចុះ​ល្បាត​ដី​របស់​ក្រុមហ៊ុន ស្ថិត​ក្នុង​ឃុំ​ត្រ​ពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ